ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​ស្នើ​ឲ្យ​វៀតណាម​ ​បញ្ជូន​ជន​សង្ស័យ​​ធ្វើ​ទារុណកម្ម​ក្មេង​ប្រុស​​មក​កាត់​ទោស​នៅ​កម្ពុជា


​​​បុរស​ជនជាតិ​វៀតណាម​​ ​ឈ្មោះ​ ​ង្វៀន ថាញ់ឌុញ​ ​(Nguyen Thanh Dung) ​វ័យ​២៥ឆ្នាំ​ដែល​សង្ស័យ​ ​ថា​បាន​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ប្រុស​កម្ពុជា​អាយុ​២ឆ្នាំ​ ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ ​ត្រូវ​បាន​ចាប់ឃាត់​​ខ្លួន​ដោយ​អជ្ញាធរ​វៀតណាម​កាល​ពី​យប់​ថ្ងៃ​ពុធ​ទី​ ០៧ខែធ្នូឆ្នាំ២០១៦។​ (រូបភាពពីហ្វេសប៊ុក/VOA)
​​​បុរស​ជនជាតិ​វៀតណាម​​ ​ឈ្មោះ​ ​ង្វៀន ថាញ់ឌុញ​ ​(Nguyen Thanh Dung) ​វ័យ​២៥ឆ្នាំ​ដែល​សង្ស័យ​ ​ថា​បាន​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ប្រុស​កម្ពុជា​អាយុ​២ឆ្នាំ​ ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ ​ត្រូវ​បាន​ចាប់ឃាត់​​ខ្លួន​ដោយ​អជ្ញាធរ​វៀតណាម​កាល​ពី​យប់​ថ្ងៃ​ពុធ​ទី​ ០៧ខែធ្នូឆ្នាំ២០១៦។​ (រូបភាពពីហ្វេសប៊ុក/VOA)

ការ​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម​នេះ​ ​ធ្វើ​ឡើង​ក្រោយ​​វីដេអូ​ ​ដែល​បុរស​នេះ​ ​ធ្វើ​ទារុណកម្ម​​លើ​កុមារ​កម្ពុជា​នៅ​ខេត្ត​មណ្ឌលគិរី​ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​ពេញ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ទូលំ​ទូលាយ​និង​រង​ការ​ថ្កោលទោស​ធ្ងន់ៗ​​ពី​សាធារណជន​នា​ដើម​សប្តាហ៍​នេះ។

បុរស​ជនជាតិ​វៀតណាម ​ឈ្មោះ​ ​ង្វៀន ថាញ់ឌុញ​ ​(Nguyen Thanh Dung) ​ដែល​សង្ស័យថា​បាន​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ប្រុស​ ​នៅខេត្ត​មណ្ឌលគិរី​ ​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​អាជ្ញាធរ​វៀតណាម​កាល​ពី​យប់​ថ្ងៃ​ពុធ​ ​បន្ទាប់​ពី​បុរស​នេះ​ ​រត់គេច​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ។​ ​នេះ​បើ​តាម​ការឲ្យ​ដឹង​របស់​ លោក​ ​សូ សុវណ្ណ​ ​ស្នង​ការ​រង​នគរបាល​ខេត្ត​មណ្ឌលគិរី។

​លោក​ ​សូ ​សុវណ្ណ​ ​បាន​ប្រាប់​VOA​ ​ឲ្យ​ដឹង​ថា​ ​តាម​ការ​សន្និដ្ឋាន​ជា​បណ្តោះ​អាសន្ន​របស់​អាជ្ញាធរ​កម្ពុជា បុរស​ជន​ជាតិ​វៀត​ណាម​ ​វ័យ​២៥ឆ្នាំរូប​នោះគឺ​ជា​ជន​សង្ស័យ​ ​តែ​ម្នាក់​ដែល​ពាក់​ព័ន្ធ​ក្នុង​ករណី​ធ្វើ​ទារុណកម្ម។​ ​មក​ដល់​ពេល​នេះ​ ​អាជ្ញាធរ​មាន​សម្ថកិច្ច​ ​ពុំទាន់​កំណត់​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​នោះ​ទេ​ ​ដោយ​រង់​ចាំ​ព័ត៌មាន​ ពី​ការសួរ​ចម្លើយ​ ​ជន​ជាតិ​វៀត​ណាម​នោះ​សិន​។

«បើ​តាម​ការ​សន្និដ្ឋាន​បណ្តោះ​អាសន្ន​របស់​សមត្ថកិច្ច​យើង​ ​យើង​គិត​ថា​កាម៉េរា​ហ្នឹង​វា​ដាក់​ខ្លួន​វា​ហើយ​ ទើប​ធ្វើ​សកម្មភាព​។​ តែ​យើង​រង់​ចាំ​មើល​ ពន្លឺ​ពី​ជន​សង្ស័យ​ទើប​យើង​ដឹង​ថា​ មាន​អ្នក​ថត ឬ​តែ​ម្នាក់​ឯង»។

ការ​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម​នេះ​ ​ធ្វើ​ឡើង​ក្រោយវីដេអូ​ ​ដែល​បុរស​នេះ​ ​ធ្វើ​ទារុណកម្មលើ​កុមារ​កម្ពុជា​នៅ​ខេត្ត​មណ្ឌលគិរី​ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​ពេញ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ទូលំ​ទូលាយ​និង​រង​ការ​ថ្កោលទោស​ធ្ងន់ៗពី​សាធារណជន​នា​ដើម​សប្តាហ៍​នេះ។​ ​

​ក្នុង​វីដេអូ​ ​ដែល​មាន​រយៈពេល​ជិត​៣​នាទី​បង្ហាញ​ថា​ ​កុមារ​តូច​កម្ពុជា​អាយុ​២ឆ្នាំ​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង​ ​ខណៈ​ពេលបុរស​ជនជាតិ​វៀត​ណាមធ្វើ​ទារុញ​កម្ម​ ​ដោយ​មាន​ការ​ចង​ស្លាប​សេក​ ​និង​ប្រើប្រាស់ម៉ាស៊ីន​ ឆក់​កុមារ​នោះ​ត្រង់​ត្រចៀក​ ជើង​ ខ្នង​ និង​ច្រមុះ​ជាដើម។

ម្តាយ​របស់​កុមារ​រងគ្រោះ​ ​លោកស្រី​ ​ណេង ចិន​ ​វ័យ​៣០​ឆ្នាំ​ ​ដែល​ធ្វើ​ការ​ក្នុង​ចំការ​កាកាវក្នុង​ខេត្ត​មណ្ឌល​គិរី ប្រាប់​VOA​ថា​ ​បុរស​ជន​ជាតិ​វៀត​ណាម​នោះ​ ​តែងតែប្រលែង​លេង​ ​ជាធម្មតាជាមួយ​កូន​ខ្លួន ​ហេតុ​នេះ​ហើយទើប​លោក​ស្រី​ ​មិន​បាន​ដឹង​ថា​បុរស​ជន​ជាតិ​វៀតណាម​ បានធ្វើ​ទារុណកម្ម​លើ​កូន​ខ្លួន​នោះ​ទេ​ នៅ​ពេល​លោក​ស្រី​មិន​នៅ​ក្បែរ។

«ពេល​ខ្ញុំ​ទៅ​ធ្វើ​ការ​ ​ខ្ញុំ​នាំ​កូន​ខ្ញុំ​ទៅ។​ ​ជន​ជាតិ​វៀតណាម​ហ្នឹង​ ​គាត់​ក៏​លេង​ជាមួយ​កូន​ខ្ញុំ​ពេល​នៅ​ជិត​ៗ​ហ្នឹង​ គាត់​អត់​ហ៊ាន​ធ្វើ​អី​ទេ​ ​គាត់​ធ្វើ​ដូច​ស្រលាញ់​កូន​ខ្ញុំ​ចឹង​ ​មុជ​ទឹក​ឲ្យ។ ​ពេល​ខ្ញុំ​យក​កូន​ពី​គាត់​មក​វិញ​ ឃើញ​កូន​មាន​របួស​ចឹង​ ​ពេល​ខ្ញុំ​សួរ​គាត់​ ​គាត់​ថា​កូន​ដើរ​ដួល​ ខ្ញុំ​ក៏​មិន​បាន​ចាប់​អារម្មណ៍​ថា​គាត់​ធ្វើ​អីចឹង​ដែរ»។

​លោក​ស្រី​បញ្ចាក់​ថា ​បច្ចុប្បន្ន​នេះ​ កូន​ប្រុស​របស់​លោក​ស្រី​មាន​សុខភាព​ប្រក្រតី​ឡើង​វិញ​ហើយ។

តាម​ការ​ឲ្យ​ដឹង​ ​របស់​លោក​ ​គៀត ច័ន្ទថារិទ្ធ​ ​អ្នក​នាំ​ពាក្យនៃ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថាអាជ្ញាធរ​កម្ពុជា​បាន​សហការ​ជា​មួយ​អាជ្ញាធរ​វៀតណាម​ ​ដើម្បី​រក​មុខ​សញ្ញាជន​សង្ស័យ​ ​និង​ធ្វើ​ការឃាត់​ខ្លួន។

«​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បាន​សហការ​ជាមួយ​ភាគី​វៀតណាម​។ គេ​ក៏​បាន​ចាត់​ការ​ ស្វែង​រក​ភ្លាមៗ​ ប្រហែល​២​ថ្ងៃ​ហ្នឹង​ ហើយ​ខាង​វៀត​ណាម​គេ​ ក៏​ផ្តល់​ព័ត៌មាន​ថា​គេ​រក​ឃើញ​ជន​ល្មើសដែល​យើងប្រាប់​អត្តសញ្ញាណ​ទៅ​ហ្នឹង​ ​នៅ​ទី​ក្រុង​ហូជីមិញ​ថា​គេ​បាន​ឃាត់​ខ្លួន​ហើយ»។

លោក​បន្ត​ថា​ ​កម្ពុជា​កំពុង​ស្នើសុំ​ឲ្យ​ភាគី​វៀតណាម​បញ្ជូនជន​សង្ស័យ​រូប​នោះ​ ​មក​កសាង​សំណុំ​រឿង​នៅ​កម្ពុជា​។​

«យើង​អត់​ទាន់​ដឹង​ថា​គេ​ចាត់ការ​សួរ​ចម្លើយ​យ៉ាង​ម៉េច​តាម​នីតិវិធី​នៅ​ស្រុក​គេ​ ​ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បាន​គឺ​ចង់​ឲ្យ​គេ​បញ្ចូន​មក​ ​ដើម្បី​យើង​កសាង​ឯកសារ​តាម​នីតិ​វិធី​ច្បាប់​យើង​ ​បញ្ជូន​ទៅ​តុលាការ។​ ​តែ​អ្វី​ដែល​យើង​ស្នើ​សុំ​ហ្នឹង​ គេ​មិន​ទាន់​ឆ្លើយ»។

VOA​ ​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ ​ដើម្បីសុំ​ការ​បកស្រាយ​បាន​ទេ​ ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​ ​សុខ រដ្ឋា​ ​ជា​មន្ត្រីសម្របសម្រួល​របស់​សមាគម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាដហុក​ ​ប្រចាំ​ខេត្ត​មណ្ឌលគិរី​ ​ឲ្យ​ដឹង​ថា​ថ្វី​បើ​កុមារ​ ​ត្រូវ​បាន​ធានា​សុវត្ថិភាពដោយ​ច្បាប់​ជាតិ​ និង​អន្តរជាតិ​យ៉ាងណា​ក្តី​ ​ក៏​កុមារ​កម្ពុជា​ ​នៅ​តែ​រងគ្រោះ​ដោយ​សារ​អំពើ​ទារុណកម្ម​ ​ហិង្សា​ ​និងអំពើ​កេង​ប្រវ័ញ្ច​នានា។

យោង​តាម​មាត្រា​២១០​និង​២១១​ ​នៃក្រម​ព្រហ្មទណ្ឌកម្ពុជា​ ​ចែងថា​ ​បទ​ទារុណកម្ម​ ​និង​អំពើ​ឃោរឃៅ​ ​ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​មួយ​ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធាគារ​ពី​៧ឆ្នាំ​ ​ទៅ​១៥ឆ្នាំ។​ ​ហើយ​ក្នុង​ករណី​បទ​ឧក្រិដ្ឋ​នេះ​ ​ត្រូវ​បាន​ប្រព្រឹត្តិ​ទៅលើ​បុគ្គល​ដែល​ទន់ខ្សោយ​ ​ដូចជា​អនីតិជន​ជា​ដើម ​អ្នក​ប្រព្រឹត្ត​ត្រូវ​មាន​ស្ថាន​ទម្ងន់​ទោសជាប់​ពន្ធនាគារ​ពី​១០​ទៅ​២០ឆ្នាំ៕

XS
SM
MD
LG