ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ចងចាំ​ពី​អៀង​សារី​ថា​ជា​អ្នក​សេ្នហាជាតិ​


សព​របស់​អៀង​ សារី​ ត្រូវ​តម្កល់​នៅ​ផ្នែក​ផ្ទាល់​ដី​ក្នុងផ្ទះ​ឈើ​ថ្ម​ក្រោម​មួយ​ដែល​អតីតជន​ជាប់ចោទ​រូប​នេះ​បាន​សង់​បាន​សាងសង់​នៅ​ឆ្នាំ​១៩៩០។​
សព​របស់​អៀង​ សារី​ ត្រូវ​តម្កល់​នៅ​ផ្នែក​ផ្ទាល់​ដី​ក្នុងផ្ទះ​ឈើ​ថ្ម​ក្រោម​មួយ​ដែល​អតីតជន​ជាប់ចោទ​រូប​នេះ​បាន​សង់​បាន​សាងសង់​នៅ​ឆ្នាំ​១៩៩០។​
ស្រុកម៉ា​ឡៃ​-​បន្ទាយ​មាន​ជ័យ​៖

នៅ​ក្នុង​ទីធ្លា​នៃ​ដី​ឡូត៍​ដ៏​ធំ​មួយ​ នៃ​ភូមិ​ដូង​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ នៃ​ខេត្ត​បន្ទាយមានជ័យ​ប្រជា​ពលរដ្ឋ​បាន​មក​ចូលរួម​ពិធី​បុណ្យសព​អតីតជន​ជាប់ចោទ​អៀង​ សារី​ ជា​ក្រុម​តូចៗ​បន្ត​កន្ទុយ​គ្នា។​
​អៀង​ សារី​ ដែល​បាន​ស្លាប់​នៅ​អាយុ​៨៧​ឆ្នាំ​កាលពី​ថ្ងៃ​ទី​១៤​ខែ​មិ​នា​ក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​ពេល​ដែល​សំណុំរឿង​០០២​កំពុង​ស្ថិត​ក្រោម​ការ​កាត់ទោស​ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម។​

សព​របស់​អៀង​ សារី​ ត្រូវ​តម្កល់​នៅ​ផ្នែក​ផ្ទាល់​ដី​ក្នុងផ្ទះ​ឈើ​ថ្ម​ក្រោម​មួយ​ដែល​អតីតជន​ជាប់ចោទ​រូប​នេះ​បាន​សង់​បាន​សាងសង់​នៅ​ឆ្នាំ​១៩៩០។​

លោក​អៀង​ វុ​ធ​ កូនប្រុស​របស់​អៀង​ សារី​ មាន​ប្រសាសន៍​ដោយ​ចុងមាត់ចុងក​ ថា​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ម៉ា​ឡៃ​ជា​ច្រើន​បាន​មក​ចូលរួម​បុណ្យសព​ឱ​ពុក​របស់​លោក។​

លោក​អៀង​ វុ​ធ​ បច្ចុប្បន្ន​គឺជា​អភិបាលរង​ខេត្ត​ប៉ៃលិន។​

«​មាន​មនុស្ស​មក​ច្រើន​ទើប​តែ​ស្ងាត់​នៅ​ថ្ងៃ​នេះទេ។ មនុស្ស​មក​ច្រើន​ជា​ពិសេស​មក​ពី​កម្ពុជា​ក្រោម​ដែរ»។​

អ្នកចូលរួម​ពិធី​បុណ្យសព​លោក​អៀង​ សារី​ ភាគច្រើន​គឺជា​អតីត​កម្មាភិបាល​និង​យុទ្ធ​ជន​ខ្មែរក្រហម។​
​ក៏​ប៉ុន្តែ​គេ​មិន​អាច​ធ្វើការ​បែងចែក​ណាមួយ​បាន​ឡើយ។​ ពួក​គេ​ស្លៀក​ពាក់អាវ​ស​ និង​ខ្លះ​មាន​បង់ក​ ក្រមា។​

លោក​ភី​ ភួ​ន​ អតីត​អភិបាលរង​ស្រុក​ម៉ា​ឡៃ​និង​ជា​មនុស្ស​ជំនិត​របស់​អៀង​ សារី​ ដែល​កាន់កាប់​កិច្ចការ​រដ្ឋបាល​នៃ​ក្រសួង​ការបរទេស​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។​

អង្គុយ​ក្រោម​រោង​ទទួលភ្ញៀវ​ជាប់​នឹង​ផ្លូវ​ចូល​ផ្ទះ​សព​ លោក​ចាត់​ទុក​អៀង​ សារី​ គឺជា​មេដឹកនាំ​ម្នាក់​ដែល​ស្នេហា​ជាតិ។​

«ខ្ញុំ​ស្គាល់​គាត់​តាំងពី​ឆ្នាំ​១៩៦៧​ហើយ​បាន​រស់នៅ​ក្រោម​គាត់​រហូត។​ អីចឹង​ខ្ញុំ​សោកស្តាយ​ណាស់។​ ខ្ញុំ​សោកស្តាយ​អ្នកដឹកនាំ​មួយ​រូប​ដែល​មាន​ទស្សនៈ​គោល​ជំហ​ស្នេហា​ជាតិ​ ស្នេហា​ប្រជាជន​ដ៏​មោះ​
​មុត​បំផុត​ហើយ»។​

ម៉ា​ឡៃ​ស្ថិត​នៅ​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​ក្រុងប៉ៃលិន​គឺ​នៅ​ទីនោះ​ នៅ​ខែ​សីហា​ ឆ្នាំ​១៩៩៦​ អៀង​ សារី​ បាន​ដឹកនាំ​កងទ័ព​ខ្មែរក្រហម​រាប់​ពាន់​នាក់​និង​មេ​ទ័ព​ខ្មែ​ក្រហម​ពីរ​រូប​សំខាន់ៗ​គឺ​លោក​សុខ​ ភាព​ និង​លោក​អ៊ី​ ឈាន​ ចុះចូល​ជាមួយ​រដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​មានការ​មិន​ពេញចិត្ត​ពី​ខៀវ​ សំ​ផ​ន​ អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​និង​នួន​ ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម។​ ក្នុង​ចំណោម​កង​ទ័ព​ដែល​ចុះចូល​ មាន​កងទ័ព​ខ្មែរក្រហម​ពី​តំបន់​ម៉ា​ឡៃ​ជាង​៣.០០០​នាក់។​

លោក​ភី​ ភួ​ន​ សម្លឹង​ទៅ​មើល​កន្លែង​តម្កល់សព​របស់​អៀង​ សារី​ហើយ​និយាយ​ថា​អៀង​ សារី​ បាន​ចូលរួម​នាំ​មក​នូវ​សន្តិភាព​សម្រាប់​កម្ពុជា។​

«ពី​ឆ្នាំ​១៩៧៩​មក​ដល់​១៩៩៦​រឿង​ផ្ទៃក្នុង​របស់​យើង​គឺ​ឆ្នាំ​១៩៩៦​ គាត់​នាំ​ចលនា​ផ្តាច់ខ្លួន​កម្លាំង​នៅ​ម៉ា​ឡៃ​និង​នៅ​ប៉ៃលិន​មុនគេ​ អីចឹ​ង​បាន​មាន​សន្តិភាព​រាល់ថ្ងៃ​នេះ។​ នៅ​ទី​នេះ​គេ​ចាត់ទុកជា​រាជធានី​សម្ងាត់​មួយ។​ព្រះករុណា​(​សីហ​នុ​)​មក​ជូន​សារ​តាំងនៅ​ទី​នេះ»​។​

អៀង​ សារី​ មាន​ដើម​កំណើត​នៅ​ដែនដី​កម្ពុជា​ក្រោម​គឺជា​បញ្ញា​ជន​មួយ​រូប​ដែល​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង​ជាមួយ​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដទៃ​ទៀត។​ អៀង​ សារី​ បាន​ចូល​ព្រៃម៉ាគី​ ជាមួយ​ប៉ុ​ល​ ពត​ មេ​ស្ថាបនិក​របប​ខ្មែរក្រហម​ក្នុង​ទស​វត្សរ៍​ឆ្នាំ​១៩៦០​និង​បាន​ឡើង​កាន់​អំណាច​ផ្តួលរំលំ​របប​លោក​សេនាប្រមុខ​លន់​ នល់​ នៅ​ថ្ងៃ​ទី​១៧​ខែមេសា​ឆ្នាំ​១៩៧៥។​ នៅ​ពេល​នោះ​អៀង​ សារី​ បាន​ឡើង​ធ្វើ​ជា​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស។​

ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​អតីត​កង​ទ័ព​ខ្មែរក្រហម​មិន​អាច​លាក់បាំង​មនោសញ្ចេតនា​របស់​ខ្លួន​ចំពោះ​អតីតជន​ជាប់ចោទ​អៀង​ សារី​ បាន​ទេ។​

លោក​ស៊ូ​ យ៉ា​ន​ អតីត​កងទ័ព​ខ្មែរក្រហម​ម្នាក់​។​ ឆ្នាំ​នេះ​អាយុ​៤៩​ឆ្នាំ​។​ លោក​ស៊ូ​ យ៉ា​ន​ ជា​អ្នកលក់​គ្រឿង​អេ​ឡិកត្រូ​និក​នៅ​ផ្សារ​ម៉ា​ឡៃ​ដែល​ស្ថិត​នៅ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ពី​ផ្ទះ​បុណ្យសព​របស់​អៀង​សារី។​

លោក​រើ​ថាស​ចម្រៀង​បណ្តើរ​រៀបរាប់​បណ្តើរ។​

«​សោកស្តាយ​ដែរ​តែ​ជំងឺ​របស់​គាត់​ចាស់​។​ ប្រជាជន​នៅ​ទី​នេះ​ គាត់​(​យល់​ថា​អៀង​ សារី​)​ ជា​មនុស្ស​ល្អ​ដែរ​។​ គាត់​ជួយ​ដោះស្រាយ​ដូច​ក្នុង​នេះ​បើ​គាត់​មិន​ធ្វើ​សមាហរណកម្ម​ទេ​មិន​អាច​លក់​ទី​នេះ​ដែរ។​ មិន​ដឹង​ស្លាប់​ឬ​រស់។​ គាត់​ចេះ​ដូរ​ផែនការ​ ចេះ​សមាហរណកម្ម​ ធ្វើ​ឲ្យ​យើង​មាន​កន្លែង​រស់នៅ​ មានផ្ទះ​នៅ»​។​
​សព​របស់​អៀង​ សារី​ នឹង​ត្រូវ​បូជា​នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ទី​២១​ខែ​មិ​នា។​
​ក្រុម​ប្រជាពលរដ្ឋ​ដែល​មិនមែន​ជា​អតីត​យុទ្ធ​ជន​និង​អ្នកដឹកនាំ​ជួរ​ខ្មែរក្រហម​មិនសូវ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ​។​

អ្នកស្រី​អ៊ូច​ ស្រី​ កំពុង​បូមទឹក​នៅ​ភូមិ​ថ្មី​ ដែល​ជា​ភូមិ​មួយ​ស្ថិត​នៅ​ជិត​ជាប់​នឹង​ផ្សារ​ម៉ា​ឡៃ​។​

«​គាត់​ចំណាស់​នេះ​ហើយ​ ស្លាប់​ទៅ​មិនដឹង​ធ្វើ​ម៉េច​។​ យើង​មិន​បាន​រស់នៅ​ជាមួយ​គាត់​ អារម្មណ៍​យើង​ធម្មតា»​។​

អ្នកស្រី​អ៊ូច​ ស្រី​ មក​ពី​ខេត្តតាកែវ​ ដើម្បី​តាំង​លំនៅ​ក្នុងស្រុក​ម៉ា​ឡៃ​កាលពី​ឆ្នាំ​២០០៧។​
​បុរស​ចំណូល​ថ្នី​ម្នាក់​ទៀត​អធិប្បាយ​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​ដឹក​ទឹក​ដោយ​ដាក់​ប៊ីដុ​ង​មួយ​នៅ​លើ​កង់​របស់​គាត់។​

«​ខ្ញុំ​ចង់​និយាយ​មួយ​ម៉ាត់​ថា​អ៊ុំ​អៀង​ សារី​ ចាត់​ទុក​ថា​ជា​សំណាង​ចុះ​។​ អភ័ព្វ​បំផុត​ តា​ពត​ (​ប៉ុ​ល​ ពត​)​ អត់​បាន​ធ្វើបុណ្យ​នឹង​គេ​ទេ»។​

ទោះជា​ប្រតិកម្ម​របស់​ក្រុម​ប្រជាពលរដ្ឋ​មិនសូវ​ដូច​គ្នា​។​ ក៏​ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​ទាំង​អ្នក​ចំណូល​ថ្មី​ ទាំង​អតីត​កង​ទ័ព​ខ្មែរក្រហម​ដែល​ត្រូវ​បាន​ជួប​សម្ភាស​និយាយ​ថា​ពួក​គេ​បាន​ទៅ​បុណ្យសព​អតីតជន​ជាប់ចោទ​អៀង​ សារី​ និង​និយាយ​ថា​នឹង​ទៅ​ទៅ​ចូលរួម​ពិធី​រំលាយសព​រូប​គាត់​នៅ​ថ្ងៃ​ល្ងាច​ថ្ងៃ​ព្រហស្ប​តិ៍។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ ភរិយា​អៀង​ សារី​ គឺ​អៀង​ ធី​រីទ្ធ​ គ្រោង​នឹង​ត្រូវ​គេ​នាំ​ឲ្យ​ទៅ​ចូលរួម​ពិធីបុណ្យ​ចុង​ក្រោយ​នេះ​ដែរ​។
​អៀង​ ធី​រីទ្ធ​ ក៏​ជា​ជនជាប់ចោទ​ម្នាក់​ដែរ​ក្នុង​សំណុំរឿង​ ០០២​ប៉ុន្តែ​ត្រូវ​ដោះ​លែង​មក​វិញ​ក្រោយ​គ្រូពេទ្យ​រក​ឃើញ​ថា​គាត់​មាន​ជំងឺ​វង្វេងវង្វាន់​ធ្ងន់ធ្ងរ​៕
XS
SM
MD
LG