ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រំពឹង​ថា​លោក​ ចូ បៃដិន ​ជួយ​សេដ្ឋកិច្ច​និង​ស្តារ​មុខ​មាត់​អាមេរិក


រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ដើរកាត់ហាងទំនិញបិទទ្វារនៅទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ដើរកាត់ហាងទំនិញបិទទ្វារនៅទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០។

ទោះបី​ជា​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​(Donald Trump) ​នៅ​មិន​ទាន់​បាន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ កាលពី​ថ្ងៃ​ទី៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២០ ​ក្តី​ ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​បាន​ផ្តល់​ទំនុក​ចិត្ត​លើ​លោក ​ចូ បៃដិន​(Joe Biden)​ ប្រធានាធិបតី​ដែល​គេ​ព្យាករ​ថា​ជាប់ឆ្នោត​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​និង​មុខមាត់​សហ​រដ្ឋ​អាមេរិក​ជា​មហា​អំណាច​ពិភពលោក​នៅ​លើ​ឆាក​អន្តរជាតិ​ឡើង​វិញ​ ដោយ​ចាប់​ផ្តើម​ការងារ​អាទិភាព​ចម្បង​របស់​លោក ​គឺ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩។​

លោក​ ប្រាក់ សេរីវុឌ្ឍ​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ មកពី​រដ្ឋ​រដ្ឋ​កាលីហ្វ័រញ៉ា (California)​ បាន​ថ្លែង​ស្តី​បន្ទោស​ពីការ​ធ្វេស​ប្រហែស​របស់​រដ្ឋបាល​លោក ​ដូណាល់ ត្រាំ​ ថា ​មិន​បាន​ធ្វើ​ឲ្យ​ជំងឺ​កូវីដ១៩​ ថមថយ​ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រងការ​ប៉ះពាល់​ ដោយសារ​តែ​មាន​ការ​ឆ្លង​រីក​រាលដាល​ខ្លាំង​ ហើយ​នេះ​ជា​រឿងចាំ​បាច់​បំផុត​ជាង​គេ​មួយ ​ដែល​លោក ​ចូ បៃដិន ​ត្រូវ​ដោះស្រាយ​មុនគេ​ជាបន្ទាន់​ ពេល​លោក​ចូល​កាន់​តំណែង ​នា​ខែ​មករា​ ឆ្នាំ២០២១។​

«ពីព្រោះ​អី​បញ្ហា​ជំងឺ​កូវីដ១៩​ បើទុក​ឲ្យ​រ៉ាំរ៉ៃ​តទៅ​ទៀត ​វា​ស្លាប់​មនុស្ស​ផង ​វា​ប៉ះពាល់​ផ្លូវ​សេដ្ឋកិច្ច​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​មហា​អំណាច​ហ្នឹង។ ​វា​ប៉ះពាល់​ខ្លាំង​ ដូច្នេះ​គាត់​ត្រូវ​ដោះស្រាយ​រឿង​ហ្នឹង​ជា​រឿង​ចម្បង»។​

លោក​បាន​កត់សម្គាល់​ដោយ​យក​ចិត្ត​ទុកដាក់​ពី​វិធានការ​ជាច្រើន​ផ្សេងៗ​ទៀត​របស់​លោក ​បៃដិន​ ដែល​បាន​ប្រកាស​ថ្មីៗ​នេះ​ ដូចជា​ការ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​វិញ​ រឿង​សន្ធិសញ្ញា​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ កិច្ចការ​សហ​ប្រតិបត្តិការ​នានា​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​អូតង់ ​(NATO) ​និង​សម្ព័ន​មិត្ត​នយោបាយ​យោធា​សេដ្ឋកិច្ច​នៅ​តំបន់​ជាច្រើន​ទៀត​ ដែល​លោក ​បៃដិន​ ត្រូវ​ស្តារ​មុខមាត់​សហ​រដ្ឋ​អាមេរិក​ឡើង​វិញ​ បន្ទាប់ពី​លោក ត្រាំ​ បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ទំនាក់​ទំនង​នាពេល ​៤ ឆ្នាំ​កន្លង​មក។​

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុង Wilmington រដ្ឋ Delaware កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុង Wilmington រដ្ឋ Delaware កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

«ដូច្នេះ​លោក​ប្រធានាធិបតី​ (ជាប់ឆ្នោត)​ ចូ បៃដិន ​ទៅ​អនាគត​ហ្នឹង ​គាត់វ​នឹង​រៀបចំ​ស្តារ​កិត្តិយស​សហ​រដ្ឋ​អាមេរិក​ ឲ្យសម​នឹង​ឋានៈ​មហា​អំណាច​កំពូល​ និយាយ​សម្តី​គឺ​មុត​ប្រៃ​ មាន​ប្រសិទ្ធ​ភាព ​មិន​កុហក​ មិន​ក្រឡេច​ក្រឡុច​ ហើយ​មាន​ភាព​យុត្តិធម៌ ​ក្នុង​ការ​ដឹកនាំ​នយោបាយ​អន្តរជាតិ​ក្នុង​ពិភព​លោក​ហ្នឹង»។​

នៅជុំវិញ​ពិភពលោក មនុស្ស​ចំនួន ​៥៦​ លាន​នាក់ បានឆ្លងជំងឺ​កូវីដ១៩ និង​ចំនួន​ ១ ​លាន ​៣ ​សែន​ ៤ ​ម៉ឺន​៥​ ពាន់​ បានស្លាប់ដោយសារជំងឺនេះ។​ សម្រាប់​នៅ​សហ​រដ្ឋ​អាមេរិក​ ដែល​ការ​ឆ្លង​ក្នុង ​១ ថ្ងៃ​ជាង​ ១៥ ​ម៉ឺន​នាក់​នោះ​ បាន​បង្ហាញ​ថា ​ចំនួន​មនុស្ស​ឆ្លង​សរុប​បាន​កើន​ដល់​ទៅ​ជាង ​១១​ លាន​នាក់​ ហើយ​ចំនួន​មនុស្ស​ស្លាប់នៅសហរដ្ឋអាមេរិកបាន​កើន​ដល់​ជាង​ ២៤ ​ម៉ឺន​នាក់​ ចាប់ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ថ្ងៃទី​ ១៨ ​ខែ​វិច្ឆិកា។​ នេះ​បើ​តាម​តួលេខ​នៃ​អង្គការ​សុខភាព​ពិភពលោក ​(WHO)។​

សាលា​រៀន​ជាច្រើន​នៅ​ពាស​ពេញ​ប្រទេស ​ក្រុមហ៊ុន​ ភោជនីយដ្ឋាន​ កន្លែង​ធ្វើការ​រដ្ឋ​ឯកជន ​និង​កន្លែង​ជំនួញ​នៅ​បន្ត​បិទទ្វារ​ និង​មាន​បញ្ញត្តិ​តឹងរ៉ឹងនៅ​ឡើយ ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង។​

លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋម៉ារីលែន (Maryland) បានយល់ឃើញថា ដំណោះស្រាយវិបត្តិកូវីដ១៩ គឺជារឿងចាំបាច់សម្រាប់លោក ចូ បៃដិន ត្រូវចាត់វិធានការ ដើម្បីសេដ្ឋកិច្ចក្នុងប្រទេស។

«អាទិភាព​ទី ១ ​គឺ​បង្រ្កាប​កូវីដ១៩ ​ហ្នឹង។ ​លោក ​ចូ បៃដិន​ លោក​បាន​ធ្វើ​សេចក្តី​ប្រកាស​រួច​ហើយ​ប្រមូល​អ្នក​វិទ្យាសាស្ត្រ​ និង​អ្នក​ឯកទេស​ខាង​ជំងឺ​វេជ្ជបណ្ឌិត​ផ្សេងៗ​ខាង​ជំងឺ​ឆ្លង​កូវីដ១៩ ​ហ្នឹង ​ដើម្បី​រកវិធី​ទប់ទល់​ជំងឺ​កូវីដ១៩​ ហ្នឹង​បង្ក្រាប​វាឲ្យ​ទាន់​ដើម្បី​យើង​អាច​បើក​ទីផ្សារ​សេដ្ឋកិច្ច​បើក​ភោជនីយដ្ឋាន​បើក​ទីធ្លា​បើក​សាលា​រៀន​ដូច​ដើម​វិញ​ព្រោះ​លោក​ចូ បៃដិន​ហាក់​ដូច​ជា​បង្ហាញ​ជំហរ​ថា​លោក​យកចិត្ត​ទុកដាក់​លើ​ជីវិត​មនុស្ស​ជា​ជាង​លុយ»។​

លោក​បាន​បន្ត​ថា​ ទោះជា​ពេលនេះ​លោក​ប្រធានាធិបតី​ ត្រាំ ​និង​អ្នក​គាំទ្រ​របស់លោក​ មាន​ការ​មិន​សប្បាយ​ចិត្ត​នឹង​ការ​ចាញ់ឆ្នោត​ ហើយ​មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​ ព្រមទាំង​នៅ​មាន​ក្តីក្តាំ​មែន​ក្នុង​ពេល​មាន​ការ​បែកបាក់​ប្រទេស ​និង​របួស​ស្នាម​ក្នុង​ពេល​ប្រជែង​រក​សំឡេង​ឆ្នោត​នោះ​មែន​ក្តី​ តែ​ពលរដ្ឋ​អាមេរិកាំង​នៅ​តែទុក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ ដូច​ដែល​លោក ​បៃដិន​ បាន​បញ្ជាក់​ក្នុង​សារ​អំពាវនាវ​របស់​លោក ​សុំ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ​ឡើង​វិញ​ និង​ធានា​ថា ​លោក​នឹង​ក្លាយ​ជា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ទាំងមូល​ មិនមែន​គិត​តែ​បក្ស​របស់​លោក​ ឬ​ចាត់ទុក​អ្នក​ប្រឆាំង​ជា​សត្រូវ​នោះ​ទេ។​

«ដូច្នេះ​ហើយ​ សេចក្តី​អំពាវនាវ​សុំឲ្យ​ពលរដ្ឋ​អាមេរិកាំង​រួបរួម​គ្នា​ ដើម្បី​បម្រើផល​ប្រយោជន៍​ប្រទេស​ជាតិ​នេះ​ ហើយ​ដែល​ជា​សញ្ញា​សំខាន់​ហើយ​ខ្ញុំ​យល់​ឃើញ​ថា ​ជា​សារ​មួយ​មាន​ខ្លឹមសារ​មាន​តម្លៃ មាន​សេចក្តី​ថ្លៃថ្នូរ​ជា​ជាង​ការ​ប្រកាស​បំបែក​បំបាក់​គ្នា»។​

រូបឯកសារ៖ លោក ​ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង បោះឆ្នោត​នៅ​ទីក្រុង High Point​ រដ្ឋ North Carolina នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។ (សុខ ខេមរា/វីអូអេ)
រូបឯកសារ៖ លោក ​ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង បោះឆ្នោត​នៅ​ទីក្រុង High Point​ រដ្ឋ North Carolina នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។ (សុខ ខេមរា/វីអូអេ)

លោក​ ទូច វិបុល​ ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋ​ North Carolina​ បាន​ថ្លែង​ថា​ លោក ​ត្រាំ​ មិន​មាន​ឥទ្ធិពល​អ្វី​ក្នុង​ការ​សម្រេច​ចិត្តទេ ​ក្នុង​ការ​ចេញ​លទ្ធផល​បោះឆ្នោត​បន្ទាប់​ពី​ក្តីក្តាំ​ គឺ​តុលាការ​ទេ​ជា​អ្នក​សម្រេច​ដោយ​ឯករាជ្យ។​

«ហើយ​មាន​ន័យ​ថា ​បើ​នរណា​ឈ្នះ​គឺ​គេ​ស្វាគមន៍​ហើយ។​ ប្រធានាធិបតី ​ត្រាំ ​រាល់​ថ្ងៃ​ឃើញ​គាត់​ធ្វើការ​តវ៉ា​អីចឹង​ក៏​ដោយ​ តែ​បើ​សិន​ជា​តុលាការ​សម្រេច​ចិត្ត​ ហើយ​រក​ឃើញ​ថា ការ​លើក​ឡើង​របស់​គាត់​ហ្នឹង ​វា​អត់​មាន​មូលដ្ឋាន​អី​ទេ​ អាហ្នឹង​គាត់​នឹង​ទទួល​យក​លទ្ធផល​ភាព​ជាក់​ស្តែង​ហើយ»។​

ពលរដ្ឋ​អាមេរិកាំង​ជិត​លែង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពេល​គ្មាន​ការងារ​ធ្វើ​ហើយ។​ ពលរដ្ឋ​ ២០​ លាន​នាក់​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ផ្ទះ​សម្បែង​ ដោយសារ​តែ​មិន​អាច​បង់​ថ្លៃ​ផ្ទះ​ ជំពាក់​ធនាគារ​ហើយ​ជាង​នេះ​ទៀត​ «ពលរដ្ឋ​ជា​ច្រើន​កំពុង​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​ ដោយ​សារតែ​មិន​អាច​បង់​ថ្លៃ​ជួល​បាន»​ ដោយសារ​តែ​វិបត្តិ​កូវីដ​ ដែល​ចេះតែ​កើន​ឡើង​ខ្លាំង​នេះ។​

លោក ​ចូ បៃដិន​ ដែល​ត្រូវ​បាន​គេ​ព្យាករ​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ បាន​ព្រមាន​ថា​ការ​បដិសេធ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ នៅ​ក្នុង​ការ​មិន​ទទួល​ស្គាល់​ការ​ផ្ទេរ​អំណាច​ មុន​ថ្ងៃ​ទី​២០​ ខែ​មករា ​អាច​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។​

លោក​ បៃដិន​ បាន​ឆ្លើយតប​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ក្នុង​ទីក្រុង Wilmington​រដ្ឋ​ Delaware ​ថា៖​ «មនុស្ស​ជា​ច្រើន​នាក់​ទៀត​ អាច​នឹង​ស្លាប់ ​ប្រសិន​បើ​យើង​មិន​សម្រប​សម្រួល»។​

លោក​ បៃដិន​ ជាថ្មី​ម្ដង​ទៀត​បាន​ព្រមាន​អំពី​ការ​មក​ដល់​នៃ​ «រដូវ​រងារ​ដ៏​គ្រោះ​ថ្នាក់»​ ដោយ​បាន​អំពាវនាវ​ឲ្យ​សភា​អនុម័ត​សំណើ​ច្បាប់​ HEROES Act ​ឲ្យ​បាន​ឆាប់​រហ័ស។ ​សំណើ​ច្បាប់​ HEROES Act ​នេះ​ស្នើ​ឲ្យ​មាន​ថវិកា​ចំនួន​ ៣ ​លាន​លាន​ដុល្លារ ​ដើម្បី​ឆ្លើយតប​ទៅនឹង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ ដែល​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។​

លោក​ បៃដិន​ បាន​និយាយ​ថា៖​ «ការណ៍​ដែល​លោក​ប្រធានាធិបតី​នៅ​លេង​កីឡា​វាយ​កូនហ្គោល​ ហើយ​មិន​ធ្វើ​អ្វី​ទាំង​អស់ ​គឺ​វា​ហួស​ពី​ការ​យល់​ឃើញ​របស់​ខ្ញុំ​ទៅ​ទៀត»។​

លោក​បាន​បន្ថែម​ថា៖​ «យ៉ាង​ហោច​ណាស់​ លោក​ [ត្រាំ]​ គួរ​ចាកចេញ​ទៅ​ដោយ​បន្សល់​ទុក​នូវ​ភាព​វិជ្ជមាន»។​

ទោះជា​លោក​ ត្រាំ​ មិន​ទាន់​បាន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាបឋមៗ​ ដោយ​ចោទ​ថា​ មាន​ការ​គៃ​បន្លំ​ក្តី​ តែ​ក្រុម​មេដឹកនាំ​ពិភព​លោក​ជាច្រើន​ប្រទេស​បាន​គាំទ្រ​ និង​អបអរសាទរ​លោក ​ចូ បៃដិន ​ជា​ផ្លូវការ​ហើយ​ដែរ​ មុន​លទ្ធផល​បោះឆ្នោត​ជាផ្លូវការ​បាន​ចេញ​ប្រកាស​ឲ្យ​ដឹង។​

ជ័យ​ជម្នះ​របស់​លោក ​បៃដិន ​នៅ​រដ្ឋ​ Arizona​ ដែល​មាន​ប្រតិភូ​ចំនួន​ ១១ ​នាក់នោះ ​នាំ​ឲ្យ​លោក​ទទួល​បាន​សំឡេង​អង្គ​បោះឆ្នោត​សរុប​ទូទាំង​ប្រទេស​ចំនួន ​២៩០។​ លោក​ បៃដិន ​បាន​ឈ្នះ​ចំនួន​អង្គ​បោះ​ឆ្នោត​លើស​ ២៧០ ​ដែល​ជា​ចំនួន​កំណត់​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​អាមេរិក ​និង​ដែល​ធ្វើ​ឱ្យ​លោក​នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង ​នៅ​ថ្ងៃទី​២០ ​ខែ​មករា​ខាង​មុខ។​

រដ្ឋ​នានា​ត្រូវ​កំណត់​ឲ្យ​បញ្ជាក់​លទ្ធផល​ឆ្នោត​របស់​ពួក​គេ​ នៅ​ថ្ងៃទី​៨ ​ខែធ្នូ​ និង​ជ្រើសរើស​អង្គ​បោះឆ្នោត​ដែល​នឹង​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ជា​ផ្លូវការ ​នៅ​ថ្ងៃទី​១៤​ ខែ​ធ្នូ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG