ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ុល ពត មាន​ផែនការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ពីទីក្រុង​


ផ្នូរ​របស់​ប៉ុលពត​ដែល​ស្ថិត​នៅ​​អន្លង់វែង​។​​
ផ្នូរ​របស់​ប៉ុលពត​ដែល​ស្ថិត​នៅ​​អន្លង់វែង​។​​
មេដឹកនាំ​ប្រវតិ្តសាស្ដ្រ​នៃ​របប​ខ្មែរក្រហម​គឺ​ប៉ុល ពត ​ទំនង​ជា​បាន​ដាក់​ផែនការ​បណ្ដេញ​ប្រជា​ពលរដ្ឋ​កម្ពុជា​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ហើយ​ផែនការ​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ជនជាប់​ចោទ​នួន ជា ​និង​ខៀវ សំផន។
មូលហេតុ​នៃ​ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង​គឺ​ដោយសារ​តែ​ពួក​ខ្មែរក្រហម​ព្រួយបារម្ភ​ពី​ការ​គ្រប់គ្រង​ស្ថានភាព​ប្រជាពលរដ្ឋ និង​ការវាយប្រហារ​របស់​ចារកម្ម​ជាពិសេស​ចារកម្ម​ ស៊ីអាយអេ (CIA) របស់​អាមេរិក និង​ ខេជីប៊ី (KGB) របស់​រុស្ស៊ី។ នេះ​បើ​ផ្អែក​តាម​ការបំភ្លឺ​របស់​សក្សី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។
ពួក​កុម្មុយនិស្ត​ឯកសណ្ឋាន​ខ្មៅ​ខ្មែរក្រហម​បាន​ដណ្តើម​អំណាច​ដោយ​ចុងកាំភ្លើង​ពី​របប​លោក​សេនា​ប្រមុខ​លន់ ណុល​ ទាំងស្រុង​នៅ​ថ្ងៃទី​១៧ ​មេសា ​ឆ្នាំ​១៩៧៥។ នៅ​ពេលនោះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ និង​នៅតាម​ទី​ប្រជុំជន​ដទៃទៀត​ត្រូវ​បណ្ដេញ​ឲ្យ​ទៅ​រស់នៅ​សហករ​នៅ​តាម​ទី​ជនបទ។
លោក ​រចឹម​ ទន់​ អតីត​អ្នក​នាំសារ​របស់​ប៉ុល​ ពត​ និង​របស់​អៀង​ សារី ​ផ្តល់​សក្ខីកម្ម​ក្នុង​សវនាការ​នៃ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប៉ុល​ ពត ​បាន​លើក​ផែនការ​ពី​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទី​បញ្ជាការដ្ឋាន​របស់​ខ្មែរក្រហម​គឺ​មន្ទីរ ​ប៥​ក្នុង​ភូមិ​តាំងគោក​ ស្រុក​កំពង់​ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង​នៅ​ពេល​ដែល​ខ្មែរក្រហម​ហៀប​នឹង​ទទួល​ជ័យជម្នះ​ទាំង​ស្រុង។ លោក​រចឹម​ ទន់​ រៀបរាប់​ថា ផែនការ​ជម្លៀស​ដំបូង​គឺ​សម្រាប់​រយៈពេល​មួយ​សប្ដាហ៍​តែ​ប៉ុណ្ណោះ។
«គេ​រាយការណ៍​ទៅ ​អ៊ំ​ទី​១​គាត់​សរុប​យោបល់ ​ហើយ​គាត់​បាន​លើក​វិធានការ​ទាំង​យោធា​ទាំង ​វិធានការ​ជម្លៀស​ប្រជាជន​ចេញ។ ឯ​អ៊ុំ​ទី​២ ​គឺ​អ៊ុំ​នួន​ ជា ​គាត់​ឯកភាព។ អ៊ុំ​ខៀវ ​សំផន​ ក៏​ឯកភាព។ ហើយ​អង្គភាព​គ្រប់​សមរភូមិ​ឯកភាព និង​ទះដៃ»។
អតីត​អ្នក​នាំសារ​របស់​ប៉ុល​ ពត​
សក្សី​រូប​នេះ​បាន​ឆ្លើយ​សំណួរ​របស់​លោក​ ដេល លីសាក (Dale ​Lysak) ជំនួយការ​សហ​ព្រះរាជអជ្ញា។
មាន​ដើម​កំណើត​ជា​ជនជាតិ​ចារ៉ាយ​ នៅ​ខេត្ត​រតនគីរី ​លោក ​រចឹម ​ទន់ ​លើក​ឡើង​ថា​ មួយ​ខែ​បន្ទាប់​ពី​ឡើង​កាន់​អំណាច​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​បាន​បើក​កិច្ច​ប្រជុំ​ធំ​មួយ​នៅ​ប្រាសាទ​ព្រះកែវមរត​ក្នុង​ព្រះ​បរម​រាជវាំង។ កិច្ច​ប្រជុំ​រយៈ​ពេល​១០​ថ្ងៃ​ ដែល​ត្រូវ​បាន​ចូល​រួម​ដោយ​ជនជាប់ចោទ​អៀង​ សារី ​ខៀវ ​សំផង​ និង​នួន ជា​ រួមទាំង​មេទ័ព​ខ្មែរក្រហម​ដទៃ​ទៀត​ក្រោម​ការដឹកនាំ​ប្រជុំ​ដោយ​ប៉ុល ពត ​និង​នួន ​ជា។
សក្សី​ដដែល​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​នោះ​បាន​កំណត់​គោលដៅ​នៃ​របប​ដឹកនាំ។
«សរុប​សភាពការណ៍​គឺ​ថា​យើង​បាន​វាយ​រំដោះ​ទីក្រុង​ភ្នំពេញ​រួចរាល់​អស់​ហើយ ដូច្នេះ​យើង​ត្រូវ​រៀបចំ​ទិស​របស់​យើង​គឺ​ថា ​ក្រោយពី​ប្រជុំ​ឃើញ​ឯកសារ​ថា យើង​ត្រូវ​ធ្វើ​បដិវត្តន៍​សង្គមនិយម​ហើយ​ដើម្បី​ឈាន​ទៅ​កុម្មុយនិស្ដ​និយម។ ​
លោក​រចឹម​ ទន់​ អាយុ ​៦៥​ ឆ្នាំ​បាន​ក្លាយ​ជា​ប្រធាន​មន្ទីរ​ប១​ ឬ​មន្ទីរ​ពិធីការ​របស់​ក្រសួង​ការបរទេស​ដែល​ត្រូវ​បាន​កាន់​កាប់​ដោយ​អៀង ​សារី។ គាត់​មាន​ឱកាស​ជូន​គណៈប្រតិភូ​ពី​ក្រៅ​ប្រទេស​ទៅ​ទស្សនា​តាម​ទី​ជនបទ និង​អម​ដំណើរ​អៀង ​សារី ​ដែល​ជា​បងធំ​ទី​៣​នៃ​របប​ខ្មែរក្រហម។ លោក​បាន​ឃើញ​ទុក្ខវេទនា​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ពេល​ធ្វើ​ដំណើរ​ជាមួយ​ប្រតិភូ​នោះ។
«តាម​បណ្តោយ​ផ្លូវ​ដែល​យើង​ទៅ​ហ្នឹង​ប្រជាជន​មិន​សូវ​ជា​រីករាយ​ប៉ុន្មាន​ទេ។ ហើយ​ធ្វើការ​ហត់​ ជីក​ប្រឡាយ​ផង លើក​ទំនប់​ផង​លើក​ភ្លឺស្រែ​ផង​ហើយ​កន្លែង​ខ្លះ​ហូប​បបរ​ទៀត។​ ខ្ញុំឃើញ​ថា​វេទនា​ណាស់​ដែរ»។
អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​ផ្អាកការ​សួរ​ដេញដោល​សក្សី​ លោក ​រចឹម​ ទន់ ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ហើយ​នឹង​ចាប់ផ្តើម​ការសួរ​ដេញដោល​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទសប្ដាហ៍​ក្រោយ៕
XS
SM
MD
LG