ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​ថា ​អវត្តមាន​លោក​ Trump ​ពេល​លោក​ Biden ​ស្បថ​ចូល​កាន់​តំណែង​ប៉ះពាល់​កិត្តិយស​អាមេរិក


រូបផ្គុំ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump (ឆ្វេង) និងប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦ លោក Joe Biden។
រូបផ្គុំ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump (ឆ្វេង) និងប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦ លោក Joe Biden។

លោក​ប្រធានាធិបតី​ Joe Biden​ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ទី ៤៦​ កាល​ពី​ថ្ងៃទី​ ២០​ ខែ​មករា ​ឆ្នាំ ២០២១ ​ក្នុង​ពិធី​មួយ​ដែល​ដឹកនាំ​ដោយ​ប្រធាន​តុលាការ​កំពូល​លោក ​John Roberts​ នៅ​ឯ​អគារ​វិមាន​សភា ដោយ​គ្មាន​វត្តមានអតីត​ប្រធានាតី​ចេញ​ពី​តំណែង​លោក Donald Trump​ ទេ។

នេះ​គឺដោយសារ​តែ​ភាព​ចម្រូងចម្រាសនៃ​ការបោះឆ្នោត​ កាល​ពី​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០ ​ដែល​លោក Trump​ ចោទ​ថា ​មាន​ការ​គៃបន្លំ​ ប៉ុន្តែ​ត្រូវ​បដិសេធ​ពី​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ និង​តុលាការ​ថា​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភ័ស្តុតាង​ទៅ​វិញ។

ទោះ​ជាគ្មាន​ច្បាប់​ចែង​ថា​ប្រធានាធិបតី​ចេញ​ពី​តំណែង​ត្រូវតែ​មាន​វត្តមាន​នៅក្នុង​ពិធី​ស្បថ​ចូល​របស់​ប្រធានាធិបតី​ថ្មីក្តី​ ក៏សហរដ្ឋ​អាមេរិក​មាន​ទំនៀមទម្លាប់​និង​ការ​រំពឹង​ទុក​បែប​នេះ​កន្លង​មក។ អវត្តមាន​លោក Trump បាន​ធ្វើ​ឲ្យ​មាន​ការ​រំជើបរំជួល​មិន​នឹក​ស្មាន​ដល់​ នៅ​ពេល​គេ​ដឹង​និង​ឃើញ​ច្បាស់​ដូច​គ្រោង​ទុក​ថា លោក Trump ​មិន​បាន​ផ្តល់​តម្លៃ​ដល់​ដៃគូ​ប្រជែង​នយោបាយ​របស់​លោក​ នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​មុខ​តំណែង​ប្រាកដ​មែន។

ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​បាន​សម្តែង​ការ​ខកចិត្ត​និង​គិត​ពី​កេរ្តិ៍​ឈ្មោះ​ជាង​២៤០ ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​ ជា​បិតា​លទ្ធិ​ប្រជាធិបតេយ្យ​ពិភពលោក។

មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម​លោក​ ជា មាស​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ មកពី​ទីក្រុង​Philadelphia​ រដ្ឋ Pennsylvania បាន​មក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមរិក​ជាង​ ៣០ ​ឆ្នាំ។ លោក​ថ្លែង​ថា​នេះ​ជា​រឿង​កម្រ​នឹង​កើត​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​រយ:ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ដែល​មិន​ធ្លាប់​ឃើញ​ប្រធានាធិបតី​ចេញ​ពី​តំណែង ​មិន​ចូលរួម​អបអរសាទរ​ប្រធានាធិបតី​ថ្មី។

លោក ជា មាស បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ចំពោះ​លោក Trump​ ខ្ញុំមាន​ការ​សោកស្តាយ​ តែ​នេះ​ជា​ស្រុក​មាន​សេរីភាព​ឬ ក៏​រដ្ឋធម្មនុញ្ញ​អត់​មាន​ចែង​ថា​ប្រធានាធិបតី​ត្រូវ​តែ​ចូលរួម​វា​អត់​មាន។ អ៊ីចឹង​ទេ​នេះ​ជា​សិទ្ធិ​របស់​គាត់។ រឿង​នេះ​ខ្ញុំគិត​ថា​ ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វាយ​តម្លៃ​លោក Trump​ ទៅ​ថ្ងៃ​ក្រោយ»។

លោក​បន្ត​ថា​ ជា​ប្រពៃណី​យូរយារ​ណាស់​មក​ហើយ ​គឺ​ប្រធានាធិបតី​តែងតែ​ផ្តល់​តម្លៃ​ជូនគ្នា​ទៅ​វិញ​ទៅ​មក​ ក្រោយ​ពី​លទ្ធផល​បោះឆ្នោត​ដែល​ពលរដ្ឋ​បាន​សម្រេច​ចិត្តនោះ​បាន​ចេញមក។​

លោកថ្លែង​ថា៖ «ពេល​ដែល​ប្រធានាធិបតី​ឡើង​ថ្មី​មក អតីត​ប្រធានាធិបតី​ហ្នឹង​ត្រូវ​ផ្តល់​កិត្តិយស​ដល់​អ្នក​ស្នង​តំណែង​ហ្នឹង​ណា»។

មិនថា​តែ​ប្រធានាធិបតី​ទេ​ដែល​ផ្ទេរតំណែង​ ឬ​ចូលរួម​ផ្ទេរ​អំណាច​ដោយ​រលូន​កន្លង​មក ​ក្រោយ​ការ​បោះឆ្នោត​ម្តងៗ​នោះ​ សូម្បី​តែ​បេក្ខជន​ប្រធានាធិបតី​ដូច​ជា​ អ្នកស្រី Hillary Clinton ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ឈ្នះ​សន្លឹក​ឆ្នោត​ពលរដ្ឋ​ទូទាំង​ប្រទេស​ជិត ​៣​ លាន​សន្លឹក​ តែចាញ់​ចំនួន​សំឡេងអង្គប្រតិភូ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១៦​ ក៏​ត្រូវ​ប្រគល់​ជ័យជម្នះ​ជូន​លោក​ Donald Trump​ ដែរ។

លោក Joe Biden ថ្លែង​សុន្ទរកថា បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋ​អាមេរិក​នៅ​វិមានសភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
លោក Joe Biden ថ្លែង​សុន្ទរកថា បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋ​អាមេរិក​នៅ​វិមានសភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ស្រដៀង​គ្នាដែរ​ នៅក្នុងបញ្ហា​សំឡេង​ឆ្នោត​លោក​អតីត​អនុប្រធានាធិបតី​ Al Gore​ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Al Gore​ ក៏​បាន​ប្រគល់​ជ័យជម្នះ​ជូន​លោក​George W. Bush ដែរ។​ កាល​ពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០០០​ លោក Gore បាន​ឈ្នះ​សន្លឹកឆ្នោតលើស​រហូត​ដល់​ប្រមាណ ​៥០០.០០០ សន្លឹក ប៉ុន្តែការ​ប្តឹងផ្តល់​នៅ​ក្នុង​រដ្ឋ Florida បាន​ធ្វើ​ឲ្យ​លោក​ចាញ់ក្តី​ដោយ​អំណាច​តុលាការ​កំពូល​ ហើយ​លោក Gore សុខចិត្ត​ប្រគល់​ជ័យជម្នះ​ដល់​លោក Bush​ ដើម្បី​ការ​រួបរួម​ជាតិ។

លោក យ័ប គីមទឹង​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ក្នុង​រដ្ឋ Virginia​ បាន​ថ្លែង​ថា ​លោក​នឹក​មិន​អស់​ចិត្ត​ថា​ នៅ​សហរដ្ឋ​អាមេរិក​បាន​កើត​មាន​ការ​ដែល​មិន​ផ្តល់​តម្លៃ​ឱ្យ​គ្នា​ និង​ទទួល​ស្គាល់​ការ​ពិត​ទទួល​ស្គាល់​ការ​ចាញ់​និង​ឈ្នះ​ ដែល​ជា​វប្បធម៌​ដ៏​ល្អ​របស់​អាមេរិក ក្រោយ​ការ​បោះឆ្នោត​ជា​យូរ​មកហើយ។

លោក យ័ប គីមទឹង ថ្លែង​ថា៖ «ខ្ញុំតែង​តែមាន​ចិត្ត​រីករាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ពេល​បាន​ឃើញ​អ្នក​ចាញ់​សរសើរ​អ្នក​ឈ្នះ​ តែ​ពេល​នេះ​ខ្ញុំ​មិន​អាច​អួត​ប្រាប់​អ្នក​ផ្សេង​អ៊ីចឹង​ទៀត​បាន​ទេ ​ពីព្រោះ​អ្នកចាញ់​អត់​បាន​ផ្តល់​សេចក្តី​សរសើរ​ទៅ​អ្នក​ឈ្នះ​ ហើយ​មិន​ទៅ​ចូលរួម​នៅ​ក្នុង​ការ​តំឡើង​សក្តិ​ (ពិធី​ស្បថ​ចូល​កាន់​តំណែង) ប្រធានាធិបតី​ថ្មី​ទៀត​ផង»។

លោក​ នួន វាសនា ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ Lowell (ឡូវែល) ក្នុង​រដ្ឋ Massachusetts បាន​អះអាង​ថា​ ជា​ធម្មតា​ឥស្សរជន​នយោបាយ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញភាព​ជា​អ្នក​ដឹកនាំ​ នៅ​ពេល​ផ្ទេរ​តំណែង​និង​អំណាច។

អ្នក​នយោបាយ​នៅ​មូលដ្ឋាន​រូប​នេះ​ថ្លែង​ថា៖ «យើង​ដឹង​ហើយ​ចរិត​របស់​អ្នកដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នេះ​ល្អប្រពៃ​ណាស់​ ជាពិសេស​ពេល​ដែល​ស្បថ​ចូល​កាន់​មុខតំណែង​ហ្នឹង។ គេ​ដូរ​តំណែង​ហ្នឹង​គេ​ដូរ​អ្នក​ដែល​ចេញ​ទៅ​ហ្នឹង ​គេ​ផ្ទេរ​តំណែង​ជា​សាធារណ:​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ថា​ នេះ​ជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ​ តែ​នេះ​ជា​ចរិត​របស់​អ្នកដឹកនាំ​បាន​ន័យ​ថា​ នេះ​ជា​ចរិត​របស់​អ្នកដឹកនាំ​របៀប​ហ្នឹង​ឯង​ ម្ល៉ោះ​ហើយ​គឺ​ថា​មិនមែន​ជា​ចរិត​របស់​អ្នក​ដឹកនាំ​ទេ»។

ប៉ុន្តែ​លោក​ថា នេះ​ជា​សេរីភាព​និង​ជា​ការសម្រេច​ចិត្ត​ជា​បុគ្គលរបស់​អ្នក​ដឹកនាំ​ នៅ​ពេល​ឥស្សរជន​ដទៃ​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​សម្រច​ចិត្តមក​ចូលរួម​ក្នុងពីធី​ស្បថចូល​កាន់​មុខ​តំណែង​លោក​ Joe Biden ​នោះ។

លោក​ ជា មាស ​បាន​យល់​ស្រដៀងគ្នា​ដែរ​ថា​ នេះ​ជា​រឿង​បុគ្គល​ទេ​តែ​លោក​ផ្តល់​យុត្តិធម៌​ដល់​គណបក្ស​សាធារណរដ្ឋ​ដែរ​ដែល​បាន​បញ្ជូន​មនុស្ស​ជាច្រើន​ ដើម្បី​ចូលរួម​អបអរសាទរ​លោក​ Biden។

លោក​ថ្លែង​ថា៖ «ខ្លួនខ្ញុំ​ផ្ទាល់​ខ្ញុំ​វាយ​តម្លៃ​ថា​ នេះ​ជា​រឿង​បុគ្គល​ហើយ​មិន​អាច​ហាមឃាត់​បាន​ទេ​ ក្នុង​គណបក្ស​សាធារណរដ្ឋ​ទាំងអស់​ហ្នឹង​ ក៏​មិន​មែន​អត់​មក​ទាំង​អស់​ដែរ​ឃើញ និង​អរគុណ​លោក​អនុប្រធានាធិបតី​ Mike Pence​ គាត់​បង្ហាញ​មុខ​គាត់​នៅ​ពេល​ហ្នឹង វា​ជួយ​លើក​មុខ​លើក​មាត់​សម្រាប់​អ្នក​កាន់​អាណត្តិ​ថ្មី​ហ្នឹងដែរ​ សម្រាប់​លោក​ Joe Biden​ ហ្នឹង​ដែរ»។

ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក​ លោក Donald Trump និង​អ្នកស្រី Melania Trump ដែល​ជា​ភរិយា ឡើង​ជិះ​យន្ដហោះ​សម្រាប់​ដឹក​ប្រធានាធិបតី​ Air Force One នៅ​ឯ​មូលដ្ឋាន​ទ័ព Air Force Base ក្នុង​រដ្ឋ Maryland ក្នុង​ដំណើរ​ទៅ​កាន់​រដ្ឋ Florida ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក​ លោក Donald Trump និង​អ្នកស្រី Melania Trump ដែល​ជា​ភរិយា ឡើង​ជិះ​យន្ដហោះ​សម្រាប់​ដឹក​ប្រធានាធិបតី​ Air Force One នៅ​ឯ​មូលដ្ឋាន​ទ័ព Air Force Base ក្នុង​រដ្ឋ Maryland ក្នុង​ដំណើរ​ទៅ​កាន់​រដ្ឋ Florida ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​បាន​ចូលរួម​អបអរសាទរ​លោក ​Biden​ ដែរ​ ដូច​ជា​លោក ​អតីត​ប្រធានាធិបតី ​George W. Bush ​លោក​អនុប្រធានាធិបតី​ Mike Pence ​ និង​លោក​ Mitch McConnell ​អតីត​មេដឹកនាំ​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា។

ប៉ុន្តែ​មិន​មែន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំង​អស់​សុទ្ធ​តែ​យល់​ស្របដូច​គ្នា ​ចំពោះការណ៍ដែល​លោក Trump ​គ្មាន​វត្តមាន​នៅ​ពេល​ស្បថ​ចូល​កាន់មុខ​តំណែង​លោកប្រធានាធិបតីថ្មី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក​ មុយ ចំរើន ​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​ម្នាក់​មក​ពី​រដ្ឋ​ Maryland បាន​ផ្តល់​តម្លៃ​ដល់​លោក Donald Trump​ ដែល​មិន​បាន​បង្ហាញ​ខ្លួន​ ដោយ​ថា​នេះ​មាន​ន័យ​ថា​ លោក Trump​ មិន​ព្រម​ចុះចាញ់​និង​បោះបង់​ចោល​នូវ​ការ​ជំទាស់​របស់​លោក ​ដើម្បី​រក​យុត្តិធម៌​និង​ការ​ពិត​ទៅ​មុខ​ទៀត។

លោក​បញ្ជាក់​ថា៖ «ក្នុង​ន័យ​ដែល​គាត់​ថា​នាំ​គ្នា​តស៊ូបន្ត​ទៅ​ទៀត»។

លោក ​មុយ ចំរើន ថា លោក​ Trump​ ត្រូវ​មាន​មេធាវី​ល្អ​ដើម្បី​ការពារ​ខ្លួនលោក​ ដោយ​សារ​មេដឹកនាំ​ក្រុម​មតិ​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា​ចង់​ចោទ​ប្រកាន់​ដាក់​ទោស​លោក Trump​ ពី​បទ​បាន​ញុះញង់​ឲ្យ​អ្នកគាំទ្រ​លោក​បាន​ប្រព្រឹត្តអំពើ​ហិង្សា​និង​កុបកម្ម​ នៅ​ពេល​សម្រុក​ចូល​ក្នុង​អគារ​សភា​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ ខណ:ដែល​សភា​ទាំង​ពីរ​ថ្នាក់​កំពុង​រាប់​សន្លឹក​ឆ្នោត​នៃ​អង្គ​បោះឆ្នោត​ជា​ពិធីការ​និង​តាម​រដ្ឋធម្មនុញ្ញ​ ដើម្បី​បញ្ជាក់​ពី​ជ័យជម្នះ​របស់​លោក Biden​ នោះ ។

ក្រុម​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ក្នុង​តំបន់​អាស៊ី​និង​សហរដ្ឋ​អាមេរិក​បាន​ដាក់​ចម្ងល់​ពី​ការ​បែកបាក់​នយោបាយ​សហរដ្ឋ​អាមេរិក ​និង​តួនាទី​ជា​សាកល​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ​ដែរ​ ក្នុង​ពេល​ពិភាក្សា​អំពី​ការ​ប្រជែង​អំណាច​ជាមួយ​ចិន​ និង​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ទៀត​នោះ។

ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​ដាក់​ក្តី​រំពឹង​ថា ​សារ​នយោបាយ​អំពី​ការ​បង្រួបបង្រួម​ជាតិ​របស់​លោក​ Joe Biden​ ដែល​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ថា​ នឹង​ដឹកនាំ​ប្រទេស​ដែល​បែកបាក់​ ក្រោយ​ការ​បោះឆ្នោត​ដែល​មាន​ការ​ចោទប្រកាន់​ពី​ការ​គៃបន្លំ​នោះ​ បាន​អំពាវនាវ​ឲ្យ​មាន​ការរួបរួម​គ្នា​ ដើម្បី​ស្តារ​ប្រទេស​នេះ​និងជម្នះ​ឧបសគ្គ​ដែល​កំពុងប្រឈម​រួមគ្នា​ដោយ​មិន​ពឹង​ទៅ​លើ​បុគ្គល​ណា​មួយ​ តែ​ត្រូវ​រួមគ្នា​ទាំងអស់។

​ពី​ទី​ក្រុង​ Long Beach រដ្ឋ​ California​ លោក ​ប្រាក់ សេរីវុឌ្ឍ​ ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​ថ្លែង​កោត​សរសើរ​លោក​ប្រធានាធិបតី​ថ្មី​គឺ​លោក​ Biden ទាំង​ទឹកចិត្ត​ផ្ទាល់​ខ្លួននិង​គោល​នយោបាយ​របស់​លោក​ មិន​គិត​ពី​ការ​សងសឹក​ និង​ការ​ប្រើ​កំហឹង​ដោះស្រាយ​បញ្ហា​ទេ​ ទោះ​ជា​មាន​កំហឹង​ការ​បែកបាក់​ខ្លាំង​ក្រោយ​ការ​បោះឆ្នោត​ក្តី។

លោក​ ប្រាក់ សេរីវុឌ្ឍ ថ្លែង​ថា៖ «ប៉ុន្តែ​ចំពោះ​គាត់​វិញ​គាត់​និយាយ​តែ​ពី​ការ​បង្រួបបង្រួម​ជាតិ​ទាំង​គណបក្ស​សាធារណរដ្ឋ​ក្តី គណបក្ស​ប្រជាធិបតេយ្យ​ក្តី​ ព្រោះ​សហរដ្ឋ​អាមេរិក​មិន​អាច​មាន​លក្ខណ:​សម្បត្តិ​ជាមហា​អំណាច​ខ្ពស់​ដោយសារ​តែ​គណបក្ស​មួយ​ចំហៀង​ត្រូវ​ការ​ពលរដ្ឋ​អាមេរិកាំង​ទាំង​សង​ខាង​គ្រប់​គណបក្ស​ទាំង​ពីរ​ហ្នឹង​ជាអ្នក​គាំទ្រ។ ដូច្នេះ​ខ្ញុំ​ជឿ​ថា ​នឹង​មាន​ការ​សម្រួល​ទៅ​មុខ​យ៉ាង​ច្រើន»។

ដោយ​ឡែក​សម្រាប់​នយោបាយ​ការបរទេស​វិញ លោក​រំពឹង​ថា​លោក ​Biden ​នឹង​ដោះស្រាយ​បាន​ល្អ​ប្រសើរ​រួម​ទាំង​ជាមួយ​ប្រទេស​ចិន​ សហភាព​អឺរ៉ុប​ រុស្ស៉ី​និង​សម្ព័ន្ធមិត្ត​ផ្សេងៗ​ទៀត​ ដោយ​ផ្អែក​លើ​បទពិសោធន៍​កិច្ចការ​និង​សមត្ថភាព​របស់​លោក​ Biden ​និង​សមាសភាព​គណ:រដ្ឋមន្ត្រី​របស់​លោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG