ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​-អាមេរិកាំង​ប្រតិកម្ម​នឹង​អំពើ​ហិង្សា​ពេល​រាប់សន្លឹក​ឆ្នោត​នៅសភា​ និង​លទ្ធផល​ឆ្នោត​ព្រឹទ្ធសភា​នៅរដ្ឋ​ចរចា


ប៉ូលិសសន្តិសុខការពារវិមានសភាឃាត់ខ្លួនបាតុករមួយចំនួនដែលបានសម្រុកចូលក្នុងវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ប៉ូលិសសន្តិសុខការពារវិមានសភាឃាត់ខ្លួនបាតុករមួយចំនួនដែលបានសម្រុកចូលក្នុងវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ក្រុមពលរដ្ឋ​ខ្មែរអាមេរិកាំង​នៅរដ្ឋ​មួយចំនួន​ បាន​និយាយ​ថា ពួកគេ​មិននឹក​ស្មានដល់​ថា មាន​ក្រុម​បាតករ​ហិង្សា​ដែល​គាំទ្រ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump)​ សម្រុក​ចូល​ក្នុង​អគារ​សភា​ដែល​កំពុង​ដំណើរការ​រាប់​សន្លឹកឆ្នោតនៃអង្គ​បោះឆ្នោត​ មកពី​រដ្ឋនីមួយៗ​ ក្រោយពេល​ដែលការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​២រូប​ នៅរដ្ឋ​ Georgia​ ត្រូវគេ​ព្យាករណ៍ចុងក្រោយ​ថា គណបក្ស​ប្រជាធិបតេយ្យ​នឹង​ឈ្នះហើយ​គ្រប់គ្រង​ព្រឹទ្ធសភា​ សម្រាប់​រយៈពេល​២​ឆ្នាំ​ខាង​មុខនោះ។

លោក ​គុជ ច័ន្ទលី​ ពលរដ្ឋ​ខ្មែរអាមេរិកាំង​នៅរដ្ឋ​ម៉ារីលែន​ ដែលបាន​តាមដាន​ពីដំណើរការ​បោះឆ្នោត​នឹង​បាតុកម្មប្រឆាំងនឹង​លទ្ធផល​នៃការ​បោះឆ្នោត​របស់​លោក​ ត្រាំ​ បានថ្លែង​ថា ​ព្រឹត្តិការណ៍​នេះ​កើតឡើង​ នៅពេល​ដែលសមាជិក​សភា​និងព្រឹទ្ធសភា​កំពុង​ប្រជុំគ្នា​ ក្រោយពី​ដកឃ្លា​ពីកិច្ចប្រជុំ​រួម​នៃសភា​ទាំងពីរ​ថ្នាក់​ទៅប្រជុំ​រៀងៗ​ខ្លួន។

«បាតុភូត​ដែលកើត​មាន​នៅពេល​នេះ​ ថ្ងៃទី៦ ​ខែមករា ​ឆ្នាំ​២០២១​នេះ​ ជាបាតុភូត​ចម្លែក​ដែល​កម្រ​នឹង​កើតមាននៅក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​ណាស់»។

ក្រុមបាតុករដែលគាំទ្រលោកប្រធានាធិបតី Donald Trump បានប្រមូលផ្តុំគ្នានៅមុខវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ក្រុមបាតុករដែលគាំទ្រលោកប្រធានាធិបតី Donald Trump បានប្រមូលផ្តុំគ្នានៅមុខវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

លោក​ គុជ ច័ន្ទលី​ បានបន្ទរ​តាម​ក្រុម​អ្នក​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​ថា​ កិច្ចការ​បង្ក​ចលាចល​ដោយ​បាតុករក្នុងអគារ​រដ្ឋសភានេះ ​គឺកើត​ឡើង​ដោយសារ​តែ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ ដែល​កំពុង​តវ៉ារឿង​លទ្ធផលបោះឆ្នោត​នៅ​ជិត​វិមាន​រដ្ឋសភា​នោះ​ បាន​លើក​ទឹកចិត្ត​ក្រុមបាតុករ​ដែល​គាំទ្រ​លោកថា ​មិនត្រូវ​ឲ្យ​គេលួច​សន្លឹក​ឆ្នោត​តទៅ​ទៀតទេ ​និងត្រូវ​តែបញ្ឈប់​ការលួច​សន្លឹក​ឆ្នោត។

ក្រុមបាតុករ​ដែលគាំទ្រ​ដោយ​លោក​ប្រធានាធិបតី ត្រាំ ​ដែលបាន​ធ្វើបាតុកម្ម​នៅខាង​ក្រៅ​វិមាន​សភា​ បានសម្រុក​ចូល​ក្នុងសភា​ធ្វើឲ្យ​ការ​រាប់សន្លឹក​ឆ្នោត​នៃអង្គ​បោះឆ្នោត​នោះ​ ត្រូវផ្អាក​សភា​ត្រូវបិទទ្វារ​ជាច្រើន​ម៉ោង​ មុនបន្តនីតិវិធី​ ក្រោយពេល​អាជ្ញាធរ​បានធ្វើ​ឲ្យមាន​សន្តិសុខ​ដូចដើមវិញ​ ដោយ​បន្ថែម​កម្លាំង​ការពារ​ពីប៉ូលិស​ឆ្មាំការពារជាតិ និងបិទ​បំរាម​គោចរ​ នៅម៉ោង​ ៦ ល្ងាច។

លោក​ ជា មាស ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ ក្នុងទីក្រុង​ហ្វីឡាដែលហ្វីយ៉ា​ រដ្ឋ​ភេនស៊ីលវីនៀ​ បានថ្លែង​ថា​ ការតវ៉ា​លើកនេះ​នៅពេល​មានការ​ចាញ់ឆ្នោត​ គឺកើត​អំពើហិង្សា​ធ្ងន់ធ្ងរ​ជាងពេល​មុនៗ។

«ខ្ញុំគិតថា​ បច្ចុប្បន្ននេះ​មិនត្រូវ​មានកើត​រឿង​អីចឹងទេ​ ហើយ​ចំពោះ​ខ្ញុំជា​អ្នក​បោះឆ្នោត​ ទោះអាណត្តិ​ហ្នឹង​យើងចាញ់​ យើងទៅ​អាណត្តិ​ក្រោយ​មួយទៀត»។

លោកថា​ លោកបាន​ឃើញ​សេចក្តី​រាយការណ៍​ព័ត៌មាន​នានា​ ដែលបង្ហាញ​ពី​ឈុត​ជាច្រើន​ដែល​បាតុករ​សម្រុក​ចូលក្នុង​សភា ហើយឃើញ​ពី​ហេតុការណ៍​ដែលមាន​ការបាញ់​ស្រី្តម្នាក់​ឲ្យរបួស​ដឹកយក​ទៅមន្ទីរ​ពេទ្យ មានការ​ដកកាំភ្លើង​ភ្ជង់​ពីក្នុង​ទៅលើ​ក្រុមបាតុករ ​ដែល​ចង់​វាយបង្អួច​ចូល​អគារ​សភា ​និងរូបថត​ប៉ូលិស​ចាប់ខ្លួន​មនុស្ស​មួយចំនួន ​ដែល​សម្រុក​ចូល​អគារសភា​ខុសច្បាប់។

មន្ត្រីប៉ូលិសកំពុងការពារវិមានសភាសហរដ្ឋអាមេរិក ខណៈក្រុមបាតុករដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump បានប្រមូលផ្តុំនៅវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
មន្ត្រីប៉ូលិសកំពុងការពារវិមានសភាសហរដ្ឋអាមេរិក ខណៈក្រុមបាតុករដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump បានប្រមូលផ្តុំនៅវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ក្រោយ​មកមាន​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន ​USA Today ឲ្យដឹងថា ​មនុស្ស​ ៤ នាក់​ស្លាប់​ ៥២ នាក់ ​ត្រូវចាប់ខ្លួន​និងប៉ូលិស​ ១៤ នាក់​រងរបួស​ ដោយសា​អំពើហិង្សា​ដែលលោក ​ចូ បៃដិន​ (Joe Biden) ចាត់ទុក​ថាជាការ​បះបោរ​នោះ។

ក្រុម​ឥស្សរជន​នយោបាយ​អាមេរិក​ ទាំងលោក​ប្រធានាធិបតី​ជាប់ឆ្នោត​ បានស្តី​បន្ទោស​លោក ត្រាំ ​ចំៗក្នុង​រដ្ឋសភានិង​តាម​សេចក្តី​ថ្លែងការណ៍​តាម​អនឡាញ​ ចំពោះ​ព្រឹត្តិការណ៍​នោះ។

អ្នកខ្លះ​បាន​និយាយ​ពី​ការ​ចង់ឃើញ​ដំណើរការ​សភា​ឆ្អោះ​ទៅ​រក​ការដក​លោក ត្រាំ ​ពីមុខ​តំណែង​ មុនពេល​ស្បថចូល​កាន់​មុខ​តំណែង​របស់​លោក​ បៃដិន ​ដោយសារ​តែលោក​មិនបាន​បំពេញ​កិច្ចការ​ជាប្រធានាធិបតី។

មាន​មន្ត្រី​សេតវិមាន​ខ្លះបាន​លាឈប់​ពីមុខ​តំណែង​ ហើយ​សមាជិកសភា​និង​ព្រឹទ្ធសភា​ខ្លះ​ដែល​គាំទ្រ​លោក ​ត្រាំ ប្រឆាំង​នឹង​ជ័យជម្នះ​លោក​ បៃដិន ​បាន​ផ្លាស់ប្តូរ​ចិត្ត​លែង​ប្រឆាំង​វិញ ​ក្រោយ​មាន​ព្រឹត្តិការណ៍​ហិង្សា​ហ្ហូរឈាម​ ដោយក្រុម​បាតុករ​នៅអគារ​រដ្ឋសភា។

ព្រឹត្តិការណ៍​នេះ​បានកើត​ឡើង​ នៅពេល​ដែលមាន​ការ​បញ្ជាក់​ពីលទ្ធផល​បោះឆ្នោត​បឋម​ក្រៅ​ផ្លូវការ​ថា ​បេក្ខជនព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតយ្យ​ចំនួន​ពីររូប ​គឺលោក​ Raphael Warnock ត្រូវគេ​ព្យាករ​ថា ឈ្នះ​ហើយ​ ដោយផ្តួលគូ​ប្រជែង​ខាង​បក្ស​សាធារណរដ្ឋ​ គឺលោកស្រី​ Kelly Loeffler ។

ហើយ​បេក្ខជន​មួយរូប​ទៀតគឺ​លោក ​Jon Ossoff ត្រូវគេ​ព្យាករណ៍ថា​ផ្តួល​គូប្រជែង​របស់​លោក​ខាង​គណបក្ស​សាធារណរដ្ឋ​ គឺលោក​ David Perdue​ ដែលជាការបញ្ជាក់​ច្បាស់ថា​ គណបក្ស​សាធារណរដ្ឋ​ចាញ់ការ​បោះឆ្នោត​លើកនេះ ​ទាំងប្រធានាធិបតី​សភា​និងព្រឹទ្ធសភា។

រូបផ្គុំបង្ហាញលោក Raphael Warnock និងលោក Jon Ossoff បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ដែលបានឈ្នះការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia។
រូបផ្គុំបង្ហាញលោក Raphael Warnock និងលោក Jon Ossoff បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ដែលបានឈ្នះការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia។

ក្រុមពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះក្នុង​រដ្ឋចរចា ​និងរដ្ឋ​មួយចំនួន​ទៀត​អះអាងថា​ ការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ​ដើម្បី​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ​គឺជារឿង​ធម្មតា​ដែលមាន​ការ​ចាញ់​ឈ្នះ​ ដោយ​បញ្ជាក់​ថា​ នឹងទុក​ឲ្យ​ដំណើរការ​នេះប្រព្រឹត្ត​ទៅតាម​ច្បាប់​ជាកា​ប្រសើរ។

ទោះបី​ជា​បេក្ខជន​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតយ្យ​ឈ្នះ​ បេក្ខជន​ព្រឹទ្ធសភា​ក្នុងមុខ​តំណែង​នៃ​គណបក្ស​សាធារណរដ្ឋ​ដែលខុស​នឹងអ្វី​ដែលពួកគេ​ចង់បានក្តី​ ក្រុម​ពលរដ្ឋខ្មែរ​អាមេរិកាំង​មួយចំនួន​បាន​អះអាង​ថា​ ភារកិច្ចរបស់​ពួកគេ​ដើម្បី​បោះឆ្នោត​នោះចប់​ហើយ ​ទោះជា​គណបក្ស​ណា​ឈ្នះនោះ​ជារឿង​ធម្មតា។

លោក ​ស៊ីថា ច័ន្ទ​ ដែលជា​អ្នក​បោះឆ្នោត​ខ្មែរ-អាមេរិកាំង​ម្នាក់​ នៅក្នុង​ទីក្រុង​អាត្លង់តា ​រដ្ឋចរចា​ បានថ្លែង​ថា ប្រទេសនេះជា​ប្រទេស​សេរី​ដែល​ត្រូវ​គោរព​ច្បាប់​រដ្ឋធម្មនុញ្ញ​។​ លោកថា​ បើសិន​ជាមាន​ភាពមិន​ប្រកក្រតី​រឿង​បោះឆ្នោត ​ព្រឹទ្ធសភា​ដែល​មួយផ្នែក​ដើម្បី​តុល្យភាព​អំណាច​នៅ​ព្រឹទ្ធសភា​ ទោះ​បើ​ចាញ់ឈ្នះ​នោះ​ ជារឿង​ធម្មតា​ដែរ។

«យើងជា​ប្រទេស​មួយសេរី​ភាព​ចាញ់ក្តី ​ឈ្នះក្តី​ហើយ ទោះបី​ជាយើង​មានសំឡេង​នៅក្នុង​សន្លឹកឆ្នោត​ភាព ចាញ់ក្តី​ភាពឈ្នះ​ក្តី​ យើងត្រូវ​តែទទួល ​ថ្វីបើ​គណបក្ស​យើងចាញ់​ ក៏យើង​ទទួលថា​ យើងចាញ់​ដែរ ព្រោះ​យើងមិនអាច​នៅ​តោង​រហូតទេ ​ពីព្រោះ​នេះជា​ច្បាប់​រដ្ឋធម្មនុញ្ញ​អាមេរិកាំង។ អីចឹង​ខ្ញុំអត់​មាន​អីខ្នក់​ចិត្តទេ​ ព្រោះ​យើង​បាន​ធ្វើអស់ពីចិត្ត​នូវអ្វី​ ដែលយើង​យល់ដឹង​ ហើយ​លើស​ពីហ្នឹង​ទៅទៀត​ យើងប្រគល់​ឲ្យរដ្ឋការ​ធ្វើចុះ»។

លោក​សង្ឃឹមថា ​គណបក្ស​ប្រជាធិបតេ្យ​នឹងសន្យា​អ្វីដែល​ខ្លួន​បាន​និយាយ​ ដូចជា​បញ្ហា​កូវីដ១៩​ បញ្ហា​សេដ្ឋកិច្ចជាដើម​ ដែលត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​គឺលោក​ ពេត្រុស ញ៉ឹប​ ដែល​ជាគ្រូ​គង្វាល​ព្រះវិហារ ​Baptist Church ​មួយកន្លែងក្នុងទីក្រុង​អាត្លង់តា​ បានថ្លែង​ថា លោក​បានបំពេញ​កិច្ចការ​របស់​លោក​រួចហើយ​ ជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ ហើយ​រំពឹង​ជឿជាក់​ថា ​ឥស្សរជ​ននយោបាយ​នឹងមាន​ការយក​ចិត្តទុកដាក់​បំពេញ​កិច្ចការ​បានល្អ​ ទោះជា​គ្មាន​គណបក្សម្ខាង​ជាប់ឆ្នោត​មានតុល្យភាព​អំណាច​ក្តី។

«ខ្ញុំយល់​ថា វាអត់​អីទេ​ព្រោះខ្ញុំ​យល់ថា ​មានអ្នក​ដែលនៅ​ក្នុង​រដ្ឋសភា​អ្នកដែល​កាន់​កាប់​ព្រឹទ្ធសភា​ហ្នឹង​នៅទី​ហ្នុង ទោះបី​គណបក្ស​មួយ​មិនអាច​ឈ្នះ​ក៏បានដែរ​ តែមាន​សំឡេង​អ្នកទាំងអស់​នោះ​នៅ​ក្នុងនោះ​ដើម្បី​នឹង​ជួយ​ការពារការ​ទាំងអស់​នោះ​ដែរ​ ហើយខ្ញុំ​ជឿថា​ ទោះជា​ម្ខាងទៀត​ឈ្នះការ​បោះឆ្នោត​ ក៏គេមិន​ទៅឆ្វេង​ពេក​ហើយ។ បើទៅឆ្វេង​ពេក​ខ្ញុំជឿថា​ ប្រជាជន​ដែល​នៅ​សហរដ្ឋ​គេនឹង​ដំឡើង​សំឡេង​របស់​គេ​ ដើម្បីឲ្យ​អ្នក​ទាំងអស់​នោះ​ដឹងដែរ»។

លោកថា​ លោកមិន​មាន​បញ្ហាអ្វីទេ​ នៅពេល​ចេញ​លទ្ធផល​ឆ្នោត​ព្រឹទ្ធសភា​ដែលខុស​ពីការចង់​បាន​របស់​លោក ​ដែលត្រូវការ​តុល្យភាព​អំណាច​ តែលោក​ថាជារឿងធម្មតា​ចំពោះ​ការឈ្នះ​និងចាញ់។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​គឺលោក​ ពេត្រុស ញ៉ឹប​ ដែល​ជាគ្រូ​គង្វាល​ព្រះវិហារ ​Baptist Church ​មួយកន្លែងក្នុងទីក្រុង​អាត្លង់តា រដ្ឋ Georgia ។ (រូបផ្តល់ឲ្យ)
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​គឺលោក​ ពេត្រុស ញ៉ឹប​ ដែល​ជាគ្រូ​គង្វាល​ព្រះវិហារ ​Baptist Church ​មួយកន្លែងក្នុងទីក្រុង​អាត្លង់តា រដ្ឋ Georgia ។ (រូបផ្តល់ឲ្យ)


លោក​ សេក កុសល​ ពលរដ្ឋ​ខ្មែរ-អាមរិកាំង​និងជា​ប្រធានាអង្គការ​ IKARE​ នៅរដ្ឋមីនីសូតា​ បានថ្លែងថា​ លោកតែងតែ​សង្កេត​ឃើញ​មានការ​តវ៉ា​ពីអ្នកចាញ់​ជាយូរឆ្នាំ​មកហើយ​ ក្រោយ​ការ​បោះឆ្នោត​ម្តងៗ​ តែអ្វីដែល​ពលរដ្ឋចង់បាន​នោះ គឺ​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​និងមាន​ភាព​ចម្រុះបក្ស​ មិនមែន​បក្ស​តែមួយ​ដឹកនាំទេ។

«មហាជន​គេអត់​ចង់បាន​គណបក្ស​ណា​មួយគ្រប់​គ្រង​ទាំងអស់​ទេ ​ដូច្នេះ​ខ្ញុំដូច​គេអីចឹង ​ខ្ញុំអត់​ចង់​បាន​គណបក្សណាមួយ​គ្រប់គ្រង​ ខ្ញុំអត់​ចង់បាន​គណបក្ស​ណាមួយ​ធ្វើអី​ស្រេចតែ​ចិត្តបាន​ទេ ពីព្រោះ​បើសិន​ជា​មនុស្ស​ម្នាក់​អាចចង្អុល​ឲ្យ​រដ្ឋសភា​ ឲ្យ​តំណាងរាស្ត្រ​របស់យើង​ ឲ្យតុលាការ​កំពូល​ធ្វើតាម​ចិត្តគាត់​ រឿងហ្នឹង ​វាប្រឆាំង​នឹងរដ្ឋធម្មនុញ្ញ​ហើយ​ ព្រោះ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមរិក​គេបង្កើត​មកតាំង​ពីដើមមក​ឲ្យមាន​ការ​ថ្លឹងថ្លែង»។

លោក​ថ្លែង​ដូច្នេះ ​ដោយមិន​ចង់​ឃើញ​មានការ​គ្រប់គ្រង​រដ្ឋរបស់​សហរដ្ឋ​អាមេរិក​ ឈានទៅ​រកការ​គ្រប់គ្រង​ដោយបក្ស​តែមួយនា​ពេល​អនាគត​ទេ។

ពលរដ្ឋ​ខ្មែរ-អាមរិកាំង​ម្នាក់ទៀត​ នៅ​ទីក្រុង​អាត្លង់តា​ដែរ គឺ​លោក ​សាង គីម ​បានអះអាង​ថា លោកមាន​ការស្រងាក​ចិត្តខ្លះដែរ ​តែមិនដឹង​ធ្វើម៉េច​បើរឿងនេះ​ចេញ​ជាលទ្ធផល​បោះឆ្នោត​ ដែល​ពលរដ្ឋ​សម្រេចចិត្ត​ ដូច្នេះ​ដែល​តម្រូវ​ឲ្យលោក​ត្រូវតែទ​ទួលយក។

«ខ្ញុំយល់ថា​ សម្រាប់​ប្រជាពលរដ្ឋ​ ទោះបីជា​យ៉ាងណា ​ក៏ត្រូវទទួល​យកទៅ​ទាមច្បាប់​ដែលគេ​ប្រកាស​ ព្រោះអី​អាហ្នឹងជាច្បាប់​ បើនិយាយ​ឲ្យចំមួយ​ម៉ាត់ទៅ​ គឺពលរដ្ឋ​អាមេរិកាំង​គោរពច្បាប់​ ហើយគេ​ធ្វើអ្វីទៅ​តាម​កាតព្វ​កិច្ច​របស់គេចំពោះ​ជាតិគេ»។

លោកជឿថា បញ្ហាចលាចលបាតុកម្មនេះនឹងថមថយវិញ នៅក្រោយពេលលោក Biden និង លោកស្រី Kamala Harris ធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតី និងអនុប្រធានាធិបតី នៅថ្ងៃទី២០ ​ខែមករា ​ទោះ​ជា​លោក ត្រាំ​ ដែល​នៅតែ​បដិសេធ​លទ្ធផលអង្គ​បោះឆ្នោត​ ៣០៦​ ទល់​ ២៣២ ក្តី​ ហើយ​ដែល​ជាចុង​ក្រោយ​ បាន​ប្រកាស​ភ្លាមៗពី​ការព្រម​ផ្ទេរតំណែង​តាម​លំដាប់​លំដោ​យ ​ក្រោយ​សភា​ទាំងពីរ​ថ្នាក់បាន​បញ្ជាក់ថា ​លោក​ បៃដិន​ ជា​ប្រធានាធិបតី៕

XS
SM
MD
LG