ភ្នំពេញ៖ ប្រទេសកម្ពុជាបានបញ្ជាក់អះអាងថាលោក ប៉ាទ្រិក ឌឺវីលឡេ (Patrick Devillers) ជនជាតិបារាំងមួយរូបដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវថ្នាក់ខ្ពស់របស់ប្រទេសចិនមិនត្រូវបានរកឃើញថាបានប្រព្រឹត្តកំហុសក្នុងប្រទេសកម្ពុជាទេ ហើយកម្ពុជាស្វាគមន៍ការវិលត្រឡប់មកវិញនៃជនជាតិបារាំងរូបនេះ។នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
អាជ្ញាធររដ្ឋាភិបាលកម្ពុជាកាលពីពាក់កណ្តាលខែកក្កដាបានបញ្ជូនលោក ប៉ាទ្រិក ឌឺវិលឡេ ដែលត្រូវសង្ស័យថាបានជាប់ពាក់ព័ន្ធជាមួយរឿងអាស្រូវរបស់អ្នកនយោបាយជាន់ខ្ពស់ចិនគឺលោកបូ ស៊ីឡៃ(Bo Xilai) ទៅកាន់ទីក្រុងប៉េកាំង។
តុលាការក្រុងប៉េកាំងកំពុងបើកសវនាការកាត់ទោសលោកស្រីហ្គូ កៃឡៃ (Gu Kailai) ភរិយារបស់លោកបូ ស៊ីឡៃ ពីបទជាប់ពាក់ព័ន្ធនឹងការសម្លាប់លោកណេល ហេវូដ (Neil Heywood) ពាណិជ្ជករជនជាតិអង់គ្លេស។ក៏ប៉ុន្តែតុលាការមិនទាន់បានប្រកាសសាលក្រមអំពីទោសកំហុសរបស់អ្នកស្រីនៅឡើយទេ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់VOA តាមរយៈទូរស័ព្ទនៅថ្ងៃច័ន្ទនេះថាលោកប៉ាទ្រិកមិនបានប្រព្រឹត្តកំហុសក្នុងប្រទេសកម្ពុជាទេហើយកម្ពុជាស្វាគមន៍នូវរាល់ការវិលត្រឡប់មកវិញរបស់លោកមកកាន់កម្ពុជា។លោកបានបញ្ជាក់ថាលោកប៉ាទ្រិកមានសិទ្ធិចង់រស់នៅក្នុងប្រទេសណាក៏បានឱ្យតែលោកចង់ទៅ។
លោក ស ខេង បានបញ្ជាក់ថា៖
«មនុស្សហ្នឹងមិនបានប្រព្រឹត្តបទល្មើសនៅកម្ពុជាទេពីព្រោះគាត់មកនេះមានផ្ទះសម្បែងមានប្រពន្ធនិងកូននៅទីនេះ។ តាមខ្ញុំដឹងមានកូនដល់ទៅពីរនាក់ឯណោះ អីចឹងហើយបើគេមិនមានទោសអ្វីគេចេញចូលមកសួរសុខទុក្ខ រស់នៅជាមួយគ្រួសារគេជារឿងធម្មតា»។
លោកប៉ាទ្រិកធ្លាប់រស់នៅក្នុងប្រទេសកម្ពុជាហើយលោកជាម្ចាស់កម្មសិទ្ធិដីមួយកន្លែងក្នុងទីក្រុងកែប។លោកបានជួលផ្ទះស្នាក់នៅក្នុងទីក្រុងភ្នំពេញដែលមានទីតាំងក្នុងសង្កាត់បឹងកេងកងមួយខណ្ឌចំការមន។
ផ្ទះរបស់លោកប៉ាទ្រិកដែលបានជួលស្នាក់នៅបានចាក់សោរបងហើយមានតែសន្តិសុខម្នាក់យាមតែប៉ុណ្ណោះ។
សន្តិសុខរូបនោះដែលនិយាយសុំមិនបញេ្ចញឈ្មោះមិនបានធ្វើអត្ថាធិប្បាយច្រើនជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកទេនៅពេលដែលសុំសម្ភាសលោកដោយផ្ទាល់នៅពីមុខផ្ទះដែលលោកប៉ាទ្រិកធ្លាប់បានស្នាក់នៅ។
«ខ្ញុំធ្លាប់ឮគេនិយាយអញ្ចឹងចេះតែស្តាប់ឮអញ្ចឹងដែរ។ខ្ញុំអត់ដែលឃើញទេគាត់ចេញទៅបាត់ហើយខ្ញុំទើបមកយាមក្រោយគេចេញទៅបាត់ទៅ។ ឮថាគេចាប់»។
ចំណែកអ្នកជិតខាងរស់នៅផ្ទះលោកប៉ាទ្រិកដោយបូករួមទាំងលោកព្យែ អ៊ីវ៉េស ក្លាស៊ីស(Piere Yves Clasis) មិត្តភ័ក្ររបស់លោកប៉ាទ្រិកមិនបានធ្វើអត្ថាធិប្បាយទេចំពោះករណីនេះ។
លោក ព្យែ អ៊ីវ៉េសបញ្ជាក់យ៉ាងខ្លីថា៖
«ខ្ញុំមិនខ្វល់ពីរឿងជនជាតិបារាំងអាមេរិកាំងឬក៏អឺរ៉ុបអ្វីទេ។នេះមិនមែនជារឿងរបស់ខ្ញុំ»។
លោកប៉ាទ្រិក ឌឺវិលឡេ អាយុ៥២ឆ្នាំ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា ក្រោមការចង្អុលបង្ហាញរបស់ប្រទេសចិន។ លោក ប៉ាទ្រិក ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងលោកអ្នកស្រី ហ្គូ កៃឡៃ ភរិយាលោក បូ ស៊ីឡៃ អតីតអ្នកនយោបាយចិនមួយរូបហើយលោក កំពុងជាប់ឃុំឃាំងពីបទធ្វើចារកម្មលើមន្ត្រីចិនជាន់ខ្ពស់ ដោយខុសច្បាប់។
អ្នកស្រី ហ្គូ កៃឡៃ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីអំឡុងខែមេសា ពីបទសង្ស័យថាជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោក ណេល ហេវូដពាណិជ្ជករជនជាតិអង់គ្លេសមួយរូប៕