ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មករ​ធ្វើ​កូដកម្ម​តិច​ជាង​គម្រោងរបស់​សហជីព

  • ហេង រស្មី

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​​បាន​ចាប់​ផ្តើម​តវ៉ា​ ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ​ចាប់តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​មកម្ល៉េះ។​ ការ​តវ៉ា​បាន​រីករាល​ដាល ​ដោយ​សារ​រដ្ឋា​ភិបាល​ និង​ថៅ​កែ​រោងចក្រ​មិន​យល់​ព្រម​តាម​សំណើ​របស់​ពួក​គេ។​ ហើយ​នៅ​ទីចុង​បំផុត​រដ្ឋា​ភិបាល​បាន​សម្រេច​ចិត្ត​បាញ់​បង្រ្កាប​ហ្វូង​បាតុករ។​
ការ​ចាប់​ផ្តើម​ធ្វើ​កូដកម្មថ្ងៃដំបូង​របស់​ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មិន​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​ពុធ​នេះ​មាន​ចំនួន​តិច​តួច​ បន្ទាប់​ក្រុម​សហជីព​ទាំង​១៨​មាន​ជំហរ​ផ្ទុយ​គ្នា​ទាក់​ទិន​នឹង​ការ​ដឹកនាំ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើងប្រាក់​បៀវត្ស​ និង​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​ និង​សមាជិក​សហជីព​ចំនួន​២១​នាក់​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​នាគារ​ម៣​ ខេត្ត​កំពង់ចាម។​

មេ​ដឹកនាំ​សហជីព​កម្មករ​ចំនួន​១៨បាន​បោះ​ខិតប័ណ្ណ​ជា​ច្រើន​សន្លឹក​ប្រកាស​កៀង​គរ​ឲ្យ​ក្រុម​កម្មករ​នៅ​តាម​បណ្តា​រោង​ចក្រ​នានា​ ​ធ្វើ​កូដកម្ម​ មិន​ចូល​ធ្វើ​ការ​ចំនួន​បី​ថ្ងៃ​គឺចាប់​ពី​ថ្ងៃទី​១២​ ទី​១៣​ និង​ទី១៤​នេះ​ត​ទៅ​ ដើម្បី​ជា​ការ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​សហជីព​ចំនួន​២១​នាក់​ និង​ទាមទារ​ដំឡើងប្រាក់​បៀវត្សរ៍​ឲ្យ​បាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ។​

ការ​ប្រកាស​ធ្វើ​កូដកម្ម​របស់​មេ​ដឹក​នាំ​សហជីព​កម្មករ​ទាំង​១៨​នេះ​មិន​បាន​ជោគជ័យ​ទេ​ ​ដោយ​សារ​តែ​ការ​ប្រជុំ​កាលពី​ថ្ងៃ​អង្គារ​មាន​សហជីព​ចំនួន​១៥​មាន​ជំហរ​ផ្ទុយ​គ្នា​ថា ​នឹង​លើក​ពេល​ធ្វើ​កូដកម្ម​នេះ​ទៅ​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​វិញ។​ ដោយ​ឡែក​មាន​សហជីព​ចំនួន​៣​ប៉ុណ្ណោះ​ បូក​រួម​ទាំង​សមាគម​គ្រូ​បង្រៀន​ឯក​រាជ្យ​ផង​ បាន​បន្ត​ដឹក​នាំ​ធ្វើ​កូដកម្ម​តាម​ការ​កំណត់។

លោក​រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជាឯក​រាជ្យ មាន​ប្រសាសន៍ថា​ យ៉ាង​តិច​មាន​រោង​ចក្រ​ចំនួន​២០​បាន​ចូល​រួម​ធ្វើ​កូដកម្ម​ មិន​ចូល​ធ្វើការ​នៅ​ថ្ងៃ​ពុធ​នេះ។​ ក៏​ប៉ុន្តែ​ការ​ធ្វើ​កូដកម្ម​នេះ​មិន​មាន​ការ​បង្ក្រាបពី​កង​កម្លាំងមាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទេ។​

លោករ៉ុង ឈុន​មាន​ប្រសាសន៍ថា​ លោក​សម្រេចធ្វើ​បាតុកម្ម​នេះ​គឺ​ដោយ​សារ​តែ​លោក​មិន​ចង់​អូស​បន្លាយ​ពេល​ត​ទៅ​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​តំណាង​សហជីព​ និង​កម្មករ​ចំនួន​២១​នាក់​ ដែល​កំពុង​ជាប់​ឃុំនោះ ដើម្បី​ឲ្យ​ពួកគេមាន​សេរីភាព​វិញ។

លោក​និយាយ​ថា៖​«ជុំវិញ​បញ្ហា​ដែល​យើង​មិន​អាច​ពន្យារពេល​ជាមួយ​គេ​ហ្នឹង​ ព្រោះ​យើង​មិន​អាច​ឈរឱប​ដៃ​មើល​បង​ប្អូន​ទាំង​២១​នាក់​ដែល​រួម​មានលោក​វ៉ន់ ពៅ​ ដែល​កំពុង​ដង្ហោយ​ហៅ​យើង​ឲ្យ​ជួយ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គាត់។​ ហើយ​ក៏យើង​មើល​ឃើញ​បញ្ហា​ជីវិភាព​កម្មករ​ដែល​ប្រាក់​ឈ្នួល​តិចតួច​ យើង​ចង់​ឲ្យ​បាន​១៦០​ដុល្លារ​»។​

លោកអាត់ ធន់​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ (C-CAWDU)​បាន​ថ្លែងថា ​មូលហេតុ​ដែល​សហជីព​ផ្សេង​ទៀត​សម្រេច​ពន្យារ​ពេល​ធ្វើ​កូដកម្ម​ គឺ​ដោយ​សារ​តែពេល​ជិត​ចូល​ឆ្នាំ​ខ្មែរ ​ក្រុម​កម្មករ​ខិតខំ​រក​ប្រាក់។​ ទី​ពីរ​យើង​បាន​ជជែក​គ្នា​ជាមួយ​តំណាង​សហជីព​អន្តរជាតិ​ដែរ​ថា ​ប្រហែល​ជាយើង​ត្រូវ​ការ​បច្ចេកទេស​លម្អិត​បន្ថែម​ទៀត​ មុន​នឹង​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​ និង​ទី​បី​ដោយ​សារ​តែ​យើង​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុនពិចារណា​ដោះ​លែង​អ្នក​ទាំង​២១​នាក់ ​ដោយ​សារ​ពួក​គេ​មិន​ជាប់​ពាក់​ព័ន្ធ នឹង​រឿង​នយោបាយ​ទេ។​

លោកអាត់ ធន់​បាន​បញ្ជាក់​ថា​ ការ​ពន្យារ​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​សហជីព​ទាំង​១៨​ដើរ​ផ្លូវ​បែក​គ្នា​ទេ។​

លោក​និយាយ​ថា៖ ​«ចំពោះ​យើង​គឺ​អត់​មាន​បែក​បាក់​សាមគ្គី​អ្វីទេ ​គ្រាន់​តែ​ថា​ សហជីព​ខ្លះ​គេចង់​ធ្វើ​មុន ​សហជីព​ខ្លះ​គេ​ចង់​ធ្វើ​ក្រោយ​ប៉ុណ្ណឹង។​ ​ក៏​ប៉ុន្តែ​យើង​គាំទ្រ​រាល់​សកម្មភាព​អ្វី​ដែល​គាត់​ធ្វើ​ហ្នឹង»។

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់បាន​ចាប់​ផ្តើម​តវ៉ា​ ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ​ចាប់តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​មកម្ល៉េះ។​ ការ​តវ៉ា​បាន​រីករាល​ដាល ​ដោយ​សារ​រដ្ឋា​ភិបាល​ និង​ថៅ​កែ​រោងចក្រ​មិន​យល់​ព្រម​តាម​សំណើ​របស់​ពួក​គេ។​ ហើយ​នៅ​ទីចុង​បំផុត​រដ្ឋា​ភិបាល​បាន​សម្រេច​ចិត្ត​បាញ់​បង្រ្កាប​ហ្វូង​បាតុករ។​

មនុស្ស​ចំនួន​បួន​ទៅ​៥​នាក់​យ៉ាង​តិច​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នោះ។​ ​ចំណែក​ឯ​លោកវ៉ន់ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ក្រុម​កម្មករ​ សកម្មជនដី​ធ្លីនៅ​ដំបន់​បឹងកក់សរុប​ចំនួន​២៣​នាក់​ ត្រូវ​ចាប់​ខ្លួន ​រួច​ហើយ​យក​ទៅ​ឃុំឃាំង​នៅ​ពន្ធ​នាគារ​ត្រពាំង​ថ្លុង។

ជន​សង្ស័យ​ចំនួន​២​នាក់​ក្នុង​ចំណោម​២៣​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ តែ​២១​នាក់​ផ្សេង​ទៀត​នៅ​បន្ត​ជាប់​ឃុំឃាំងនៅ​ពន្ធ​នាគារ​នៅ​ឡើយ៕
XS
SM
MD
LG