បន្ទាប់ពីជួបប្រជុំជាមួយនឹងមន្ត្រីរដ្ឋាភិបាលនៅក្រសួងការបរទេសនៅថ្ងៃច័ន្ទនេះ លោកចូសេហ្វ យន់ (Josep Yun) ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបាននិយាយថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ាគ្រោងនឹងមកកាន់ប្រទេសកម្ពុជានៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចំណែកឯលោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន គ្រោងនឹងមកកាន់ប្រទេសកម្ពុជាក្នុងអំឡុងខែកក្កដា។
លោក យន់បានបន្ថែមទៀតថា៖
«យើងបានជួបពិភាក្សាអំពីការរៀបចំនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុននេះ។ ហើយយើងរំពឹងថាលោកស្រីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងមកកាន់ប្រទេសកម្ពុជានៅក្នុងអំឡុងខែកក្កដាហើយលោកប្រធានាធិបតីមកក្នុងអំឡុងខែវិច្ឆិកា»។
ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានមួយនៅទីក្រុងភ្នំពេញនៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះដែលគេរំពឹងថានឹងមានការចូលរួមពីបណ្តាប្រទេសមហាអំណាចខាងផ្នែកលូតលាស់សេដ្ឋកិច្ចសំខាន់ៗ ដែលរួមមានសហរដ្ឋអាមេរិក ប្រទេសចិន ឥណ្ឌា ជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម។
មុនកិច្ចប្រជុំអាស៊ានមកដល់លោកឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានមកកាន់ប្រទេសកម្ពុជា ដើម្បីជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ អំពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក។
បន្ទាប់ពីជំនួបអស់រយៈពេលជិតមួយម៉ោងនៅឯក្រសួងការបរទេសលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងប្រាប់អ្នកកាសែតថាដំណឹងនៃការចូលរួមប្រជុំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបង្ហាញឲ្យឃើញពីការរីកចម្រើនយ៉ាងល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក។
លោក អ៊ុច បូរិទ្ធ បានមានប្រសាសន៍ទៀតថាលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅឯសហរដ្ឋអាមេរិកនៅក្នុងអំឡុងខែមិនាខាងមុខនេះ។
«ដោយឡែកអំពីបញ្ហាទ្វេភាគី យើងក៏បានពិភាក្សាផងដែរអំពីបញ្ហា Lower Mekong Incentive។ គឺគេហៅថាកិច្ចផ្តួចផ្តើមគឺថាមេគង្គក្រោមក្នុងនោះគឺបញ្ហាការឧបត្ថម្ភជំនួយរបស់សហរដ្ឋអាមេរិកជាពិសេសក្នុងការអនុវត្តដែលគេហៅថាផែនការសកម្មភាពដើម្បីអភិវឌ្ឍប្រទេសនៅក្នុងតំបន់ Lower Mekong ហើយបេក្ខភាពរបស់ Myanmar»។
លោក ចូសេហ្វ យន់ បានមកទស្សនកិច្ចប្រទេសកម្ពុជានៅថ្ងៃច័ន្ទនេះ ហើយលោកនឹងចាកចេញពីកម្ពុជានៅព្រលប់ថ្ងៃដដែលនេះដើម្បីបន្តបំពេញទស្សនកិច្ចរបស់លោកក្នុងប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោកយន់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅឯក្រសួងការបរទេស។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ចូសេហ្វ យន់ មកកាន់ប្រទេសកម្ពុជាលើកនេះលោកបានជួបពិភាក្សាជាមួយនឹងមន្ត្រីក្រសួងការបរទេស និងមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។
លោក អ៊ុច បូរិទ្ធ បានបញ្ជាក់ថាក្នុងជំនួបជាមួយនឹងមន្ត្រីក្រសួងការបរទេសកាលពីព្រឹកថ្ងៃច័ន្ទក៏បានលើកឡើងពីបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកផងដែរ។
«បំណុលអាមេរិកគឺឯកឧត្តមយន់ បានពិភាក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីព្រឹកម៉ិញហើយលោកក៏បានសង្ខេបឲ្យខ្ញុំបន្តិចដែរគឺថាមានការយល់គ្នាច្រើន ហើយក៏មានការហៅថាបំភ្លឺនូវចំណុចខ្លះដែលភាគីទាំងសងខាងបន្តពិចារណាថែមទៀត ហើយលោកមានការសប្បាយចិត្តណាស់ដោយសារតែយើងបានចាប់ផ្តើមក្នុងការពិភាក្សាបញ្ហាហ្នឹង។ ហើយសង្ឃឹមខិតខំធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់»។
ប្រទេសកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកជាង៣០០លានដុល្លារសហរដ្ឋអាមេរិកក្នុងរបបលន់ នល់ កាលពីអំឡុងទសវត្សរ៍ទី៧០។ ប្រទេសកម្ពុជាបានទទូចឲ្យសហរដ្ឋអាមេរិកលុបចោលបំណុលទាំងនេះ ក៏ប៉ុន្តែសហរដ្ឋអាមេរិកកំពុងតែពិចារណានៅឡើយ៕