ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​ស្នើ​និស្សិត​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​​ផ្អាក​ដំណើរ​ទៅ​មាតុភូមិ​ដោយ​ហានិភ័យ​​វីរុស​កូរ៉ូណា


រូបឯកសារ៖ និស្សិតពាក់ម៉ាស់​​ដើរ​តាម​សួន​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)

ស្ថានទូត​កម្ពុជាបាន​ស្នើសុំ​ឱ្យ​សិស្ស​និង​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ជៀស​វាង​ការធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ជាបណ្តោះ​អាសន្ន​ បើ​ទោះ​បីជា​សាលារៀន​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិកបាន​ផ្អាក​ការសិក្សា​ដើម្បី​ទប់ស្កាត់​ការឆ្លងវីរុស​កូរ៉ូណា​ក៏ដោយ។

នៅក្នុង​សេចក្តី​អំពាវនាវ​មួយ​ កាលពី​ថ្ងៃពុធ​ដែល​វីអូអេ​ទទួល​ បាន​បញ្ជាក់​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា​ពុំមាន​ផែនការ​ជម្លៀស​សិស្ស-និស្សិត​យើង​ដែល​កំពុង​សិក្សា​នៅ​តាម​បណ្តា​ប្រទេស​នានា​ឡើយ​រួមទាំងនៅ​សហរដ្ឋ​អាមេរិក​ផងដែរ។ ទន្ទឹមនឹង​នេះ​ក្នុងគោលដៅ​ទប់ស្កាត់​ការរីករាលដាល​នៃ​ COVID-19​ នៅ​កម្ពុជា​និង​ដោយ​ផ្អែក​លើ​ហានិភ័យ​ខ្ពស់​នៃ​ការធ្វើ​ដំណើរ​តាម​យន្តហោះ​រាជ​រដ្ឋាភិបាល​កម្ពុជា សូម​ធ្វើការ​អំពាវនាវ​ដោយ​ទទូច​សូម​សិស្ស​-និស្សិត​ជៀសវាង​បណ្តោះ​អាសន្ន​ការធ្វើ​ដំណើរ​ទៅ​កាន់​មាតុប្រទេស​នា​ពេល​បច្ចុប្បន្ន»។

សាលារៀន​នៅ​ក្នុង​រដ្ឋ​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក​បាន​បិទទ្វារ​តាំង​ពី​ដើម​ខែ​មីនា ហើយ​រដ្ឋខ្លះ​នឹងបន្ត​បិទ​រហូត​ដល់​ដំណាច់ឆ្នាំ​សិក្សានេះ ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺកូវីដ​១៩​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី។ សាលារៀន​និង​មហាវិទ្យាល័យ​ខ្លះ​បាន​បង្កើត​កម្មវិធី​បង្រៀន​តាម​អនឡាញ​សម្រាប់​ពេល​វេលា​សេសសល់​ មុន​នឹង​ដល់វិស្សមកាល​នៅ​រដូវក្តៅ។

ស្ថានទូត​កម្ពុជា​ក៏បាន​ស្នើ​ឱ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ត្រូវ​ពន្យា​ការធ្វើ​ដំណើ​មាតុភូមិនិវត្តន៍​មួយ​រយៈសិន​ និងបាន​ស្នើ​ឱ្យ​សិស្ស​និង​និស្សិត​ទាំងអស់​ប្រុងប្រយ័ត្ន​ការពារខ្លួន​ចំពោះ​គ្រោះថ្នាក់​នៃ​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណាដោយជៀសវាង​ការ​ជួបជុំ​គ្នា​ និង​ការចេញ​ទៅក្រៅ​ជាដើម។

នៅក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​នឹង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃពុធ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន ​បាន​ថ្លែង​ថា​ការវិល​ត្រឡប់​របស់​ពួកគេ​ គឺ​នឹង​នាំ​គ្រោះថ្នាក់​ចំពោះ​ក្រុម​គ្រួសារ​និង​ប្រទេស​កម្ពុជា​ទេ។ហើយ​ការ​បន្តស្នាក់​នៅ​ក៏ជា​ការបង្ហាញ​ពី​ការ​រួមសុខ​រួមទុក្ខ​ជាមួយ​នឹង​ពលរដ្ឋ​អាមេរិកាំង​ផងដែរ។

កាលពី​សប្តាហ៍​មុន​ មាន​សិស្ស​និង​និស្សិត​ចំនួន​១២​នាក់​ បាន​សុំឱ្យ​ស្ថានទូត​កម្ពុជា​ជួយ​សម្រួល​ដំណើរ​វិលត្រឡប់​របស់​គេ​ប៉ុន្តែ​ពួកគេ​មិនបានចាកចេញ​ទេ​ ដោយ​សារតែ​ជើង​យន្តហោះ​ដែល​ពួកគេ​បាន​កក់ត្រូវបាន​លុបចោល​អស់​ហើយ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ​ជុំ សុន្ទរី​ ឯក​អគ្គរាជទូត​កម្ពុជា​មក​កាន់វីអូអេកាលពី​ល្ងាច​ថ្ងៃពុធ។

មាន​ពលរដ្ឋ​អាមេរិកាំង​ចំនួន​ជាង​ ៧០.០០០​នាក់​ បាន​ឆ្លងជំងឺ​កូវីដ១៩​ហើយ​មាន​អ្នកស្លាប់​ចំនួន​ជាង១០០០​នាក់​ហើយ។ នេះបើតាម​ទិន្នន័យ​សរុប​ដែល​ប្រមូលដោយ​សាកលវិទ្យាល័យសុខាភិបាល Johns Hopkins ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។

ប្រទេសកម្ពុជា​មិនទាន់មានអ្នកស្លាប់​ដោយ​ជំងឺកូវីដ១៩​នៅឡើយទេ​និង​មាន​អ្នកឆ្លង​ចំនួន​៩៨​នាក់​ក្នុង​នោះ​មាន​ទេសចរ​អង់គ្លេស​និង​បារំាង​ផងដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG