ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី​ប្រៀប​ធៀប​ខៀវ សំផន​ទៅ​នឹង​ព្រះពុទ្ធ


​អតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម​គឺ​ខៀវ សំផន
​អតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម​គឺ​ខៀវ សំផន
ភ្នំពេញ៖ លោក​សួង ស៊ីគឿន បាន​ប្រៀប​ប្រដូច​អតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម​គឺ​ខៀវ សំផន ទៅ​នឹង​ព្រះពុទ្ធ​ដោយ​ចាត់ទុក​ថា ជន​ជាប់ចោទ​រូប​នេះ​មាន​ភក្តីភាព​ចំពោះ​ប្រជាជាតិ។ លោក​សួង ស៊ីគឿន បាន​អះអាង​យ៉ាង​ដូច្នេះ​ក្នុងការ​ផ្តល់​សក្ខីកម្ម​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​កាត់ទោស អៀង សារី នួន ជា និង​ខៀវ សំផន​ ក្នុង​សំណុំ​រឿង​០០២ ក្រោម​ការ​ចោទ​ប្រកាន់​ដែល​ទាក់ទង​ទៅ​នឹង​ការសម្លាប់​រង្គាល និង​ការ​ដឹកនាំ​ប្រទេស​របស់​ជន​ជាប់​ចោទ​ទាំង​នេះ​ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​១,៧​លាន​នាក់​ស្លាប់​បាត់បង់​ក្នុង​ជីវិត។
សាក្សី​ដដែល​លើក​ឡើង​ថា ខៀវ សំផន និង​បុគ្គល​ពីរ​នាក់​ទៀត​គឺ​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​ស្មោះត្រង់​នឹង​ប្រទេស​ជាតិ។
«ខ្ញុំ​ចង់​ប្រាប់​គឺ​ថា ព្រះពុទ្ធ​គឺ​លោក​ខៀវ សំផន ព្រះធម៌​គឺ​លោក ហ៊ូ យន់ ព្រះសង្ឃ​គឺ​លោក ហ៊ូ នឹម។ ជា​បញ្ញា​ជន​ស្នេហា​ជាតិ​ស្អាតស្អំ ហើយ​យុវជន និង​ប្រជាជន​ស្រឡាញ់​និង​គោរព»។
លោក ហ៊ូ នឹម គឺ​ជា​អតីត​និស្សិត​មក​ពី​ស្រុក​បារាំង និង​ជា​អតីត​រដ្ឋមន្ដ្រី​ក្រសួងព័ត៌មាន​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម។ គាត់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​គុក​ទួលស្លែង។ រីឯ​លោក ហ៊ូ យន់ គឺ​ជា​បណ្ឌិត​ច្បាប់ និង​សេដ្ឋកិច្ច​មក​ពី​ស្រុក​បារាំង​ហើយ​ត្រូវ​បាត់ខ្លួន​ក្រោយ​ពី​ពួក​ខ្មែក្រហម​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ គាត់​ត្រូវ​គេ​ជឿថា ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់​ចោល។
កាល​ពី​ម្សិលមិញ​សាក្សី លោក សួង ស៊ីគឿន ដែល​ជា​អតីត​អនុប្រធាន​ផ្នែក​ពិធីការ​របស់​ក្រសួងការ​បរទេស​ខ្មែរក្រហម​បានបង្ហាញ​ថា មាន​ការចោទប្រកាន់​ទម្លាក់​កំហុស​ដាក់​គ្នា​ក្នុង​សម័យ​នោះ ហើយ​ការទម្លាក់​កំហុស​ដាក់​នេះ ពិសេស​ដូច​ជា​ការចោទ​ប្រកាន់​ជា​ចារកម្ម​របស់​អាមេរិក របស់​រុស្ស៊ី ឬ​របស់​ប្រទេស​បារាំង​ជា​ដើម​។ អ្នក​ដែល​ត្រូវ​ទម្លាក់​កំហុស​ដាក់​នឹង​ត្រូវ​ចាប់​ខ្លួន។
លោក​សួង ស៊ីគឿន ចាត់ទុក​ថា ការបាត់បង់​បញ្ញាជន​ទាំង​នេះ​គឺ​ជា​វិនាសកម្ម​ដែល​បង្ក​ដោយ​របប​ខ្មែរក្រហម។ នៅ​ថ្ងៃ​នេះ​លោក សួង ស៊ីគឿន បញ្ជាក់​ឡើង​វិញ​ថា លោក​គាត ឈុន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន និង​ជា​អតីត​កម្មាភិបាល​ជាន់ខ្ពស់​នៅ​ក្រសួង​ការបរទេស​ត្រួតត្រា​ដោយ​អៀង សារី ត្រូវ​បាន​គេ​ទម្លាក់​កំហុស​ដាក់​ថា ជា​ខ្មាំង​ប្រឆាំង​អង្គការ​ខ្មែរក្រហម​ដែរ ប៉ុន្តែ​លោក​គាត ឈុន ត្រូវ​បាន​ការពារ​ដោយ​អៀង សារី។ លោក​គាត ឈុន បាន​រួចខ្លួន​ពី​ការ​ចាប់​ខ្លួន។
លោក​សួង ស៊ីគឿន អាយុ​៧៥​ឆ្នាំ​ អាចផ្តល់​សក្ខីកម្ម​ត្រឹមតែ​មួយ​កំណាត់​ថ្ងៃ​តែ​ប៉ុណ្ណោះ​នៅ​ថ្ងៃ​នេះ​ដោយសារ​តែ​លោក​មាន​សុខភាព​ទ្រុឌទ្រោម​ហើយ​លោក​ទទួល​ការវះកាត់​បេះដូង។
លោក​ត្រូវ​ជំនួស​ដោយ​សាក្សី​មួយ​រូប​ទៀត គឺ​លោក អុង ថុងហឿង មក​ពី​ប្រទេស​បែលហ្ស៊ីក។ ប៉ុន្តែ​លោក​សួង ស៊ីគឿន នឹង​វិលត្រឡប់​មក​ផ្តល់​សក្ខីកម្ម​វិញ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ៕
XS
SM
MD
LG