ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​ទទូច​ដល់​លោក ​Trump ​និង​លោក​ Biden ​ឱ្យ​ស្រុះស្រួល​គ្នា​ពេល​កូវីដ១៩​កើន​ខ្លាំង


ទោះជា​ដំណើរ​ការ​ផ្លូវ​ច្បាប់​ក្នុង​ការ​ផ្ទេរ​អំណាច​ដល់​លោក ​Joe Biden​ ប្រធានាធិបតី​ដែល​គេ​ព្យាករ​ថា​ឈ្នះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​កំពុង​បន្ត​ទៅ​មុខ​សន្សឹមៗ​ដោយសារ​លោក​ប្រធានាធិបតី​Donald Trump​នៅ​បន្ត​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​តាម​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ក៏​ដោយ​ក៏​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅតាម​បណ្តា​រដ្ឋ​មួយ​ចំនួន​បាន​ទទូចថា​វា​មាន​សារៈ​សំខាន់​ណាស់​ដែល​គូ​ប្រជែង​ក្នុង​ការ​បោះឆ្នោត​យក​តំណែង​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​នៅ​អាណត្តិ​បន្ទាប់​នេះ​ស្រុះ​ស្រួល​គ្នា​ហើយ​ធ្វើការ​រួមគ្នា​ដោះស្រាយ​បញ្ហា​វិបត្តិ​កូវីដ១៩​ដែល​កំពុង​តែឆ្លង​រាតត្បាត​ខ្លាំង​ឡើង​ដល់​ជិត​២​សែន​នាក់​ក្នុង​១​ថ្ងៃ​ហើយ​ធ្វើ​ឲ្យ​ប៉ះទង្គិច​ជីវភាព​ការងារ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ធ្ងន់ធ្ងរ​នេះ ។​

លោក ​សែម ឌួង​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​ក្រុង​ Charlotte ​រដ្ឋ​ North Carolina ​និង​ជា​គ្រូ​គង្វាល​នៅ​ព្រះវិហារ​ Baptist Church​ មួយ​ផង​នោះចង់​ឃើញ​មាន​ការ​សម្រុះ​សម្រួល​ដោះស្រាយ​រួម​គ្នា​ក្នុង​ពេល​មាន​បញ្ហា​ជំងឺ​កូវីដ១៩​កើន​ឡើង​ដល់​ចំនួន​ឆ្លង​ខ្ពស់​បំផុត​ក្នុង​១​ថ្ងៃៗ​នេះ។​

លោក​ថ្លែង​ថា៖ «បាទ​ជាការ​មួយ​ដែល​ល្អ​វិសេស​បើ​ប្រធានាធិបតី​ទាំងពីរ​ទោះ​ទើប​ជាប់​ក៏ដោយ​ដូច្នេះ​បើ​សិនជា​លោក​ប្រធានាធិបតី​ទាំង​ពីរ​បាន​ធ្វើការ​ជាមួយ​គ្នា​ហើយ​រួបរួមគ្នា​នេះ​ជា​ការល្អ​ហើយ​វិសេស​ហើយ​ប្រសើរ​មែនទែន។​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​បើ​សិន​ជាអ្នក​ទាំងពីរ​ចុះចូល​គ្នា​ហើយ​ធ្វើការ​ជាមួយ​គ្នា»។​

រូបឯកសារ៖ លោក សែម ឌួង​ (Sam Duong)​ ពលរដ្ឋ​ខ្មែរអាមេរិកាំង​ម្នាក់​ ដែល​ជាគ្រូ​គង្វាលនៅ​ព្រះវិហារ​គ្រិស្តសាសនា​ មកបោះឆ្នោតនៅការិយាល័យក្នុង​ទីក្រុង​ Charlotte ​រដ្ឋ North Carolina។ (សុខ ខេមរា/VOA)
រូបឯកសារ៖ លោក សែម ឌួង​ (Sam Duong)​ ពលរដ្ឋ​ខ្មែរអាមេរិកាំង​ម្នាក់​ ដែល​ជាគ្រូ​គង្វាលនៅ​ព្រះវិហារ​គ្រិស្តសាសនា​ មកបោះឆ្នោតនៅការិយាល័យក្នុង​ទីក្រុង​ Charlotte ​រដ្ឋ North Carolina។ (សុខ ខេមរា/VOA)

លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​វិធានការ​រួមគ្នា​រវាង​ឥស្សរជន​នយោបាយ​ទាំងពីរ​ទំនង​ជាជួយ​បន្ថយ​វិបត្តិ​កូវីដ ការ​លំបាក​ជីវភាព​ពលរដ្ឋ​និង​សេដ្ឋកិច្ច​បាន​ប្រសើរ​ជាង​ការ​ប្រទាញ​ប្រទង់​គ្នា។​

តួលេខ​ជា​ផ្លូវការ​នៃ​សាកល​វិទ្យាល័យ​ John Hopkins ​បាន​បញ្ជាក់​កាលពី​ថ្ងៃពុធ​ថា​ជំងឺ​កូវីដ១៩​ដែល​ផ្ទុះ​ឡើង​ដំបូង​នៅក្នុង​ទីក្រុង​វូហាន​ប្រទេស​ចិន​នេះ​បាន​សម្លាប់​មនុស្ស​ជាង​១​លាន​៤​សែន​នាក់​ក្នុង​ពិភពលោក​និង​ធ្វើ​ឲ្យឆ្លង​រាតត្បាត​ដល់​មនុស្ស​ជាង​៦០​លាន​នាក់។​ដោយ​ឡែក​ជំងឺ​កូវីដ​បាន​សម្លាប់​មនុស្ស​ជាង​២៦០.០០០​នាក់​ក្នុង​ប្រទេស​អាមេរិក​ឆ្លង​រាតត្បាត​ដល់​មនុស្ស​ជាង​១២​លាន​៧​សែន​នាក់។​ជំងឺនេះ​បាន​កើន​ឡើង​ខ្លាំង​ដល់​ទៅជិត​១៨០.០០០​ករណី​ក្នុង​មួយ​ថ្ងៃ​ក្នុង​ខែ​វិច្ឆិកា​នៅពេល​មាន​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​អាមេរិក​និង​ការ​មិន​ចុះ​សម្រុង​គ្នា​ផ្នែក​នយោបាយ។​ កំណើន​នេះ​ក៏កើត​ឡើង​នៅមុន​ពេល​ដែល​ថ្នាំ​វ៉ាក់សាំង​កូវីដ១៩​រំពឹង​ថា​នឹង​ចេញ​ប្រើប្រាស់​នាខែ​ខាង​មុខៗ​នេះ​ផង​ដែរ។​

លោក​ ស៊ួស សុខឿត​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ជា​គ្រូគង្វាល​ព្រះ​វិហារ​មួយ​កន្លែង​ហៅ​ថា​ The Cambodian Church of Nazarene ​នៅ​ក្រុង Minneapolis រដ្ឋ Minnesota បាន​ថ្លែង​ថា​នៅពេល​វ៉ាក់សាំង​ចេញ​ប្រើ​ឥរិយាបទ​មនុស្ស​នឹង​ចាប់​ផ្តើម​ផ្លាស់​ប្តូរ។​

លោក​ ស៊ួស សុខឿត បញ្ជាក់​ថា៖ «វា​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ ។​កាល​ណា​មាន​អារម្មណ៍​ល្អ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ម៉្លោះ​ហើយ​ជួនកាល​រោគ​ហ្នឹង​វា​មិន​មក​ជិត​យើង​ប៉ុន្មាន​ដែរ»។​

លោក​ថា​ទោះ​ជា​មាន​ការ​ផ្លាស់ប្តូរ​ខ្លះ​និង​មិន​ដូច​ឆ្នាំ​មុនៗ​ចំពោះ​ការ​ជួប​ប្រជុំ​គ្នា​ក្នុង​ពិធី​បុណ្យ​រំឭក​គុណ​Thanksgiving​ដែល​ជាថ្ងៃ​ឈប់​សម្រាក​របស់​ប្រទេស​នេះ​ក៏​សហគមន៍​ខ្មែរ​នៅ​មាន​ការ​ជួបជុំ​ជា​លក្ខណ:​គ្រួសារ​តូចៗ​ដែរ​ដើម្បី​បង្ការ​កុំឲ្យ​មាន​ការ​ឆ្លង​រាតត្បាត។​

វ៉ាក់សាំង​កូវីដ១៩​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា​ដោយ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន ​Pfizer​ និង​ក្រុមហ៊ុន ​BioNTech ​និង​ដោយ​ក្រុមហ៊ុន​ Moderna​ នោះកំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ចុងក្រោយ​និង​រង់ចាំ​ការ​យល់​ព្រម​ពី​រដ្ឋបាល​ម្ហូប​អាហារ​និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក។​តែ​ក្រុម​អ្នក​ជំនាញ​របស់​សហ​រដ្ឋ​អាមេរិក​បាន​អះអាង​ជា​មុន​ថា​ពួកគេ​ផ្ទាល់​នឹង​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ទេ។​

វ៉ាក់សាំង​ទាំង​នេះ​បាន​បង្ហាញ​នូវ​ប្រសិទ្ធភាព​ចំនួន ​៩៥%​ នៅ​ក្នុង​ការ​សាកល្បង​ហើយ​ឥឡូវ​នេះ​កំពុង​រង់ចាំ​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​ប្រើប្រាស់​ទូទៅ ស្រប​ពេល​ដែល​សហ​រដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃ​ចំនួន​ជិត​២​សែន​ករណី។​

លោក​វេជ្ជបណ្ឌិត ​Anthony Fauci​ អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​ឆ្លង​របស់​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​«Face the Nation»​របស់​បណ្តាញ​ទូរទស្សន៍​CBS​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថាលោក​ក៏​មិន​មាន​ការ​ភ័យ​ខ្លាច​អ្វី​ដែរ​នៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ទាំង​នេះ។​

លោក​វេជ្ជបណ្ឌិត ​Fauci​ បាន​មាន​ប្រសាសន៍​ថា៖​«ប្រសិន​បើ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ក្រុម​ដែល​គេ​ស្នើ​ឲ្យ​ចាក់​វ៉ាក់សាំង​នេះ​ខ្ញុំ​នឹង​ប្រាកដ​ជា​ចាក់។​ ខ្ញុំ​នឹង​មិន​ស្ទាក់ស្ទើរ​ទេ។​ហើយ​ខ្ញុំ​ក៏​មិន​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​ប្រាប់​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ឲ្យ​ចាក់​វ៉ាក់សាំង​នេះ​ដែរ»។

លោក ​អ៊ិន សួន​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​ទីក្រុង​ស្តុកតុន​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ទទូច​ថា​មេ​ដឹកនាំ​នយោបាយ​ទាំង​ពីរ​ទាំង​លោក​ប្រធានាធិបតី​ក្នុង​តំណែង​គឺ​លោក​ Donald Trump ​ដែល​តែងតែ​គិត​ពី​ផល​ប្រយោជន៍​សហ​រដ្ឋ​អាមេរិក​ដំបូង​គេ​ឬ ​America First ​ហើយ​លោក​ Joe Biden​ ដែល​ជា​ប្រធានាធិបតី​ដែល​គេ​ព្យាករ​ថា​ជាប់​ឆ្នោត​នោះ​គួរ​ត្រូវ​គិត​ពី​សុខភាព​ពលរដ្ឋ​និង​សេដ្ឋកិច្ច​ជា​ចម្បង​ក្នុង​ពេល​នេះ។​

រូ​ប​ឯកសារ៖ លោក អ៊ិន សួន
រូ​ប​ឯកសារ៖ លោក អ៊ិន សួន

លោក​ អ៊ិន សួន ថ្លែង​ថា៖ «ដូច្នេះ​បញ្ហា​សុខភាព​ជាបញ្ហា​ចម្បង​ហើយ​ពេល​នេះ​ខ្ញុំសុំ​ឲ្យលោក​Trump​ដែល​ធ្លាប់​មើល​ឃើញ​ទស្សនៈ​របស់​លោក​ដែល​ធ្លាប់​មាន​ប្រសាសន៍​ថា​អាមេរិកាំង​ទី១​ទាំង​សេដ្ឋកិច្ច​ក្តី​ទាំង​សុខភាព​ក្តី​អ្វីៗ​ចាត់​ទុក​ថា​ទី១​នេះ​សម្រាប់​លោក​ប្រធានាធិបតី​Trump។​ចំណែក​លោក​Joe Biden​វិញ​ក៏លោក​យល់​ឃើញ​ស្រប​ថា​កុំទាន់​គិតអ្វី​ជាចម្បង​ពេល​នេះ​ត្រូវងាក​មក​ធ្វើ​កិច្ចការ​អន្តរាគមន៍​ផ្នែក​ខាង​សុខភាព​ទប់ស្កាត់​កូវីដ១៩​ហ្នឹង​ជា​បឋម»។​

លោក​ថ្លែង​ដូច្នេះ​ដោយ​បង្ហាញ​ថា​ទោះ​ជា​វ៉ាក់សាំង​នឹង​ចេញ​នៅ​ចុង​ឆ្នាំ​នេះ​ឬ​ដើម​ឆ្នាំ​ក្រោយ​មែនតែលោក​ថា​មាន​ប្រជា​ពលរដ្ឋ​ស្លាប់​ជាច្រើន​និង​ឆ្លង​កាន់​ច្រើន​ណាស់​ហើយ​សេដ្ឋកិច្ច​និង​ភាព​អត់​ការងារ​ធ្វើ​ក៏​មាន​ការ​ប៉ះពាល់​ខ្លាំង​ដែល​ជាក្តី​បារម្ភ។​

ក៏ប៉ុន្តែ​លោក​បាន​កោត​សរសើរ​សហ​រដ្ឋ​អាមេរិក​ដែល​មាន​ប្រព័ន្ធ​នយោបាយ​រឹងមាំ​និង​មិន​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅលើ​ការ​តវ៉ា​នឹង​លទ្ធផល​នៃការ​បោះឆ្នោត​ដោយ​អនុញ្ញាត​ឲ្យ​ភាគី​ទាំង​សងខាង​បន្ត​ដំណើរ​ការ​ទៅមុខ​និង​ស្វែងរក​យុត្តិធម៌​ត្រឹមត្រូវ។​

លោក​បញ្ជាក់​ថា៖ «ទោះ​ជា​យ៉ាងណា​ក៏ដោយ​ជនជាតិ​អាមេរិកាំង​គេ​មិន​បាន​ឈ្លោះ​ប្រកែក​គ្នា​បិទ​សិទ្ធិ​ទាំងសង​ខាង​អី​ណា​មួយ​ទេ។​ខ្ញុំ​សូម​សរសើរ​តុល្យភាព​និង​នីតិ​តុលាការ​នៅស្រុក​គេ​នេះ»។​

តែលោក​ថា​ទោះជា​យ៉ាងណា​ការ​ផ្តល់​ថវិកា​បន្ថែម​ដល់​ពលរដ្ឋ​គឺជា​រឿង​សំខាន់​មួយ​ទៀត​ក្នុង​ពេល​ដែល​មាន​ភាព​អត់​ការងារ​ធ្វើ​និង​ សេដ្ឋកិច្ច​ធ្លាក់ចុះ​ហើយ​ពលរដ្ឋ​មាន​ជំងឺ​កូវីដ១៩​ដែល​ត្រូវ​ការ​លុយកាក់​ដើម្បី​ទ្រទ្រង់​សុខភាព​និង​ថ្នាំ​ព្យាបាល​ជាដើម​នោះ។​

ក្រៅពី​អំពាវនាវ​ឲ្យមាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ឆ្លង​រាតត្បាត​ក្នុង​ពិធី​ជួបជុំ​ពេល​ឈប់​សម្រាក​ពី​ការងារ​ក្នុង​ពិធី​បុណ្យ​Thanksgiving​នេះ ​ក្រុម​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​បាន​អះអាង​ពីការ​យក​ចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ដែរ​ដែល​បាន​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​នូវ​ទឹក​ប្រាក់​ឧបត្ថម្ភ​១២០០​ ដុល្លារ​និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អ្នក​បាត់​បង់​ការងារ​ធ្វើ​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ១៩​នេះ​ផង​ដែរ។​ក្រៅពីនេះ​ពួកគេ​រំពឹង​ថា​ច្បាប់​របស់​សហ​រដ្ឋ​នឹង​ធ្វើឲ្យ​មាន​ការ​ផ្ទេរអំណាច​ដោយ​គ្មាន​បញ្ហា​ក្រោយ​លទ្ធផល​បោះឆ្នោត​ចេញ​ជាផ្លូវការ​នៅថ្ងៃ​ខាង​មុខ។​

ហើយ​ការណ៍​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​លោក ​Joe Biden​ បេក្ខជន​ប្រធានាធិបតី​ដែល​គេព្យាករ​ថា​ជាប់ឆ្នោត​និង​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ​នោះ​នឹង​បាន​ឡើងកាន់​មុខ​តំណែង​ប្រធានាធិបតី​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​ជាផ្លូវការ​នៅ​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ៕​

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG