ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សៀក​ចង់​ឃើញ​រដ្ឋាភិបាល​និង​ប្រជាជន​គាំទ្រ​វិស័យ​សៀក​ខ្មែរ​ជាង​មុន

ឆ្នាំ​នេះ ​មហោ​ស្រព​សិល្ប:​សៀក​អន្តរជាតិ​ទីនេះ ទីនោះ​២០១៦ ​​ប្រារព្ធ​ធ្វើ​នៅ​​​សៀមរាប​ចាប់​ពី​ថ្ងៃទី៨​ ខែឧសភា​ដល់​ថ្ងៃទី១០ ខែឧសភា​នៅ​សាខា​ក្រុម​សៀក​ហ្វា​ពន្លឺ​សិល្ប:​។​

កន្លង​មក​មាន​សិល្បករ​និង​សិល្បការនី​ជាង​៨០០នាក់​ហើយ​ដែល​បាន​មក​ចូល​រួម​សំដែង​សៀក​នៅ​មហោស្រព​សៀក​អន្តរជាតិ។

វិន មករា មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​សិល្ប:។ នៅ​ពេល​លោក​អាយុ៧​ឆ្នាំ លោក​បាន​ផ្លាស់ប្តូរ​ទីលំនៅទៅ​រស់​នៅ​ខេត្ត​បាត់ដំបង​ជា​មួយ​ក្រុម​សៀក​ហ្វា​ពន្លឺ​សិល្ប: ​ ដើម្បី​ចូល​ហាត់​រាំ​ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ​ដែល​មាន​បទ​ពិសោធន៍។

នៅ​ខេត្ត​បាត់ដំបង​លោក​បាន​ជួប​លោកគ្រូ​បង្រៀន​សៀក​កាយ​សម្ព័ន្ធ​ម្នាក់ ហើយ​គាត់​ក៏​មាន​ចិត្ត​ចាប់ផ្តើម​ស្រឡាញ់​របាំ​សៀក​ប្រភេទ​នេះ។ មិន​យូរប៉ុន្មាន លោក​បាន​សំរេច​ចិត្ត​ផ្លាស់ប្តូរ​ពី​អ្នក​រាំ​របាំ​មក​ជា​អ្នក​លេង​សៀក​វិញ។

សៀក​កាយសម្ព័ន្ធ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​វប្បធម៌​និង​សិល្ប:​ខ្មែរ​តាំង​ពី​បុរាណ​កាល។ ប៉ុន្តែ​ការ​ងើប​ឡើង​នៃ​សិល្ប:​ខ្មែរ​ប្រភេទ​នេះ​ ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ស្រឡាញ់​និង​អ្នក​មាន​ជំនាញ​សៀក​ពិត​ប្រាកដ​ដូច​ជា​លោក​មករា​។

លោក ​អ៊ុក ​សុជាតិ ​រដ្ឋ​លេ​ខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្ប:​ បាន​អោយ​ដឹង​ថា សៀក​កាយសម្ព័ន្ធ​មាន​នៅ​ប្រទេ​ស​កម្ពុជា ជាយូរ​ណាស់​មក​ហើយ។ ប៉ុន្តែ​ឥឡូវ​នេះ​សិល្ប:​សៀក​នេះ​ទើបតែ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នកទស្សនា​និង​អ្នក​សំដែង​សៀក​ក្នុង​រយ:​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។​

លោក​សុជាតិ​បាន​និយាយ​ថា «សៀក​កាយ​សម្ព័ន្ធ​វា​បាត់​បង់​មួយ​រយ:​ធំ​មក​ហើយ​ តែ​បើ​គេ​ផ្តើម​វិញ​ ចំពោះ​ខ្ញុំ​ ជា​ទស្សន:​ខ្ញុំ ​ខ្ញុំ​ពេញ​ចិត្ត​ឲ្យ​កើត​មក​វិញ» ។

ក្រុម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​អង្គការ​ហ្វាពន្លឺ​សិល្បៈ​បាន​សម្តែងរឿង"Khmer Metal"​របស់​ខ្លួនលើកទីមួយ​នៅ​សហរដ្ឋ​អាមេរិក នៅ​ឯ​មជ្ឈមណ្ឌល​សម្តែង​សិល្បៈ Richard & Karen Carpenter​ នៅ​ទីក្រុង Long Beach រដ្ឋ​កាលីហ្វ័រញ៉ាកាល​ពី​ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០១៥។ (រូបថត៖ Michael Burr)

ក្រុម​សៀកហ្វា​ពន្លឺ​សិល្ប:​ជា​ក្រុម​សៀក​កាយសម្ព័ន្ធ​ដែល​ជួយ​អ្នក​ដែល​មាន​វិបត្តិ និង​បញ្ហា​សេដ្ឋកិច្ច​ ព្រម​ទាំង​បង្ហាត់​បង្រៀន​សិល្បករ​ជំនាន់​ក្រោយ​និង​រៀប​ចំ​កម្មវិធី​ដើម្បី​លើក​កម្ពស់​វិស័យ​សៀក​កាយសម្ព័ន្ធ​ក្នុង​រយ:​ពេល​២០ឆ្នាំ​នេះ។

ឆ្នាំ​នេះ ​មហោ​ស្រព​សិល្ប:​សៀក​អន្តរជាតិ​ទីនេះ ទីនោះ​២០១៦ ​បាន​ប្រារព្ធ​ធ្វើ​នៅ​ភ្នំពេញ​ចាប់​ពី​ថ្ងៃទី​២៨ខែ​មេសា​ដល់ថ្ងៃទី​៣០ ខែ​មេសា​នៅ​ចេនឡា​ នៅ​បាត់ដំបងចាប់​ពី​ថ្ងៃទី៣​ខែឧសភា​ដល់​ថ្ងៃទី៦​ ខែឧសភា​នៅ​សាខា​ក្រុម​សៀក​ហ្វា​ពន្លឺ​សិល្ប:​ និង​សៀមរាប​ចាប់​ពី​ថ្ងៃទី៨​ ខែឧសភា​ដល់​ថ្ងៃទី១០ ខែឧសភា​នៅ​សាខា​ក្រុម​សៀក​ហ្វា​ពន្លឺ​សិល្ប:​។​

រ៉ាវ​ អានេកា​ អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ្វា​ពន្លឺ​សិល្ប:​បាន​ប្រាប់ VOAថា ​នាង​សង្ឃឹម​ថាកម្មវិធី​នេះ​អាច​ធ្វើ​ឲ្យ​សៀក​កាយសម្ព័ន្ធ​មាន​ឈ្មោះ​ឡើង​វិញ​ក្នុង​វង្វង់​ប្រជាជន​ខ្មែរ។

«វា​ពិត​ជា​គួរ​អោយ​កោត​សរសើរ​ពេល​ដែល​យើង​បាន​មើល​សៀក​កាយសម្ព័ន្ធ។ វា​មាន​ការ​សម្តែង​សៀក​កាយសម្ព័ន្ធ​ច្រើន ដូច្នេះ​ហើយ​អ្នក​ទស្សនា​អាច​មើល​សៀក​កាយសម្ព័ន្ធ​មក​ពី​វប្បធម៌​ខុសៗ​គ្នា»។

ក្រុម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​អង្គការ​ហ្វាពន្លឺ​សិល្បៈ​បាន​សម្តែងរឿង"Khmer Metal"​របស់​ខ្លួនលើកទីមួយ​នៅ​សហរដ្ឋ​អាមេរិក នៅ​ឯ​មជ្ឈមណ្ឌល​សម្តែង​សិល្បៈ Richard & Karen Carpenter​ នៅ​ទីក្រុង Long Beach រដ្ឋ​កាលីហ្វ័រញ៉ាកាល​ពី​ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០១៥។ (រូបថត៖ Michael Burr)
ក្រុម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​អង្គការ​ហ្វាពន្លឺ​សិល្បៈ​បាន​សម្តែងរឿង"Khmer Metal"​របស់​ខ្លួនលើកទីមួយ​នៅ​សហរដ្ឋ​អាមេរិក នៅ​ឯ​មជ្ឈមណ្ឌល​សម្តែង​សិល្បៈ Richard & Karen Carpenter​ នៅ​ទីក្រុង Long Beach រដ្ឋ​កាលីហ្វ័រញ៉ាកាល​ពី​ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០១៥។ (រូបថត៖ Michael Burr)

លើស​ពី​នេះ​ អ្វី​ដែល​ពិសេស​នោះ គឺ​អ្នក​សំដែង​បរទេស​ក៏​នឹង​មក​ចូលរួម​មហោស្រព​សិល្ប:​សៀក​អន្តរជាតិ ២០១៦ ផង​ដែរ។

«ពួក​យើង​ចង់​ឲ្យ​អ្នក​សំដែង​មក​ពី​ជុំវិញ​ពិភពលោក​មក​ផ្លាស់​ប្តូរ​គំនិត​គ្នា ដើម្បី​ដឹង​ថា​តើ​អ្នក​សំដែង​សៀក​កាយសម្ព័ន្ធ​នៅ​កម្ពុជា​គាត់​សំដែង​បែប​ណា។ ពួក​យើង​ក៏​ចង់​អោយ​ពួក​គាត់​បង្កើត​អ្វី​ដែល​ថ្មី​ដែរ។​ អ្នក​សំដែង​ជាតិ​និង​អន្តរជាតិ​នឹង​ ស្នាក់នៅ​ជាមួយ​គ្នា​ដើម្បី​ចែក​រំលែក​ជំនាញ​ដែល​ពួក​គាត់​មាន​ រៀន​សូត្រ​ពី​គ្នា​នឹង​គ្នា ​និង​បង្កើត​ការ​សំដែង​ថ្មី​មួយ​សំរាប់​ទស្សនិកជន​ផង​ដែរ»។

រុំ​ រចនា​ ​ក្នុងវ័យ​២៨ឆ្នាំ​ ទស្សនា​សៀក​សិល្ប:​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។ គាត់​និយាយ​ថា ការសំដែង​សៀក​កាយ​សម្ព័ន្ធ​ពិត​ជា​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​និង​ប្លែក​ភ្នែក។

«ចំពោះ​អ្នក​មិន​ធ្លាប់​មើល​ ពេល​ខ្លះ​គាត់​ដូច​មិន​សូវ​ចាប់​អារម្ម​ណ៍​សៀក​អី​ចឹង​ គាត់​គិត​ថា​សៀក​នឹង​វា​អត់​សូវ​ល្អ​ពីព្រោះ​គាត់មិនដឹងថាមាន​ក្រុម​ហ្វា​ពន្លឺ​សិល្ប​នៅ​ខេត្ត​បាត់​ដំបង​និង​មាន​ការ​ចូល​រួម​ពី​ក្រុម​សំដែង​បរទេស​។​ ពេល​មើល​ផ្ទាល់​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ប្លែក​ខុស​ពី​យើង​មើល​សៀក​បរទេស​នៅ​តាម​ទូរទស្សន៍»។

រចនា​បាន​បន្ថែម​ថា មាន​មនុស្ស​ចំនួន​តិច​ទេ​ដែល​ដឹង​អំពី​ពេល​វេលា​និង​ការ​សំដែង​សៀក​នេះ​។

កន្លង​មក​មាន​សិល្បករ​និង​សិល្បការនី​ជាង​៨០០នាក់​ហើយ​ដែល​បាន​មក​ចូល​រួម​សំដែង​សៀក​នៅ​មហោស្រព​សៀក​អន្តរជាតិ។

ម៉េង​ឃាង​ អាយុ​១៩ឆ្នាំ ​ជា​សិស្ស​នៃ​សាលា​អន្តរជាតិ Northbridge​ ធ្លាប់​បាន​មើល​សៀក​នេះ​ដោយ​ចៃដន្យ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ហើយ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ភាព​អស្ចារ្យ​និង​ល្អ​អត់​ខ្ចោះ​នៃ​ការ​សំដែង​សៀក។ ​

«ខ្ញុំ​បាន​ធ្លាប់​បាន​មើល​ការ​សំដែង​សៀក​ពី​មុនៗ​ ប៉ុន្តែ​ខ្ញុំ​ឮ​ថា​សៀកកាយ​សម្ព័ន្ធ​គឺ​ពិត​ជា​ខុស​គ្នា​ពី​សៀក​ធម្មតា។ វា​មាន​អ្វី​ដែល​រំភើប​ច្រើន។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​ពី​ការ​សំដែង»។

មករា​ដែល​ជា​អ្នក​សំដែង​សៀក​កាយសម្ព័ន្ធ​ជាង​១០ឆ្នាំ​មក​ហើយ​នោះ​សង្ឃឹម​ថា​សៀក​កាយសម្ព័ន្ធ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋា​ភិបាល​និង​ប្រជាជន​ទូ​ទៅ​ជាង​មុន៕

XS
SM
MD
LG