ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនាគត​មុខរបរ​ស៊ីក្លូ​នៅ​ភ្នំពេញ​ឈាន​ទៅ​រកទី​បញ្ចប់​សន្សឹមៗ


ស៊ីក្លូ​មាន​កំណើត​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ក្នុង​សម័យ​អាណានិគមន៍​បារាំង។
ស៊ីក្លូ​មាន​កំណើត​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ក្នុង​សម័យ​អាណានិគមន៍​បារាំង។

មាន​វ័យ​៥៧​ឆ្នាំ ​លោក​ជូ ជឿ​ង​មកពី​ខេត្ត​កំពង់ចាម​ និង​ប្រកប​របរ​ជា​អ្នក​ធាក់​ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ។

​ភ្នំពេញ៖ ​គ្រាន់តែ​ព្រលឹម​ស្រាងៗ​ឡើង​ លោកជូ ជឿ​ង​ប្រញាប់​ប្រញាល់​រៀបចំ​ប្រដាប់​ប្រដារ​ផ្សេងៗ​ដាក់​លើ​ស៊ីក្លូ​ដើម្បី​ចេញ​ទៅ​ដឹក​ទំនិញ​នៅតាម​បណ្តា​ផ្សារ​នានា។​

មាន​វ័យ​៥៧​ឆ្នាំ ​លោក​ជូ ជឿ​ង​មកពី​ខេត្ត​កំពង់ចាម​ និង​ប្រកប​របរ​ជា​អ្នក​ធាក់​ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ។
លោកនិយាយថា៖ ​
«មួយ​ថ្ងៃ​រក​បាន​ពី​១០.០០០​ទៅ​១៥.០០០​រៀល។ ​នៅ​ក្នុង​ខែ​ហ្នឹង​បាន​ប្រហែល​ជិត​១០០​ដុល្លារប៉ុណ្នឹង។​ ក្រៅពី​នៅ​មណ្ឌល​ហ្នឹង ​កន្លែង​ដែល​ខ្ញុំ​ទៅ​រក​ស៊ី​គឺ​នៅ​ផ្សារ​អូឫស្សី​ ដឹក​អ្នក​ទំ​ដើរ​ដែល​មក​ផ្សារ»។​

ពាក់​អាវដៃ​វែង​ពណ៌​ក្រហម​ឈាម​ជ្រូក និង​ខោខ្លី​ឆ្នូត​ខ្មៅ​ លោក​តែងតែ​សម្រាក​នៅ​ពេល​យប់​តាម​ចិញ្ចើម​ផ្លូវ ​ឬ​តាម​សំយ៉ាប​ផ្ទះ​គេ។​

លោក​ជូ ជៀន​បន្ត​ថា ​ការ​ស្នាក់នៅ​បែប​នោះ​មិនមែន​ងាយស្រួល​ឡើយ​សម្រាប់​គាត់។ ​ពេល​ខ្លះ​គាត់​ត្រូវ​បាន​ម្ចាស់ផ្ទះ​ដេញ​ មិន​ឲ្យ​ស្នាក់​នៅ។​ ហើយ​រឹតតែ​ពិបាក​ជាង​នោះ​ទៅទៀត​គឺ​ពេល​រដូវ​វស្សា​ គាត់​និង​អ្នករត់​ស៊ីក្លូ​ដទៃទៀត​មិន​សូវ​បាន​សម្រាប់​ទេ ​ដោយសារតែ​ភ្លៀង។

«តាម​ចិញ្ចើមផ្ទះ​គេ។​ ពេលខ្លះ​គេ​ដេញ​យើង​ចេញ។​ ហើយ​ពេលណា​គេ​លែង​ដេញយើង​មក​វិញ។ ​ពេល​ភ្លៀង​ វា​ពិបាក​ដែរ​ណា៎។ ​ពេល​ឥតមាន​កៅស៊ូ​អញ្ចឹង​ទៅ​ យើង​ទទឹក​អញ្ចឹង​ទៅ។ ​ជ្រក​នៅតាម​កន្លែង​អញ្ចឹង វា​សាច​អញ្ចឹងទៅ។​ ដេក​តាម​ចិញ្ចើម​ផ្ទះ​គេ​ វា​អត់​ស្រូវ​ទេ​ណា៎។ ​វា​ពិបាក​ច្រើន»។​

អ្នករត់​ស៊ីក្លូ​ជើង​ចាស់​ ដែល​មាន​សម្បុរ​ខ្មៅ ​និង​សក់​ឡើង​ល្បាយ​អាចម៍​ខ្លា​រូបនេះ​ប្រាប់​ថា​ ជា​រៀង​រាល់ថ្ងៃ​គាត់​ត្រូវ​ក្រោក​ពី​ព្រលឹម​ដើម្បី​ចេញ​ទៅ​ដឹក​ទំនិញ​ និង​ដឹក​អ្នក​ដំណើរ​នៅ​ផ្សារ​អូឫស្សី។​

លោក​ជូ ជឿន​បន្ត​ថា​ ក្នុង​មួយថ្ងៃ​គាត់​ត្រូវ​ចំណាយប្រាក់២.០០០​រៀល​សម្រាប់​ថ្លៃ​ជួល​ស៊ីក្លូ​មួយគ្រឿង។​
គាត់​ឈប់​សម្រាក​ហូបបាយ​ថ្ងៃត្រង់​នៅ​តាម​ផ្សារ​កណ្តាល​ទីដែលក្រុម​អ្នករត់​ស៊ីក្លូ​ភាគ​ច្រើន​ជួប​ប្រជុំ​គ្នា។ ​សម្រាប់​បាយ​ថ្ងៃត្រង់​មួយ​ពេល ​គាត់​ត្រូវ​ចំណាយ​ប្រាក់​អស់​ពី​៣.០០០​ទៅ​៣.៥០០​រៀល។​
ឈរ​នៅក្បែរ​ស៊ី​កូ​លៀប​ពណ៌​បៃតង ​និង​ដំបូល​ប្រក​ក្រណាត់​កៅស៊ូ​ពណ៌​ខ្មៅ​ អ្នក​រត់​ស៊ីក្លូ​នេះត្រូញ​តែ្អរ​ថា ​មុខរបរ​ធាក់​ស៊ី​កូ​នេះ​កាន់តែ​ពិបាក​សម្រាប់​គាត់។

អង្គុយ​ជុំៗ​គ្នា​ក្បែរ​លោក​ជូ ជឿន ​អ្នករត់​ស៊ីក្លូ​ម្នាក់​ទៀត​គឺ​លោក​ស៊ិន សុខុម​ អាយុ​៧១​ឆ្នាំ។​ គាត់​ប្រាប់​ដែរ​
ថា​ គាត់​ចាប់ផ្តើម​មុខ​របរ​ជា​អ្នក​ធាក់ស៊ីក្លូ​នេះ​ជាង​២៥​ឆ្នាំ​មក​ហើយ។​

ជា​អ្នកស្រុក​មកពី​ខេត្ត​កំពង់​ស្ពឺ ​លោក​ស៊ិន សុខុម​ប្រាប់​ដោយ​ដឹង​ថា​ មុខ​របរ​ជា​អ្នក​ធាក់ស៊ីក្លូ​ឥឡូវ​នេះ​មិន​ដូច​ពី​មុន​ទេ។ ​ពេល​ដែល​គាត់​ចាប់​ផ្តើម​ដំបូង​ គាត់​អាច​រក​ប្រាក់​បាន​ពី​៤0.០០០​ទៅ៥0.000​រៀល​ក្នុង​មួយ​ថ្ងៃ។ ​ដោយឡែក​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មុខ​របរ​ធាក់​ស៊ីក្លូ​កាន់​តែ​ពិបាក។​

ទឹក​ប្រាក់​ដែល​គាត់​រក​បាន​ក្នុង​មួយ​ថ្ងៃ​ថយ​ចុះ​ពាក់​កណ្តាល។ ​កំណើនចំនួន​អ្នក​រត់​ម៉ូតូ​ឌុ​ច ​អ្នករត់​រឺម៉ក់​កង់​បី​ជាដើម​ បាន​ធ្វើ​ឲ្យម៉ូយ​របស់​គាត់​ជាច្រើន​ឈប់​ជិះ​ស៊ីក្លូ​របស់​គាត់។​

«ជិះ​ស៊ីក្លូ​វា​យឺត​ ហើយ​ណាមួយ​វា​បាន​តិច។ ​ហើយ​ទុគទុគ​ (រឺម៉កកង់បី) ​គេ​ដឹក​បាន​ ៤​ទៅ​៥​នាក់ ​ហើយ​ស៊ីក្លូ​ជិះ​ម្នាក់​ គិត​លុយ​ដូច​គ្នា។​ ហើយ​ទុគទុគ​ដឹកបាន​៥​នាក់​ ៥.០០០​រៀល​ ហើយ​ស៊ីក្លូ​៥.០០០​ដែរ​ហ្នឹង។ អញ្ចឹង​គេ​ជិះ​អា​ទុគទុគ​ (រឺម៉កកង់បី)​ស្រួល​ជាង។​
ការ​ប្រកួត​ប្រជែង​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ស៊ីក្លូ​ធ្លាក់​ចុះ​ពី​ចំនួន​៥០០០​គ្រឿង​កាលពី​ដប់​ឆ្នាំ​មុន​មក​ត្រឹម​៥១៧​គ្រឿង​នៅ​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ។​ នេះ​បើ​យោងតាម​តួលេខ​ពី​សមាគន​អភិរក្ស​ស៊ីក្លូ ​និង​មុខ​របរ​ក្រៅ​ប្រព័ន្ធ។​

កាលពី​ពេល​ថ្មីៗ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អភិរក្ស​ស៊ីក្លូ​សម្រាប់​ជា​កេរ​ដំណែល​យាន​ជំនិះ​ជា​ប្រវត្តិសាស្ដ្រ​និង​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរ។​

លោក​អ៊ឹម សម្បត្តិ​ ប្រធាន​សមាគមអភិរក្ស​ស៊ីក្លូ ​និង​មុខរបរ​ក្រៅ​ប្រព័ន្ធ​បាន​បន្ត​ថា ​យោងតាម​តួលេខ​ដែល​គាត់​បាន​ស្រាវជ្រាវ​ចុងក្រោយ​បង្ហាញ​ថា ចំនួន​អ្នក​រត់​ស៊ីក្លូ​សរុប​មាន​ជាង​៤៤៧​នាក់​ ភាគច្រើន​នៃ​អ្នក​រស់​ស៊ីក្លូ​ជា​អ្នក​មាន​វ័យ​ចំណាស់​ អាយុ​ចាប់​ពី​៤០​ទៅ​ជាង​៧០​ឆ្នាំ​ ហើយ​ក្នុងនោះ​មាន​ជាង​៤៩%​ជា​ប្រជាជន​មកពី​ខេត្ត​ព្រៃវែង។​

នៅ​ទីក្រុង​ភ្នំពេញមាន​ស៊ីក្លូ​ច្រើន​ជាង​នៅ​តាម​បណ្តា​ខេត្ត​ ដែល​មាន​ចំនួន​តិចតួច​បំផុត​ ដូចជា​នៅ​ខេត្តសៀមរាប​ និង​ព្រៃវែង​ជាដើម។​

លោក​អឹម សម្បត្តិ​បញ្ជាក់​ដែរ​ថា ​មកទល់​ពេល​បច្ចុប្បន្ន​នេះ ​ទីផ្សារ​របស់​អ្នក​រត់​ស៊ីក្លូ​មាន​ពី​ប្រភេទ​ គឺ​សម្រាប់​ដឹក​អ្នក​ដំណើរ ​និង​សម្រាប់ដឹក​ទំនិញ​នានា។​ ប្រជុំជន​នៃ​ក្រុម​អ្នក​រត់​ស៊ីក្លូ​មាន​នៅ​តាម​បណ្តា​ផ្សារ​ធំៗ ​ដូចជា​ផ្សារ​អូឫស្សី ​ផ្សារ​ចាស់ ​និង​ផ្សារ​កណ្តាល។​
លោកនិយាយថា រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ទេសចរណ៍​ចំនួន​៨​ហើយ​ដែល​សមាគមអ្នក​ធាក់ស៊ីក្លូ​បាន​សហ​ការ​ជាមួយ​ ហើយ​មាន​ខ្លះ​ទៀត​បាន​កំពុង​ដំណើរ​ការ​ ដើម្បីរៀបចំ ​«ឯក​សណ្ឋាន​សម្រាប់​អ្នក​ធាក់ស៊ីក្លូ​ដឹក​នៅ​តាម​ផ្សារ ​និង​ឯក​សណ្ឋាន​សម្រាប់​អ្នក​ដឹក​ភ្ញៀវ​ទេស​ចរណ៍​ដើរ​កំសាន្ត។ ​ហើយ​យើង​រៀបចំ​ស៊ីក្លូ​ឲ្យមាន​រចនា​បទ​តាមបែប​សង្គម​រាស្ត្រ​និយម។​ មានន័យថា មាន​កណ្តឹង ​មាន​ចង្កៀង»។​

លោក​សម្បត្តិ​បន្តថា ​អ្នក​ដែល​រកស៊ី​រត់​ស៊ីក្លូ​អាច​រក​ប្រាក់​បាន​ជា​មធ្យម​២០.០០០​រៀល​ក្នុង​មួយថ្ងៃ។ ​ក៏ប៉ុន្តែ ​ប្រសិនបើ​សមាគម​អាច​រក​ភ្ញៀវ​ទេសចរណ៍​បាន​វិញ​ ពួក​គាត់​អាច​រកប្រាក់​បាន​ច្រើន​ជាង​នេះ។​
យ៉ាងណា​មិញ ​បញ្ហា​កង្វះ​ទីកន្លែង​ស្នាក់នៅត្រឹមត្រូវ​នៅតែ​ជា​បញ្ហា​សម្រាប់​សមាគម​ និង​ក្រុម​អ្នក​រត់​ស៊ីក្លូ។​ ដើម្បី​សន្សំ​ប្រាក់​ ពួក​គាត់​ត្រូវ​សម្រេច​ចិត្ត​ស្នាក់​នៅតាម​ចិញ្ចើមផ្ទះ​តាម​ដងផ្លូវ​នានា។​
«គាត់​អត់​មាន​ជម្រក​ស្នាក់​នៅ​ឲ្យបាន​ត្រឹមត្រូវ​ទេ។ ​នៅ​ផ្ទះ​ថៅកែ​ គាត់​ត្រូវ​ចំណាយ​ប្រាក់​បន្ថែម ​ទាំង​ថ្លៃស៊ីក្លូ​ និង​ផ្ទះ​ហ្នឹង​គឺ៥.០០០​រៀល។​ សេចក្តី​ណែនាំ​របស់​ក្រសួង​បាន​ណែនាំ​ឲ្យ​យើង​ទៅ​ស្នាក់​នៅតាម​វត្ត​ តែ​ភាព​ជាក់ស្តែង​យើង​ឃើញ​ថា ​នៅតាម​វត្ត​ហាក់ដូចជា​ចង្អៀត។​ អញ្ចឹង​យើង​មិន​ដឹង​ថា ​រឿង​ជម្រក​ហ្នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។​ យើង​នឹង​ស្នើ​ទៅ​ក្រសួង​បន្ត​ទៀត»។​

អ្នក​ស្រី​ទិន ​ថារី​គឺ​ជា​ម្ចាស់​ហាង​ជួល​ស៊ីក្លូ​មួយ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ។​ ជាង​២០​ឆ្នាំ​ហើយ​ដែល​អ្នក​ស្រី​រកស៊ី​មុខ​របរ​នេះ។ ​គាត់​ប្រាប់​ឲ្យ​ដឹង​ថា​ ចំនួនស៊ីក្លូ​របស់​គាត់​មាន​ការ​ថយ​ចុះ។​ ឥឡូវ​នេះ​គាត់​មាន​ស៊ីក្លូ​ចំ​នួន​៦០​គ្រឿង​សម្រាប់​ជួល។
គាត់និយាយថា៖
«ជួល​បាន​ប្រហែល​ពី​៣០​ទៅ​៤០​គ្រឿង​ហ្នឹង។ ​យើង​ជួល​លែង​អស់​ដូច​មុន​ហើយ​ ពីព្រោះ​មនុស្ស​គេ​និយម​ជិះ​អ្វី​ផ្សេងៗ​អញ្ចឹង។ ​នៅ​តែ​អាណិត​អ្នក​ចាស់​ដែល​គាត់​ធ្លាប់​រកអញ្ចឹង។​ តាម​ការណ៍​ពិត​ទៅ​ ខ្ញុំ​ចង់​ឈប់​ដែរ​ហ្នឹង»។​

គាត់​បាន​សម្តែង​ការ​សោកស្តាយ​ផង​ដែរ ​ប្រសិន​បើ​ស៊ីក្លូ​ត្រូវបាត់បង់។​

អ្នកស្រី​ទៀន ថូ​នី​ជា​ម្ចាស់​ហាង​ជួល​ស៊ីក្លូ​ម្នាក់ទៀត​ស្ថិតនៅ​ក្បែរ​សាលា​បាក់ទូក។​
គាត់និយាយថា៖

«ឥឡូវ​ហ្នឹង​ស៊ីក្លូ​នៅ​សល់​ជាង​១១០​ហ្នឹង​ នៅសល់​ទៀត។ ​អ្នក​ធាក់​ស៊ីក្លូ​លែង​ធាក់​ទៀត​ហើយ​ ពីព្រោះថា​ ​រក​ប្រាក់​អត់​សូវ​បាន»។​

ស៊ីក្លូ​មាន​កំណើត​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ក្នុង​សម័យ​អាណានិគមន៍​បារាំង​ ដោយ​កែច្នៃ​ពី​ឆៃកែ​ ដែល​គេ​និយម​នៅ​ប្រទេស​ចិន។​

បច្ចុប្បន្ន​ បើទោះជា​មាន​ការ​បញ្ជា​និង​ការ​រៀបចំ​ឲ្យ​មាន​ការ​អភិរក្ស​ស៊ីក្លូ​ក៏ដោយ ​ក៏​លោក​ស៊ិន សុខុម​ អ្នក​ធាក់ស៊ីក្លូ​វ័យ​៧៧​ឆ្នាំ​នៅតែ​អស់​សង្ឃឹម។​
«សព្វ​ថ្ងៃ​មើល​ទៅ​ ខ្ញុំ​ប្រហែល​ឈប់​ធាក់​ស៊ីក្លូ​ហើយ។​ ឥឡូវ​មើលទៅ ​គេ​ក៏​មិន​សូវ​ចូល​ចិត្ត​ជិះ​ស៊ីក្លូ​ទៀត​ដែរ។​ មើលទៅ​អស់ហើយ​ស៊ីក្លូ​ហ្នឹង»៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG