ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បន្ត​នាំ​មុខ​ចំនួន​មេ​ដាយ​មាស​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ី​ហ្គេម​២០២៣


កីឡាករ​រត់ប្រណាំាង​ក្នុង​ការប្រកួត​កីឡា​ស៊ីហ្គេម​២០២៣នៅប្រទេស​កម្ពុជា
កីឡាករ​រត់ប្រណាំាង​ក្នុង​ការប្រកួត​កីឡា​ស៊ីហ្គេម​២០២៣នៅប្រទេស​កម្ពុជា

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​កីឡា​ស៊ី​ហ្គេម​២០២៣ (Sea Games) ដែល​មាន​១១​ប្រទេស​ចូលរួម កម្ពុជា​បន្ត​នាំ​មុខ​ឈ្នះ​មេដាយ​មាស រហូត​ដល់​ជាង​៣០ បើ​គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ។ នេះ​បើ​តាមតួលេខ​របស់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

បើ​តាម​ទិន្នន័យ គិត​ត្រឹម​ម៉ោង​ជាង​២​រសៀល នា​ថ្ងៃ​ចន្ទ កម្ពុជា​ទទួល​បាន​មេ​ដាយ​មាស​ចំនួន​៣២ មេដាយ​ប្រាក់​ចំនួន​២៥ និង​សំរឹទ្ធ​ចំនួន​២២។ សរុប​មេដាយ​ដែល​ទទួល​បាន គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ មាន​ចំនួន​៧៩ ដែល​ឈរ​លំដាប់​ខ្ពស់​ជាង​ប្រទេស​ផ្សេង​ទៀត ដែល​ចូលរួម​ប្រកួត​ប្រជែង។

ប្រទេស​ឥណ្ឌូណេស៊ី​ស្ថិត​ក្នុង​លំដាប់​លេខ​២ បន្ទាប់​ពី​កម្ពុជា ដែល​ទទួល​បាន​មេដាយ​មាស​ចំនួន​២០ ប្រាក់​ចំនួន​១២ និង​សំរឹទ្ធ​ចំនួន​២៦។ ប្រទេស​ថៃទទួល​បាន​មេដាយ​មាស​ចំនួន​១៧ ហ្វីលីពីន​បាន​មេដាយ​មាស​ចំនួន​១៥ វៀតណាម​ចំនួន​១៤ សិង្ហបុរី​ចំនួន​៩ ម៉ា​ឡេស៊ី​ចំនួន​៧ មីយ៉ាន់ម៉ា​ចំនួន​៥ និង​ឡាវ​ចំនួន​៤​មេ​ដាយ​មាស។ ចំណែក​ប្រទេស​ព្រុយ​ណេ និង​ទីម័រ​ខាង​កើត មិន​ទាន់​ទទួល​បាន​មេដាយ​មាស​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ជាង​២រសៀល​ថ្ងៃ​ចន្ទ។

ប្រភេទ​កីឡា​ដែល​កម្ពុជា​ទទួល​បាន​មេ​ដាយ​មាស​ជាង​៣០ រួម​មាន​កីឡា​គុនខ្មែរ ​គុនល្បុក្កតោ បាល់​បោះ អត្តពលកម្ម​សីដក់ ជឺជិត​ស៊ូ ការ៉ាតេដូ ហែល​ទឹក រត់ វ៉ូវីណាម គ្រីឃីត អេឡិច​ត្រូនិច​កម្ពុជា និងប្រភេទ​កីឡា​ផ្សេងៗ​ទៀត។ នេះ​បើ​តាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​ផ្លូវ​ការ​នានា​របស់​រដ្ឋាភិបាល​កម្ពុជា។

ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម កាល​ពី​លើក​មុន ដែល​ប្រទេស​វៀត​ណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ កម្ពុជា​ទទួល​បាន​មេ​ដាយ​សរុប​ចំនួន​៦៣​ រួម​មាន​មាស​៩ ​ប្រាក់​១៣​ និង​សំរឹទ្ធ​ចំនួន​៤១។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិរៀប​ចំការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​ជា​អគ្គលេខាធិ​ការ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

ចំណែក​ក្នុង​ការ​ប្រកួត​វិញ្ញាសា​បាល់​ទាត់​បុរស​ដែល​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​វិញ បន្ទាប់​ពី​មិន​អាច​យក​ឈ្នះ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​អាទិត្យ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​ប្រកាស​លា​លែង​ពី​តំណែង តាម​ការ​សន្យា​របស់​លោក។

ទោះ​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បាន​អំពាវនាវ​ឲ្យ​លោក សៅ សុខា ជា​អគ្គមេបញ្ជា​ការ​រង​កងយោធ​ពល​ខេមរ​ភូមិន្ទ និង​ជា​មេ​បញ្ជាការកង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បន្ត​ដឹកនាំ​ស្ថាប័ន​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា​នេះបន្ត​ទៀត។

អ្នក​តាម​ដាន​កីឡា​បាល់​ទាត់​មួយ​រូប លោក តុង សុប្រាជ្ញ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​បើ​ទោះ​បី​កម្ពុជា​ចាញ់​មីយ៉ាន់ម៉ា​ក៏​ដោយ ប៉ុន្តែ​មិន​មាន​ន័យ​ថា​កម្ពុជាធ្លាក់​១០០%​នោះ​ទេ។

លោក​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​ ខ្ញុំ​នៅ​មាន​សុទិដ្ឋិ​និយម​ថា​យើង​ប្រកួត​នឹង​ឥណ្ឌូណេ​ស៊ី បើ​យើង​ឈ្នះ​ឥណ្ឌូណេស៊ី យើង​នៅ​មាន​ឱកាស​ឡើង​បាន​ទៀត។ បើ​សិន​ជា​ករណី​យើង​ឈ្នះ​ឥណ្ឌូណេស៊ី​ហើយ​ មីយ៉ាន់ម៉ា គាត់​ចាញ់​ហ្វីលីពីន កន្លែង​ចំណុច​ត្រង់​ហ្នឹង និយាយ​រួម​ចំណុច​ត្រង់​ហ្នឹង​យើង​អត់​ទាន់​បាន​ធានា​ថា​មួយ​រយ​ភាគ​រយ​ ព្រោះ​ខាង​គេ​ក៏​មិន​ទាន់​ ខាង​យើង​ក៏​មិន​ទាន់ អ៊ីចឹង គឺ​យើង​ចាំ​ផ្លូវ​អ៊ុត​ តែ​យើង​នៅ​តែ​មាន​សង្ឃឹម ហើយ​យើង​នៅ​តែ​ប្រឹង​ប្រែង​បន្ត​ទៅ​ទៀត​បាទ»។

នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ ក៏​មាន​ភាព​ចម្រូង​ចម្រាស​រវាង​ភាគី​កម្ពុជា​និង​ថៃ​ផង​ដែរ ក្នុង​ការ​ប្រើប្រាស់​ឈ្មោះ​ប្រភេទ​កីឡា​គុន​ខ្មែរ។ ថៃ​ពុំ​មាន​វត្ត​មាន​កីឡាករចូល​រួម​ប្រកួត​ប្រជែង​កីឡា​ប្រដាល់​ឡើយ បន្ទាប់​ពី​ភាគី​ថៃ​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រើ​ពាក្យ​គុន​ខ្មែរ ដោយ​ពួក​គេ​ចង់​ឱ្យ​មាន​ការ​កំណត់​ជា​ឈ្មោះ​«Muay Thai» ទៅ​តាម​កីឡា​ដែល​ជា​តំណាង​ជាតិ​របស់​ថៃ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​កីឡាករ​មក​ពីប្រទេស​ផ្សេងៗ​ទៀត​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រភេទ​កីឡា​គុន​ខ្មែរ​នេះ​ផង​ដែរ។ នេះ​បើ​តាម​មន្រ្តី​កម្ពុជា។

គួរ​បញ្ជាក់​ថា​កីឡា​ប្រមាណ​៤០​ប្រភេទ​ត្រូវ​បាន​ដាក់​ប្រកួត ក្នុង​នោះ​រួម​មាន​អត្ត​ពលកម្ម កីឡា​លើ​ទឹក​ វាយ​សី​ បោះ​បាល់​ ប៊ីយ៉ា-ស្នូកឃ័រ​ ប្រដាល់​សកល កាយ​វប្បកម្ម ​អុក ​បាល់​ទាត់​ វាយ​កូន​ហ្គោល​ កាយ​សម្ពន្ធ ​យូដូ​ ការ៉ាតេ ​គុន​ចម្រុះ ​ប៉េតុង​ សីដក់ វាយ​កូន​ឃ្លី​លើ​តុ ​តេក្វាន់​ដូ ​វាយ​កូន​បាល់​ ប្រណាំង​ទូក​ប្រពៃណី និង​បាល់​ទះជា​ដើម។ នេះបើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស៊ីហ្គេម​កម្ពុជា​ ឈ្មោះ Cambodia 2023។

កីឡា​ស៊ីហ្គេម​ដែល​ធ្វើ​ឡើង​រៀង​រាល់​២​ឆ្នាំ​ម្តង ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣។ ពិធី​បើក​ជា​ផ្លូវ​ការ​នេះ ធ្វើ​ឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ឈ្មោះ​«មរតកតេ​ជោ»ដែល​ត្រូវ​បាន​សាង​សង់​ក្រោម​ជំនួយ​ឥត​សំណង​របស់​ចិន។ ការ​រៀបចំ​ពិធី​បើក​កាល​ពី​សប្តាហ៍​មុន ក៏​មាន​ការ​ជួយ​រៀបចំ​ពី​អ្នក​បច្ចេក​ទេស​ជនជាតិ​ចិន​ផង​ដែរ៕


XS
SM
MD
LG