ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សន្និសីទ​អន្តរជាតិ​​សំឡឹ​ងមើល​លើ​អនាគត​នៃ​ពិភពលោក​ដែល​គ្មាន​ជំងឺ​អេដស៍


REUTERS/Stringer
​រដ្ឋ​ធានី​វ៉ាស៊ីនតោន៖​ ប្រតិភូ​មក​ពី​ជុំ​វិញ​ពិភព​លោក​កំពុង​ជួប​ប្រជុំ​នៅ​ឯ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ជំ​ងឺ​អេដស៍​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​មានក្តី​សង្ឃឹម​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក​ថា​ការ​ព្យា​បាល​ជំងឺ​អេដស៍​ឱ្យ​ជា​ដាច់​ស្រឡះអាច​នឹង​សម្រេច​បាន​ក្នុង​ពេល​មិន​យូ​រក្នុង​ពេល​ខាង​មុខ។
លោកស្រី​ហ៊ីលឡារី គ្លីនតុន​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ក្នុង​សុន្ទរកថា​ដោយ​ស្វាគមន៍​ប្រតិភូ​ទាំង​អស់​ដែលបាន​ចូល​មក​ប្រជុំ​នៅសហរដ្ឋ​អាមេរិក។​

សំឡេង​ស្វាគមន៍​របស់​លោក​ស្រី​ ហ៊ីលឡារី គ្លីនតុន​ និងការប្តេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទប់​ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺ​អេសដ៍​បាន​ផ្តល់​សន្ទុះ​ទឹក​ចិត្ត​ដល់សកម្មជន​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ក្នុង​ការ​មើល​ឃើញ​ពិភពលោក​មួយ​ដែល​គ្មាន​ជំងឺ​អេដស៍​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។
«ខ្ញុំ​មក​ថ្ងៃ​នេះ​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​សហរដ្ឋ​អាមេរិក​តាំង​ចិត្ត​កម្ចាត់​ជំងឺ​អេដស៍​យើង​នឹង​ស្វះ​ស្វែង​រក​ប្រភព​ធន​ធាន​ដ៏​ចាំ​បាច់​ដើម្បី​សម្រេច​លទ្ធផល​ជា​ប្រវត្តិសាស្រ្ត​នេះ»។
សហរដ្ឋ​អាមេរិក​បាន​សន្យាផ្តល់​ថវិកា​១៥០​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។

នៅថ្ងៃ​ទីបី​នៃ​សន្និសីទ​ដែល​មាន​រយៈ​ពេល​មួយ​សប្តាហ៍​នេះ​ក្រុម​ប្រតិភូបាន​បញ្ជាក់​ថា​ការ​អនុវត្ត​ការព្យាបាល​ដើម្បី​ជា​វិធាន​ការ​បង្កា​ក្នុង​ស្ថានភាព​ដែល​មាន​ការប៉ះពាល់​ដោយ​ជំងឺ​អេដស៍​គឺ​ជា​ការប្រឈម​មុខ​មួយ​ដ៏ធំជាងគេ​បំផុត​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។ ក្នុង​ឆ្នាំ​២០១១​កន្លងគេ​បាន​រក​ឃើញ​ថា​ការឆ្លង​មេរោគ​អាច​កាត់​បន្ថយ​បាន​រហូត​ដល់​៩៦​ភាគរយ​នៅ ពេល​ដែល​ដៃ​គូ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​បាន​ចាប់​ផ្តើម​ទទួល​ការ​ព្យា​បាល​ឱ្យ​បាន​ឆាប់។​
ក្នុង​ចំណោម​ប្រតិភូ​ជាង​ពីរម៉ឺននាក់​ដែល​ជួប​ប្រជុំ​នៅ​ឯ​សន្និសីទនេះ​រួម​មាន​អ្នក​ចម្រៀង​ដ៏ល្បី​គឺ​លោក​អែលថុន​ ចន ។ លោក​ផ្តល់​ជា​ដំបូន្មាន​ថា​ការ​បញ្ឈប់​ការ​រើស​អើង​គឺ​ជា​ឱសថ​មួយ​ដែរ​ក្នុង​ការ​ធ្វើ​ឱ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​បន្ត​រស់​នៅ​បាន។
លោក​បាន​បន្ថែម​ថា៖

«ការខ្មាស់​អៀន​និង​ការរើស​អើង​រារាំង​អ្នក​ផ្ទុក​មេរោគ អេដស៍​មិន​ឱ្យ​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ មិន​ឱ្យ​ទទួល​បាន​ការ​ព្យាបាល និង​មិន​បាន​ការពារ​ពួកគេ​តាំង​ពី​ដំបូង​ទី។ ខ្ញុំ​ធ្លាប់មាន​អារម្មណ៍​ខ្មាស់​អៀន​ដូច្នោះ​ដែរ ហើយ​ខ្ញុំ​ស្ទើរ​តែ​អស់​ជីវិត។ ការរើស​អើង​និង​ខ្មាស់​អៀន​កំពុង​សម្លាប់​មនុស្ស​នៅ​ជុំ​វិញ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ននេះ​។ យើង​ត្រូវ​តែ​បញ្ឈប់​វា។ យើង​ត្រូវ​ជំនួស​ការខ្មាស់​អៀន​ដោយ​ក្តី ស្រឡាញ់​។ យើង​ត្រូវ​ជំនួស​ការរើស​អើង​ដោយ​ក្តី មេត្តា​ករុណា គឺ​មិន​ត្រូវ​ទុក​នរណា​ម្នាក់​ចោល​ឡើយ»។

ការប្រជុំ​នេះ​ជា​ឱកាស​ដែល​អ្នក​ជំនាញ​រៀន​សូត្រ​ពីគ្នា​ទៅ​វិញ​ទៅ​មក​ពី​បទ​ពិសោធ​ដែល​អនុវត្ត​បាន​ដោយ​ជោគជ័យ​ដែល​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ពួកគេ​រៀងៗខ្លួន។ សម្រាប់​ប្រទេស​កម្ពុជា​ដែល​បាន​ទាញ​ទម្លាក់​អត្រា​អ្នក​ផ្ទុក​មេរោគ​អេដស៍​មក​នៅត្រឹម​០,៨​ភាគរយ​នៅ​មាន​បទពិសោធ​ដែល​ចែក​រំលែក​ដល់​ប្រតិភូ​ដែល​ចូលរួម​ច្រើននិង​ក៏​រៀនសូត្រ​ដែរ។
លោក​វេជ្ជ​បណ្ឌិត​ មាន​ ឈីវុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​និង​កាម​រោគបាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា។

«ទីមួយ​យើង​នឹង​ខិត​ខំ​បន្ត​ទៀត​ជំរុញ​បន្ថែម​ទៀត​ពិសេស​នៅ​ក្នុង​ការបង្កើន​នូវ​ការទទួល​បាន​សេវា​បង្កា​ក៏​ដូច​ជា​ថែ​ទាំ​ព្យាបាល​ជំងឺ​អេដស៍​នៅ​ក្នុង​ចំណោម​បងប្អូន​ដែល​ប្រឈម​មុខ​ខ្ពស់​។ ទីពីរ​យើង​ក៏​បាន​រៀន​សូត្រ​ផងដែរ​ជា​ចំណុច​សំខាន់​ដែល​យើង​ខ្វះ​ខាត​កន្លង​ទៅ ពីព្រោះ យើង​មិន​ទាន់​បាន​ចាប់ផ្តើម​គិត​គូរ​ដល់​អ្នក​ដៃ​គូ​នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​ដៃ​គូ​របស់​គាត់​ទៅ ទទួល​បាន​សេវា​ធ្វើ​តេស្ត​ឈាម​រក​មេរោគ អេដស៍​ ទៅ​ទទួល​បាន​សេវា​ព្យា​បាល​ជំងឺ​កាមរោគ​។ នេះ​ជា​ចំណុច​ពីរ​សំខាន់ៗ​ដែល​យើង​ត្រូវ​បំពេញ​បន្ថែម»។

ស្រប​ពេល​ដែល​សន្និសីទ​កំពុង​តែ​ដំណើរ​ការ​ក៏​មាន​សកម្ម​ជន​ដែល​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ជំងឺ​អេដស៍​ចេញ​មក​ដើរ​ក្បួន​ព្យុះ​ហយាត្រា​នៅ​តាម​ដង​វិថី នានា​នៅក្នុង​រដ្ឋ​ធានី វ៉ាស៊ីនតោន​ឆ្ពោះ ទៅ កាន់​សេតវិមាន។ ក្រុម​សកម្មជន​បាន​ទាម​ទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​មូលនិធិ​បន្ថែម​ដល់​ការប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ប្រឆាំង​នឹង​ប្រឆាំង​នឹង​ការរើស​អើង​និង​ការ​ដាក់​ទោស​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​និង​ការ​ការពារ​ដល់​ក្រុម​ដែល​ងាយ​រងគ្រោះ។

មានការ​ព្រួយ​បារម្ភនានា​ថា​ប្រទេស​ដែល​មាន​ជោគជ័យ​ដូច​ជា​កម្ពុជា​អាច​នឹង​ប្រឈម​មុខ​ក្នុង​ការ​បាត់​បង់​ថវិកា​ជំនួយដោយ​សារ​តែ​វិបត្តិ​សេដ្ឋ​កិច្ច​ពិភពលោក​និង​លែង​ជា​ប្រទេស​ដែល​មាន​អាទិភាព​ទៀត។ ប៉ុន្តែ​លោក​ វេជ្ជ​បណ្ឌិត​មាន​ ឈីវុន បញ្ជាក់​ថា៖

«ប្រសិនជាយើង​ធ្វើ​ដដែល​នោះ ខ្ញុំ​ជឿជាក់​ថា​គេ​នឹង​មិន​បន្ត​ឧបត្ថម្ភ​គាំទ្រ​ទេ​ប៉ុន្តែ​ប្រសិន​បើ​យើង​គិត​ថា​យើង​ដឹង​ច្បាស់​នូវ​ស្ថាន​ភាព​នៃ​ការ​ឆ្លង​រាល​ដាល​ ហើយ​យើង​ដឹង​ច្បាស់​នូវ​វិធីសាស្រ្ត​ឬ​ក៏​យុទ្ធ​សាស្រ្ត​ក្នុង​ការ​បង្កា​ក៏​ដូច​ ជា​ថែ​ទាំ​ព្យា​បាល​នោះ​ខ្ញុំ​ជឿ​ជាក់​ថា​ដៃ​គូ​គេ​នឹង​បន្ត​ការ​ជួយ​នេះ»។

ប្រទេស​កម្ពុជា​បាន​កំណត់​គោលដៅ​កាត់​បន្ថយ​អត្រា​ឆ្លង​ពីម្តាយ​ទៅ​កូន ​បញ្ឈប់​ការឆ្លង​ថ្មីៗ​ទៀតនិង​ការព្យាបាល​ដោយប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដើម្បី ​ជា​ការ​បង្កា​សម្រាប់​រយៈ​ខាង​មុខ​ទៀត។

នៅ​ក្នុង​ការ​ប្រជុំ​នេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ជួប​ជុំ​គ្នា​កំពុង​តែ​ជជែក​គ្នា​ពី​ការព្យាបាល​ជំងឺ​អេដស៍​ឱ្យ​ជា​ដាច់​ដែល​នេះ​គឺ​ជា​អ្វី​ដែល​គេ​សើ្ទរ​តែ​មិន​បាន​គិត​ដល់​សោះ​ឡើយកាលពី​ប៉ុន្មាន​ឆ្នាំមុន៕
XS
SM
MD
LG