ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ចាប់ផ្តើម​សងប្រាក់​ទៅ​ជន​រងគ្រោះ


នគរបាល​ជាតិ​តាម​ប្រមាញ់​ប្រធាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី
នគរបាល​ជាតិ​តាម​ប្រមាញ់​ប្រធាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី

ក្រុមហ៊ុន​នាំចេញ​ពលករ​ឈ្មោះ​ Rice Natural Co. Ltd ដែល​រង​ការចោទ​ប្រកាន់​ពី​បទឆបោក​ក្នុង​ការនាំ​យក​ពលករ​កម្ពុជា​ឲ្យ​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ជប៉ុន​ បាន​ចាប់​ផ្តើម​សង​ប្រាក់​ត្រឡប់​ទៅ​ពលករ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក។

លោកស្រី​ ឆន សុគន្ធា ​ប្រធាន​ផ្នែក​ស្ត្រី ​កុមារ​ និង​ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលារ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ឲ្យ​ដឹង​ថា ​តំណាង​ក្រុមហ៊ុន​ Rice Natural Co. Ltd​ បាន​បង់​ប្រាក់​ទៅ​ឲ្យ​ពលករ​ចំនួន៤៨​នាក់ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​ការងារ​ ដោយ​ពលករ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ចំនួន​៤០០​ដុលា្លរ​សហរដ្ឋ​អាមេរិក។

លោកស្រី ឆន សុគន្ធា បាន​បន្ថែម​ថា៖ «កាលពី​ព្រឹកមិញ​ហ្នឹង​ខាង​ក្រុមហ៊ុន​ Rice Natural បាន​ទូទាត់​សំណង​ទៅ​ឲ្យ​ជន​រងគ្រោះ​ហ្នឹង​ចំនួន​បាន​៤៨នាក់​ហើយ​ ហើយ​គេ​នឹង​ទូទាត់​រហូត​ដល់​អស់។ ពី​ព្រឹក​មិញ​នៅក្នុង​ម្នាក់​បាន​៤០០ដុល្លារ»។​

ក្រុមហ៊ុន​Rice Natural Co. Ltd បាន​ធ្វើ​សកម្មភាព​ដំណាលគ្នា​ជាមួយ​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត ដែល​រង​ការចោទ​ប្រកាន់​ថា​បាន​បោកប្រាស់​កម្មករ​ជាង​២០០​នាក់​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ក្នុង​ផ្នែក​កសិកម្ម​ ឧស្សហកម្ម​ និង​សំណង់។ ក្រុមហ៊ុន​នោះ​គឺ​ក្រុមហ៊ុន​ Century (Cambodia) Manpower Co. Ltd ​ដែល​យក​ប្រាក់​ពី​ពលករ​កម្ពុជា​ក្នុង​ម្នាក់​៤០០​ដុល្លារ​ដូចគ្នា​ដែរ។

កាលពី​សប្តាហ៍​មុន​ក្រសួង​ការងារ​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​សងប្រាក់​ ឲ្យ​បាន​គ្រប់​ចំនួន​ជូន​ពលករ​ដែល​មាន​សក្ខីបត្រ​ត្រឹមត្រូវ​ក្នុង​រយៈពេល​មួយ​ខែ​គឺ​គិត​ចាប់​ពី​ថ្ងៃទី២០ ​ខែ​ឧសភា​ ដល់​ថ្ងៃទី​២០ ​ខែ​មិថុនា។

លោកស្រី ឆន សុគន្ធា​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Century (Cambodia) Manpower Co. Ltd​ ក៏​យល់​ព្រម​ចេញ​សង​ប្រាក់​ត្រឡប់​ទៅ​ឲ្យ​ពលករ​រងគ្រោះ​វិញ​ដែរ​នៅ​ថ្ងៃអង្គារ​ស្អែក​ ក៏ប៉ុន្តែ​លោក​ស្រី​មិន​អាច​បញ្ជាក់​បាន​ថា តើ​ក្រុមហ៊ុន​នេះ​នឹង​ចាប់​សងប្រាក់​ទៅ​ឲ្យ​ពលករ​ចំនួន​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ។​

លោកស្រី​បន្ថែម​ថា៖ «ចំពោះ​បញ្ហា​ក្រុម​ហ៊ុន Century ​ហ្នឹង​ ហ្នឹង​គេ​ដោះ​នៅថ្ងៃ​ស្អែក​នៃការ​ទូទាត់​ទៅ​ឲ្យ​ជន​រងគ្រោះ។ យើង​អត់​ទាន់​ដឹង​ចំនួន​ដែរ​ យើង​ព្យាយាម​សួរ​ពី​ខាង​ក្រសួង​ក៏ដូចជា​ខាង​ក្រុម​ហ៊ុន​ថា​គេ​អត់​ទាន់​ប្រាប់​ទេ»​។​

លោក ម៉ាក់ រចនា​ អាយុ​២៥ឆ្នាំ​មកពី​ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ដែល​ជា​ពលករ​រងគ្រោះ​ដោយ​ក្រុមហ៊ុន​ Rice Natural Co. Ltd​ ពុំទាន់​បាន​ទទួល​ប្រាក់​សំណង​ពី​ក្រុមហ៊ុននេះ​ ប៉ុន្តែ​លោក​រំពឹងថា​ប្រាក់​របស់​លោក​ដែល​ខ្ចី​ពី​ធនាគារ​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​នេះ ​នឹង​ត្រូវបាន​បង់​ជូន​រូប​លោក​វិញ។​

លោក​និយាយ​ថា​៖ «៤០០​ដុល្លារ​សម្រាប់​ពួក​ខ្ញុំ​ជា​ពលករ​គឺ​វា​ច្រើន​ណាស់។​ លុយ​នេះ​មិនមែន​ជា​លុយ​ដែល​ជា​លុយ​ផ្ទាល់​របស់​ខ្ញុំ​ទេ​បង គឺ​វា​ជា​លុយ​ដែល​ខ្ញុំ​ខ្ចី​ពី​គេ​មក។ ខ្ញុំ​ធ្វើ​ម៉េច​ខ្ញុំ​ត្រូវតែ​ទាម​ទារ​វា​មក​វិញ»។

VOA ​ពុំអាច​ទំនាក់​ទំនង​លោក ហេង សួរ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ទេ​ ដោយ​លោក​ពុំលើក​ទូរស័ព្ទ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG