ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ថ្មី​សង្ឃឹម​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ទូទៅ​ឆ្នាំ​២០១៣


លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
ភ្នំពេញ៖ «ចាប់​ពី​ពេលនេះ​ទៅ​យើង​មាន​សេចក្ដីសង្ឃឹម​ហើយ​ថា​នឹង​មាន​ការផ្លាស់ប្តូរ​នៅក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខនេះ»។ នេះ​ជា​សម្តី​របស់​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​នឹង​បង្កើត​ថ្មី។
នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​កូនកាត់​របស់ខ្លួន​គឺ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​អង្គារ​នេះ លោក​សម រង្ស៊ី បាន​បង្ហាញ​សង្ឃឹម​ពី​ជ័យជម្នះ​នៅ​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​នេះហើយ​ឈានទៅ​ប្តូរ​របប​គ្រប់គ្រង​បច្ចុប្បន្ន​របស់​លោក​នាយ​ក​រដ្ឋមន្ដ្រី​ហ៊ុន សែន ដែល​លោក​រិះ​គន់​ជាច្រើន។
«មួយ​ទល់​នឹង​មួយ​នេះ​នឹង​នាំ​មក​នូវ​ការផ្លាស់ប្តូរ​ជា​ពុំខាន​ពីព្រោះ​នៅ​ក្នុង​ពិភពលោក​គ្រប់​ប្រទេស​ទាំងអស់​បទពិសោធន៍​បង្ហាញ​ឲ្យ​ឃើញ​ថា ពេលណា​កម្លាំង​ប្រជាធិបតេយ្យ​រួបរួមគ្នា​ជា​ធ្លុង​មួយពេល​នោះ​កម្លាំង​ប្រជាធិបតេយ្យ​នឹង​ដណ្តើមយក​ជ័យជម្នះ​លើ​ពួក​ផ្តាច់ការ​ជាពុំខាន»។
កម្ពុជា​គ្រោង​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ២០១៣។
លោក​សម រង្ស៊ី ក្នុង​ពេលនេះ​កំពុងស្ថិត​ក្នុង​ការ​និរទេស​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ក្រៅ​ប្រទេស។ លោក​បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​របស់លោក​តាម​ប្រព័ន្ធ​ស្កៃផ (Skype)ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន។
គណបក្សជំទាស់​ដ៏​ធំជាងគេ​ចំនួន​ពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់លោក​កឹម សុខា បាន​ព្រមព្រៀង​គ្នា​បង្កើត​គណបក្ស​រួមមួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ដោយ​សំដៅ​ផ្តួល​ការ​ដឹកនាំ​សព្វថ្ងៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន ដែល​កាន់​អំណាច​រយៈពេល​ជាង៣០​ឆ្នាំ​មកហើយ។
ក៏ប៉ុន្តែ​ជា​ញឹកញយ​មន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា គណបក្ស​ខ្លួន​មិនមាន​ការ​ព្រួយបារម្ភ​ពី​វត្តមាន​គណបក្ស​ប្រជែង​ថ្មី​នេះ​ទេ ហើយ​គណបក្ស​ប្រជាជន​នៅតែ​សង្ឃឹមលើ​ជ័យជម្នះ​របស់​ខ្លួន។
លោក​សម រង្ស៊ី ត្រូវ​តែងតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ រីឯ​លោក​កឹម សុខា ត្រូវ​តែងតាំង​ជា​អនុប្រធាន​គណបក្ស​បង្រួបបង្រួម​គ្នា​នេះ។ លោក កឹម សុខា មាន​ប្រសាសន៍​នៅ​ទីក្រុង​ភ្នំពេញ​ថា ឆ្នាំ​២០១៣ នឹង​ក្លាយ​ជា​ការបោះឆ្នោត​មួយ​ដែលមាន​អត្ថន័យ។
«នេះ​ជាការ​ប្រកួត​មួយ​ដ៏​អស្ចារ្យ។ ព្រឹត្តិការណ៍​នឹង​កើត​មាន​នៅ​ឆ្នាំ២០១៣។ នយោបាយ​យើង​ខ្មែរ​តែមួយ​នយោបាយ​យើង​សង្គ្រោះ​ខ្មែរ»។
នៅ​ក្នុង​ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ឡើយ។ លោក​សម រង្ស៊ី បាន​ប្រកាស​ថា លោក​ទើប​នឹង​ចុះ​ហត្ថលេខា​លើ​បញ្ជី​ស្នាម​មេដៃ​សមាជិក​គាំទ្រ​ចំនួន៥.០០០​នាក់​កាលពី​ថ្ងៃ​ច​ន្ទ​ម្សិលមិញ​នេះ។ តាម​ច្បាប់​បោះឆ្នោត​នៃ​ប្រទេស​កម្ពុជា ការបង្កើត​គណ​បក្សនយោបាយ​ត្រូវមាន​សមាជិក​គាំទ្រ​ដោយ​ស្នាម​មេដៃ​យ៉ាងតិច​ចំនួន​៤.០០០នាក់។ លោក​សម រង្ស៊ី មាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រមូល​សមាជិក​ឲ្យ​បាន​៥​លាន​នាក់​ពី​ពេលនេះ​រហូត​ដល់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ។ គណបក្ស​ប្រជាជន​កម្ពុជា ​ក៏​បាន​អះអាង​ដូចគ្នា​នៅ​ក្នុង​ពេលនេះ​ថា ខ្លួន​មាន​សមាជិក​ចំនួន​៥លាន​នាក់​រួច​ទៅ​ហើយ​ដែរ៕
XS
SM
MD
LG