ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​​វប្បធម៌​អរូបី​របស់​យូណេស្កូ


គ្រូក្បាច់គុនល្បុកត្តោលោក​ សាន គឹមស៊ាន ​ជា​អ្នក​ចង​ក្រង​ក្បាច់​គុន​ល្បុក្កតោ​នេះ​ឡើង​វិញ​មួយ​រូប។ (រូបថត​ផ្តល់ឱ្យ​)
គ្រូក្បាច់គុនល្បុកត្តោលោក​ សាន គឹមស៊ាន ​ជា​អ្នក​ចង​ក្រង​ក្បាច់​គុន​ល្បុក្កតោ​នេះ​ឡើង​វិញ​មួយ​រូប។ (រូបថត​ផ្តល់ឱ្យ​)

ក្បាច់​គុន​ល្បុក្កតោ​របស់​កម្ពុជា​ត្រូ​វ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំណាង​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ ​កាល​ពី​ថ្ងៃទី​២៩​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។​

ការ​ដាក់​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ចូល​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១៧​នៃ​គណៈ​កម្មាធិការ​អន្តរ​រដ្ឋាភិបាល​ នៅ​ទីក្រុង​រ៉ាបាត​( Rabat)​ ប្រទេស​ម៉ារុក។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​បញ្ជាក់​ថា​ ជំហាន​នេះ​គឺ​ជា​«ជោគ​ជ័យ» ​និង​ជា​«មោទន​ភាព​ជាតិ​ដ៏​ធំ​ធេង»​ថ្មី​មួយ​ទៀត ​ហើយ​នេះ​ជា​«សក្ខីភាព​បង្ហាញ​ពី​ការ​ស្រឡាញ់ ​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​ការ​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់»។​

ល្បុក្កតោ​ជា​ក្បាច់​គុន​បុរាណ​ខ្មែរ​ដែល​ចាក់​ឫស​ចាក់​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ និង​បន្ត​រស់​រាន​ក្នុង​សង្គម​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន​នេះ។​ ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​សម័យ​អង្គរ​ជា​ភស្តុតាង​បង្ហាញច្បាស់​អំពី​ការ​ហាត់​សម​ក្បាច់​គុន​នេះ​ដែរ។​ នេះ​បើ​តាម​ក្រសួង​វប្បធម៌។

តំណាង​អង្គ​ការ​យូណេ​ស្កូ​ប្រចាំ​នៅ​កម្ពុជា​ លោក ​Sardar Umar Alam ​បាន​លើក​ឡើង​ថា ​អង្គការ​យូណេ​ស្កូ​អបអរ​សាទរ​កម្ពុជា​ចំពោះ​ភាព​ជោគ​ជ័យ​ដ៏​ធំធេង ​ដើម្បី​ថែ​រក្សា​ការពារ​នូវ​គុន​ល្បុក្កតោ​តាម​រយៈ​ការ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំណាង​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។​

លោក​បន្ថែម​ថា៖​ «ជា​កីឡា​បែប​ប្រពៃណី ​ការ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​របស់​យូណេស្កូ​នេះ​នឹង​ជួយ​លើក​តម្កើង​បេតិក​ភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​សម្រាប់​ការ​សន្ទនា​អន្តរ​វប្បធម៌​ សណ្តាប់​ធ្នាប់​និង​ការ​អធ្យា​ស្រ័យ​ក្នុង​សង្គម​ ដែល​នេះ​ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​អ្នក​ជំនាន់​ក្រោយ»។​

គួរ​បញ្ជាក់ថា​ ក្បាច់​គុន​ល្បុក្កតោ​ជា​បេតិ​កភណ្ឌ​ទី​៦​របស់​កម្ពុជា​ហើយ​ដែល​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ ​រួម​ជាមួយ​ល្ខោន​ស្បែក​ធំ ​របាំ​ព្រះ​រាជ​ទ្រព្យ​ ល្បែង​ទាញ​ព្រ័ត្រ​ ចាប៉ី​ដង​វែង​ និង​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត៕

XS
SM
MD
LG