ការរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតនៅរដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះគឺជាជំហានចុងក្រោយបង្អស់ក្នុងការបញ្ជាក់ជ័យជម្នះរបស់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden នៅពេលមានការបន្តជំទាស់ពីលោកប្រធានាធិបតី Donald Trump និង ក្រុមសមាជិកសភានិងព្រឹទ្ធសភាខ្លះ។
តែក្រុមពលរដ្ឋខ្មែរ-អាមេរិកាំងនៅរដ្ឋខ្លះចាត់ទុកថាដំណើរការជំទាស់នោះនឹងមិនអាចផ្លាស់ប្តូរលទ្ធផលបោះឆ្នោត ដែលអាចឲ្យលោកTrump បន្តកាន់តំណែង១អាណត្តិទៀតទេដោយសារអ្វីៗបានសម្រេចតាមច្បាប់រួចហើយ។
លោក វាសនា នួន ជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត និង ជាខ្មែរ-អាមេរិកាំងម្នាក់បានថ្លែងថាការរាប់សន្លឹកឆ្នោតនៅសភាសហព័ន្ធសហរដ្ឋអាមេរិកទាំងពីរថ្នាក់នេះគឺគ្រាន់តែជារឿងដែលត្រូវធ្វើតាមច្បាប់និងពិធីការ និងជានិមិត្តរូប (Symbolic) ទេ តែលោក Biden បានឈ្នះរួចទៅហើយដោយបានទទួលសំឡេងឆ្នោតប្រតិភូ ឬអង្គបោះឆ្នោតដល់ទៅ ៣០៦ ទល់នឹង ២៣២ សម្រាប់លោក Trump ហើយក្រុមប្រតិភូបានបោះឆ្នោតជូនលោក Biden ជាប់រួចហើយដែរ ដែលលោកសង្កត់ធ្ងន់ថាការតវ៉ាក្នុងសភាពេលរាប់សន្លឹកឆ្នោតនោះគឺគ្រាន់តែជារឿងធម្មតា។
«ឯចំណែករឿងដែលយើងឮថាព្រឹទ្ធសភារបស់សហព័ន្ធប្រមាណ ១១ នាក់ប្លាយហ្នឹង ដែលថាគេនឹងបដិសេធ គេមិនទទួលស្គាល់ហ្នឹង គា្រន់តែជារឿងដែលគេអាចធ្វើអីចឹង ហើយគេអាចបញ្ចេញយោបល់របស់គេថាហេតុអីក៏គេមិនទទួលស្គាល់អីចឹង គ្រាន់តែថាវាត្រូវការពេលវេលាបន្តិច រយ:ពេលតែមួយម៉ោង ២ ម៉ោងតែប៉ុណ្ណោះ»។
សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋដែលក្នុងនោះមានលោក Ted Cruz នៃរដ្ឋតិចសាសជាអ្នកដឹកនាំការជំទាស់ ដោយលោកទាមទារឲ្យធ្វើសវនកម្មការបោះឆ្នោតនៅរដ្ឋដែលមានជម្លោះមួយចំនួន។ ការជំទាស់នេះក៏ចូលរួមដោយ សមាជិករដ្ឋសភាចំនួនជាង១០០នាក់ផងដែរ។
លោក វាសនា ថាគណបក្សសាធារណរដ្ឋរបស់លោក Trump មិនមានភស្តុតាងដែលគាំទ្រការចោទប្រកាន់ពីការបន្លំសន្លឹកឆ្នោតទេ ហើយរដ្ឋមួយចំនួនក៏បានរាប់រួចដែរ។ តុលាការក៏បានបដិសេធបណ្ដឹងជាច្រើនរបស់ក្រុមមេធាវីលោក Trump និងលេខាធិការរដ្ឋនីមួយៗក៏បានប្រកាសលទ្ធផលឆ្នោតជាផ្លូវការហើយដែរ។
លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរម្នាក់ទៀតនៅរដ្ឋម៉ារីលែន ក៏បានអះអាងថា ការរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតនឹងធ្វើទៅតាមច្បាប់ដោយមិនរំពឹងថានឹងមានបញ្ហាទេ។
«ខ្ញុំផ្ទាល់ដែលបានតាមដានមើលការបោះឆ្នោតហ្នឹងយល់ឃើញថាការប្រកាសលទ្ធផលហ្នឹង នឹងធ្វើដោយសុវត្ថិភាព ហើយពុំមានភាពមិនប្រក្រតីណាទេ ហើយប្រធានាធិបតីដែលជាប់ឆ្នោត ដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យនឹងត្រូវប្រកាសជាប្រធានាធិបតី នៅថ្ងៃទី៦ហ្នឹងគឺលោក Joe Biden»។
លោក ច័ន្ទលី ថាពលរដ្ឋបានសម្រេចរួចហើយក្នុងការរើសមេដឹកនាំ ហើយការតវ៉ាក៏បានបង្ហាញរួចហើយដែរ ដោយតុលាការ ដោយស្ថាប័នបោះឆ្នោតថាគ្មានការលួចបន្លំ ហើយសន្លឹកឆ្នោតក៏បានបញ្ជូនមករាប់នៅសភាទាំងពីរថ្នាក់តាមច្បាប់ទៀត។
«ខ្ញុំមើលមិនឃើញនីតិវិធីណាមួយ ឬក៏នីតិយន្តការណាមួយដែលអាចត្រឡប់លទ្ធផលនៃការបោះឆ្នោតនេះទៅឲ្យខាងលោកប្រធានាធិបតី Donald Trump ហ្នឹងវិញទេបាទ»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថាទោះជាមានបាតុកម្មនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក៏ដោយ ការតវ៉ាណាមួយក៏ដោយ ក៏មិនអាចទៅរួចដែរ ដោយសារតែច្បាប់បោះឆ្នោត និង រដ្ឋធម្មនុញ្ញបានចែងច្បាស់ពីដំណើរការបោះឆ្នោតនេះ។
ខ្មែរអាមេរិកាំងនៅក្នុងរដ្ឋម៉ារីលែន ម្នាក់ទៀតគឺលោក មុយ ចំរើន ដែលគាំទ្រដំណើរការរបស់លោក Trump ក្នុងការតវ៉ាប្រឆាំងការលួចបន្លំសន្លឹកឆ្នោត គ្រោងនឹងចូលរួមបាតុកម្មដ៏ធំមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃ៦ ខែមករា ដែលមានការបិទផ្លូវជាច្រើនក្នុងទីក្រុងនោះដែរ។
«បាទយើងតវ៉ាឲ្យឈប់លួចសន្លឹកឆ្នោត សុំតែប៉ុណ្ណោះឯងព្រោះការលួចសន្លឹកឆ្នោតនេះ មិនមែនធម្មតាទេ»។
លោកថ្លែងថា ពលរដ្ឋមានសេរីភាពបោះឆ្នោតនិងជ្រើសរើសអ្នកដឹកនាំ ព្រោះយើងជាជនជាតិអាមេរិកាំង តែមិនមែនលួចឆ្នោតពីយើងទេ។
លោក ចំរើន បានស្តីបន្ទោសដល់អ្នកនយោបាយអាមេរិកាំង រាប់ទាំងឥស្សរជនមួយចំនួនក្នុងគណបក្សសាធារណរដ្ឋខ្លះផងដែរ ដែលមិនយកចិត្តទុកដាក់នឹងបញ្ហាលួចបន្លំសន្លឹកឆ្នោតដែលតម្រូវឲ្យមានយុត្តិធម៌និងការទទួលខុសត្រូវ ហើយថាពួកគេខំប្រឹងធ្វើមិនដឹងមិនឮ មិនគោរពច្បាប់រដ្ឋធម្មនុញ្ញ។
«ហើយឥឡូវនេះខាងលោក Trump រកឃើញភស្តុតាងគ្រប់បែបយ៉ាងនឹងបញ្ចេញនៅថ្ងៃទី៦ ខែមករា ហើយឲ្យអ្នកស្រុកធ្វើយ៉ាងម៉េច»។
ក្រុមយុទ្ធនាការរបស់លោក Trump បានដាក់បណ្តឹងជិត៥០ តាំងពីការបោះឆ្នោតបានបញ្ចប់កាលពីថ្ងៃទី៣ ខែវិច្ឆិកាដោយចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតនៅរដ្ឋដែលមានការប្រទាញប្រទង់មួយចំនួនដូចជានៅរដ្ឋPennsylvania រដ្ឋ Arizona រដ្ឋ Wisconsin និង រដ្ឋ Michigan ជាដើម។ ប៉ុន្តែតុលាការតាំងពីថ្នាក់រដ្ឋរហូតដល់ថ្នាក់កំពូលបានច្រានចោលជាបន្តបន្ទាប់ព្រោះគ្មានភស្តុតាងអ្វីទាំងអស់។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃរដ្ឋបាលលោកTrump ដែលទើបតែចេញពីតំណែងក៏បានបញ្ជាក់ថាមិនមានភាពមិនប្រក្រតីឬការលួចបន្លំអ្វីឡើយ។
ប៉ុន្តែជាថ្មីម្ដងទៀត លោក Trump បានថ្លែងអះអាងនៅក្នុងរដ្ឋចរចា (Georgia) កាលពីថ្ងៃចន្ទថា ការបោះឆ្នោតប្រធានាធិបតីកន្លងមកមានការ «លួចបន្លំ»។ លោកបានជំរុញអ្នកគំាទ្រគណបក្សសាធារណរដ្ឋឲ្យចេញទៅបោះឆ្នោតឲ្យបេក្ខជនសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ ២ រូប ដែលប្រជែងផ្តាច់ព្រ័ត្រជាមួយនឹងបេក្ខជនពីររូបមកពីខាងគណបក្សប្រជាធិបតេយ្យនៅថ្ងៃទី៥ ខែមករាដើម្បីសម្រេចថាតើគណបក្សណាមួយនឹងគ្រប់គ្រងព្រឹទ្ធសភានិងធ្វើឲ្យមានតុល្យភាពអំណាច។
លោក Trump បាននិយាយថា៖ «គណបក្សប្រជាធិបតេយ្យកំពុងព្យាយាមប្លន់យកសេតវិមាន។ អ្នកមិនត្រូវអនុញ្ញាតឲ្យពួកគេធ្វើដូច្នេះទេ។ អ្នករឹតតែមិនអាចឲ្យពួកគេប្លន់យកព្រឹទ្ធសភាសហរដ្ឋអាមេរិកទៅទៀត។ អ្នកមិនត្រូវឲ្យរឿងនេះកើតឡើងនោះឡើយ»។
ខ្មែរអាមេរិកាំង ជាគ្រូគង្វាលម្នាក់នៅក្នុងទីក្រុង Charlotte រដ្ឋ North Carolina បានថ្លែងក្នុងលក្ខខណ្ឌមិនឲ្យប្រាប់ឈ្មោះដោយសារមិនចង់ចេញមុខមាត់នោះថាក្រុមអ្នកគាំទ្រនិងគណបក្សសាធារណរដ្ឋ ដែលចាយលុយអស់ជាច្រើនលានដុល្លារក្នុងការបោះឆ្នោតម្តងៗគេបានជំរុញឲ្យលោក Trump តវ៉ារកយុត្តិធម៌ និង ធ្វើឲ្យប្រាកដប្រជាឲ្យអស់លទ្ធភាពថាការបោះឆ្នោតលើកក្រោយៗជាការបោះឆ្នោតដោយសេរីត្រឹមត្រូវ ទោះជាការតវ៉ាតាមច្បាប់នេះចេញជាលទ្ធផលយ៉ាងណាក្តី។
ក្រុមយុទ្ធនាការរបស់លោកត្រាំបានប្រមូលថវិកាបានជាង២០៧លានដុល្លារដើម្បីប្តឹងផ្តល់និងបានចំណាយអស់ជិត៩លានដុល្លារសម្រាប់ដំណើរការក្តី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីដើមខែធ្នូ។
មានការពន្យល់ជាច្រើនដែលថាការជំទាស់នឹងលទ្ធផលបោះឆ្នោតអាចមានប្រសិទ្ធភាពដែរឬយ៉ាងណានោះ អ្នកវិភាគខ្លះថា វាជារឿងពិបាកនឹងអាចទៅរួចណាស់ ដោយសារតែរដ្ឋសភាត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ហើយមានសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមួយចំនួន ដែលរួមមានទាំងលោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើននិងឥស្សរជនជាច្រើនទៀត បានទទួលស្គាល់ជ័យជម្នះរបស់លោក Biden រួចហើយ៕