ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​កំពុង​ស៊ើប​អង្កេត ក្រោយ​មាន​ការ​ចុះ​ផ្សាយ​អំពី​ការ​ជួញ​ដូរ​ក្រលៀន​ជន​រង​គ្រោះ​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា


ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ចាប់ជនសង្ស័យ​និង​បង្ហាញ​ភស្តុតាង​អំឡុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុងហ្សារកាតា​ ទី២០ កក្កដា​ ឆ្នាំ២០២៣។
ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ចាប់ជនសង្ស័យ​និង​បង្ហាញ​ភស្តុតាង​អំឡុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុងហ្សារកាតា​ ទី២០ កក្កដា​ ឆ្នាំ២០២៣។

តាម​រយៈ​ជន​រង​គ្រោះ ដែល​អាជ្ញាធរ​ឥណ្ឌូ​ណេស៊ី​បាន​សាក​សួរ ប៉ូលិស​ឥណ្ឌូណេស៊ី​អះអាង​ថា​ខ្លួន​កំពុង​ស៊ើប​អង្កេតការ​ជួញ​ដូរ​គ្រឿង​សរីរាង្គ​មនុស្ស​ខុស​ច្បាប់ ហើយ​ការ​វះ​កាត់​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា។

អាជ្ញាធរ​ឥណ្ឌូ​ណេស៊ី​បាន​ចោទ​ប្រកាន់​ប៉ូលិស និង​មន្រ្តី​អន្តោ​ប្រវេសន៍​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ធ្វើ​ឯក​សារ​បន្លំ ដើម្បី​អាច​បញ្ជូន​ជនជា​តិ​ឥណ្ឌូណេស៊ី​ចំនួន​១២២​នាក់​ទៅវះ​កាត់លក់​ក្រលៀន​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​AP ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥ ខែកក្កដា។

លោក ឆាយ គឹមខឿន អគ្គ​ស្នង​ការរង និង​ជា​អ្នកនាំពាក្យ​នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​វីអូអេ​ថា​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​ព័ត៌​មាន​នេះ​ពិត ឬមិន​ពិត។

លោក​ថ្លែង​ថា៖ «ជម្រាប​ជូន​សម្ថកិច្ច​កំពុង​ស្រាវ​ជ្រាវព័ត៌​មាន​នេះ​ពិត​ ឬ​មិន​ពិត​តែ​ប៉ុណ្ណឹង​ទេ។ តែ​កន្លង​មក​ អត់​ដែល​មាន​ទេ​ រឿង​លក់​ក្រលៀន​លក់​អី​ ដូច​អត់​ដែល​មាន។ តែ​មាន​ព័ត៌មានបំភ្លៃ ដូច​ជា​ជំនាន់​ឆ្នាំ​២០២០ ​បើ​ខ្ញុំ​មិន​ច្រឡំ​ទេ»។

បើ​តាម​សារព័ត៌មាន​ AP ជន​រង​គ្រោះ​ជា​ជន​ជាតិ​ឥណ្ឌូណេ​ស៊ី​ទាំង​១២២​នាក់​ បាន​ត្រឡប់​ទៅ​ឥណ្ឌូណេស៊ី​វិញ​ហើយ។

ជន​រង​គ្រោះ​បាន​បាត់​បង់​អាជីព​របស់​ពួក​គេ​ អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩ ហើយ​ពួក​គេ​យល់​ព្រម​លក់​សរីរាង្គ​របស់​ពួកគេ ពីព្រោះ​ពួកគេ​ត្រូវ​ការ​លុយ។ នេះ​បើ​តាម​លោក Hengki Haryadi ប្រធាន​ប៉ូលិស​ទីក្រុង​ហ្សាការតា​ទទួល​បន្ទុក​បទ​ល្មើស​ទូទៅ ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​សារព័ត៌មាន​AP។
ប៉ូលិស​ឥណ្ឌូណេស៊ី​បន្ថែម​ថា​ជន​រង​គ្រោះ​ត្រូវ​បាន​ល្បួងឲ្យ​ទៅ​ប្រទេស​កម្ពុជា ដើម្បី​វះ​កាត់​យក​ក្រលៀន។

ប៉ូលិស​ឥណ្ឌូ​ណេស៊ី​ចាប់​ខ្លួន​មនុស្ស​ចំនួន​១២​នាក់ រួម​មាន​មន្រ្តី​ប៉ូលិស និង​អន្តោ​ប្រវេ​សន៍ កាល​ពី​ថ្ងៃ​ទី​១៩ ខែកក្កដា។

ជន​សង្ស័យ​ទី​១០​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់ បាន​ប្រាប់​ប៉ូលិស​ថា​រូប​គេ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យព្រះ​កេតុ​មាលា ឬ​ហៅ​ថា​ពេទ្យ​ទាហាន ដើម្បី​វះ​កាត់​ដូរ​ក្រលៀន​នៅ​ទីនោះ។

បើ​តាម​មន្រ្តី​ប៉ូលិស ជន​រង​គ្រោះ​ត្រូវ​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន​៩​ពាន់​ដុល្លារ​អាមេរិក​សម្រាប់​ការ​ដូរ​ក្រលៀន។

លោក ឃុត ប៊ុនឃឿន ជំនួយ​ការផ្នែក​រដ្ឋបាល​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​ ប្រាប់​វីអូអេ​ថា​មន្ទីរ​ពេទ្យ​ផ្តល់​សេវា​ក្នុង​ការ​ប្តូរ​ក្រលៀន​ពិត​មែន ប៉ុន្តែ​នេះ​ជា​រឿង​ត្រឹម​ត្រូវ​ច្បាប់ និង​ស្រប​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០២២​ ដែល​បាន​ប្រកាស​ផ្តល់​លទ្ធ​ភាព​ឱ្យ​មន្ទីរ​ពេទ្យការ​វះ​កាត់​ ដើម្បី​ប្តូរ​ក្រលៀន​បាន។ ពាក់ព័ន្ធ​នឹង​រឿង​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១២​នាក់​ ដែល​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ក្រលៀន​ ហើយ​ការ​វះ​កាត់​នៅ​កម្ពុជា លោក​អះអាង​ថា​លោក​មិន​មាន​ព័ត៌មាន​ឡើយ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក លី សុវណ្ណ នាយក​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា បាន​នៅ​ឡើយ​ទេ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខា​ភិបាល និង​អ្នក​ស្រី ឱ វណ្ណឌីន អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ដែរ។

លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិ​បាល​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​ថា​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ឡើយ ដូច្នេះ​លោក​មិន​អាច​អត្ថាធិប្បាយ​បាន​ឡើយ។

កាល​ពី​ខែ​មីនា ឆ្នាំ​២០២២ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើឱ្យ​ក្រសួង​សុខា​ភិបាល​ពិនិត្យ​មើល​ធ្វើ​ឲ្យ​ការ​វះ​ក្រលៀន​នេះ ស្រប​ច្បាប់​ក្នុង​ប្រទេស។ លោក​បន្ថែម​ថា​កម្ពុជា​មាន​ការ​វះ​កាត់​ប្តូរ​ក្រលៀន​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា។ ប៉ុន្តែ​លោក​ថា​មិន​មាន​ការ​ផ្សព្វផ្សាយឱ្យ​បាន​ទូលំទូលាយ ដោយ​សារ​តែ​បារម្ភ​ខ្លាច​មាន​ការ​ជួញដូរ​ក្រលៀន៕

XS
SM
MD
LG