ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ ​ច្បាប់​​​​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នឹង​ត្រូវ​អនុម័ត​និង​ប្រកាស​ឲ្យ​ប្រើ​ជា​ប្រញាប់


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកធ្វើដំណើរតាមនាវាកម្សាន្ត Westerdam បន្ទាប់ពីពួកគេបានឡើងដីគោកនៅកំពង់ផែប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​របស់​លោក​បាន​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​មួយ​សម្រាប់​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ​ដែល​នឹង​ត្រៀម​នៅ​ពេល​ណា​មួយ​ដែល​រដ្ឋាភិបាល​យល់​ថា​ ត្រូវ​ប្រើ​កម្លាំង​សន្តិសុខ​ដើម្បី​បង្ការ​ការ​រាត​ត្បាតវីរុស​កូរ៉ូណា។​

លោក​ ហ៊ុន សែន ​ប្រកាស​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ដែល​ធ្វើ​ឡើង​នៅ​រដ្ឋ​សភា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ​ដើម្បី​បង្ហាញ​វិធាន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។ ​ករណី​វីរ៉ុស​កូរ៉ូណា​សរុប​នៅ​កម្ពុជាបាន​កើន​ឡើង​ទៅ​ដល់​១០៧​ ​ក្នុង​នោះ​៤​នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​ ​ផ្ទុក​វីរុស នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក ​ហ៊ុន សែន ​បាន​ថ្លែង​ថា ច្បាប់​នេះនឹង​ត្រូវ​ដាក់​ទៅ​គណៈ​រដ្ឋមន្រ្តី​ដើម្បី​អនុម័ត​នៅ​សប្តាហ៍​នេះ​ ហើយ​នឹង​ត្រូវបញ្ជូន​ទៅ​រដ្ឋសភាដើម្បី​ពិនិត្យ ​និងប្រកាស​ប្រើប្រាស់​ជា​ប្រញាប់​ដោយ​ព្រះ​មហាក្សត្រ។​

លោក​បាន​ថ្លែង​ថា៖ «ឥឡូវ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ធ្វើ​រួច​រាល់​ហើយ។​ ខ្ញុំ​ដឹកនាំ​ការ​ប្រជុំគណៈ​រដ្ឋមន្រ្តី​អចិន្ត្រៃយ៍​ គណៈ​រដ្ឋមន្រ្តី ​នៅ​ថ្ងៃ​ស្អែក​ទី​៣១​នេះ​ ដើម្បី​ពិនិត្យ​មុន​ពេល​ដាក់​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ​តែ​ម្តង»។​

ប៉ុន្តែ​លោក​ ហ៊ុន សែន​ ថា​ បើ​ទោះ​ជា​មាន​ច្បាប់​នេះ​ក៏​ដោយ​ ​រដ្ឋាភិបាល​របស់​លោក​មិន​ទាន់​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នោះ​ទេ ​ដោយ​លោក​ថា​ ​ប្រជាជន​នៅស្តាប់​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​នៅ​ឡើយ​ក្នុង​គោល​ដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។​ លោកថា ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​មិន​ទំនង​ជា​កើត​មាន​ឡើង​ក្នុង​ពេល​នេះ​នោះ​ទេ។​

លោក​បាន​ថ្លែង​ថា៖ ​«បើ​ទោះ​មាន​ច្បាប់​ហើយ​ក្តី ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ពុំ​មែន​ជា​លទ្ធភាព​ដែល​ត្រូវ​អនុវត្ត។ ​ខ្ញុំ​គ្រាន់​តែ​គិត​ថា​ នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​មាន​ក្នុង​ដៃ​ប៉ុណ្ណោះ​ នៅ​ពេល​សភាព​ការណ៍​មិន​អាច​ត្រួត​ត្រា​បាន យើង​អាច​នឹង​បញ្ចេញ​កង​ទ័ពក្រោម​ក្រប​ខណ្ឌ​នៃ​ច្បាប់​របប​អាជ្ញាសឹក»។​

លោក ​ហ៊ុន សែន ​បន្ត​ថា​ ​កន្លង​ទៅ​មិន​មាន​ច្បាប់​ណា​ដែលហាម​ឃាត់​ការ​ជួប​ជុំ​គ្នា​មិន​ឲ្យ​លើស​ពី​៣​នាក់​ ឬ​៥នាក់​នោះ​ទេ តែ​រដ្ឋាភិបាល​របស់​លោក​គ្រាន់​តែ​អង្វរក​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​ជួប​ជុំ ​តែ​ប៉ុណ្ណោះ ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។​

មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា​ ​នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ​ព្រះ​មហា​ក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន​ ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ និង​ប្រធាន​ព្រឹទ្ធសភា។​

អតីត​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​លោក អ៊ូ ចន្ទរ័ត្ន​ បាន​ថ្លែង​ប្រាប់​ VOA ​ថា ​ លោក​បារម្ភ​អំពី​ចេតនា​នៃ​ច្បាប់​នេះ​ក្នុង​ការ​រឹត​ត្បិត​សេរីភាពរបស់​ប្រជា​ពលរដ្ឋ ​ដោយសារ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ក្នុង​ការ​ផ្តល់​យោបល់។ ​

លោក​បាន​ថ្លែង​ថា៖​ «មេ​ដឹកនាំ​មាន​ឆន្ទៈ ​ឬ​ក៏​មាន​ចេតនា​ក្នុង​ការរៀបចំ​បន្ត​កាន់​កាប់​អំណាច​ក្តី ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ ឬ​ក៏​រៀបចំ​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​គណបក្ស​ប្រឆាំង​ ឬ​ក៏​និន្នាការ​ប្រឆាំង​ណាមួយ​ អាហ្នឹង​វា​ងាយ​ស្រួល​មែន​ទែន»។​

លោក​បន្ត​ថា​ ​ការ​ប្រុង​ប្រយ័ត្ន​ជា​រឿង​សំខាន់​ តែ​លោក​ថា​ ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ ក៏​ត្រូវ​ពិចារណា​ច្រើន​ផង​ដែរ ​ព្រោះ​ថា​ ប្រជាជន​កម្ពុជា​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ច្រើន​ ហើយ​ត្រូវ​ការ​បំពេញ​ការងារ​រាល់​ថ្ងៃ មិន​អាច​ឈប់​ធ្វើ​ការ​រយៈ​ពេល​យូរ​បាន​ទេ។​

លោក​បាន​ថ្លែង​ថា៖ «ប្រទេស​យើង​មិន​មែន​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ខ្ពស់​ ហើយ​ប្រជា​ពលរដ្ឋ​នៅ​ក្រី​ក្រ​ច្រើន។​ អ្នក​ខ្លះ​ធ្វើ​ការ​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ ​ហើយ​ក៏​មាន​អ្នក​ជំពាក់​ធនាគារ​ក្តី ​អី​ក្តី​ហ្នឹង​ច្រើន។​ ម្លោះ​ហើយ​ប្រសិន​បើ​ប៉ះពាល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ ខ្ញុំ​យល់​ថា​ ​វា​ជា​រឿង​ពិបាក ​ទាល់​តែ​រដ្ឋាភិបាល​មាន​វិធាន​ការ​ច្បាស់​លាស់​ណាស់»។​

លោក ​ព្រាប កុល​ នាយកប្រតិ​បត្តិ​របស់អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ថា ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នេះ​ មិន​មាន​អី​ចម្លែក​ទេ ព្រោះ​នៅ​ប្រទេស​គេ​ក៏​មាន​ច្បាប់​នេះ​ដែរ។​ ប៉ុន្តែ​លោក​ថា​ ​ការ​តាក់​តែងច្បាប់​នេះ​ត្រូវ​គិត​គូរ​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ ហើយគួរ​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី ​ក្នុង​នោះ​មាន​សង្គម​ស៊ីវិល​ផង​ដែរ។​

លោក​បាន​ថ្លែង​ថា៖ «តើ​ធាតុ​ចូល​ នៅ​ពេល​ដែល​ធ្វើ​ការ​ព្រាង​នេះ រាជ​រដ្ឋាភិបាល​មាន​ផ្តល់​ឱកាស​ឲ្យ​សាធារណ​មតិ ​ឬ​ក៏​អ្នក​ជំនាញ ​ឬ​ក៏​តួ​អង្គ​សំខាន់ៗ​ រួម​ទាំង​អ្នក​ច្បាប់ ​អ្នក​សិក្សា​ធិការ ​សង្គម​ស៊ីវិល​អី​ជា​ដើម​ហ្នឹង ​មាន​ឱកាស​ផ្តល់​ធាតុ​ចូល​ក៏​អត់ ​ក្នុង​ខណៈ​អវត្ត​មាន​គណបក្ស​ប្រឆាំង»។​

លោក​ Phil ​Robertson ​នាយក​រង​ផ្នែក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human​ Rights ​Watch​ បាន​ប្រាប់​ VOA​ តាម​អ៊ីម៉េលនៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖«លោក ​ហ៊ុន សែន​ បច្ចុប្បន្ន​នេះ ​បាន​ដឹង​ថា​ ​វិបត្តិ​សុខភាព​សាធារណៈ​មាន​ផល​ប្រយោជន៍​សម្រាប់​លោក​ ដោយសារ​វា​នឹង​អនុញ្ញាត​ឲ្យ​លោក​បន្ត​អំណាច​ផ្តាច់​ការ​របស់​លោក​បន្ថែម​ទៀត»។

លោក​បញ្ជាក់​ថា ច្បាប់​នេះនឹងធ្វើ​ឲ្យ​មាន​ការ​បំពាន​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ​

ទោះ​ជាយ៉ាងណា​ លោក ហ៊ុន សែន​ ក៏​បាន​ថ្លែង​ការ​ពារ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា លោក​មិន​មែន​ធ្វើ​ច្បាប់​នេះ​ដើម្បី​បំបិទ​សំឡេងក្រុម​ប្រឆាំង​នោះ​ទេ។​ លោក​ថា គោល​បំណង​គឺ​ដើម្បី​ការពារអាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG