មេធាវីសញ្ជាតិខ្មែរអាមេរិកាំង កញ្ញា សេង ធារី បានបង្ហាញខ្លួននៅខាងមុខតុលាការក្រុងភ្នំពេញម្តងទៀត កាលពីព្រឹកថ្ងៃអង្គារ ក្នុងសម្លៀកបំពាក់ស្ត្រីខ្មែររស់នៅជនបទ ដែលកញ្ញាថា ជាផ្នែកមួយនៃការតស៊ូមតិប្រឆាំងនឹងការចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិ។ ប៉ុន្តែសកម្មជនរូបនោះ មិនត្រូវបានអនុញ្ញាតឱ្យទៅចូលក្នុងបន្ទប់សវនាការឡើយ ដោយសារតែការស្លៀកពាក់នេះ។
កញ្ញា សេង ធារី ដែលជាសកម្មជនសិទ្ធិមនុស្សមួយរូបផងនោះ ត្រូវបានតុលាការកោះហៅឱ្យមកតតាំងក្តីក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ ដែលមានទំនាក់ទំនងជាមួយព្រឹត្តិការណ៍នៃមាតុភូមិនិវត្តន៍មិនបានជោគជ័យរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប៉ុន្មានម៉ោងមុនមកដល់សាលាដំបូងរាជធានីភ្នំពេញ កញ្ញា សេង ធារី វ័យ៥១ឆ្នាំ ដែលអមដោយអ្នកគាំទ្រមួយចំនួន ត្រូវគេឃើញកំពុងតែងធ្វើខ្លួនជាស្ត្រីមកពីតំបន់ជនបទ ដោយកញ្ញាចងពុងសារុង និងមានទូលកញ្ជើទ្រាប់ដោយក្រមាពណ៌ក្រហមលាយស ទ្រផ្កាឈូករ័ត្ន និងផ្កាឈូក នៅម្តុំអគារកាស៊ីណូណាហ្គាវើលដ៍ ដែលជានិមិត្តរូបនៃការបង្ហាញការគាំទ្រសកម្មភាពតស៊ូមតិរបស់កម្មករ និយោជិត ឬអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងការតទល់របស់ស្ត្រីក្រីក្រ និងស្លូតត្រង់ជនបទមួយរូបនៅតុលាការ។
បន្ទាប់ពីការសម្តែងជាស្ត្រីខ្សត់ខ្សោយលុយកាក់មកពីជនបទត្រៀមចូលតតាំងក្តីនៅតុលាការនោះមក សកម្មជនសិទ្ធិមនុស្សរូបនោះមិនត្រូវបានតុលាការអនុញ្ញាតឱ្យចូលក្នុងសាលសវនាការទេ ក្រោមហេតុផលថា កញ្ញាមានសម្លៀកបំពាក់មិនសមរម្យ។ កញ្ញាប្រាប់សំឡេងសហរដ្ឋអាមេរិកវីអូអេនៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញថា៖
«គេអត់ឱ្យខ្ញុំស្លៀកសារុងហើយពាក់ឈុតខ្មែរនេះ។ គេថា ខ្ញុំត្រូវការដូរឈុតនេះ ប្រសិនបើខ្ញុំអត់ដូរឈុតខ្មែរនេះ ស្លៀកសារុង ស្លៀកសារុងទៅដូរខោអាវពាក់អ៊ីចឹងទេ គេអត់ឱ្យខ្ញុំចូល។ ខ្ញុំថាអត់ដូរទេ។ អត់មានអ្វីដែលឃាំងខ្ញុំបានតាមច្បាប់។ [ហេតុអ្វី] បានខ្ញុំត្រូវការដូរ? នេះជាការរើសអើងវប្បធម៌ខ្មែរ។ នេះជាការមាក់ងាយស្រ្តីខ្មែរជនបទក្រីក្រ ពីព្រោះស្ត្រីខ្មែរយើងច្រើនតែស្លៀកសារុងបែបហ្នឹង ពិសេសជនក្រីក្រ។ គាត់អត់មានជម្រើសស្លៀកហូល ប៉ាក់ ផាមួងអីទេ!»
កញ្ញាបន្ថែមថា៖ «ខ្ញុំអត់អាច ....អត់អាចបដិសេធវប្បធម៌របស់ខ្ញុំបានទេ។ ខ្ញុំអត់អាចបដិសេធអត្តសញ្ញាណខ្ញុំជាស្ត្រីខ្មែរបានទេ»។
គួររំឭកឡើងវិញផងដែរថា គិតចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ រហូតដល់ខែមីនា ឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកគាំទ្រសកម្មជនមន្ត្រីគណបក្សតាមបណ្តាខេត្ត និងរាជធានី និងថ្នាក់ដឹកនាំរបស់គណបក្សនេះជិត១៤០នាក់ ត្រូវបានតុលាការចោទប្រកាន់ ឬរងការចាប់ខ្លួនទាក់ទងនឹងបទ«ក្បត់ជាតិ» បទ«រួមគំនិតក្បត់» ឬបទ«ញុះញង់ឱ្យប្រពឹត្តបទឧក្រិដ្ឋ»ជាដើម។ នេះបើយោងតាមក្រុមអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
កញ្ញា សេង ធារី ស្ថិតក្នុងចំណោមបុគ្គលដែលត្រូវចោទប្រកាន់ខាងលើ។ នៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ សកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំងរូបនោះបន្តរក្សាចោទប្រកាន់ថា សំណុំរឿងរបស់កញ្ញា គឺជាផ្នែកមួយនៃឆាកល្ខោននយោបាយ ដែលមិនអាចមានការកាត់ក្តីតាមនីតិវិធីច្បាប់ត្រឹមត្រូវបានទេ ហើយថា សាលក្រមលើរឿងកញ្ញាក៏នឹងចេញមកទៅតាមខ្យល់បក់បោកក្នុងនយោបាយកម្ពុជាដែរ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីនហៅសកម្មភាពរបស់កញ្ញា សេង ធារី ថាជាការសម្តែង និងចោទថា មានជាចេតនាចង់ឱ្យរួចពីបទចោទប្រកាន់របស់តុលាការ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «ពាក់ព័ន្ធករណីសំណុំរឿងគាត់គឺកំពុងតែដំណើរការទៅតាមនីតិវិធីរបស់តុលាការដែលមានជាធរមាន ហើយការសម្តែងរបស់គាត់ហ្នឹង អាហ្នឹងជារឿងរបស់គាត់ទេ។ ប្រហែលជាគាត់ចង់បង្ហាញថា គាត់ហ្នឹងមានបញ្ហាវិបល្លាសស្មារតី អត់គ្រប់អី បានគាត់ធ្វើអ៊ីចឹង។ ប៉ុន្តែ អាហ្នឹង វាមិនអាចការពារខ្លួនគាត់បានទេ ។ តាមផ្លូវច្បាប់ ទោះបីគាត់ខំសម្តែងធ្វើមានបញ្ហាវិបល្លាសស្មារតី សតិអារម្មណ៍មិនល្អអី ក៏ប៉ុន្តែបើមិនមានមូលដ្ឋានផ្លូវច្បាប់រឹងមាំក្នុងការការពារខ្លួនដោះបន្ទុកទេ ក៏មិនអាចការពារបានដែរ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទតែលោកមិនទាន់ឆ្លើយតប។
ដោយឡែក លោក ជួង ជូងី មេធាវីតំណាងឱ្យកញ្ញា សេង ធារី យល់ថាអវត្តមានកូនក្តីរបស់លោកនៅក្នុងសវនាការ បង្កផលប៉ះពាល់លើនីតិវិធីរកយុត្តិធម៌ជូនកូនក្តី។
លោកនិយាយថា៖ «ការណ៍ដែលអត់មានវត្តមានគាត់នេះ វាប៉ះពាល់លើសិទ្ធិដែលគាត់ត្រូវតាមដានមើលការដាក់បង្ហាញភស្តុតាងពាក់ព័ន្ធនឹងគាត់។ ព្រឹកមិញនេះ គឺតុលាការបានដាក់បង្ហាញភស្តុតាងឯកសារ៩សន្លឹកដែលពាក់ព័ន្ធនឹងគាត់។ អ៊ីចឹងការណ៍ដែលអត់ឱ្យគាត់ចូលនេះ ធ្វើឱ្យប៉ះពាល់នូវការតាមដាន មើលការបង្ហាញភស្តុតាង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ភស្តុតាងដែលពាក់ព័ន្ធនឹងគាត់ហ្នឹង កន្លងមកបានដេញដោលគ្នាច្រើនទៅហើយ»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាតថ្លែងថា កញ្ញាសេង ធារី កំពុងប្រើប្រាស់វិធីសាស្ត្រតស៊ូមតិដើម្បីដោះខ្លួនពីការចោទប្រកាន់។
ទាក់ទិនការហាមឃាត់របស់អាជ្ញាធរមានសមត្ថកិច្ចមិនឱ្យកញ្ញា សេង ធារី បានចូលរួមសវនាការដោយបញ្ហាស្លៀកពាក់នោះ មន្ត្រីសិទ្ធិមនុស្សរូបនេះនិយាយថា ការហាមឃាត់នោះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ ព្រោះមិនមានការចែងតាមច្បាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើបែបនេះទេ។
លោកថ្លែងថា៖ «ព្រោះយើងអត់បានដាក់បម្រាម សម្រាប់ពលរដ្ឋថា អ្នកចូលតុលាការត្រូវស្លៀកពាក់ក្រវាត់ក ឬត្រូវស្លៀកពាក់យ៉ាងម៉េច? មានខោអាវយ៉ាងម៉េចៗ? អត់មានការណែនាំទេ។ អាហ្នឹងគឺការមិនអនុញ្ញាតឱ្យចូល មិនមែនជា កំហុសរបស់កញ្ញា សេង ធារី ទេ។ អ៊ីចឹងអវត្តមានគាត់ក្នុងសវនាការ ក៏មិនមែនជាកំហុសគាត់ដែរ ព្រោះគាត់មកហើយ ហើយមិនអនុញ្ញាតឱ្យចូល»។
បើតាមការកត់សម្គាល់របស់នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព នៅពេលអវត្តមានរបស់កញ្ញាសេង ធារី ក្នុងបន្ទប់សវនាការនោះ តុលាការបានបន្តការជំនុំជម្រះក្តីដោយមានវត្តមានជនជាប់ចោទ៤នាក់ទៀត ក្នុងនោះមានស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ យក់ នាង សកម្មជនគណបក្សភ្លើងទៀន ដែលត្រូវតុលាការចាប់ឃុំខ្លួនកាលពីដើមខែមេសានេះ ជុំវិញការសង្ស័យថាអ្នកស្រីមានជាប់ពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
អំឡុងពេលដំណើរការសវនាការកាលពីព្រឹកថ្ងៃអង្គារនេះ តុលាការបន្តចាក់ភស្តុតាងចំនួន១៤ ដែលភាគច្រើនជាវីដេអូ និងជាសារថ្លែងរបស់លោក សម រង្ស៊ីអំពីការវិលត្រឡប់មកមាតុភូមិនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយក្នុងចំណោមភស្តុតាងទាំងនោះក៏មានបង្ហាញសារបង្ហោះរបស់កញ្ញា សេង ធារី ដែលលើកដៃម្រាម៩ សាក់លើស្មាលេខ៩ និងសំណេរមួយចំនួនពាក់ព័ន្ធការវិលត្រឡប់របស់លោក សម រង្ស៊ី។ នេះបើតាមការសង្កេតរបស់អ្នកស្រីចក់ សុភាព។
ក្រោយបញ្ចប់សវនាការរបស់កញ្ញា សេង ធារី កាលពីព្រឹកថ្ងៃអង្គារនេះ តុលាការនឹងបន្តសវនាការនៅថ្ងៃទី១២ ខែមេសាខាងមុខទៀត៕