ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី​បញ្ជាក់​ថា​អំណាច​ទាំង​អស់​ផ្តុំ​តែ​លើ​ប៉ុល ពត​ម្នាក់​ឯង


A Khmer Rouge rebel frisks a civilian in downtown Phnom Penh hours after the rebel forces led by Pol Pot took control of the Cambodian capital April 17, 1975.
A Khmer Rouge rebel frisks a civilian in downtown Phnom Penh hours after the rebel forces led by Pol Pot took control of the Cambodian capital April 17, 1975.

ការកាប់​សម្លាប់​រង្គាល​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ទំនង​ជា​កើត​ឡើង​ដោយសារ​ការដឹកនាំ​ផ្តាច់​មុខ​របស់​ប៉ុល ពត ​និង​ដោយសារ​តែ​ការធ្វើ​បដិវត្តន៍​កុម្មុយនិស្ត​លឿន​ជ្រុល​របស់​ពួក​ខ្មែរក្រហម។

ភ្នំពេញ៖ ការកាប់​សម្លាប់​រង្គាល​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ទំនង​ជា​កើត​ឡើង​ដោយសារ​ការដឹកនាំ​ផ្តាច់​មុខ​របស់​ប៉ុល ពត ​និង​ដោយសារ​តែ​ការធ្វើ​បដិវត្តន៍​កុម្មុយនិស្ត​លឿន​ជ្រុល​របស់​ពួក​ខ្មែរក្រហម។ នេះ​បើតាម​ការសន្និដ្ឋាន​របស់​សាក្សី​នៅ​ក្នុង​ការកាត់ទោស​អតីត​មេដឹកនាំ​កំពូល ​ខ្មែរក្រហម​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

របប​កម្ពុជាធិបតេយ្យ​របស់​ពួកខ្មែរ​ក្រហម​បានបណ្តាល​ឲ្យ​ប្រជាជន​កម្ពុជា​ស្លាប់​យ៉ាង​តិច ១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ ១៩៧៥ ​ដល់​ឆ្នាំ​១៩៧៩។ មេដឹកនាំ​កំពូល​នៃ​របប​នេះ​ចំនួន​បួន​នាក់​ត្រូវ​នាំខ្លួន​យក​មកកាត់ទោស​ក្នុង​នោះ​មាន​នួន ជា អៀង សារី អៀង ធីរិទ្ធ ​និង​ខៀវ សំផន។

លោក សួង ស៊ីគឿន ​បាន​រៀបរាប់​ថា​ ប៉ុល ពត ​បាន​កាន់​អំណាច​ផ្តាច់មុខ​និង​បាន​ធ្វើការ​សម្រេច​យ៉ាង​លម្អិត​ក្នុង​សម័យ​នោះ។

«ហេតុ​នេះ​ហើយ​បាន​ជាមាន​ការថ្លោះ​ធ្លោយ​មាន​ឧក្រិដ្ឋកម្ម​យ៉ាងធំធេង​យ៉ាង​ដូច្នេះ។ តាម​ខ្ញុំ​យល់​គឺ​ដោយសារ​ការកំណត់​មាគ៌ា​របស់​បក្ស​ពេល​នោះ​ធ្វើ​បដិវត្តន៍​សង្គម​និយម​លឿនពេក​ហើយ​ជា​របៀប​គ្រប់គ្រង​ដែល​អាស្រ័យ​តែ​លើ​បុគ្គល​ម្នាក់​ដែល​នាំ​ឲ្យ​មានវិនាសកម្ម​យ៉ាង​ដូច្នេះ»។

នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​អតីត​កម្មាភិបាល​ខ្មែរក្រហម​បានធ្វើសេចក្ដី​សន្និដ្ឋាន​លើ​ការសម្លាប់​រង្គាល​នោះ។

លោក​សួង ស៊ីគឿន ​បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​តប​នឹង​សំណួរ​របស់​សហ​មេធាវី​បរទេស​របស់​អៀង សារី គឺ​លោក​ម៉ាយឃើល ខាណាវ៉ាស (Michael Karnavas)។

ជា​មេស្ថាបនិក​នៃ​របប​ខ្មែរក្រហម​ ប៉ុល ពត ​បាន​ស្លាប់​ក្នុងព្រៃ​កាល​ពី​ឆ្នាំ​១៩៩៨ ​គឺ​មុនពេល​ដែល​កង​ទ័ព​តស៊ូ​ក្នុង​ព្រៃ​ខ្មែរក្រហម​ចុងក្រោយ​នៅ​តំបន់​អន្លង់វែង​ចុះចូល​ជាមួយ​រដ្ឋាភិបាល។

លោក​សួង ស៊ីគឿន ​បាន​លើក​ឡើង​ថា ​ប៉ុល ពត ​មាន​អំណាច​ចាត់ចែង​បុគ្គលិក​ថ្នាក់ក្រោម​មួយ​ចំនួន​នៅ​ក្រសួង​ការបរទេស​របស់​អៀង សារី ​ផង​ដែរ។
ក្នុង​ការផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​នេះ​ សាក្សី​រូប​នេះ​មិនបាន​លើក​ពី​ការជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​របស់​អៀង សារី ​នៅ​ក្នុង​របប​ខ្មែរក្រហម​ទេ។

កាល​ពី​ការផ្តល់​សក្ខីកម្ម​នា​ពេល​ថ្មីៗ​នេះ លោក សួង ស៊ីគឿន បានអះអាង​ថា​ អៀង សារី ​មាន​អំណាច​ការពារ​បុគ្គលិក​មួយ​ចំនួន​ក្នុង​ក្រសួង​ការបរទេស​ ប៉ុន្តែ​ អៀង សារី ​ក៏​បាន​អនុញ្ញាត​ឲ្យ​មាន​ការចាប់​ខ្លួន​បុគ្គលិក​របស់​ខ្លួន​ដែរ​ បន្ទាប់​ពី​មាន​ចម្លើយ​សារភាព​របស់​អ្នក​ទោស​នៅ​គុក​ទួលស្លែង​ដោយ​ចោទ​ប្រកាន់​បុគ្គលិក​របស់​ខ្លួន​ថា ​ជា​ខ្មាំង​បង្កប់​នោះ។
អតីត​កម្មាភិបាល​ខ្មែរក្រហម​ក្នុង​ក្រសួងការបរទេស​រូប​នេះ​បានបញ្ចប់​សក្ខីកម្ម​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ។ ហើយ​អ្នកស្រី ស​ សៀក អតីត​សិល្បការិនី​ក្នុង​ក្រសួង​ឃោសនាការ​បានចូល​មក​បន្ត​សក្ខីកម្ម។
សាក្សី​រូបនេះ​បាន​យំ​ក្តុកក្តួល​ជា​លើក​ទីពីរ​ បន្ទាប់​គាត់​បាននិយាយ​ដល់​ការ​ចាប់ខ្លួន​ប្តី​របស់​គាត់​ក្នុង​របប​ខ្មែរក្រហម​ហើយ​រូប​គាត់​ត្រូវ​យក​មក​ដាក់​ក្នុង​មន្ទីរ​មួយ​នៅ​ក្នុង​វត្តបុទុម​វតី ​មុន​នឹង​បញ្ជូន​ទៅ​កាន់​ជំរំ​អប់រំ​នៅ​ដីក្រហម​ខេត្ត​កំពង់ចាម៕
XS
SM
MD
LG