ភ្នំពេញ៖ មានសាក្សីជាច្រើនបានឆ្លើយប្រាប់តុលាការថា ព្រឹត្តិការណ៍ដែលបានកើតមានឡើងនៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ជាប់ពាក់ព័ន្ធជាមួយនឹងលោក ប៊ុន រដ្ឋា តែម្នាក់គត់ គឺមិនជាប់ពាក់ព័ន្ធនឹងលោក ម៉ម សុណង់ដូ ទេ។
លោក ប៊ុន រដ្ឋា អតីតសមាជិកសមាគមអ្នកប្រជាធិបតេយ្យ បានរត់គេចខ្លួននៅឯក្រៅប្រទេស បន្ទាប់ពីតុលាការបានប្រកាសស្វែងរកចាប់ខ្លួនពីបទបង្កើតតំបន់អបគមន៍ខុសច្បាប់ក្នុងខេត្តក្រចេះ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
តុលាការក្រុងភ្នំពេញបានចាប់ផ្តើមបើកសវនាការជំនុំជម្រះទោសប្រឆាំងនឹងករណីនេះ អស់រយៈពេលពីរថ្ងៃមកហើយ ដែលមានជនជាប់ចោទរហូតដល់១០នាក់ ដែលក្នុងនោះមានលោក ម៉ម សុណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានស្ថានីយ៍វិទ្យុសំបុកឃ្មុំ ដែលជាតួអង្គសំខាន់ជាងគេ ដែលតុលាការលើកយកមកពិភាក្សាដេញដោល។
ជនជាប់ចោទទាំង១០រូប ត្រូវបានតុលាការចោទប្រកាន់ដូចៗគ្នាចំនួនបួនចំណុចធំៗ ពាក់ព័ន្ធនឹងការញុះញង់ប្រជាពលរដ្ឋឲ្យប្រើប្រាស់អាវុធខុសច្បាប់ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ និងការផ្តួចផ្តើមគំនិតប្រឆាំងនឹងអ្នករាជការសាធារណៈ ក្រោយពីរដ្ឋាភិបាលបានបង្ក្រាបដ៏ហិង្សាលើរឿងជម្លោះដីធ្លីនៅភូមិប្រមា កាលពីខែឧសភាកន្លងទៅ។ ការបង្ក្រាបនេះនាំឲ្យកុមារីម្នាក់ ឈ្មោះហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់។
តុលាការបានបង្ហាញភស្តុតាងរួមមានព្រួញ ស្នារ និងកំភ្លៀវ ដែលឧបករណ៍ទាំងនេះត្រូវបានធ្វើឡើងដោយដៃ ហើយត្រូវបានសាក្សីបានអះអាងថា មានតាំងពីបុរាណមកម្លេះ។ ឧបករណ៍មួយចំនួនទៀត ទើបតែធ្វើថ្មីសម្រាប់យកទៅបរបាញ់សត្វ និងចាប់បង្កែបតែប៉ុណ្ណោះ។ ក៏ប៉ុន្តែឧបករណ៍ទាំងនេះអាចនឹងសម្លាប់មនុស្សបាន ប្រសិនណាប្រើប្រាស់ខុសគោលដៅ។
លោក ជា បំរ៉ុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូ បានថ្លែងប្រាប់សវនាការថា ការបង្កើតសមាគមប្រជាធិបតេយ្យនេះគឺដើម្បីណែនាំឲ្យប្រជាពលរដ្ឋយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ និងការគោរពច្បាប់។
ចំណែកលោក ជា ជីន អាយុ៦១ឆ្នាំ អតីតប្រធានភូមិប្រមា បានថ្លែងប្រាប់តុលាការថា ក្រុមប៊ុន រដ្ឋា សុខ តុង និងប៊ុន ឆន បានមកប្រជុំនៅក្នុងវត្តមួយចំនួនបួនលើកដើម្បីណែនាំឲ្យប្រជាជនចូលរួមជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ ដោយបានសន្យាថានឹងចែកដីឲ្យ។
លោកបានបញ្ជាក់ថា ក្រុម ប៊ុន រដ្ឋា បានដាក់បារ៉ាស់នៅក្នុងភូមិមិនឲ្យប្រជាពលរដ្ឋចេញចូល និងបានគំរាមគំហែងដោយបានប្រព្រឹត្តអំពើហិង្សាលើប្រជាពលរដ្ឋ។
ក្នុងពេលផ្តល់សម្ភាសន៍ដាក់ដោយឡែកមួយ ជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកនៅក្រៅបរិវេណតុលាការ លោក ជា ជីន បាននិយាយយ៉ាងថា
«ខ្ញុំឥតបានដឹងទេ ក៏ប៉ុន្តែពេលនោះគឺប្រឆាំងតែម្តង។ សកម្មភាពទី១ គាត់ដាក់បារ៉ាស់ ហើយហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជិះម៉ូតូឆ្លងកាត់ផ្លូវ ប្រសិនជិះឆ្លងត្រូវបណ្តើរ»។
សវនាការរយៈពេលពីរថ្ងៃនេះ តុលាការបានបន្តសាកសួរដើមបណ្តឹងរដ្ឋប្បវេណីចំនួនបួនរូប ជនជាប់ចោទបន្ថែមមួយរូបទៀត និងសាក្សីទាំងដាក់បន្ទុក និងដោះបន្ទុក សរុបចំនួន១៣រូប។ ចំណែកឯនៅក្រៅអគារតុលាការវិញ អាជ្ញាធរនៅតែរឹតបន្តឹងសន្តិសុខយ៉ាងមាំទាំដើម្បីរាំងខ្ទប់សមាជិកសមាគមអ្នកប្រជាធិបតេយ្យ និងរងគ្រោះបាត់បង់ដីធ្លីពីតំបន់បឹងកក់ និងបុរីកីឡា ដើម្បីទាមទារឲ្យដោះលែងលោកម៉ម សុណង់ដូ ឲ្យមានសេរីភាពឡើងវិញ។
តុលាការក្រុងភ្នំពេញគ្រោងនឹងបន្តបើកសវនាការជំនុំជម្រះនេះ នៅថ្ងៃព្រហស្បតិ៍ស្អែកទៀត៕