ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប. នៅថ្ងៃសុក្រនេះ បានប្រកាសថា ក្នុងរយៈពេល២១មួយថ្ងៃកន្លងទៅនេះ មានប្រជាពលរដ្ឋដែលបានមកចុះឈ្មោះថ្មីមានចំនួនជាង៤០ម៉ឺននាក់និងបានលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតប្រមាណជាង១សែននាក់។
លោកម៉ៅ សុភារិទ្ធ សមាជិកនៃគ.ជ.ប. បាននិយាយថា បើទោះបីមានភ្លៀងធ្លាក់រំខានដល់ដំណើរការចុះឈ្មោះបោះឆ្នោតក៏ដោយ ក៏ការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងល្អ។
លោកបានបញ្ជាក់ថា មានខេត្តមួយចំនួនបានលិចលង់ដោយសារទឹកជំនន់ ដូចជាខេត្តបាត់ដំបង មានពីរឃុំ ខេត្តបន្ទាយមានជ័យមាន៧ឃុំ ខេត្តសៀមរាប១១ឃុំ សង្កាត់ ក៏ប៉ុន្តែមិនប៉ះពាល់ដល់ការពិនិត្យនិងចុះឈ្មោះបោះឆ្នោតទេគឺការិយាល័យចុះឈ្មោះបោះឆ្នោតនៅតែប្រព្រឹត្តទៅជាធម្មតា។
«អ្នកចុះឈ្មោះថ្មីបានចំនួន៤០៤៧៣៨នាក់ស្មើនឹង៦៥,៣២ភាគរយនៃចំនួនប៉ាន់ស្មាន៦១៩៦៣០នាក់»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសជូនដំណឹងដល់ពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំឡើងទៅត្រូវតែទៅចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី១២ខែតុលាខាងមុខនេះ។
លោកទេព នីថា អគ្គលេខាធិការនៃគ.ជ.ប.បាននិយាយថា គ.ជ.ប.បានត្រៀមលក្ខណៈសម្រាប់ចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតក្នុងករណីមានទឹកជំនន់តាមឃុំសង្កាត់។ លោកបានអះអាងថា រហូតមកដល់ពេលនេះមាន៤២ឃុំ នៅក្នុងខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំដែលត្រូវបានទឹកជនលិច។ ក៏ប៉ុន្តែទឹកជំនន់នៅតាមដងទន្លេមេគង្គពុំទាន់មានការរំខានដល់ការពិនិត្យនិងចុះឈ្មោះបោះឆ្នោតទេ។
«យើងមានការពិសោធន៍ ដូចកាលពីមុនដែរក្នុងករណីដែលមានការរំខានដល់ទឹកជំនន់ហ្នឹងវាច្រើន វាធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះនោះ គ.ជ.ប.នឹងពិចារណទៅតាមភាពជាក់ស្តែងនៃទឹកជំនន់នោះ ហើយការថែមថយយ៉ាងណានោះគឺយើងនឹងផ្តល់ព័ត៌មាននាពេលខាងមុខ»។
ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ប្រទេសកម្ពុជាបានទទួលរងនូវឥទ្ធិពលសម្ពាធទាបដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃទី២៣ខែកញ្ញាខាងមុខនេះនិងមានខេត្តចំនួន១៤បានទទួលរងនូវផលប៉ះពាល់នៃទឹកភ្លៀង។
កញ្ញាគង់ រ៉ាវីន អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលមានឈ្មោះថា Comfrel បាននិយាយថា យើងបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួនក្នុងការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតដូចកាលពីឆ្នាំ២០១១ដែរ។ កញ្ញាបាននិយាយថា ភាពមិនប្រក្រតីនោះគឺមានជាប់ពាក់ព័ន្ធនឹងមន្ត្រីចុះឈ្មោះមកយឺតពេល និងមានឃុំសង្កាត់ខ្លះអត់បានបិទបញ្ជីឈ្មោះដើម្បីមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ។
«យើងបានរកឃើញមានភាពមិនប្រក្រតីដែរដែលបានកើតឡើង ដូចជាខេត្តរតនៈគីរី ពាក់ព័ន្ធថា មានឮថា មានស្មៀនយកលុយពីប្រជាពលរដ្ឋក្នុងការចុះឈ្មោះ តែបានបកស្រាយថា ជាការយកធ្វើអត្តសញ្ញាណបណ្ណវិញ»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំបោះឆ្នោតជាសកលអណត្តិទី៥នៅក្នុងអំឡុងខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ៕