ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំពាក្យ​ពន្ធនាគារ៖ ​កញ្ញា សេង​ ធារី​ ត្រូវ​បញ្ជូន​មក​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ព្រៃស​វិញ


រូបឯកសារ៖ សន្តិសុខតុលាការណែនាំ កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ សន្តិសុខតុលាការណែនាំ កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ ២០២២។

កញ្ញា ​សេង ធារី ​ជា​មេធាវី​ខ្មែរ-អាមេរិកាំង​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ​ ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិហារ ​មក​កាន់​ពន្ធនាគារ​ព្រៃ​ស​នៅ​រាជធានី​ភ្នំពេញ​វិញ​ តាម​ការ​ស្នើ​សុំ​របស់​មេធាវី​កញ្ញា។ ​នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ។​

កញ្ញា ​សេង ធារី​ ជា​សកម្ម​ជន​ម្នាក់​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ទាមទារ​ឱ្យ​ដោះ​លែង​ ចាប់​តាំង​ពី​កញ្ញា​ត្រូវ​បាន​ចាប់​ខ្លួន។​ កញ្ញា​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​ព្រះវិហារ​ ដែល​ការណ៍​នេះ ​អ្នក​តាម​ដាន​មើល​ឃើញ​ថា ​អាជ្ញាធរ​មិន​ចង់​ឱ្យ​មាន​ការ​តវ៉ា​ណា​មួយ​នៅ​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ។​

លោក ​នុត សវនា ​អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​បញ្ជូន​ខ្លួន​កញ្ញា ​សេង ធារី​ មក​កាន់​ពន្ធនាគារ​នៅ​ទីក្រុង​ភ្នំពេញ​នេះ ​មិន​មាន​ហេតុ​ផល​អ្វី​ឡើយ​ ប៉ុន្តែ​ជា​ការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​សំណើ​នេះ​យើង​មិន​បាន​ទុក​ចោល​ទេ​គឺ​ខាង​អគ្គ​នាយកដ្ឋាន​បាន​ធ្វើ​ជា​សំណើ​សុំ​យោបល់​ដឹក​នាំ​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ ហើយ​ថ្នាក់​ដឹកនាំ​ក្រសួង​លោក​អនុញ្ញាត​ ទើប​ខាង​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​បាន​បញ្ជូន​គាត់​មក​រាជធានី​ភ្នំពេញ»។​

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​ កញ្ញា​ សេង ធារី​ ត្រូវ​បាន​បញ្ជូន​មក​ពន្ធនាគារ​ព្រៃ​ស​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ​ឆ្នាំ​២០២៣​មក។​

មេធាវី​ការពារ​ក្តី​កញ្ញា ​សេង ធារី លោក​ សំ ចំរើន ​ប្រាប់​វីអូអេ​ថា​ ការ​បញ្ជូន​មក​ឃុំ​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ទាក់​ទង​គ្នា​រវាង​កូន​ក្តី ​និង​មេធាវី។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​គ្រាន់​តែ​ថា​ ដោយ​សារ​តែ​រឿង​ក្តី​របស់​គាត់​នៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ គាត់​បាន​មក​កៀក​សាលា​ឧទ្ធរណ៍​ភ្នំពេញ ​យើង​ងាយ​ស្រួល​ទំនាក់​ទំនង​គ្នា​ប៉ុណ្ណឹង​ហើយ»។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​លើក​ឡើង​ថា​ នេះ​ជា​រឿង​ល្អ​សម្រាប់​កញ្ញា ​សេង​ ធារី ដោយ​សារ​ក្រុម​គ្រួសារ​អាច​សួរ​សុខ​ទុក្ខ​កញ្ញា​បាន​ដោយ​ស្រួល។ ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​មាន​យន្តការ​អ្វី​មួយ ​ដើម្បី​ដោះ​លែង​អ្នក​ជាប់​ពន្ធនាគារ​ ដែល​ជា​សកម្ម​ជន​នយោបាយ ​និង​សិទ្ធិ​មនុស្ស។​

លោក​ថ្លែង​ថា៖​ «វា​ជា​រឿង​ល្អ​មួយ​ដែរ​ ហើយ​ក៏​ជា​រឿង​ចាប់​ផ្តើម​មួយ​ដែរ​សម្រាប់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​រឿង​ចម្រូង​ចម្រាស​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​ គួរ​តែ​មាន​យន្តការ​ណា​មួយ​ដើម្បី​ធ្វើ​ការ​ដោះ​លែង​កញ្ញា​ សេង ធារី សកម្ម​ជន​គណបក្ស​នយោបាយ​ផ្សេង​ដែល​ការ​ចោទ​ប្រកាន់​និង​ការ​ឃុំ​ខ្លួន​ហ្នឹង​គឺ​សហគមន៍​អន្តរ​ជាតិ​លើក​ឡើង​ថា​ វា​មិន​សម​ហេតុ​ផល។ ​ វា​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ»។​

បើ​តាម​លោក​ អំ សំអាត ​ការ​ផ្ទេរ​កញ្ញា​ សេង ធារី ​ពី​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិហារ​មក​ភ្នំពេញ​វិញ ​ធ្វើ​ឡើង​ក្រោយ​ជំនួប​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​និង​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ស្តីទី​របស់​សហ​រដ្ឋ​អាមេរិក ​អ្នកស្រី​ វ៉ិច​តូរីយ៉ា​ នូលែន ​(Victoria Nuland) ​នៅ​ទីក្រុង​ញូវយ៉ក ​កាល​ពី​ចុង​ខែ​កញ្ញា ​ដែល​ពេល​នោះ​អាមេរិក​បាន​សម្រេច​ផ្តល់​ជំនួយ​ប្រមាណ​១៨​លាន​ដុល្លារ​មក​កម្ពុជា​វិញ ​ក្រោយ​សម្រេច​ផ្អាក​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០២៣។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា ​ឆ្នាំ​២០២២​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​កញ្ញា ​សេង ធារី ​ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ​ ពី​បទ​រួម​គំនិត​ក្បត់​និង​បទ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ទាក់​ទង​នឹង​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក ​សម រង្ស៊ី​ កាលពី​ចុង​ឆ្នាំ​២០១៩។​

ភ្លាមៗ​ក្រោយ​ការ​កាត់​ទោស​ កញ្ញា ​សេង ធារី ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ​ខាង​មុខ​តុលាការ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះ​វិហារ។ ​កញ្ញា ​សេង ធារី ​បាន​ប្តឹង​ទាស់​នឹង​ការ​កាត់​ទោស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ​បច្ចុប្បន្ន​នេះ ​សំណុំ​រឿង​របស់​កញ្ញា​ស្ថិត​ក្នុង​ដៃ​របស់​សាលា​ឧទ្ធរណ៍ ​ដែល​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG