ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ឈរ​លំដាប់​ថ្នាក់​លេខ​ ៤​ ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ


ពិធី​បិទកីឡាស៊ីហ្គេម​នៅ​កីឡដ្ឋាន​ជាតិមរតក​តេជោក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជាកាលពី​ថ្ងៃទី​១៧ ឧសភា ឆ្នាំ២០២៣។(REUTERS/Chalinee Thirasupa)
ពិធី​បិទកីឡាស៊ីហ្គេម​នៅ​កីឡដ្ឋាន​ជាតិមរតក​តេជោក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជាកាលពី​ថ្ងៃទី​១៧ ឧសភា ឆ្នាំ២០២៣។(REUTERS/Chalinee Thirasupa)

ប្រទេស​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​ស៊ីហ្គេម​ (SEA Game) ឈរ​លំដាប់​ថ្នាក់​លេខ​៤​ ក្នុង​ចំណោម​ ១១​ប្រទេស ដោយ​ទទួល​បាន​មេដៃ​មាស​ប្រមាណ​៨០។ នេះ​ជា​ប្រវត្តិ​សាស្រ្ត​មួយ​សម្រាប់​កម្ពុជា​ដែល​ឈរ​លំដាប់​លេខ​៤​ និង​ទទួល​បាន​មេ​ដាយ​មាស​ច្រើន​ជាង​ការ​ប្រកួត​ពី​មុន​ៗ​មក​។ លទ្ធផល​នេះ​លើស​ពី​ការ​រំពឹង​ទុក​របស់​មន្រ្តី​កម្ពុជា។

បើ​តាម​លទ្ធផល​ចុង​ក្រោយ កម្ពុជា​ឈ្នះ​មេដាយ​សរុប​ចំនួន​ ២៨២ ក្នុង​នោះ​មាន​មេ​ដាយ​មាស​ចំនួន ៨១ ប្រាក់​ ៧៤ និង​សំរឹទ្ធ​ចំនួន ​១២៧។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​តេឡេ​ក្រាម​របស់​លោក​ថា​កាល​ពី​ស៊ី​ហ្គេម​លើក​ទី​២០​ឆ្នាំ​១៩៩៩ កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ​១០ ហើយ​មិន​ទទួល​បាន​មេដាយ​ឡើយ។ លោក​បន្ថែម​ថា​ ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ ២៨២​ ដោយឈរ​លំដាប់​ទី៤​ ខាង​មេដាយ​មាស​ និង​ឈរ​លំដាប់​ទី៣​ ខាង​មេដាយ​ច្រើន។

លោក​បញ្ជាក់​ជា​សារ​ក្នុង​ន័យ​ដើម​ថា៖ «នេះ​ជា​សមិទ្ធិ​ផល​របស់​ប្រជាជាតិ​ទាំង​មូល​ដែល​ប្រឹង​ងើប​ឈរ​ឡើង​ក្នុង​ការ​កសាង​ជាតិ​និយាយ​ជា​រួម​ និង​ក្នុង​វិស័យ​កីឡា​និយាយ​ដោយ​ឡែក»។

តារាង​មេដាយសរុប​ដែល​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍​បាន​ឈ្នះ​ក្នុង​កីឡា​ស៊ីហ្គេម​២០២៣ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ ពុធ ទី១៧ ឧសភា ឆ្នាំ២០២២។​( Facebook/ Cambodia 2023 Sea Games)
តារាង​មេដាយសរុប​ដែល​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍​បាន​ឈ្នះ​ក្នុង​កីឡា​ស៊ីហ្គេម​២០២៣ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ ពុធ ទី១៧ ឧសភា ឆ្នាំ២០២២។​( Facebook/ Cambodia 2023 Sea Games)


កាល​ពី​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១ ដែល​វៀតណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ​៨​ តែ​ប៉ុណ្ណោះ ដោយ​ទទួល​បាន​មេ​ដាយ​សរុប​ចំនួន​ ៦៣ រួម​មាន​មាស​ ៩ ​ប្រាក់​ ១៣​ និង​សំរឹទ្ធ​ចំនួន​ ៤១។

ប្រភេទ​កីឡា​ដែល​កម្ពុជា​ទទួល​បាន​មេ​ដាយ​មាស​ក្នុង​ការ​ប្រកួត​លើក​នេះ មាន​ដូចជា​គុនខ្មែរ​ ​គុនល្បុក្កតោ​ បាល់​បោះ​ អត្តពលកម្ម​សីដក់​ ជឺជិតស៊ូ​ ការ៉ាតេដូ​ ហែល​ទឹក​ រត់វ៉ូវីណាម​ គ្រីឃីត​ អេឡិច​ត្រូនិច​កម្ពុជា​ និង​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​។ នេះបើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស៊ីហ្គេម​កម្ពុជា​ ឈ្មោះ​Cambodia​ 2023។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិ​ប្បាយ​ពី​ លោក​ វ៉ាត់​ ចំរើន អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​បាន​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប្រទេស​វៀត​ណាម​ឈរ​លំដាប់​លេខ​១ ដែល​ទទួល​បាន​មេដាយ​មាស​ច្រើន​ជាង​គេ រហូត​ដល់​ ១៣៦ ប្រទេស​ថៃ​ឈរ​លេខ​រៀង​ទី​២ ទទួល​បាន​មេដាយ​មាស​សរុប​ចំនួន​ ១០៨ និង​ឥណ្ឌូ​ណេស៊ី​ ឈរ​លេខ​៣ ដែល​ទទួល​បាន​មេដាយ​មាស​សរុប​ចំនួន ៨៧។

ប្រទេស​ហ្វីលីពីន​លំដាប់​លេខ​៥ ទទួល​បាន​មេដាយ​មាស​ចំនួន​ ៥៨ សិង្ហបុរី​លេខ​រៀង​ទី​៦ ចំនួន​មេដាយ​មាស​៥១ ម៉ាឡេស៊ី​ចំនួន​៣៤ មីយ៉ាន់​ម៉ា មេដាយ​មាស​២១ ឡាវ​ចំនួន​៦ ព្រុយណេ​ចំនួន​២។ ដោយ​ឡែក​ប្រទេស​ទីម័រ​ខាង​កើត​មិន​ទទួល​បាន​មេដាយ​មាស និង​ប្រាក់​ទេ គឺ​ទទួល​បាន​តែ​សំរឹទ្ធ​ចំនួន​ ៨ ​ប៉ុណ្ណោះ។

មេដាយ​សរុប​ចំនួន ​២០៤១ ត្រូវ​បាន​ផ្តល់​ដល់​កីឡាករ កីឡាការិនី ដែល​ក្នុង​នោះ​មាន​មាស​ចំនួន ​៥៨៤ ប្រាក់​ ៥៧៦និង​មេដាយ​សំរឹទ្ធ​ចំនួន​ ៨៨១។

លោក រឹម សុភារម្យ​ កីឡាករ​ម្នាក់​ឈ្នះ​មេដាយ​មាស​ក្នុង​វិញ្ញាសាបាល់​ទាត់​លើ​តុ ប្រាប់​វីអូអេ​ថា ​នេះ​ជា​មោទន​ភាព​បំផុត​ដែល​លោក​មាន​វត្តមាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដ៏​ធំ​នៅ​ប្រទេស​កំណើត។ លោក​បន្ថែម​ថា ​ព្រឹត្តិ​ការណ៍​នេះ​បាន​ដំណើរ​ទៅ​ ដោយ​រលូន ហើយពាំនាំ​មក​នូវ​មិត្ត​ភាព​អន្តរជាតិ។

លោក​ថ្លែង​ថា​៖ «ជា​ព្រឹត្តិ​ការណ៍​មួយ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ​ថ្វី​ត្បិត​តែ​ខ្ញុំ​ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស​នៅ​ស្រុក​គេ​មែន ​ប៉ុន្ដែ​វា​អត់​រំភើប​ដូច​ខ្ញុំ​ឈ្នះ​មេដាយ​មាស​ក្នុង​ប្រទេស​កម្ពុជា​ទេ»។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​ប្រកាស​ថា​ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ប្រមាណ​ ១១៨ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​កីឡា​ស៊ីហ្គេម​នេះ។

លោក លេខ ឡែន ជា​និសិត្ស​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​និង​វិទ្យា​សាស្រ្ត​សេដ្ឋកិច្ច ដែល​ជា​អ្នក​តាម​ដាន​វិស័យ​កីឡា​ម្នាក់ ថ្លែង​ថា​ ការ​ប្រារព្ធ​កម្មវិធី​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​កម្ពុជា ពិត​ជា​លើក​មោទន​ភាព​ជាតិ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ និង​អាច​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ទាំង​ ១១ ដែល​ចូលរួម​ប្រកួត​ប្រជែង​ កោត​សរសើ​រយ៉ាង​ខ្លាំង​សម្រាប់​ការ​រៀបចំ​របស់​កម្ពុជា។

លោក​ថ្លែងថា៖ «ជា​ពិសេស​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​កា​ររៀប​ចំ​បុរី​កីឡា​ គឺ​ល្អ​ខ្លាំង​មែន​ទែន​ដែល​រៀប​ចំសម្រាប់​អត្តពលិក​ស្នាក់​នៅ​ជុំ​គ្នា ​វា​មិន​ងាយ​ទេ​ដែល​ប្រទេស​មួយ​រៀប​ចំបុរី​កីឡា​បាន​ដើម្បី​អាច​អត្តពលិក​ស្នាក់​នៅ​ជុំគ្នា»។

លោក​ក៏​បាន​លើក​ឡើង​អំពី​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ដូច​ជា​កង្វះ​អ្នក​បចេ្ចក​ទេស និង​ភាព​ចម្រូង​ចម្រាស​មួយ​ចំនួន​របស់​អត្តពលលិក​នៅ​ពេល​ប្រកួត​ជា​ដើម។

ពិធី​បិទកីឡាស៊ីហ្គេម​នៅ​កីឡដ្ឋាន​ជាតិមរតក​តេជោក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជាកាលពី​ថ្ងៃទី​១៧ ឧសភា ឆ្នាំ២០២៣។(REUTERS/Chalinee Thirasupa)
ពិធី​បិទកីឡាស៊ីហ្គេម​នៅ​កីឡដ្ឋាន​ជាតិមរតក​តេជោក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជាកាលពី​ថ្ងៃទី​១៧ ឧសភា ឆ្នាំ២០២៣។(REUTERS/Chalinee Thirasupa)

នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ផ្នែក​បុរស​ចុង​ក្រោយ ដើម្បី​ដណ្តើម​មេដាយ​មាស រវាង​កីឡាករ​ថៃ និង​ឥណ្ឌូណេស៊ី ក៏​មាន​ការ​វាយ​ប្រតប់​គ្នា​ផង​ដែរ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែឧសភា។

ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម ក៏​មាន​ការ​វាយ​ប្រហារ​ពាក្យ​សម្តី​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន​កម្ពុជា​និង​ថៃ ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​រវាង​ភាគី​កម្ពុជា​និង​ថៃ ក្នុង​ការ​ប្រើប្រាស់​ឈ្មោះ​ប្រភេទ​កីឡា​គុន​ខ្មែរ។ ថៃ​ពុំ​មាន​វត្ត​មាន​កីឡាករ​ចូល​រួម​ប្រកួត​ប្រជែង​កីឡា​ប្រដាល់​ឡើយ បន្ទាប់​ពី​ភាគី​ថៃ​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រើ​ពាក្យ​គុន​ខ្មែរ ដោយ​ពួក​គេ​ចង់​ឱ្យ​មាន​ការ​កំណត់​ជា​ឈ្មោះ​ «Muay Thai» ទៅ​តាម​កីឡា​ដែល​ជា​តំណាង​ជាតិ​របស់​ថៃ។

គួរ​បញ្ជាក់​ថាកីឡា​ស៊ីហ្គេម​ដែល​ធ្វើ​ឡើង​រៀង​រាល់​ ២​ឆ្នាំ​ម្តង ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣​ នេះ។ ពិធី​បើក​និង​បិទ​ជា​ផ្លូវ​ការ ធ្វើ​ឡើង​នៅ​ពហុកីឡា​ដ្ឋាន​ជាតិ«មរតកតេ​ជោ» ​ដែល​ត្រូវ​បាន​សាង​សង់​ក្រោម​ជំនួយ​ឥត​សំណង​របស់​ចិន៕

XS
SM
MD
LG