ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំងឺ​អេដស៍​នៅ​កម្ពុជា​អំពាវនាវ​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​បន្ត​ផ្តល់​មូលនិធិ


អ្នក​ផ្ទុក​មេរោគ​ហ៊ីវ​​​​​ម្នាក់​អង្គុយ​នៅ​មុខ​ផ្ទះ​ក្នុង​ភូមិ​ទួល​សម្បូរ​ក្នុង​ក្រុង​ភ្នំពេញ។
អ្នក​ផ្ទុក​មេរោគ​ហ៊ីវ​​​​​ម្នាក់​អង្គុយ​នៅ​មុខ​ផ្ទះ​ក្នុង​ភូមិ​ទួល​សម្បូរ​ក្នុង​ក្រុង​ភ្នំពេញ។

កាលពី​ថ្ងៃអង្គារ​ អ្នក​ជំងឺ​អេដស៍​ក្នុង​មន្ទីរពេទ្យ​នៅកម្ពុជា​និយាយ​ពី​ទុក្ខវេទនា​បណ្តាល​មកពី​មេរោគ​នេះ​ ​ហើយ​សុំឲ្យ​ប្រទេស​ផ្តល់​ជំនួយ​បន្ត​ផ្តល់​មូលនិធិ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ ​ជំងឺ​អេដស៍។​

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​អាច​ដាច់​ជំនួយ​សម្រាប់​គម្រោង​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​ ដោយសារ​អត្រា​ឆ្លង ​និង​ស្លាប់​បាន​ធ្លាក់ចុះ។​

អង្គការ ​Maryknoll ​បាន​ចាប់ផ្តើម​បើក​គ្លីនិក​ជួយ​អ្នក​ជំងឺ​អេដស៍​ក្នុង​ឆ្នាំ​១៩៩៦​នៅ​ភ្នំពេញ​ តែ​ឥឡូវ​អង្គការ​នេះ​ឲ្យ​អ្នកជំងឺ​៥ដុល្លារ​មួយ​សប្តាហ៍​សម្រាប់​ថ្លៃពេទ្យ​ និង​ថ្នាំ។​

ចែម​ យឹមហេង ​បុគ្គលិក​អង្គការ​ Maryknoll​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។​ គាត់​និយាយ​ថា៖​

«ពេល​ខ្ញុំ​មក​ទីនេះ​ ខ្ញុំ​ឲ្យ​អ្នក​ជំងឺ​ថែរក្សា​ខ្លួន ​ស្រឡាញ់​សុខភាព​ខ្លួនឯង។ ខ្ញុំឲ្យ​គាត់ទៅ​ពេទ្យតាម​ការណាត់ ​ទៅបើក​ថ្នាំ ​លេប​ថ្នាំ​ត្រឹមត្រូវ ​ហើយ​មាន​អនាម័យ។​ ខ្ញុំចង់​ឲ្យ​ពិភពលោក​ក្រលេក​មើល​ពួកគាត់។ ​ពួកគាត់​ជាអ្នក​ជំងឺក្រីក្រ​ សូមឲ្យ​ជួយ​មើល​គាត់ ​យក​ចិត្ត​ទុកដាក់ ​អញ្ចឹង​ណា៎។​ សូម​ឲ្យជួយ​មើល​ ហើយ​ផ្តល់​ថវិកា​ដើម្បីជួយ​ដល់​ប្រជាជន​ខ្មែរ​ដែលគាត់​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍»។​

អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាច្រើន​ឯកោ​ពីគ្រួសារ​ ចូលចិត្ត​រស់​នៅ​មន្ទីរពេទ្យ​ថែទាំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ផ្តល់​សេវា​ល្អ​ជាង​មន្ទីរពេទ្យ​សាធារណៈ​ តែ​គេ​គ្មាន​ជម្រើស​ទេ​ ពេល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បិទ​គ្លីនិក។​

លោក​ ព្រំ​ ចន ​អាយុ៥៨​ឆ្នាំ ​មក​ពី​ខេត្តកំពត។​ គាត់​មាន​ជំងឺ​អេដស៍​ក្នុង​ឆ្នាំ២០០៤។ គាត់​ថា​ សាច់​ញាតិ​របស់​គាត់​មិន​មក​សួរ​សុខទុក្ខ​គាត់​ទេ។ ​កូន​របស់​គាត់​ពីរនាក់​ធ្វើការ​នៅ​ប៉ោយប៉ែត។​

លោក​និយាយ​ថា៖​

«យី​ ពិបាក​ដែរ ​លោកគ្រូ។ ​វាធ្វើទុក្ខ​ ជួន​មាត់​នេះ​ហា​មិនរួច​ លុះត្រា​យក​ដៃ​ជួយ​អញ្ចេះ។​ ជួន​ក៏​ឈឺ​ភ្នែក​ ជួន​ក៏​ឈឺ​ក្បាល។​ ពិបាក​ណាស់»។​

អ្នក​ជំងឺ​ម្នាក់​ទៀត​ឈ្មោះ​ពៅ ស៊ីផុន​ អាយុ២៨​ឆ្នាំ។​ គាត់ឆ្លង​មេរោគ​អេដស៍​ពីប្តី​ ដែល​ជា​សន្តិសុខ​នៅ​រង្គសាល​មួយ​នៅ​ភ្នំពេញ។ ​គាត់​មាន​កូន​ពីរ​នាក់ ​ម្នាក់​ស្លាប់​ដោយសារ​អេដស៍ ​ក្នុង​ពេល​ថ្មីៗ​នេះ។​

គាត់​និយាយ​ថា៖​

«មាន​ជំងឺ​នេះ​ ខ្ញុំមាន​អារម្មណ៍​ធុញថប់​ខ្លួនឯង​ណាស់។ ​ពិបាកចិត្ត​ ចង់ធ្វើ​អ្វីផ្តេសផ្តាស់​ តែណា​មួយទៅមិនរួច​ ព្រោះ​អាណិត​កូន។ ​បើយើងហ៊ាន​លះបង់​ជីវិត​ទៅ​ គ្មានអ្នកណា​មើល​កូន។ អញ្ចឹង​ហើយ​ខំតស៊ូ​ដើម្បីកូន​ ធ្វើម៉េច​បើ​វា​អញ្ចឹង​ហើយ។​ អញ្ចឹង​ ខ្ញុំសុំឲ្យ​អង្គការ​ជួយ​ដល់ពួក​ខ្ញុំផង។​ ពួកខ្ញុំ​គ្រប់គ្នា​មិន​មាន​អ្នកណា​ចង់​អញ្ចឹង​ទេ ធ្វើ​ម៉េច​បើវា​កើត​ដោយ​ខ្លួន​ឯង»។​

លោក​ទៀ ផល្លា ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និយាយ​ថា​ អាជ្ញាធរ​របស់​លោក​បាន​មូលនិធិ​ពីអង្គការ​ Global Fund ​ពីរ​ទសវត្ស​មកនេះ។​ ក្នុង​ឆ្នាំ​២០១០​ អាជ្ញាធរ​នេះ​បាន​មូលនិធិ​ចំនួន​៥៨លាន​ដុល្លារ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ ​ជំងឺ​អេដស៍​ តែ​ម្ចាស់​ជំនួយ​បាន​ប្រកាស​កាលពី​ថ្ងៃទី​១១វិច្ឆិកា​ថា​ ឈប់​ផ្តល់​មូលនិធិ​ទៀត​ហើយ។​

អង្គការ​ UNAIDS ​និយាយ​ថា ​នៅ​ដំណាច់​ឆ្នាំ​២០០៩​ មាន​អ្នក​ជំងឺ​ចាស់​ ក្មេង​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​៦៣.០០០​នាក់​នៅ​កម្ពុជា​ ដែល​ជាង​ពាក់​កណ្តាល​ជា​ស្រី្ត​អាយុ​១៥​ឆ្នាំ​ឡើង។​

ប្រែសម្រួល​ដោយ​ ពិន ​ស៊ីសុវណ្ណ

XS
SM
MD
LG