ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រំពឹង​ថា​លោក ​ត្រាំ ​នឹង​ផ្ទេរ​អំណាច​ទៅ​លោក​ បៃដិន ​តាម​ច្បាប់


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) ដែលត្រូវព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) ដែលត្រូវព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។

ទោះជា​បី​ជា​មាន​ការ​ប្តឹង​តវ៉ា​ប្រឆាំង​នឹង​នីតិវិធី​ការ​ចោទ​ថា​ ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ពី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ (Donald Trump) បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ដែល​គេ​ព្យាករណ៍​ថា នឹង​ចាញ់​ការ​បោះ​ឆ្នោត​ទៅ​លោក ​ចូ បៃដិន (Joe Biden) ​គូប្រជែង​នយោបាយ​របស់​លោក​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ក្តី ក៏ក្រុម​អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំង​នៅ​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​ មាន​ការ​ជឿជាក់​លើ​ប្រព័ន្ធ​ច្បាប់​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​ដដែល។​

ពួក​គេ​បាន​បញ្ជាក់​ពី​ក្តី​រំពឹង​ថា ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​តាម​ច្បាប់​ពី​លោក ​ត្រាំ​ ទៅ​លោក​ បៃដិន ​ដែល​គេ​ព្យាករណ៍ថា ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត។

លោក​ គុជ ច័ន្ទលី​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​រដ្ឋ Maryland បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ​និង​យក​ច្បាប់​ជាធំ ដោយ​លោក​មិន​រំពឹង​ថា នឹង​មាន​បញ្ហា​អ្វី​ក្នុង​រឿង​ផ្ទេរ​មុខ​តំណែង​ពី​ប្រធានាធិបតី​ដែល​គេ​ព្យាករណ៍​ថា​ ចាញ់​ឆ្នោត​ទៅ​ប្រធានាធិបតី​ដែល​គេ​រំពឹងថា​ ជាប់​ឆ្នោត​នោះ​ទេ។

លោក ច័ន្ទលី​ បញ្ជាក់ប្រាប់​វីអូអេ​ថា៖ «ដូច្នេះ​ហើយ​ទោះបី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ប្រកាស​ថា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ​មិន​ផ្ទេរ​តំណែង​ដោយ​សន្តិវិធី​ ឬ​មិន​ព្រម​ចុះចេញ​ពី​តំណែង​យ៉ាង​ណា​ក៏​ដោយ​ ប្រជាពលរដ្ឋ​អាមេរិកាំង​គេ​មិន​អនុញ្ញាតឲ្យ​បុគ្គល​ណា​មួយ​ធ្វើ​អី​ចឹង​ទេ»។

ជា​រៀង​រាល់​ ៤ ឆ្នាំ​ម្តង​ សហរដ្ឋ​អាមេរិក​រៀបចំការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ និងអ្នក​តំណាង​នានាគ្រប់​ជាន់​ថ្នាក់​ពាសពេញ​ប្រទេស​ ហើយ​ការ​ផ្ទេរ​អំណាច​ប្រធានាធិបតី​ត្រូវ​គេ​រំពឹង​ថា ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ២០ ខែមករា ​ក្រោយ​ពេល​បោះឆ្នោត​ខែ​វិច្ឆិកា​សប្តាហ៍​មុន​នេះ។​

ពលរដ្ឋ​អាមេរិកាំង​នៅ​ឆ្នាំ​នេះ​ ប្រមាណ​ ១៥៨​ លាន​នាក់​ បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ដែលគេ​ពេញចិត្ត ដោយ​មាន​អ្នក​បោះ​ឆ្នោត​ប្រមាណ ​៧១​ លាន​នាក់​ បាន​បោះឲ្យលោក ត្រាំ​ បេក្ខជន​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ ជាង ៧៥ ​លាននាក់​បាន​បោះឆ្នោត​ជ្រើសរើស​លោក​ ចូ បៃដិន ​បេក្ខជន​ខាងគណបក្ស​ប្រជាធិបតេយ្យ។​ នេះ​បើ​តាម​តួលេខ​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP។

ប៉ុន្តែ​សំខាន់​ជាង​នេះ​ ចំពោះ​ចំនួន​ប្រតិភូអង្គ​បោះឆ្នោត​វិញ​ដែល​ជា​កត្តា​កំណត់ជ័យជម្នះ​នៅ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​ដោយ​ប្រយោល​របស់​សហរដ្ឋ​អាមេរិក​នោះ​ លោក ​បៃដិន​ ត្រូវ​គេព្យាករណ៍ថា ​បាន​ទទួល​សំឡេង​អង្គ​បោះឆ្នោត​យ៉ាងតិច​ ២៧៩​ សំឡេង លើស​ពី​ចំនួន​តម្រូវ​យ៉ាង​តិច​ ២៧០ ដើម្បី​កំណត់​ថា​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី។​

តែ​បញ្ហា​ពេល​នេះ​នៅត្រង់​លោក ​ត្រាំ​ បាន​ចោទ​ប្រកាន់​ថា​ ការ​បោះឆ្នោត​មាន​ការ​បន្លំ​លួច​សន្លឹក​ឆ្នោត​ មាន​នីតិវិធី​មិន​ត្រឹម​ត្រូវ ​ដោយ​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​ក្រៅ​ផ្លូវការ​នេះ​ទេ​ ហើយ​ថា​ លោក​នឹង​តតាំង​តាម​ផ្លូវ​ច្បាប់​ស្នើ​ដល់​តុលាការ​កំពូល​ទៀត​ បើ​ចាំ​បាច់ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។

អ្នកបោះឆ្នោតកំពុងបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយក្នុងសាលារៀន East End នៅទីក្រុង Portland រដ្ឋ Maine កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
អ្នកបោះឆ្នោតកំពុងបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយក្នុងសាលារៀន East End នៅទីក្រុង Portland រដ្ឋ Maine កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក​ គុជ ច័ន្ទលី​ បាន​បន្ថែម​ពី​ការ​ជំទាស់​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថា៖ «ទោះបី​ជាយ៉ាងណា​ក៏​ដោយ​ យើង​សង្កេត​ឃើញ​ថា ​វា​មាន​អ្នក​គាំទ្រ​ប្រធានាធិបតី​ ដូណាល់ ត្រាំ ហ្នឹង​ច្រើន​ណាស់​ដែរ​ មាន​ការ​កើត​ទុក្ខ​មិនសុខចិត្ត​ ហើយ​មិន​ទទួល​ស្គាល់​សេចក្តី​ប្រកាស​លទ្ធផល​ (ក្រៅផ្លូវការ)​ នៃ​ការ​បោះឆ្នោត​នេះ​ទេ​ ហើយ​គេ​កំពុង​មាន​ការ​តតាំង​ជាច្រើន​តាម​ដង​ផ្លូវ​ និង​តាម​មធ្យោបាយ​ផ្សេងៗ​ជាច្រើន​ទៀត»។

លោក​បាន​បន្ត​ថា ​នៅ​សហរដ្ឋ​អាមរិក​គ្មាន​នរណា​មួយ​ធំ​លើ​ច្បាប់​ទេ​នេះ​ ជា​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ថា ​«គ្មាន​នរណា​មួយ​នៅ​ពី​លើ​ច្បាប់»​ «យើង​ជា​ប្រជាពលរដ្ឋ»​ មាន​ន័យ​ថា​ ពលរដ្ឋ​ជា​ធំ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដូច​សហរដ្ឋ​អាមេរិក​នេះ។

លោក​ ទូច វិបុល ពលរដ្ឋ​ខ្មែរ​មក​ពី​រដ្ឋ​ North Carolina ​បាន​ថ្លែង​ថា ​ការ​បោះឆ្នោត​នេះ​ហាក់​ដូច​ជា​គ្មាន​បញ្ហា​ធំ​ដុំ​ទេ​នៅ​ទូទាំង​ប្រទេស ​តែ​ការ​ប្តឹងផ្តល់ ​គឺជា​រឿង​ផ្លូវ​ច្បាប់​ដើម្បី​ផ្តល់​យុត្តិធម៌ដល់ភាគីទាំង​សង​ខាង។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​ជំនឿ​ថា ​សហរដ្ឋ​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​នរណា​មួយ​នៅ​ក្រាញ​អំណាច​បាន​ទេ​ទី ១ ​ហើយទី ២ ​ក៏មិន​អាចឲ្យ​នរណា​លួចបន្លំ​សន្លឹក​ឆ្នោត​បាន​ដែរ។ ​អីចឹង ​អំណាច​ស្ថិត​នៅ​លើ​តុលាការ»។

លោក​វិបុល​បន្ត​ថា វា​ជា​រឿង​សំខាន់​នៅ​លើ​ភស្តុតាង​ដែល​ភាគី​លោក​ប្រធានាធិបតី ​ត្រាំ​ ត្រូវ​បង្ហាញ​ដល់​តុលាការ​ បើ​ពុំ​ដូច្នោះ​ទេ​ លោក​នឹង​ត្រូវ​គេ​ចោទ​ប្រកាន់​ថា មិន​ចង់​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​លោក​ បៃដិន​ ត្រូវ​គេព្យាករណ៍ថា​ឈ្នះ​នេះ។

លោក ​វិបុល​ ពន្យល់ថា៖ «ប្រធានាធិបតី ត្រាំ ​រាល់ថ្ងៃ​ឃើញគាត់​ធ្វើការ​តវ៉ា​អីចឹង​ក៏ដោយ​ ក៏ប៉ុន្តែ​បើ​សិន​ជា​តុលាការ​សម្រេច​ចិត្ត​ហើយ​រ ក​ឃើញ​ការ​លើក​ឡើង​របស់​គាត់​ហ្នឹង ​វាអត់​មាន​មូលដ្ឋាន​អីទេ​ រឿង​ហ្នឹង​គាត់​មិន​ទទួល​យក​លទ្ធផល​នៃ​ភាព​ជាក់ស្តែង​ហើយ»។

ពីរដ្ឋ​ California ​លោក​ ប្រាក់ សេរីវុឌ្ឍ​ ពលរដ្ឋ​ខ្មែរអាមេរិកាំង​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ពុំសូវ​ជឿ​ថា​ មាន​ការ​បន្លំ​សន្លឹកឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ទេ ដោយ​លោក​ថា៖ «ការ​បោះ​ឆ្នោតនេះ ​វា​ត្រឹមត្រូវ​ហើយ ​គ្មាន​នរណា​បន្លំ​បាន​ទេ ​បើ​អាច​មាន​គឺ​មាន​យ៉ាង​តិចតួច​បំផុត​ ហើយ​គឺ​ថា​វា​ស្ទើរតែ​គ្មាន​ផង​សម័យ​នេះ ​គេប្រយ័ត្ន​ណាស់»។

លោក​បាន​ដាក់​ការសង្ស័យ​ថា លោក​ ដូណាល់ ត្រាំ ​ហាក់​ដូច​បាន​រៀបចំ​ខ្លួន​ ឬ​ក៏ដឹង​តាំង​ពី​មុន​ម្ល៉េះ​ ថា​គាត់​នឹង​ចាញ់ឆ្នោត​ និង​រៀបចំ​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត។

លោក​សួរ​ថា៖ «ហើយ​ចុះ​បើ​គាត់​យល់​ថា​ការបោះឆ្នោត​ហ្នឹង​របៀប​រចនាសម្ព័ន្ធ​ វា​មិន​ល្អ ​វា​ពុក​រលួយ​ម៉េច​ក៏​គាត់​មិន​ប្តឹង​តាំង​ពី​មុន​ពេល​បោះឆ្នោត​ទៅ​ចាំ​ដល់​បោះ​ ហើយ​ឃើញ​ចាញ់​ហើយ​បាន​គាត់​ធ្វើ​អីចឹង»?

លោក ប្រាក់ សេរីវុឌ្ឍ ថ្លែង​ដូច្នេះ​ ដោយ​យោង​ថា ​លោក ត្រាំ​ បាន​រៀបចំ​ចៅក្រម​តុលាការ​កំពូល​ឲ្យ​មាន​សំឡេង​ភាគច្រើន​ដាច់ខាត​ ដើម្បី​ជួយ​លោក។

ទោះ​ជា​មាន​មន្ត្រី​សំខាន់ៗ​ខ្លះ​ខាង​គណបក្ស​សាធារណរដ្ឋ​ដូច​ជា​អតីតប្រធានាធិបតី George W. Bush ​ និង​លោកព្រឹទ្ធ​សមាជិក​សភា ​Mitt Romney ​គាំទ្រ​លោក​ បៃដិន ​តែ​សមាជិក​ព្រឹទ្ធសភា​សំខាន់​បំផុត​ដូច​ជា​លោក ​Mitch McConnell ប្រធាន​សំឡេង​ក្រុម​ភាគច្រើន​នៅ​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​មក​ពី​រដ្ឋ Kentucky​ បានគាំទ្រ​លោក​ ដូណាល់ ត្រាំ។​

ថ្លែង​នៅ​ឯ​ព្រឹទ្ធសភា​ហើយ​ត្រូវ​បណ្តាញ​ទូរទស្សន៍ ​Fox News ​ដក​ស្រង់​សម្តី​មក​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​ លោក McConnell បាន​បញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ​មិន​គួរ​ភ័យខ្លាច​ពី​ការ​ត្រួត​ពិនិត្យ​មើល​បន្ថែម​ទេ​ ប្រសិន​បើ​ជឿ​ថា​ ការ​បោះឆ្នោត​នេះ​ដំណើរការ​ដោយ​យុត្តិធម៌។​ លោក​ថា ​រដ្ឋធម្មនុញ្ញ​មិន​បាន​ផ្តល់​អំណាច​វេតូ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​សម្រេច​មុខ​តំណែង​ប្រធានាធិបតី​ដែរ។

លោក​បាន​បន្ត​ថា​ លោក​ ត្រាំ ​មាន​សិទ្ធិ​ ១០០​ ភាគរយ​របស់លោក​ក្នុងការ​ពិនិត្យមើលភាព​មិនប្រក្រតី​ និង​ថ្លឹង​ថ្លែង​ពី​ជម្រើស​ផ្លូវ​ច្បាប់​របស់​លោក។

ក្រៅ​ពី​លើក​ឡើងពី​ឧទាហរណ៍​មួយ​ពី​បញ្ហា​បច្ចេកទេស​ប្រព័ន្ធ​កុំព្យូទ័រជិត ​៥០ សង្កាត់​នៅ​រដ្ឋ មីជីហ្គែន (Michigan) ​ដែលនាំឲ្យ​លោក​ បៃដិន ​កើន​សំឡេង​ឆ្នោត​ជា​ច្រើន​ពាន់​នោះ​ ​សមាជិក​ព្រឹទ្ធសភា លោក Ted Cruz​ មក​ពី​រដ្ឋ Texas​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​ លោក ជឿថា លោក ​ត្រាំ ​នៅ​តែមាន​ផ្លូវ​ឈាន​ទៅរកជ័យជម្នះ។​ លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ ត្រូវ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​ តែ​មិន​រាប់​សន្លឹកឆ្នោត​ដែល​លួចបន្លំ​និង​ខុស​ច្បាប់ទេ។

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ក្រោយ​ពី​មេធាវី​របស់​លោក ត្រាំ ​គឺ​លោក ​Rudy Giuliani ​ដែល​ជា​អតីត​អភិបាល​ក្រុង​ញូវយ៉ក ​បាន​ជម្រាប​លោក ​ត្រាំ កុំ​ឲ្យ​ប្រកាស​ចុះចាញ់​ការបោះឆ្នោត​ទៅ​លោក ​បៃដិន ដោយសារ​លោក​មាន​អំណះអំណាង​ និងបាន​ដាក់​ពាក្យ​បណ្តឹង​ចំនួន ​១០​ ទៀត ទៅ​កាន់​តុលាការ​ដោយ​ចោទ​ប្រកាន់​ថា​ មាន​ការ​លួចបន្លំ។​ លោក​ថា ​ពេល​នេះ​មាន​ភស្តុតាង​រឹងមាំ​ថា​ ការ​បោះឆ្នោត​នេះ​មាន​រដ្ឋ​ចំនួន​ ៣ ឬ ​៤ ​និង​អាច​ដល់​ ១០​ រដ្ឋ ដែល​មាន​ការ​លួច​សន្លឹកឆ្នោត។

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សាធារណរដ្ឋ​ខ្លះ​ដូច​ជា​លោក Romney ​បាន​ចាត់​ទុក​ថា​ ការ​អះអាង​ពី​ការបន្លំ​សន្លឹក​ឆ្នោត​នេះ​ គឺ​ជា​រឿង​បំផ្លាញ​ដល់​សេរីភាព ​និង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ស្ថានប័ន​រដ្ឋ​ជា​គ្រឹះ​នៅ​សហរដ្ឋ​អាមេរិក​ និង​ជុំវិញ​ពិភពលោក៕

XS
SM
MD
LG