ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ឯការ​ប្រារព្ធ​ទិវា​អេដស៍ កម្ពុជា​ប្តេជ្ញា​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេដស៍​ត្រឹម​ឆ្នាំ​២០២០​


ជំងឺអេដស៍​នៅ​តែ​បញ្ហា​ដ៏​ធំ​សម្រាប់​កម្ពុជា​នៅឡើយ។​
ជំងឺអេដស៍​នៅ​តែ​បញ្ហា​ដ៏​ធំ​សម្រាប់​កម្ពុជា​នៅឡើយ។​

ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១២​នេះ គឺ​ជា​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើក​ទី​២៣ នៅ​លើ​សកលលោក និង​ជា​លើក​ទី​២០សម្រាប់​កម្ពុជា​។​

ភ្នំពេញ៖ «ឈាន​ឆ្ពោះ​ទៅ​រក​គ្មាន​ការឆ្លង​ថ្មី គ្មាន​ការ​រើស​អើង គ្មាន​ការ​ស្លាប់» គឺ​ជា​ប្រធានបទ​ថ្មី​មួយនៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅ​កម្ពុជា។ ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១២​នេះ គឺ​ជា​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើក​ទី​២៣ នៅ​លើ​សកលលោក និង​ជា​លើក​ទី​២០សម្រាប់​កម្ពុជា​។​
​លោក​វេជ្ជបណ្ឌិត នុត សុខុម ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ អេដស៍​បាន​ថ្លែង​នៅក្នុង​ឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ថ្ងៃ​សៅរ៍​ទី​០១ ធ្នូ នេះ​ថា ការប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​គឺ​ដើម្បី​ជំរុញ​ពង្រឹង​ការប្រយុទ្ធ​ទប់​ស្កាត់​ជំងឺអេដស៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ឈាន​ទៅ​លុប​បំបាត់​ទាំង​ស្រុង​នូវ​បញ្ហាអេដស៍​នៅ​លើ​ពិភពលោក។​
«ពាក្យ​ស្លោក​នេះ​ក៏​មាន​គោលបំណង​លើក​កម្ពស់​ការ​ចូលរួម និង​ការប្តេជ្ញា​ចិត្ត​ឲ្យកាន់​តែ​ខ្លាំងក្លា​ថែម​ទៀត​ផ្តើមចេញ​ពី​បុគ្គល គ្រួសារ សង្គមជាតិ និង​ពិភពលោក​ទាំងមូល​ក្នុង​ការ​ប្រយុទ្ធ​ទប់ស្កាត់​បញ្ចៀ​ស​ឲ្យ​ផុត​ពី​សោកនាដកម្ម​នៃ​មេរោគ​អេដស៍ ជំងឺអេដស៍ តាមរយៈ​ការប្រើយុទ្ធសាស្ត្រ​សូន្យ​៣​នៃ​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​គឺ​១​ គ្មាន​ការ​ចម្លង​មេរោគអេដស៍។ ២.គ្មាន​ការ​រើស​អើង និង​ការស្លាប់​ដោយសារ​អេដស៍​ឲ្យ​បាន​ឆ្នាំ​២០២០»។​
​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​៧៥.០០០​នាក់​នៅ​ក្នុង​ក្រុម​គ្រួសារ​ប្រមាណ​៦ម៉ឺន កំពុង​តែ​ផ្ទុក​មេរោគ​អេដស៍។ ក្នុង​មួយ​ឆ្នាំ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​៥៨​លាន​ដុល្លារ អាមេរិក សម្រាប់​ការងារ​មេរោគ​អេដស៍​នេះ​ដូចជា​ការថែទាំ ការ​ការពារ ការ​ផ្តល់​ថ្នាំ​ពន្យារ​ជាដើម ដែល​ថវិកា​ទាំងនោះ​ប្រមាណ​ជា​៩៦​ភាគរយ​បានពី​អន្តរជាតិ។​
​ជាមួយ​គ្នា​នេះ​ដែរ លោក ភោគ ប៊ុន​រឿន តំណាង​សង្គម​ស៊ីវិល​ដែល​កំពុង​អនុវត្ត​កម្មវិធី​
​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​បាន​ឲ្យ​ដឹង​ដែរ​ថា ​នៅ​កម្ពុជា ជា​រៀង​រាល់​ថ្ងៃ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ចំនួនប្រាំមួយ​នាក់ និង​បួន​នាក់​ឆ្លង​មេរោគ អេដស៍​ហើយ​៥៦.០០០​នាក់​កំពុង​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍។ លោក​បាន​បញ្ជាក់​ថា​ជំងឺអេដស៍​នៅ​តែ​បញ្ហា​ដ៏​ធំ​សម្រាប់​កម្ពុជា​នៅឡើយ។​
«ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​យើង​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​ពិនិត្យ​មើល​ពី​ការ​រីក​ចម្រើន​ក៏​ដូចជា​ការ​ធ្វើ​ការប្តេជ្ញា​ចិត្ត​ទាំង​អស់គ្នា​ថា​តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម និង​ថា​តើ​ត្រូវធ្វើ​អ្វី​បន្តទៀត​ដើម្បី​ឲ្យ​សម្រេចបាន​នូវ​អ្វី​ដែល​បាន​គ្រោងទុក»។​
​ជម្ងឺ​អេដស៍​បាន​ចាប់ផ្ដើម​កើត​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៩១។ បន្ទាប់មក​បាន​រីក​រាលដាល​ជា​ខ្លាំង​រហូត​ដល់​ជនបទ។ រហូត​មក​ដល់​ពេលនេះ​នៅ​មិន​ទាន់​មាន​ឱសថ​ណា​ដែល​អាច​
ព្យាបាល​ជំងឺអេដស៍​ឲ្យ​ជាសះស្បើយ​នៅ​ឡើយ​ទេ។ ជំងឺ​នេះ​នៅតែ​ជា​មេរោគ​មួយ​ដ៏​សាហាវ​ដែល​បាន​សម្លាប់​ប្រជា​ពលរដ្ឋ និង​បង្ករ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បុគ្គល គ្រួសារ និង​សង្គម។​
​អ្នកស្រី អ៊ុក ម៉ាច សមាជិក​បណ្តា​ញ​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺ​អេដស៍និង​ជា​ជន​បង្គោល​របស់​អង្គការ​ស្ត្រី​នៃ​ក្តីសង្ឈឹម​បាន​មាន​ប្រសាស​ន៍​ថា គុណភាព​នៃ​សេវា​ព្យាបាលដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ដែល​បរាជ័យ​នៃ​ការព្យាបាល​ពី​ព្រោះ​តាម​ការប៉ាន់ប្រមាណ មាន​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រហែល​១០​ភាគរយ​គឺ​ចំនួន​ជាង​៥.០០០​នាក់​ដែល​ត្រូវ​ការ​ព្យាបាល​ឱសថ​ដែល​មាន​តម្លៃ​ខ្ពស់។​
«សំណូមពរ​ឲ្យមាន​ការខិតខំ​ប្រឹង​ប្រែង​បន្តទៀត​សំដៅ​ពង្រឹង និង​ពង្រីក​សេវា​គ្រប​
​ដណ្តប់​ឲ្យបាន​កាន់តែ​ទូលំទូលាយ​ជាពិសេស​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​សេវា​ផ្សេងៗ​ដោយ​គ្មាន​ការបង់ប្រាក់»។​
អត្រា​ផ្ទុកមេរោគ​អេដស៍​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​អាយុ​ពី​១៥​ឆ្នាំទៅ​៤៩​ឆ្នាំ​គឺ​មាន​០.៧​ភាគរយ​ដែល​បន្ត​ធ្លាក់​ពី​០.៨​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១១​ដោយ​នៅ​ក្នុង​ឆ្នាំ​១៩៩៨​មាន​កម្រិត​ខ្ពស់​គឺ​២​ភាគរយ។​
លោក​ស្រី ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ រដ្ឋ​មន្ត្រីទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ថ្លែង​នៅ​ក្នុង​ទិវា​នេះ​ដែរ​ថា ទោះបីជា​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់​លើ​ការ​ទប់​ស្តាត់ការ​រីក​រាល​ដាល​មេរោគ​អេដស៍ក៏​ដោយ​ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែងបន្តទៀត​ដើម្បី​កាត់បន្ថយ​អាត្រា​ឆ្លង​មេរោគ​អេដស៍​ឲ្យបាន​៥០​ភាគរយ​បន្ថែមទៀត ក្នុង​ចំណោម​ក្រុម​ដែល​ប្រឈមុខ​ខ្ពស់​ដូច​ជា​ក្រុម​បុគ្គលិក គ្រឹះស្ថាន​កំសាន្ត​សប្បាយ ក្រុម​បុរស​ស្រលាញ់​បុរស ក្រុម​យុវវ័យ និង​ឈាន​ទៅ​កាត់ផ្តាច់​ទាំងស្រុង​ការចម្លង​ពី​ម្តាយ​ទៅ​កូន​ឲ្យ​បាន​នា​ឆ្នាំ​២០១៥​ខាងមុខនេះ។
«ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការឈាន​ទៅ​សម្រេចបាន​នូវ​គោលដៅ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​យុទ្ធសាស្ត្រ គោលនយោបាយ វិធី​សាស្ត្រ ដែល​សម​ស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​កម្ពុជា»។​
​លោកស្រី ម៉ារី អូឌីល អេម៉ុងដ៍ (Marie-Odile Emond) អ្នក​សម្រប​សម្រួល​ប្រចាំ​ប្រទេស​នៃ​អង្គការ​UNAIDS នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​២៥​ដែល​មាន​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​ការឆ្លង​ថ្មី​ចាប់​តាំង​ពី​ឆ្នាំ​២០០១។ ​ក៏​ប៉ុន្តែ​ការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​គឺ​មិន​ទាន់​កន្លង​ផុត​នៅ​ឡើយ​ទេ។
លោកស្រី​បាន​ឲ្យ​ដឹង​បន្ថែម​ថា ទិវា​អេដស៍​ពិភពលោក​គឺជា​ឱកាស​មួយ​ដើម្បី​សម្ដែង​ការ​គោរព និង​កាន់​ទុក្ខ​មនុស្ស​ប្រមាណ​១,៧​លាន​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ក្នុង​ឆ្នាំ​២០១២​ដែល​ក្នុង​ចំណោម​នេះ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​២.០០០​នាក់​ផង​ដែរ៕
XS
SM
MD
LG