ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​ពហិការ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​


ក្រសួង​មហាផ្ទៃ​បាន​ចា្រន​ចោល​ការ​ទាម​ទារ​របស់​គណ​បក្ស​ប្រឆាំង​នេះ​ ដោយ​បាន​ស្នើ​សុំ​​ឲ្យ​​ធ្វើ​ការ​កំណែ​ទម្រង់​​សមាសភាព​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ហៅ​កាត់​ថា ​គ.ជ.ប.។​

ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បង្កើត​ឡើង​ដោយ​គណ​បក្ស​ប្រឆាំង​ចំនួន​ពីរ​គឺ​គណ​បក្ស​សិទ្ធិ​មនុស្ស​និង​គណ​បក្ស​សម រង្ស៊ី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ព្រមាន​ថា ​ខ្លួន​កំពុង​ពិចារណា​ថា​ នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​បោះ​ឆ្នោត​ជា​សកល​ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​អំឡុង​ខែ​កក្ក​ដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ទេ។​

ការ​ប្រកាស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​បាន​ចា្រន​ចោល​ការ​ទាម​ទារ​របស់​គណ​បក្ស​ប្រឆាំង​នេះ​ ដោយ​បាន​ស្នើ​សុំឲ្យធ្វើ​ការ​កំណែ​ទម្រង់សមាសភាព​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ហៅ​កាត់​ថា ​គ.ជ.ប.។​

គណ​បក្ស​ប្រឆាំង​ធ្លាប់​បាន​រិះ​គន់​ថា ​គ.ជ.ប.​មិន​ព្យាក្រិត្យ​ លំអៀង​និង​មាន​និន្នាការ​បម្រើ​ផល​ប្រយោជន៍​នយោ​បាយ​ឲ្យគណ​បក្ស​គ្រប់​គ្រង​អំណាច​ដែល​ជា​ដើម​ចម​មួយ​ធ្វើឲ្យគណ​បក្ស​នេះ​តែង​តែ​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី។​

មន្ត្រី​គណ​បក្ស​សម រង្ស៊ី​និង​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន​បួន​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចូល​ជួប​ពិភាក្សា​គ្នាជា​មួយ​លោក​ព្រំ សុខា ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ពិភាក្សា​លើ​ខ្លឹម​សារ​នៃ​ការ​ទាម​ទារ​ឲ្យមាន​កំណែ​ទម្រង់គ.ជ.ប.។​

បន្ទាប់​ពិភាក្សា​អស់​រយៈ​ពេល​ពីរ​ម៉ោង​ លោក​ព្រំ សុខា​បាន​រៀប​ចំ​សន្និសីទ​កាសែត​មួយ​ដោយ​ឥត​ព្រាង​ទុក​ថា​ ក្រសួង​មហា​ផ្ទៃ​មិន​យល់​ព្រម​តាម​ការ​ទាម​ទារ​របស់​គណ​បក្ស​ទាំង​ពីរ​ឲ្យកំណែ​ទម្រង់គ.ជ.ប.​ទេ។​

លោក​បាន​លើក​ហេតុ​ផល​ដែល​មិន​អាច​កំណែ​ទម្រង់គ.ជ.ប.​ដោយ​សារ​ខា្លច​ក្រែង​ការ​បោះ​ឆ្នោត​ជាប់​គាំង​ អស្ថិរ​ភាព​នយោ​បាយ​ អស្ថិរ​ភាព​សង្គម​ និង​ អស្ថិរ​ភាព​សន្តិសុខ។​
«យើង​និយាយ​មួយ​ម៉ាត់​ថា ​គាំង​ហើយ។​ ហើយ​បើ​គាំង​ហើយ​ មិនមែន​មាន​ន័យ​ថា​ ជាជោគ​ជ័យ​របស់​អ្នក​ណា​មួយ​ទេ។​ ប្រជា​ពលរដ្ឋ​លោក​អត់​យល់​ថា​ ហេតុ​អ្វី​បាន​ជា​គាំង ​បើ​ការ​បោះ​ឆ្នោត​(ឃុំ​សង្កាត់)​ឆ្នាំ​២០១៣​ទើប​បោះ​ឆ្នោត​ថ្មីៗ​សោះ?»។​

លោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​ចលនា​ប្រជា​ធិបតេយ្យ​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា ​ប្រជា​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ជាង​១​លាន​៥​សែន​នាក់​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។​

លោក​បាន​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌​ ហើយ​អាច​ទទួល​យក​បាន​ទេ​ បើ​មិន​មាន​ការ​កំណែ​ទម្រង់​គ.ជ.ប.។​
លោក​បាន​បញ្ជាក់​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​ពិចារណា​ថា​ តើ​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត ​ឬ​ក៏​យ៉ាង​ណា​ បើ​ការ​បោះ​ឆ្នោត​យើង​បាន​ដឹង​លទ្ធផល​រួច​ជា​ស្រេច​ តាំង​ពី​ការ​រៀប​ចំ​ដំបូង​រហូត​ដល់​ការ​ប្រកាស​លទ្ធផល។​

«បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​គ្មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​ដោយត្រឹម​ត្រូវ​ និង​យុត្តិធម៌ ​ដែល​រៀប​ចំ​ដោយ​មេដឹក​នាំ​ផ្តាច់​ការ​មួយ​ចំនួន ​នៅ​ទី​បញ្ចប់​ វា​កើត​ឡើង​នូវ​វិបត្តិ​សង្គម​ វា​មាន​អំពើ​ហិង្សា ​វា​មាន​ការ​បង្ហូរ​ឈាម​ ដែល​យើង​ប្រជា​ពលរដ្ឋ​ខ្មែរ​ចង់​ចៀស​វាង​ ហើយ​យើង​ខ្ញុំ​ជា​គណ​បក្ស​ជំ​ទាស់​ទាំង​ពីរ​នេះ​ក៏​ចង់​ចៀស​វាង​បំផុត​នូវ​អំ​ពើ​ហិង្សា​ដែរ»។​

លោក​គុល បញ្ញា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ខុម​ហ្វ្រែល​ បាន​និយា​ថា ​ក្នុង​ដំណើរ​ការ​កំណែ​ទម្រង់​គ.ជ.ប.​ គណបក្ស​នយោ​បាយ​គួរ​តែ​មាន​ការ​ជជែក​និង​ធ្វើ​ការ​ស្រុះ​ស្រួល​គ្នា​ទៅ​ ពីព្រោះ​បញ្ហា​នេះ​សំខាន់ណាស់​ដើម្បី​ឲ្យដំណើរ​ការ​បោះ​ឆ្នោត​មាន​ការ​ទុក​ចិត្ត​ពី​អ្នក​ប្រកួត​ប្រជែង។​

«ធ្វើ​យ៉ាង​ណា​ឲ្យគណបក្ស​នយោ​បាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ស្រុះ​ស្រួល​គ្នា​ទៅ​ថា​ តើ​ចង់​បាន​គ.ជ.ប.​របៀប​ម៉េច? ​របៀប​រើស​យ៉ាង​ម៉េច​ឲ្យមាន​តម្លាភាព​ ​ហើយ​ឲ្យមាន​ការ​ស្រុះ​ស្រួល​គ្នា​ទៅ ​ពី​ព្រោះ​អ្នក​ប្រកួត​ហ្នឹង​គឺ​អ្នក​ដែល​ត្រូវ​ពិនិត្យ​មើល​សមា​សភាព​ស្ថាប័ន​គ.ជ.ប.»។​
សមាស​ភាព​គ.ជ.ប.​បច្ចុប្បន្ន​នេះ​មាន​ចំនួន​១១​រូប​ ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG