ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​អប់រំ​អ្នក​ទោស​ពី​ជំងឺ​របេង​នៅ​កម្ពុជា


«តើ​អ្វី​ទៅ​ជា​ជំងឺ​របេង?» «តើ​ជំងឺ​របេង​ឆ្លង​ដោយ​របៀបណា?» ហើយ «តើ​មាន​សញ្ញា​អ្វីខ្លះ ​ដែល​បញ្ជាក់​ពី​អាការរោគ​ នៃ​ជំងឺ​របេង?» សំណួរ​ទាំង​នេះ​ ត្រូវ​ចោទសួរ​ទៅ​កាន់ ​អ្នកទោស​ចំនួន​ ជាង៥០០​នាក់ ​ក្នុង​ចំណោម​អ្នកទោស​សរុប​ចំនួន​ជាង​១.៥០០​នាក់​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ​ឬ​ ពន្ធនាគារ​ក្នុង​ឃុំ​ត្រពាំង​ផ្លុង ​ខេត្ត​កំពង់ចាម ​ក្នុង​យុទ្ធនាការ​លើក​ដំបូង​បំផុត​ដើម្បី​អប់រំ​ដល់​ អ្នកទោស​ ក្នុង​ប្រទេស​កម្ពុជា​ពី​ជំងឺ​របេង ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ។

យុទ្ធនាការ​មួយ​កំណាត់​ថ្ងៃ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI) សហការ​ជាមួយ​ក្រសួង​សុខាភិបាល ​ក្រសួង​មហាផ្ទៃ​ អង្គការ​មួយ​ចំនួន​ដូច​ជា​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​អង្គការ​សុខភាព​ពិភពលោក(WHO)។

សំណួរ​ទាំង​នេះ​ ត្រូវ​ចោទ​សួរ​ដោយ​តារា​ចម្រៀង​រែប​ល្បី​ឈ្មោះ​ម្នាក់​គឺ ​លោក​ឃ្លាំង ​សម្រាប់​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុម​ពិរុទ្ធជន។ ពិរុទ្ធជន​ទាំង​នោះ​ក្នុង​សំលៀកបំពាក់​ឯកសណ្ឋាន​អ្នក​ទោស​ អាវខៀវ ​ខោខៀវ ​ឆ្នូត​ពណ៌ស​បាន​ឆ្លើយ​សំណួរ​ដោយ​លើក​ដៃ​យ៉ាង​ស្រុះ​គ្នា ​ហាក់​ដូច​ជា​ទទួល​បាន​ការ​អប់រំ​ជា​មុន។

តារា​ចម្រៀង​ខ្មែរ​រូប​នេះ​ បាន​ដឹកនាំ​ក្រុម​សិល្បៈ​មួយ​ក្រុម​ ហើយ​បាន​សម្តែង​ឈុត​កំប្លែង​ខ្លី​ ទាក់ទង​នឹង​ជំងឺ​របេង​នេះ​ផងដែរ។

លោក ​ឃ្លាំង ​បាន​ចោទ​សួរ​បន្ថែម​អំពី​ការ​រក្សា​អនាម័យ​ ដើម្បី​ការពារការ​ឆ្លង​ជំងឺ​របេង ​និង​សំណួរ​ដែល​ថា ​តើ​ជំងឺ​នេះ​អាច​ត្រូវ​បាន​ព្យាបាល​បាន​ដែ​រ​ ឬទេ​ជា​ដើម។

លោក​វេជ្ជបណ្ឌិត ​ទាម ​បាក់ឃីម ​នាយករង​នៃ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង ​និង ​ហង់សិន ​បាន​ថ្លែង​នៅ​ក្នុង​ពីធី​នោះ​ថា ​អត្រា​អ្នក​កើត​របង​នៅ​ក្នុង​ពន្ធនាគារ​មាន​កម្រិត​ខ្ពស់​ជា​មធ្យម​ប្រាំមួយ​ដង​ បើ​ធៀប​ទៅ​នឹង​ប្រជាពលរដ្ឋ​ធម្មតា។ ដូច្នេះ ​ការ​យល់ដឹង​របស់​អ្នកទោស​អំពី​ជំងឺ​នេះ​គឺ​ជា​ការ​ចាំបាច់​បំផុត។

«ធម្មតា​ទេ​ ដើម្បី​បំផុស​ឲ្យ​គេ​ចូលរួម គេ​អត់​ដឹង​ថា​ នៅ​ក្នុង​ពន្ធនាគារ​នេះ​របេង ​ច្រើន​ទេ។ យើង​យល់​ហើយ​ពីព្រោះ​របេង​ កាលណា​នៅ​ផ្តុំ​គ្នា​ វា​ឆ្លង​ហើយ​ឆ្លង​តាម​ការ​ដក​ដង្ហើម ​ហើយ ​ពួកគាត់​នៅ​ផ្តុំ​គ្នា​ជិតៗ​ជាង​អ្នក​ភូមិ​ទៀត​នោះ​ វា​ងាយ​ឆ្លង​ណាស់​ ហើយ​អត្រា​ស្លាប់​ ក៏​ងាយ​ស្លាប់​ដែរ។ ហើយ​ការងារ​របេង​ត្រូវតែ​អំពាវ​នាវ​គ្រប់​ដៃ​គូរ​ ទាំង​អស់​ គ្រប់​ស្ថាប័ន​ ទាំង​អស់​ ជួយ​គ្នា​ទើប​បាន​ទៅ​រួច»។

លោក ​គៀ ​សុវណ្ណា ​ប្រធាន​ពន្ធនាគារ​មណ្ឌល​ទី​៣​ នៅ​ក្នុង​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ពន្ធនាគារ​នេះ​ មាន​អ្នក​ទោស​ចំនួន​ ១.៥២១​ នាក់​ ហើយ​ក្នុង​ចំណោម​នោះ​ នៅ​ពេល​នេះ​ មាន​អ្នក​កើត​របង​ចំនួន​៣៩​នាក់​ ដែល​អ្នក​ទាំង​នោះ​ កំពុង​ទទួល​បាន​ការ​ព្យាបាល និង​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​ពី​អ្នក​ទោស​ដែល​គ្មាន​ជំងឺ។ ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​អង្គភាព​របស់​លោក​ជួប​នូវ​ការ​លំបាក ​ជា​ច្រើន​ផងដែរ។

លោក​វេជ្ជបណ្ឌិត ​លី ​មិណា ​ជា​អ្នក​សម្របសម្រួល​កម្មវិធី​របេង​ និង​អេដស៍​ នៃ​អង្គការ​សុខភាព គ្រួសារ​អន្តរជាតិ FHI 360 បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ក្នុង​ឃុំ ​ត្រពាំងផ្លុង​នេះ​ មាន​អ្នក​ទោស​កើត​ជំងឺ​របេង​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ពន្ធនាគារដែល​បាន​រក​ឃើញ​ថា​ មាន​អាត្រា​ជំងឺ​របេង​ខ្ពស់។

«នៅ​ទីនេះ​ ករណីរ​បេង​សង្ស័យ​ និង​រក​ឃើញ​មាន​ច្រើន​ជាង​គេ​នៅ​ចំណោម​ពន្ធនាគារ​ទាំង​ប្រាំពីរ ដែល​អង្គការFHIធ្វើ​ការ​ជាមួយ ​ហើយ​ចំនួន​អ្នកទោស​ច្រើន ​ថ្នាក់ដឹកនាំ និង​មន្រ្តី​ធ្វើ​ការ​នៅ ​ទីនេះ​ច្រើន​ អញ្ចឹង​បើ​យើង​ធ្វើ​ទៅ​ យើង​គិត​ថា​ព័ត៌មាន​ទាក់ទង​នឹង​របេង​នេះ​អាច​ផ្សព្វផ្សាយ​ដល់​អ្នក​ទោស​ហើយ​នឹង​បុគ្គលិក​ និង​អ្នក​ចូលរួម​បាន​ច្រើន​តាមរយៈ​នេះ​ ការ​សម្របសម្រួល​ ហើយ​នឹង​ទទួល​ បាន​ការ​គាំទ្រ​មក​វិញ​ប្រហែល​ជា​បាន​លទ្ធច្រើន»។

របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគ​របេង​ និង​ហង់សិន​ ឆ្នាំ​ ២០១១​ បាន​បង្ហាញ​ជា​ទូទៅ​ពន្ធនាគារ​ គឺ​ជា​កន្លែង​ប្រមូលផ្តុំ​ នៃ​ក្រុម​ជន​ ដែល​ប្រឈម​មុខ​ នឹង​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​អាច​បង្កើន​ការ​ឆ្លង​ ឬ ​កើត​ជំងឺ​ផ្សេង​ៗ​ រាប់​បញ្ចូល​ទាំង​ជំងឺ​របេង​ផងដែរ​។ ​លើស​ពីនេះ​ទៅ​ទៀត​ ពន្ធនាគារ​អាច​នៅ​មាន​ការ​ខ្វះខាត​ផ្នែក​សេវា​ថែទាំ​សុខភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​វេជ្ជបណ្ឌិត ​លី ​មិណា ​អះអាង​ថា ​អត្រា​អ្នក​កើត​ជំងឺ​របេង​ នៅ​ក្នុង​ពន្ធនាគារ​ដែល​ ខ្ពស់​ជាង​ប្រជាជន​ធម្មតា​ដល់​ទៅ​ ១៧​ ដង​ និង​អត្រា​ស្លាប់​មាន​ ៥​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៩​ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១១​ បាន​ធ្លាក់​មក​ត្រឹម​ប្រាំពីរ​ដង​ខ្ពស់​ជាង​ប្រជាជន​ធម្មតា ​ហើយ​អត្រា​ស្លាប់​បាន​ស្ថិត​ក្នុង​កំរិត​សូន្យ​ភាគរយ។

លោក​វេជ្ជបណ្ឌិត​ បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ពន្ធនាគារ​ទាំង​២៦​ ក្នុង​ប្រទេស​កម្ពុជា​ មាន​អ្នក​ទោស​ប្រមាណ​ជាង​ ១៥០០០​នាក់​ ក្នុង​នោះ​មាន​អ្នក​កើត​របេង​ចំនួន​ជាង​ ១៣០ ​នាក់​ នៅ​ក្នុង​ឆ្នាំ​ ២០១១​ កន្លង​ទៅ​នេះ។

លោកស្រី ​សោម ​សួគ៌ា ​អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ដែល​ចូលរួម​ក្នុង​កម្មវិធី​ នោះ​ បាន​ឲ្យ​ដឹង​ថា​ ការ​ផ្សព្វផ្សាយ​ពី​ជំងឺ​របេង​ ក្នុង​ពេល​នេះ​ អាច​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​នេះ​ ក្នុង​ពន្ធនាគារ​យ៉ាង​មាន​ប្រសិទ្ធភាព​ បន្ទាប់​ពី​អ្នក​ជំងឺ​ទាំង​នោះ​ បាន​យល់​ដឹង​ពី​ការ​ឆ្លង​ការព្យាបាល​ ការ​បង្ការ​ និង​ផលវិបាក​នៅ​ពេល​កើត​មាន​ជំងឺ​នេះ។

«ពីព្រោះ​អី​ពី​មុន​មក​ នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​នេះ​ គឺ​ថា​អ្នក​របេង​មាន​ច្រើន​ប៉ុន្តែ ​មក​ដល់​ពេល​នេះ​ ដោយ​យើង​មាន​ថ្នាំព្យាបាល​ ការពារ​តាម​ស្តង់ដា​ គឺ​ថា​អត្រា​នៃ​ការ​ឆ្លងរាលដាល​ត​ទៅ​មុខ​មាន​តិច​ណាស់»។

របាយការណ៍រ​របស់​មជ្ឈមណ្ឌល​ជាតិ​ដដែល​ ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ ក្រសួង​សុខាភិបាល​ បាន​ចាត់​ទុក​ជំងឺរបេង​ជា​ជំងឺ​អទិភាព​ ក្នុង​ចំណោម​ជំងឺ​ឆ្លង​ដទៃ​ទៀត។ ទោះបី​ជា​យ៉ាង​ណា​ អត្រា​មាន​ជំងឺ​ និង​អត្រា​ស្លាប់​នៅ​មាន​កម្រិត​ខ្ពស់។ កម្មវិធី​ជាតិ​កម្ចាត់​រោគរបេង​នៅ​តែ​ត្រូវការ​ចំបាច់​ជាង​សកម្មភាព​មួយ​ចំនួន​ទៀត។

លោកស្រី​វេជ្ជបណ្ឌិត មូនិច ​មូសូស ( Dr Monique Mosolf ) ប្រធាន​ការិយាល័យ​សុខភាព​ និង​អប់រំ​របស់​USAIDបាន​មាន​ប្រសាសន៍​ដែរ​ថា​ ទោះបីជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ជំងឺ​របេង​មាន​ការ​ធ្លាក់ចុះ​ប្រមាណ​ជា​៣៦​ភាគរយ​ក៏ដោយ​ ក៏​ការ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល​រោគ​របេង​នៅ​ក្នុង​ពន្ធនាគារ​នៅ​មាន​ការ​យឺតយាវ​នៅ​ឡើយ​ ដែល​ជា​ហេតុ​បណ្តា​ឲ្យ​អត្រា​អ្នក​កើត​ ជំងឺ​របេង​ នៅ​ក្នុង​ពន្ធនាគារ​ នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ។

អង្គការ​សុខភាព​ពិភព​លោក​បាន​ចាត់​កម្ពុជាចូល​ក្នុង​បញ្ជី​ប្រទេស​ចំនួន​២២​ ដែល​មាន​អ្នក​ផ្ទុក​ជំងឺ​របេង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សកលលោក។

អ្នក​ជំងឺ​របេង​នៃ​ប្រទេស​ទាំង​២២​នេះ​ មាន​ចំនួន​ស្មើរ​នឹង​៨០​ភាគរយ​ នៃ​ចំនួន​ករណី​របេង​សរុប​ក្នុង​ពិភពលោក​ប្រមាណជា​៨.៨ ​លាន​ក្នុង​ឆ្នាំ​២០០៧៕

XS
SM
MD
LG