ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កញ្ញា សេង ធារី ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារវិញ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ


រូបឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ឃុំឃាំង​វិញ​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត។ ចង្វាក់​បេះដូង​កញ្ញា​នៅ​ខ្សោយ​នៅ​ឡើយ ដោយ​សារ​ការ​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​អស់​រយៈ​ពេល​ជិត​ ១០ ​ថ្ងៃ។ នេះ​បើ​តាម​លោក នុត សវនា ​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ ដែលបានប្រាប់​វី​អូ​អេ​នៅ​ថ្ងៃ​សុក្រ​នេះ។

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា ​ការ​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​របស់​កញ្ញា​ សេង ធារី​ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​ ៧ ខែ​ធ្នូ ហើយ​កញ្ញា​ត្រូវ​បាន​មន្រ្តី​ពន្ធនាគារ​ព្រៃ​ស​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យខ្មែរ​សូវៀត កាល​ពី​យប់​ថ្ងៃ​ទី​ ១១ ខែ​ធ្នូ ដោយ​សារ​តែ​ចង្វាក់​បេះ​ដូង​របស់​កញ្ញា​ធ្លាក់​ចុះ​ខ្សោយ។

ក្រោយ​សម្រាក​ព្យាបាល​បាន​ពីរថ្ងៃ កញ្ញា​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​វិញ​កាល​ពី​យប់​ថ្ងៃ​ទី​ ១៣ ខែ​ធ្នូ។

លោក នុត សវនា ថ្លែង​ថា៖ «បញ្ហា​តែ​មួយ​គត់​ដែល​ពេទ្យ​គាត់​រក​ឃើញ​ គឺ​ចង្វាក់​បេះ​ដូង​គាត់​ខ្សោយ ដោយ​សារ​គាត់​មិន​ទទួល​ទាន​អាហារ​អី​គ្រប់​គ្រាន់។ និយាយ​ទៅ​ខ្វះ​ជីវជាតិ ដូច​ជា​អត់​មាន​អី​ទៀត​ទេ​ សំខាន់​គាត់​អត់​ហូប​អាហារ»។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​មេធាវីកញ្ញា សេង ធារី កូដកម្ម​បង្អត់​អាហារ​នេះ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​សិទ្ធិ​នៃ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ភាព​យុត្តិធម៌​របស់​កញ្ញា​ត្រូវ​បាន​គោរព​នៅ​ក្នុង​ដំណើរការ​នីតិវិធី​នៅ​សាលា​ឧទ្ធរណ៍ និង​ដើម្បី​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​កញ្ញា និង​អ្នក​នយោបាយ​ផ្សេង​ទៀត។

នេះ​ជា​កូដកម្ម​បង្អត់​អាហារ​លើក​ទី ២ ដែល​លើក​ទី ១ ​ធ្វើ​ឡើង​កាល​ពី​ខែ​កក្កដា ក្នុង​ឆ្នាំ​នេះ។ ការ​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នេះ​ធ្វើ​ឡើង​នៅ​មុន​សវនាការ​ជំនុំ​ជម្រះ​នៅ​សាលា​ឧទ្ធរណ៍ ដែល​គ្រោង​ធ្វើ​ឡើង​កាលពីថ្ងៃ​ទី ​១៣ ខែ​ធ្នូ ឆ្នាំ​ ២០២៣។ ប៉ុន្តែ​សវនាការ​នេះ​ត្រូវ​បាន​ពន្យាពេល​ដោយ​សារ​ស្ថានភាព​សុខភាព​របស់​កញ្ញា សេង ធារី។

​មេធាវី​ការពារ​ក្តី​កញ្ញា ​សេង ធារី លោក សំ ចំរើន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ចៅក្រម​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ពន្យាពេល​សវនា​ការ​នេះ តាម​សំណើ​របស់​មេធាវី។

លោក​ថ្លែង​ថា​៖ «វា​មាន​ពីរ​រឿង ទី​ ១ ​ខ្ញុំ​ដាក់​ពាក្យ​ពន្យា​ពេល​ដោយ​សារ​ខ្ញុំ​ទើប​ទទួល​បាន​លិខិត​អនុញ្ញាត​ពី​អគ្គ​នាយក​ដ្ឋាន​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​ ១ ខែ​ ១២ ​នេះ​ទេ ចឹង​ខ្ញុំ​មាន​ពេល​ប្រថុច​ញ៉ុច​ណាស់​ក្នុង​ការ​ជួប​ជា​មួយ​បង​ធារី ក្នុង​ការ​ពិភាក្សា​គ្នា​ឱ្យ​បាន​ហ្មត់ចត់ និង​ល្អិត​ល្អិន​ហ្នឹង​ណាស់។ ទី​ ២ ​គឺ​នៅ​ថ្ងៃ​សវនាការ​ហ្នឹង ប្រធាន​ក្រុម​ប្រឹក្សា​ប្រកាស​ថា​ បង​ធារី​គាត់​ចូល​ពេទ្យ»។

កាលពី​ថ្ងៃ​ទី​ ១៤ ​ខែ​មិថុនា ​ឆ្នាំ​ ២០​២២ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស កញ្ញា សេង ធារី ​ដាក់​ពន្ធនាគារ​រយៈ​ពេល​ ៦​ ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់​ និង​បទ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ទាក់​ទង​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក ​សម រង្ស៊ី កាលពី​ចុង​ឆ្នាំ ២០១៩។

ករណី​កញ្ញា សេង ធារី ធ្លាប់​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​អាមេរិក​លើក​ទៅ​កាន់​មេដឹកនាំ​កម្ពុជា ក្នុង​ការ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ក្នុង​នោះ​ក៏មាន​ប្រធានា​ធិបតី​អាមេរិក លោក Joe Biden​ ផង​ដែរ។

កាល​ពី​ថ្ងៃ​ទី​ ១៣ ខែ​ធ្នូ ឆ្នាំ​ ២០២៣ សមាជិក​ព្រឹទ្ធ​សភានិង​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​ដាក់​លិខិត​ស្នើ​ទៅ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដោយ​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​អ្នក​ទោស​នយោបាយ រួម​ទាំង​កញ្ញា សេង ធារី ផង​ដែរ៕

XS
SM
MD
LG