ខេត្តប៉ៃលិន៖ នៅពេលដែលអតីតកម្មាភិបាលខ្មែរក្រហមមួយចំនួនចុះពីលើរថយន្តទំនើប យួរចានស្រាក់ដែលមានចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់នៅក្នុងក្រុងប៉ៃលិន លោកមុំ មឿន ដែលមានឈ្មោះហៅមួយទៀតគឺឯក វណ្ណា បានធ្វើដំណើរពីស្រុកកំរៀងខេត្តបាត់ដំបងដើម្បីមកសុំទាននៅទីនេះ។
លោកមុំ មឿន គឺជាអតីតកម្មាភិបាលនៃកងទ័ពខ្មែរក្រហមថ្នាក់ក្រោមមួយរូប។
លោកមានពុកមាត់និងពុកចង្កាដុះផុតសាច់ជិតមួយថ្នាំងដៃដែលក្លាយជាស្កូវពណ៌ស ស្ទើរអស់ទៅហើយ។
អង្គុយលើចិញ្ចើមផ្លូវដើរដែលធ្វើពីស៊ីម៉ង់ត៍នៅលើភ្នំយ៉ាតដែលជាទីវត្តល្បីល្បាញនិងប្រវិត្តសាស្ដ្ររបស់ក្រុងប៉ៃលិនស្ថិតក្នុងចំណោមអ្នកសុំទានមួយដទៃទៀត លោកមុំ មឿន ដាក់ឈើច្រត់ទាំងគូនៅនឹងម្ខាងខ្លួន។ ឈើច្រត់ដែលគាត់ប្រើជាជំនួយដល់ជើងស្តាំរបស់គាត់ដែលបានដាច់ដោយសារជាន់គ្រាប់មីនក្នុងពេលដែលគាត់បានប្រឡូកក្នុងការតស៊ូជាមួយខ្មែរក្រហម។
លោកបានចូលព្រៃម៉ាកគី ជាមួយខ្មែរក្រហមនៅឆ្នាំ១៩៧៤ នៅពេលដែលទើបនឹងមានអាយុ១៤ឆ្នាំ។
លោកអះអាងថាបានចូលព្រៃតាមការអំពាវនាវរបស់សម្តេចឪនរោត្តម សីហនុ ក្រោយពីព្រះអង្គត្រូវទម្លាក់ចេញពីតំណែងដោយលោកសេនាប្រមុខលន់ នល់។
«ខ្ញុំធ្វើដើម្បីជាតិនិងទឹកដីតែដល់ពេលនេះគ្មានបានអ្វីបានមកវិញទេបានត្រឹមតែជើងម្ខាងនិងសំពាយមួយសម្រាប់ដើរសុំទានអ្នកស្រុកហូបតែប៉ុណ្ណោះ»។
ឆ្នាំនេះមានអាយុ៥៥ឆ្នាំលោកមុំ មឿន អះអាងថាលោកបានក្លាយជាកម្មាភិបាលកងទ័ពខ្មែរក្រហមថ្នាក់ក្រោមមួយរូបដែលគ្រប់គ្រងលើយោធាចំនួន៣០នាក់។
ប៉ុន្តែលោកបានរងគ្រោះដោយជាន់មីនកាលពីឆ្នាំ១៩៨៤ក្នុងពេលដែលលោកចូលស៊ើបការណ៍ក្នុងខេត្តកោះកុង។
ពិការជើងម្ចាងលែងស្ថិតក្នុងភាពជាទាហានដែលពេញសមត្ថភាពទៀតហើយដូច្នេះមួយឆ្នាំក្រោយលោកមុំ មឿន បានចាកចេញពីជួរកងទ័ពខ្មែរក្រហម។ លោករៀបរាប់ពីការចាប់ផ្តើមចូលតស៊ូដំបូងជាមួយខ្មែរក្រហម។
«តាម៉ុនយកខ្ញុំពីផ្ទះចេញមក។ ដល់នៅក្នុងព្រៃនៅកងពលទី៥។ តារ៉ែនជាមេកងពល។ បន្ទាប់មកគាត់ក្បត់គ្នាឯង។ តែដល់ពេលខ្ញុំដាច់ជើង ខ្ញុំពិបាកពេកខ្ញុំក៏លាឈប់ទៅ»។
ថ្វីបើធ្វើជាអ្នកសុំទាន លោកមុំ មឿន មានសម្លៀកបំពាក់ស្អាតបាតនិងមានរបៀប។ គាត់ស្ពាយស្បោងមួយជាប់នឹងខ្លួនដែលមានទំហំនិងរាងរៅដូចគ្នាទៅនឹងថង់យាមរបស់ព្រះសង្ឃ។ ហើយស្បោងនេះធ្វើអំពីវត្ថុធាតុម្យ៉ាងដូចជាបាវបា្លស្ទិកដែលមានក្រឡាល្អិតត្បាញបញ្ជូលចូលគ្នានិងមានពណ៌ស និងលាយជាមួយខ្មៅ។
ជនពិការរូបនេះមានដើមកំណើតនៅភូមិត្រពាំងគរ ឃុំជ្រៃបាក់ ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង។
សាក្សីជាច្រើននៅក្នុងសវនាការក្នុងសំណុំរឿង០០២ដែលមានជនជាប់ចោទជាអតីតមេដឹកនាំខ្ពស់បំផុតនៃរបបខ្មែរក្រហមបាននិយាយថាក្រុមមេដឹកនាំខ្មែរក្រហមបានជ្រើសរើសកុមារឲ្យចូលបម្រើក្នុងចលនាតស៊ូក្នុងព្រៃ ហើយពួកគេត្រូវប្រើជាកងសន្តិសុខ និងជាអ្នកនាំសារ។
លោក មុំ មឿន ក៏បញ្ជាក់ដូចគ្នានេះដែរ។
« (ការចូលនេះ) គ្មានមូលហេតុទេព្រោះប៉ុល ពត កាន់អំណាច។ ក្មេងចាប់ពីអាយុ១៤ឆ្នាំគាត់រៀបជាអង្គភាពហើយស្រេច។ គ្មានអ្នកណាគេចបានទេ»។
បច្ចុប្បន្នអតីតកងទ័ពខ្មែរក្រហមរូបនេះរស់នៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀងនៃខេត្តបាត់ដំបងដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីក្រុងប៉ៃលិន។ គាត់ប្រកបមុខរបរសុំទាននៅផ្សារឡែម។
«ខ្ញុំទៅសុំនៅផ្សារឡែម។ ខ្ញុំសុំគេហូបប្រចាំថ្ងៃហើយខ្ញុំមកទីនេះតែពេលបុណ្យទានធំៗដូចជាពេលភ្ជុំ ពេលចូលឆ្នាំចិន ចូលឆ្នាំខ្មែរពីព្រោះនៅទីនេះមនុស្សជុំ»។
លោកមុំ មឿន មានសំបុរស្រអែមដែលរោលរាលទៅដោយកំដៅថ្ងៃ។ លោកផ្លាស់ទីដោយឈើច្រត់នៅជាប់នឹងដៃទាំងសងខាង។
លោកកំពុងរួមរស់ជាមួយស្ត្រីម្នាក់ជាប្តីប្រពន្ធនៅក្នុងទីលំនៅបច្ចុប្បន្នរបស់លោក។ ប្រពន្ធរបស់លោក មានវ័យចំណាស់ច្រើនជាងលោកចំនួនបួនឆ្នាំ និងមានកូនដើមចំនួនប្រាំមួយនាក់។
និយាយបណ្តើរហាក់បីដូចជានឹកគិតបណ្តើរលោករៀបរាប់ថា លោកគឺជាប្រភពរកចំណូលសម្រាប់ចិញ្ចឹមប្រពន្ធរបស់លោក។
«បើថ្ងៃបុណ្យធំដូច្នេះបើកុំមានភ្លៀង (រក)បានបួនដប់ម៉ឺនដែរ។ តែបើមានភ្លៀងមិនហួសពីប្រាំទៅប្រាំមួយម៉ឺនទេ។បើសុំនៅទីផ្សារ មានថ្ងៃខ្លះបាននិងថ្ងៃខ្លះមិនបាន។ ហើយជាមធ្យមបានពីរម៉ឺនរៀលសម្រាប់ទិញអង្ករ ប៊ីចេង ស្ករ ខ្ទឹម»។
ការចាប់យកអាជីពជាអ្នកសុំទានហាក់ដូចជាការសម្រេចចិត្តច្បាស់លាស់។ ការពិតលោកមុំ មឿន ចេះក្បួនហោរាចាំរត់មាត់ដែលអាចឲ្យគាត់ទស្សទាយបានដោយមិនបាច់បើកក្បួនភ្លាមៗ។ផ្ទុយទៅវិញគាត់មិនជ្រើសរើសយកហោរាទស្សទាយធ្វើជាអាជីពនោះទេ។ គាត់បានសាកល្បងទាយឲ្យអ្នកដំណើរម្នាក់នៅក្បែរខ្លួនរបស់គាត់។
«មនុស្សឆ្នាំកុរអភ័ព្វស្នេហ៍។ គេស្រឡាញ់ច្រើនតែគេបំភ្លេចក៏ច្រើនដែរ។រឿងរកស៊ីពឹងពាក់គេឆាប់បាន និយាយទៅគេចូលចិត្ត។ រកកើតតែចិត្តទន់ ចូលចិត្តជួយ ឆាប់អាណិត ឆាប់មេត្តា»។
កងទ័ពព្រៃខ្មែរក្រហមបានផ្តួលរំលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ហើយក្រោយមកការដឹកនាំរបស់ពួកគេបាននាំឲ្យប្រជាពលរដ្ឋខ្មែរយ៉ាងតិច ១,៧ លាននាក់បានស្លាប់ និងត្រូវបានសម្លាប់ក្នុងរយៈពេលជិតបួនឆ្នាំ។
ពួកខ្មែរក្រហមបានចុះចូលជាមួយរដ្ឋាភិបាលទាំងស្រុងនៅឆ្នាំ១៩៩៨ ក្រោយពីពួកគេចេញទៅតស៊ូក្នុងព្រៃម្តងទៀតដោយសារកងទ័ពវៀតណាមវាយផ្តួលរំលំអំណាចរបស់ពួកគេ។
កងទ័ពខ្មែរក្រហមភាគច្រើនស្ថិតក្នុងជួរក្របខណ្ឌជាកងទ័ពនិងត្រូវបញ្ចូលក្នុងដំបូលរបស់រដ្ឋាភិបាល។ រីឯមួយចំនួនទៀតបានចេញទៅប្រកបរបរផ្សេងៗ។
លោកមុំ មឿន មិនអាចស្ថិតក្នុងក្របខណ្ឌកងទ័ពឬជាក្របខណ្ឌយុទ្ធជនពិការបានទេដោយសារគាត់បានលាចាកពីកងទ័ពខ្មែរក្រហមមុនការចុះចូលរដ្ឋាភិបាល។
លោកបានស្វែងរកជំនួយផ្សេងៗពីអាជ្ញាធរប៉ុន្តែមិនបានសម្រេចហើយទីបំផុតមានតែមុខរបរសុំទានទេដែលសក្តិសមនឹងភាពពិការរបស់គាត់។
មន្ទីរសង្គមកិច្ចខេត្តបាត់ដំបងមិនអាចស្វែងរកទំនាក់ទំនងបានទេ។ រីឯលោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តបាត់ដំបងមិនអាចស្វែងរកសេចក្តីអត្ថាធិប្បាយជុំវិញស្ថានភាពអតីតកងទ័ពខ្មែរក្រហមបានទេដោយសារទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល៕