អតីតមេគុកទួលស្លែង ឌុច បានអះអាងនៅថ្ងៃពុធនេះថា អតីតព្រះមហាក្សត្រខ្មែរ សម្តេចឪ នរោត្តម សីហនុ បានគាំទ្រ ខៀវ សំផន នៅក្នុងពេលដែលពួកខ្មែរក្រហម កំពុងត្រូវការសហគមន៍អន្តរជាតិ។ ហើយអតីតព្រះមហាក្សត្រចាត់ទុក ខៀវ សំផន គឺជាមនុស្សដែលស្អាតស្អំ។
ឌុចបានបញ្ជាក់ប្រាប់អង្គសវនាការថា៖
«ក្នុងជាតិ និងអន្តរជាតិ គេជឿទុកចិត្ត ខៀវ សំផន។ សីហនុ ខ្លួនឯងហ្នឹង ក៏ជឿទុកចិត្ត ខៀវ សំផន ហៅ ខៀវ សំផន សុទ្ធជាព្រះពុទ្ធ។ ជាមនុស្សដែលស្អាតស្អំបំផុត។ នេះហើយ ដែល ប៉ុល ពត យកឈ្មោះ ខៀវ សំផន ទៅប្រើ។ ហើយសីហនុ ខ្លួនឯង បើរុញឈ្មោះហ្នឹងទៅ គាត់មិនប្រកែកទេ»។
ឌុច បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងសវនាការក្នុងសំណុំរឿង០០២ ដែលគាត់បានចូលខ្លួនផ្ដល់សក្ខីកម្មអស់រយៈពេលប្រាំមួយថ្ងៃមកហើយ មកទល់នឹងថ្ងៃនេះ បន្ទាប់ពីមានការចោទសួរពីសហព្រះរាជអាជ្ញារងអន្ដរជាតិ លោក វីលាម ស្ម៊ីត (William Smith)។ លោក វីលាម ស្ម៊ីត បានចោទសួរសាក្សីពីតួនាទី និងមុខងាររបស់ជនជាប់ចោទទាំងបីនាក់ ក្នុងសំណុំរឿង ០០២ គឺ នួន ជា អតីតប្រធានសភាខ្មែរក្រហម អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស និង ខៀវ សំផន អតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ។
នួន ជា ធ្លាប់បានសារភាពថាអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ធ្លាប់បានចុះសួរសុខទុក្ខកងទ័ពតស៊ូខ្មែរក្រហម មុនពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាចហើយ នួន ជា ខ្លួនឯង គឺជាអ្នករៀបចំ បណ្ដាញការពារសន្ដិសុខ។
ឌុច បានរៀបរាប់ទៀតថា ខៀវ សំផន ត្រូវ ប៉ុល ពត បងធំទីមួយ នៃរបបកម្ពុជាប្រជាធិបតេយ្យហៅទៅធ្វើការងារជាប់ជាមួយខ្លួនដោយផ្ទាល់ ហើយមានតួនាទីជាឧបនាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាដែលជារដ្ឋាភិបាលបណ្ដោះអាសន្នរបស់ពួកខ្មែរក្រហម មុននឹងរដ្ឋាភិបាលថ្មីរបស់ពួកខ្មែរក្រហមគឺរបបកម្ពុជាប្រជាធិបតេយ្យត្រូវប្រកាសជាផ្លូវការនៅខែមេសា ឆ្នាំ ១៩៧៦។ ក្នុងពេលនោះ ខៀវ សំផន ក៏មានតួនាទីក្នុងជួរកងទ័ពផងដែរ។ ប៉ុន្ដែ ឌុច បញ្ជាក់ថា នោះគ្រាន់តែតួនាទីខ្យល់តែប៉ុណ្ណោះ។
«ខៀវ សំផន ទទួលភារកិច្ចពិតប្រាកដជាប្រធានមន្ទីរមជ្ឈិម។ ចំណែកឯភារកិច្ចផ្សេងទៀត ជាឧបនាយករដ្ឋមន្ត្រីជារាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាហើយជាអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធរណសិរ្សរួបរួមជាតិកម្ពុជាជាភារកិច្ចឧបកិច្ចទេ គ្មានតួនាទី ខៀវ សំផនទេ។ ឥតចេះបញ្ជាទ័ពទេមនុស្សនេះ»។
កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរ ស ២១ ដែលគេស្គាល់ថា គឺជាគុកទួលស្លែង បញ្ជាក់បន្ថែមថា មានតែ ប៉ុល ពត និង នួន ជា ទេ ដែលមានអំណាចយោធានៅក្នុងដៃ។ ដំណាលគ្នា ឌុច បានឲ្យដឹងថា ខៀវ សំផន បានត្រួតត្រាផ្នែកពាណិជ្ជកម្មនិងរោងចក្រអគ្គិសនីនៅចាក់អង្រែកាលពីសម័យខ្មែរក្រហម។
ទោះជាយ៉ាងណាសហព្រះរាជអាជ្ញារងអន្ដរជាតិ លោក វីលាម ស្ម៊ីត បានចោទសួរ ឌុច តិចតួចនៅឡើយអំពីព័ត៌មាន ដែលទាក់ទងនឹង អៀង សារី។
ក្រុមមេធាវីការពារជនជាប់ចោទបានប្រឆាំងជំទាស់នឹងសំណួរមួយចំនួនរបស់សហព្រះរាជអាជ្ញារងបរទេស ក្នុងពេលកំពុងសវនាការដោយសំអាងថាជាសំណួរនាំមុខ ឬជាសំណួរច្រំដែល។
ក្នុងសវនាការថ្ងៃនេះដែរឌុច បានបញ្ជាក់ថា មានកងទ័ពខ្មែរក្រហមរហូតដល់ចំនួន ៥.០០០នាក់ ត្រូវបានចាប់ខ្លួនពីតំបន់នានាយកមកដាក់គុកនៅទួលស្លែងរួចបន្ទាប់មកកងទ័ពទាំងនោះ ត្រូវសម្លាប់ចោល។ ការសម្លាប់ដោយសារពួកគេត្រូវចោទប្រកាន់ថា ជាជនក្បត់នឹងបក្ស។ នេះបើតាមសំដីរបស់ឌុច។
កងទ័ពទាំងនោះ មានចំនួនស្ទើរតែពាក់កណ្តាល នៃចំនួនអ្នកទោសសរុប ចំនួន ១២.៣៨០ នាក់ យ៉ាងតិច ត្រូវបានសម្លាប់ចោលនៅក្នុងគុកទួលស្លែង៕