ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​មាន​​សុទិដ្ឋិនិយម​នឹង​គោលនយោបាយ​ផ្សះផ្សារ​ជាតិ​និង​ស្តារ​សេដ្ឋកិច្ច​របស់​លោក Joe Biden


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយារបស់លោកគឺអ្នកស្រី Jill Biden គោរពក្បួនព្យុហយាត្រានៅកាំជណ្តើរវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីបានធ្វើសច្ចាប្រណិធានចូលកាន់តំណែង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយារបស់លោកគឺអ្នកស្រី Jill Biden គោរពក្បួនព្យុហយាត្រានៅកាំជណ្តើរវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីបានធ្វើសច្ចាប្រណិធានចូលកាន់តំណែង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

មេដឹកនាំ​សហគមន៍​ខ្មែរ​និង​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក​មាន​ជំនឿ​ថា​ លោក​ប្រធានាធិបតី​ Joe Biden ​នឹង​អាច​ផ្សះផ្សារ​សង្គម​អាមេរិកាំង​ដែល​កំពុង​បែកបាក់​និង​ទប់ស្កាត់​វីរុស​កូរ៉ូណា​ក៏ដូចជា​ស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​រង​ការបំផ្លាញ​ដោយ​ជំងឺ​រាតត្បាត​នេះ។

នៅក្នុង​សុន្ទរកថា​ដំបូង​ក្រោយពី​ទទួលតំណែង​កាលពី​ថ្ងៃពុធ​លោក Joe Biden​ បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់​ទៅកាន់​អ្នកដែល​មិន​បាន​បោះឆ្នោត​ជូន​លោក​ដោយ​ថ្លែង​ថា បើ​ពួកគេមិនយល់​ស្រប​ជាមួយ​នឹង​លោក​ក៏មិន​អីទេ ​ពីព្រោះ​នេះ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​នេះ​គឺ​ជាសហរដ្ឋអាមេរិក​ដោយ​ពលរដ្ឋ​មាន​សិទ្ធិ​ប្រឆាំង​ដោយ​សន្តិវិធី។ ប៉ុន្តែ​លោក​នឹង​ខិតខំ​ធ្វើការ​ដើម្បី​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​គ្នា។​

លោក នាថបណ្ឌិត​តាកែវ ឫទ្ធិពល​ ប្រធាន​មហាសន្និបាត​កំពូល​ខ្មែរ​ឯនាយសមុទ្រ ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​យល់​ថា​ សុន្ទរកថា​របស់​លោក Biden​ ដែល​ផ្តោត​លើ​ការផ្សះផ្សារ​ជាតិ​នៅ​ពេល​នេះ​«មាន​សារៈ​សំខាន់​ណាស់»។

លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖ «ហើយ​ខ្ញុំ​ជឿ​ថា​នឹង​អាច​ជ្រួតជ្រាប​ដល់​សតិសម្បជញ្ញៈ​មហាជន​អាមេរិកាំង​ដែល​លោក​មាន​ឧត្តមគតិ​យក​ប្រយោជន៍​ជាតិ​ជាធំ។ ជាពិសេស​បន្ទាប់​ពី​ព្រឹត្តិការណ៍​ដូច​ជា​ភេរវកម្ម​នយោបាយ​នៅ​វិមាន​សភា​ទាំង​ពីរ​ កាលពី​ថ្ងៃទី​៦​ ខែមករា​នោះ​មក ជា​ការពញ្ញាក់​ស្មារតី​មហាជន​អាមេរិកាំង​ទូទៅ​ច្រើន​ណាស់»។

រូបឯកសារ៖ លោក ឆល សុង ​ដែល​បាន​ជួយ​ដល់​យុទ្ធនាការ​ឃោសនា​របស់​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខជន​ខ្មែរ​អាមេរកាំងសម្រាប់​តំណែង​ចៅសង្កាត់​លេខ៦ នៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា។ (រូបថតដោយ Suely Saro)
រូបឯកសារ៖ លោក ឆល សុង ​ដែល​បាន​ជួយ​ដល់​យុទ្ធនាការ​ឃោសនា​របស់​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខជន​ខ្មែរ​អាមេរកាំងសម្រាប់​តំណែង​ចៅសង្កាត់​លេខ៦ នៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា។ (រូបថតដោយ Suely Saro)

លោក ឆល សុង ​អ្នករៀបចំ​សហគមន៍​នៅ​ទីក្រុង​ឡុងប៊ិច​រដ្ឋកាលីហ្វញ៉ា ​បាន​ថ្លែង​ថា៖

«ពាក្យ​ពេចន៍​ដែល​គាត់​បាន​និយាយ​គឺ​មាន​ន័យ​ទូលំ​ទូលាយ​ណាស់​សម្រាប់​ពលរដ្ឋ​ទូទៅ​ទាំង​សងខាង​... រួម​សេចក្តី​មក​ខ្ញុំ​យល់​ឃើញ​ថា​ជាពាក្យ​ពេចន៍​ដ៏ល្អ​ ដើម្បី​ផ្សះផ្សារ​ពលរដ្ឋ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក៏ដូចជា​នៅ​ក្នុង​គណបក្ស​ទាំងពីរ​ឲ្យ​ធ្វើ​យ៉ាងណា​ចាប់​ដៃ​គ្នា​ធ្វើ​ដំណើរ​ទៅមុខ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​របស់​ខ្លួន»។

លោកប្រធានាធិបតី​ Biden​ ប្រឈម​វិបត្តិ​ជាច្រើន​ក្នុងនោះ​មាន​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា ​ដែល​បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជាង​៤សែន​នាក់។​

លោក Biden ថ្លែង​ថា៖ «យើង​កំពុង​ចូល​ដល់ដំណាក់ការលំបាក​និង​គ្រោះថ្នាក់​ដល់​ជីវិតបំផុត​នៃ​វីរុស​នេះ។ យើង​ត្រូវ​តែ​ទុកចោល​រឿង​នយោបាយ​មួយ​ឡែក​និង​ប្រឈម​វីរុស​នេះ​ជា​ប្រទេស​តែ​មួយ»។

អ្នកស្រី​ ធិត គឹមហ៊ុន​ ប្រធាន​កិច្ចការ​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិអាមេរិក ​បាន​ថ្លែង​ថា ​អ្នកស្រី​មាន​ជំនឿ​លើ​ការដឹកនាំ​របស់​លោក Biden ​ក្នុង​ការដោះស្រាយ​វិបត្តិ​សុខភាព​និង​ស្តារសេដ្ឋកិច្ច​ឡើងវិញ។

«គាត់​នឹង​ផ្តោត​សំខាន់ៗ​លើ​រឿង​សេដ្ឋកិច្ច​នឹង​ផង​និង​រឿង​សុខភាព​ផង​ហើយ​គាត់​បាន​ផ្តាំផ្ញើ​ទៀត​ថា​សារ​របស់​គាត់​សំខាន់​ណាស់។ គាត់ថា​ទាំងអស់​គ្នា​យើង​ទាំងអស់​គ្នា​រួម​គ្នា​តែមួយ​ទើប​យើង​អាច​សម្រេច​កិច្ចការ​នេះ​បាន។ អីចឹង​បកត្រឡប់​មក​វិញ​មិន​ថា​អ្នក​ប្រឆាំង​គាត់​ឬ​អ្នកគាំទ្រ​គាត់​ទេ​គឺ​យើង​ធ្វើការ​រួម​គ្នា​ទើប​យើង​អាច​ផ្សះផ្សារ​ជាតិ​យើង​បាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ»។

រូបឯកសារ៖ លោកស្រី គឹមហ៊ុន ធិត ​ប្រធាន​កិច្ចការ​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក ចូលរួម​ថ្លែងការណ៍​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី២៨ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​វិមាន​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០១៩។ (សុខ ខេមរា/VOA)
រូបឯកសារ៖ លោកស្រី គឹមហ៊ុន ធិត ​ប្រធាន​កិច្ចការ​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក ចូលរួម​ថ្លែងការណ៍​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី២៨ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​វិមាន​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០១៩។ (សុខ ខេមរា/VOA)

ការផ្ទេរ​អំណាច​ប្រធានាធិបតី​អាមេរិក​ដែល​បាន​ធ្វើ​ឡើងកាលពី​ថ្ងៃ​ពុធ​គឺ​ដោយ​សន្តិវិធី​ ប៉ុន្តែ​មាន​សន្តិសុខ​តឹងរ៉ឹង​ដែល​មិន​ធ្លាប់​មាន​កាលពី​មុន​ ដោយសារ​ការវាយ​ប្រហារ​ កាលពី​២សប្តាហ៍​មុន​ ដោយ​ក្រុម​អ្នក​គាំទ្រ​អតីត​ប្រធានាធិបតី​ Donald Trump​ ដើម្បី​ប្រែក្រឡាស់​លទ្ធផលឆ្នោត។ កង​ឆ្មាំ​ការពារ​ជាតិ​ ២៥.០០០​នាក់​ បានការពារ​ការបំពាន​ខាង​សន្តិសុខ​ណាមួយ។

ក្នុង​ប្រវត្តិសាស្ត្រ​ប្រធានាធិបតី​សម័យ​ទំនើប​គឺជា​លើក​ទី១​ហើយ ​ដែល​ប្រធានាធិបតី ​Trump ​បាន​ជ្រើសរើស​មិន​ចូលរួម​ ឬ​ស្វាគមន៍​អ្នក​កាន់​តំណែង​ជំនួស​លោក​នៅ​សេតវិមាន។ អនុ​ប្រធានាធិបតី​លោក Mike Pence ​បាន​ជំនួស​លោក Trump។

លោក Joe Biden​ បានថ្លែង​ដែរ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​ផុយស្រួយ​ ប៉ុន្តែ​នៅ​ពេល​នេះ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ឈ្នះ។ បន្ទាប់​មក​លោក​បាន​អំពាវនាវ​ដល់​ប្រទេស​ទាំងមូល​ឲ្យ​ឆ្ពោះ​ទៅមុខ៖

«នយោបាយ​មិន​ត្រូវ​ធ្វើ​ឲ្យ​ឆាបឆេះ​បំផ្លាញ​អ្វី​ៗ​នោះ​ទេ។ រាល់​ការខ្វែង​គំនិត​មិន​ត្រូវ​បង្កើត​ឲ្យ​មាន​សង្គ្រាម​នោះទេ។ ហើយ​យើង​ ត្រូវតែ​ច្រានចោល​វប្បធម៌​បំភ្លៃ​ការពិត»។

បើទោះ​បី​ជាមាន​ការវាយប្រហារ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ប៉ុន្តែ​ស្ថាប័ន​នានា​ នៅក្នុង​សហរដ្ឋ​អាមេរិក​នៅតែ​អាច​ទប់ទល់​បាន។ នេះ​បើតាម​ការអះអាង​របស់​សកម្មជន​សិទ្ធិ​មនុស្ស។​

លោក យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា៖

«ខ្ញុំ​ជឿជាក់​ថា​ រដ្ឋការ​ថ្មី​នឹង​ពិនិត្យ​មើល​សារជាថ្មី​ទៀត​និង​កែតម្រូវ​ធ្វើ​ម៉េច​ឲ្យ​វា​ទប់​ទល់​នឹងការវាយ​ប្រហារ​ទៅ​ថ្ងៃមុខ។ ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ពិភពលោក​យល់​យ៉ាង​ម៉េច? ​ខ្ញុំ​យល់​ថា​ពិភពលោក​នឹង​យល់​ថា​អស្ចារ្យ​ដែល​ស្ថាប័ន​អាមេរិក​ខ្លាំងក្លា​អាច​ទប់​នឹង​ការវាយ​ប្រហារ​នេះ​បាន​ម្ល៉ោះ​ហើយ​គេ​នឹង​សរសើរ​ហើយ​ខ្ញុំ​ជឿជាក់ថា​លោក​Joe Biden​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្តី​ទុកចិត្ត»។

លោកស្រី​ ធិត គឹមហ៊ុន​ យល់​ថា​ បើទោះបីជា​មាន​ការខ្វែងគំនិត​គ្នា​យ៉ាង​ណា​ ក៏​សហរដ្ឋ​អាមេរិក​នៅតែ​ដម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ។​

«យើង​ឃើញ​ថា​ កន្លង​មក​នេះ​ឃើញ​មាន​បាតុកម្ម​បើ​ពិភពលោក​ខាងក្រៅ​មើល​មក​ថា​សហរដ្ឋ​អាមេរិក​ដុនដាប​ណាស់​មិន​អាច​ផ្សះផ្សា​គ្នា​បាន​ទេ ក៏​ប៉ុន្តែ​ដោយសារ​ប្រទេស​បីតា​ប្រជាធិបតេយ្យ ដោយសារ​គេ​យក​ប្រទេស​ជាតិ​ជាធំ​ហើយ​យើង​ឃើញ​សារ​របស់​លោក​ប្រធានាធិបតី​ចូ បៃដិន​គឺ​ផ្សះផ្សារ​ជាតិ​ជាធំ​ព្រោះ​ក្នុង​ដំណាក់​កាល​នេះ​គាត់​បាន​មាន​ប្រសាសន៍​ថា ​វា​ជាដំណាក់កាល​បើសិន​ជា​ជិះ​ទូក​ជាមួយ​គ្នា​ឆ្លង​កាត់​ដំណាក់​កាល​ដ៏សាហាវ​គឺ​ជំងឺ​កូវីដ​១៩​ ដែល​គាត់​ផ្សព្វផ្សាយ​ឲ្យ​គ្រប់​អ្នកនយោបាយ​ទាំងអស់​ផ្តោត​លើ​ជាតិ​ជាធំហ្នឹង​គឺ​យើង​មិន​អាច​ដោះស្រាយ​ត្រឹមតែបញ្ហា​កូវីដ​ទេ​ ប៉ុន្តែ​បញ្ហា​ដទៃ​ទៀត​ដែល​មាន​ជម្លោះ​ជនជាតិ​ស្បែកស​ស្បែកខ្មៅ​សាសនា​ដទៃ ​ឬ​ក៏​កុំ​ឲ្យ​ស្អប់​សាសន៍​ដទៃ​ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

លោក Joe Biden និងអ្នកស្រី Kamala Harris ទល់ដៃគ្នាក្នុងកាយវិការស្វាគមន៍គ្នាទៅវិញទៅមក មុនធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃពុធ​ ទី២០ ខែមករា ឆ្នាំ២០២១។
លោក Joe Biden និងអ្នកស្រី Kamala Harris ទល់ដៃគ្នាក្នុងកាយវិការស្វាគមន៍គ្នាទៅវិញទៅមក មុនធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃពុធ​ ទី២០ ខែមករា ឆ្នាំ២០២១។

លោក Biden​ នឹង​មាន​ជំនួយ​ពី​អនុប្រធានាធិបតី​គឺ​លោកស្រី​ Kamala Harris ​ដែល​ជាស្ត្រី​ទី១​ នៅ ប្រវត្តិសាស្ត្រ​អាមេរិក​ដែល​កាន់​តំណែង​នេះ​និង​ជាស្ត្រី​ទី១ ​មិនមែន​ស្បែកសនិង​មាន​ដើម​កំណើត​ឥណ្ឌា។

លោក ប្រាក់ សេរីវុឌ្ឍ​ ដែល​រស់នៅ​រដ្ឋកាលីហ្វញ៉ា​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ក៏មាន​ជំនឿ​លើ​រដ្ឋបាល​ថ្មី​នេះ​ក្នុង​ការជួយ​លើកកម្ពស់​សិទ្ធិ​ពលរដ្ឋ​ទូទៅ​ជាពិសេស​លើ​លោកស្រី​អនុប្រធានាធិបតី។

«ខ្ញុំ​ជឿ​ថា​សមត្ថភាព​គាត់។ ពូជ​កំណើត​គាត់​មក​ពី​ជនជាតិ​ភាគតិច​នៅ​សហរដ្ឋ​អាមេរិក​ដែល​ជា​ជនជាតិ​អាស៊ី​កាត់​ជនជាតិ​ស្បែកខ្មៅ​និង​ការរស់នៅ​របស់​គាត់​ចេញពី​ចំណោម​កូន​អ្នកក្រ​ផង​ហើយ​នៅ​រដ្ឋកាលីហ្វញ៉ា​គាត់​ឃើញ​ថា​មាន​ជនជាតិ​ចម្រុះ​គ្រប់​សាសន៍​ហើយ​បើគាត់​បាន​ធ្វើ​រយៈពេល​៤ឆ្នាំ​នេះ​បាន​ការពិសោធន៍​ដោយសារ​មាន​ទីប្រឹក្សា​ជុំវិញ​នៅ​សេតវិមាន​ហើយ​គាត់ជា​អ្នកពូកែ​រៀនសូត្រ​គឺ​ខ្ញុំ​ជឿថា​គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់»។​

លោកប្រធានាធិបតី​ Biden​ ក៏មាន​ការគាំទ្រ​ពី​ព្រឹទ្ធសភា​និង​រដ្ឋសភា​ដែលគ្រប់គ្រងដោយ​បក្ស​ប្រជាធិបតេយ្យ ដែល​ជា​ដៃគូ​មាន​អំណាចក្នុង​របៀប​វារៈអាណត្តិ​ទី១​ ដើម្បី​ប្រយុទ្ធការប្រែប្រួល​អាកាសធាតុ​អនុម័ត​កំណែ​ទម្រង់​អន្តោប្រវេសន៍​និង​ស្ថាបនា​កិត្យានុភាព​អាមេរិក​ឡើង​វិញ​នៅ​បរទេស។

លោក​ក៏​បាន​ថ្លែង​ថា៖ «យើង​នឹង​ផ្សះផ្សារ​ជាមួយ​សម្ព័ន្ធមិត្ត​និង​ទាក់ទង​ជាមួយ​ពិភពលោក​ម្តងទៀត។ មិន​មែន​តែ​ដោះស្រាយ​បញ្ហា​កាល​ពី​ម្សិលមិញ​ទេ តែត្រូវ​ដោះស្រាយ​បញ្ហា​នៅ​ថ្ងៃ​នេះ​និង​ថ្ងៃ​ស្អែក​ទៀត»។

ក្នុង​វ័យ ៧៨​ឆ្នាំ​ លោក Biden ​គឺជា​មនុស្ស​ចាស់​ជាង​គេ​បំផុត​នៅពេល​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី។ លោក​មាន​គម្រោងដាក់​ចេញ​យ៉ាង​ប្រញ៉ាប់​នូវ​ផែនការ​ក្នុង​ពេល​១០​ថ្ងៃ​ ដើម្បី​ចាប់ផ្តើម​របៀប​វារៈ​រដ្ឋបាល​លោក​ដែល​រួម​ទាំង​ការប៉ុនប៉ង​ស្ថាបនា​សេដ្ឋកិច្ច​អាមេរិក​ឡើង​វិញ ​ដោយ​មាន​ជំនួយ​ថ្មី​សម្រាប់​ទប់​ស្កាត់​វីរុស​កូរ៉ូណា។

ពេល​ចូល​កាន់​អំណាច​នៅ​ថ្ងៃ​ដំបូង លោក Biden ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​នីតិ​ប្រតិបត្តិ សេចក្តី​ប្រកាស​និង​កំណត់​បញ្ជា​ចំនួន១៧៕

XS
SM
MD
LG