ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បន្ថែម​សំឡេង​ប្រឆាំង​នឹង​ការបាញ់​កាំជ្រួច​សាកល្បង​របស់​កូរ៉េ​ខាង​ជើង


​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា​គ្រាប់​រ៉ុក្កែត​បាននាំ​ផ្កាយរណ​ប​ទៅដល់​តារាវិថី​រួច​ហើយ។
​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា​គ្រាប់​រ៉ុក្កែត​បាននាំ​ផ្កាយរណ​ប​ទៅដល់​តារាវិថី​រួច​ហើយ។
ភ្នំពេញ៖ ប្រទេស​កម្ពុជា​បាន​ជួយ​បន្តក់​ទម្ងន់​មួយ​បន្ថែមទៀត​លើ​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ដោយ​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​ភ្ជាប់​ជាមួយ​ផ្កាយ​រណបរ​បស់​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​ពុធ​នេះ។

របប​កុ​ម្មុយ​និស្ត​ដ៏​រឹងត្អឹង​ក្រុង​ព្យុង​យ៉ាង​បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​ចេញពី​ឆ្នេរសមុទ្រ​ខាងលិច​នៃ​ប្រទេស​នូវ​គ្រាប់​រ៉ុក្កែត​កាលពី​វេលា​ម៉ោង​៩​និង​៤៩​នាទី​ម៉ោង​នៅក្នុង​ស្រុក​ហើយ​បាន​បង្ក​ឲ្យមាន​ការថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​ជា​ខ្លាំង​និង​ជា​បន្ទាន់​បំផុត។​

លោក​កុយ គួង ​អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លើកឡើង​ថា​កម្ពុជា​សោកស្តាយ​ចំពោះ​ការ​មិន​អើពើ​ដល់​ប្រតិកម្ម​អន្តរជាតិ​ពី​សំណាក់​កូរ៉េខាងជើង។​

«កម្ពុជា​សម្តែង​នូវ​ការសោកស្តាយ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​មិនបាន​យក​ចិត្ត​ទុកដាក់​ដល់​ការព្រួយបារម្ភ​របស់​ប្រទេស​នានា​ពីព្រោះ​ការបាញ់​គ្រាប់​រ៉ុក្កែត​នេះ​អាច​ធ្វើឲ្យ​ឧបទ្វីប​កូរ៉េ​កាន់តែ​មាន​ភាព​តានតឹង​បន្ថែមទៀត»។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា​គ្រាប់​រ៉ុក្កែត​បាននាំ​ផ្កាយរណ​ប​ទៅដល់​តារាវិថី​រួច​ហើយ ​ហើយ​សហរដ្ឋ​អាមេរិក​ក៏​បាន​បញ្ជាក់​ក្នុង​ន័យ​ដូចគ្នា​នេះ​ដែរ។ នេះ​បើ​យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​របស់​បរទេស។​

អង្គការ​សហ​ប្រជាជាតិ ​សហរដ្ឋ​អាមេរិក ​កូរ៉េខាងត្បូង ​ជប៉ុន ​ចិន ​រុស្ស៊ី ​ប្រទេស​អង់គ្លេស​បាន​ផ្តន្ទាទោស​កូរ៉េខាងជើង​ភ្លាមៗ​ចំពោះ​ទង្វើ​នៃ​ការបាញ់​កាំជ្រួច​វង់​ប្រតិបត្តិការ​រយៈចម្ងាយ​ឆ្ងាយ​ដើម្បី​បង្ហោះ​ផ្កាយរណប​នេះ។​

កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុង​ព្យុងយ៉ាង​តាមរយៈ​ស្នា​ព្រះ​ហ​ស្ថ​របស់​អតីត​ព្រះមហាក្សត្រ​សម្តេច​ឪ​នរោត្តម សីហនុ។​

កាលពី​ថ្ងៃ​ច័ន្ទ​លោកនាយក​រដ្ឋ​មន្ដ្រី​ខ្មែ​រហ៊ុន សែន ​ដែល​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​នៅ​ចុង​ខែ​ធ្នូ​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​បញ្ឈប់​ជា​ស្ថាពរ​នូវ​ការបាញ់​បង្ហោះ​កាំជ្រួច​នាំ​ផ្លូវ​ផ្កាយរណប​នេះ​ហើយ​ជាមួយគ្នា​នេះ​រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា​លោក​ហោ ណាំហុង បាន​បរាជ័យ​ក្នុង​ការប្រមូល​នូវ​កិច្ចព្រមព្រៀង​ជា​ឯក​ឆន្ទ​ក្នុង​ចំណោម​ក្រុម​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​ទាំងដប់​ប្រទេស​ដើម្បី​ស្នើ​ដល់​កូរ៉េ​ខាងជើង​ឲ្យ​បញ្ឈប់​សកម្មភាព​ដែល​សហគមន៍​អន្តរជាតិ​ទប់ស្កាត់​នេះ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ​កម្ពុជា​មានប្រសាសន៍​ថា​ការបាញ់​បង្ហោះ​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​បង្ហាញ​មួយ​ផ្នែក​នូវ​យុទ្ធសាស្ដ្រ​ផ្នែក​យោធា​និង​ដើម្បី​ប្រាប់​ពិភពលោក​ពី​សមត្ថភាព​ទប់ទល់​នឹង​ការគំរាមកំហែង​ណាមួយ​ប៉ុន្តែ​ជាមួយ​គ្នា​នេះ​កូរ៉េខាងជើង​អាច​បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​ស្ថិរភាព​ក្នុង​តំបន់។​

«ការណ៍​នេះ​ធ្វើឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ដោយសារ​តុល្យភាព​នៃ​អំណាច​នឹង​មាន​ការប្រែប្រួល​ដោយសារ​មាន​អាវុធ​ថ្មីៗ»។​

សូម​បញ្ជាក់​ថា​ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រើប្រាស់​កាំជ្រួច​វង់​ប្រតិបត្តិការ​ឆ្ងាយ​ឈ្មោះ​Unha-3​ដើម្បី​បាញ់​នាំ​ផ្លូវ​ផ្កាយរណប​Kwangmyongsong3 ដោយ​បាញ់​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​Cholsan Chounty នៅ​ខេត្ត​Pyongan ខាងជើង។ នេះ​ជា​ប្រភេទ​ផ្កាយរណប​ភូមិសាស្ដ្រ​ដើម្បី​ត្រួតពិនិត្យ​មើល​ផែនដី ជាពិសេស​ការត្រួតពិនិត្យ​អាកាសធាតុ។​
ការបាញ់​បង្ហោះ​ផ្កាយរណប​នេះ​បាន​បរាជ័យ​ម្តង​រួចមកហើយ​កាលពី​ថ្ងៃ​ទី​១៣​ខែ​មេសា​ឆ្នាំ​២០១២៕
XS
SM
MD
LG