រាជរដ្ឋាភិបាលកម្ពុជានឹងប្រគល់សងដែនទី UTM ១ភាគ១០០ពាន់ ចំនួន១៨ផ្ទាំង ដែលខ្លួនបានខ្ចីពីអង្គការសហប្រជាជាតិ ដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងផែនទី ដែលប្រើសម្រាប់បោះបង្គោល ព្រំដែនកម្ពុជា-វៀតណាម។ ខណៈពេលដែលពេលគណបក្សជំទាស់នៅតែមានការមន្ទិលសង្ស័យទាក់ទិននឹងផែនទី ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្ត្រី បានឲ្យដឹងថា ពិធីប្រគល់ផែនទី១៨ផ្ទាំងដែលកម្ពុជាបានខ្ចីនឹងធ្វើឡើងនាថ្ងៃពុធនេះ មុនពេលដែលអ្នកជំនាញពីររូបរបស់អង្គការសហប្រជាជាតិចាកចេញពីប្រទេសកម្ពុជានោះ។
«ហ្នឹងហើយបើ ប្រគល់ឲ្យគេ គេនឹងយកទៅវិញថ្ងៃស្អែក ព្រោះនេះគឺជាឯកសារផ្លូវការរបស់គេនៅក្នុងបណ្ណាល័យនៃអង្គការសហប្រជាជាតិ។ អាហ្នឹងគឺជាការងាររបស់គេ»។
ផែនទីជិត២០ផ្ទាំងពីអង្គការសហប្រជាជាតិ និងមន្ត្រីពីររូបរបស់អង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារសប្តាហ៍មុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅអង្គការសហប្រជាជាតិសុំខ្ចីផែនទីដើមទាំងអស់ ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីខ្នាត១ភាគ១០០ពាន់ ដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ដើម្បីបំបាត់មន្ទិលសង្ស័យនានាដែលបានកើតមានឡើងនៅក្នុងប្រទេស។
បញ្ហាបោះបង្គោលព្រំដែនកម្ពុជាវៀតណាម និងការមន្ទិលទាក់ទិននឹងការប្រើប្រាស់ផែនទីនេះបានឡើងកំដៅជាបន្តបន្ទាប់នាពេលកន្លងមកនេះ ដោយសារតែសកម្មជនព្រំដែនដឹកនាំដោយគណបក្សសង្គ្រោះជាតិយល់ថា ផែនទីដែលរដ្ឋាភិបាលកំពុងប្រើគឺជាផែនទីក្លែងក្លាយ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រដ្ឋាភិបាលកម្ពុជាបានបើកបង្ហាញ និងផ្ទៀងផ្ទាត់ផែនទីដែលបានមកពីអង្គការសហប្រជាជាតិ ដោយមានការចូលរួមពីឥស្សរជនមួយចំនួន ដូចជា តំណាងគណបក្សនយោបាយ តំណាងរដ្ឋសភា តំណាងព្រឹទ្ធសភា សំណាងក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ។ ក្រោយពេលដែលផ្ទៀងផ្ទាត់រយៈពេល២ម៉ោង តំណាងរដ្ឋាភិបាល លោកហោ ណាំហុង បានអះអាងថា ផែនទីដែលកម្ពុជាបានប្រើប្រាស់នោះ គឺវាដូចគ្នានឹងមានខ្យែបន្ទាត់ព្រំដែនតែមួយ បើទោះជាផែនទីដែលយកពីអង្គការសហប្រជាជាតិ គឺជាផែនទី UTM ឆ្នាំ១៩៦៤ ដែលកម្ពុជាភ្ជាប់ជាមួយពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិក៏ដោយ។ លោកក៏បានអះអាងថាសូមឲ្យមន្ទិលសង្ស័យទាំងឡាយ «ជ្រះស្រឡះ អ្នកខ្លះដែលកំពុងមានការសង្ស័យ មានការធ្វើសកម្មភាពនានា» សូមឲ្យជ្រះស្រឡះផងដែរ។
ទោះជាយ៉ាងនេះក្តី ក៏តំណាងគណបក្សសង្គ្រោះជាតិដែលចូលរួមកិច្ចការផ្ទៀងផ្ទាត់ផែនទីនោះបានបញ្ជាក់ថា ខ្លួនត្រូវការឲ្យមានការផ្ទៀងផ្ទាត់ផែនទីនេះឲ្យបានច្រើនថែមទៀត។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាន បញ្ជាក់ប្រាប់VOA កាលពីថ្ងៃអង្គារ៍ថាគណបក្សនេះត្រូវការឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើការប្រមូលផែនទីបន្ថែមទៀតយកមកបញ្ជាក់ មុនពេលដែលខ្លួនអាចបញ្ជាក់ពីជំហររបស់ខ្លួននោះ។
«អត់ទាន់ចប់ទេ ពីព្រោះបញ្ហានេះការស្មុគស្មាញណាស់ ផែនទីមិនទាន់មានភាពសុក្រឹតនៅឡើយទេ ពីព្រោះនៅខ្វះច្រើនផ្ទាំង ហើយផែនទីដែលសម្តេចឪលោកយកទៅតម្កល់នៅអង្គការសហប្រជាជាតិហ្នឹងក៏មិនទាន់ឃើញ ឥឡូវនេះយើងមិនទាន់ធ្វើការសន្និដ្ឋានអ្វីទាំងអស់»។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ផែនទីដែលរដ្ឋាភិបាលកម្ពុជាប្រើប្រាស់បច្ចុប្បន្ននេះគឺជាផែនទីផ្លូវការរបស់កម្ពុជា ដែលទទួលស្គាល់ដោយរដ្ឋសភាជាតិ និងព្រះមហាក្សត្ររបស់ប្រទេសកម្ពុជា។ រីឯការ ផ្ទៀងផ្ទាត់កាលពីសប្តាហ៍កន្លងទៅ គឺបំបាត់ការមន្ទិលសង្ស័យ ដែលលើកឡើងដោយគណបក្សជំទាស់នោះ។
«ហើយហេតុម៉េចបានចាំបាច់ ធ្វើផែនទីពិគ្រោះហ្នឹង យកមកឲ្យ? ពីព្រោះយើងចង់បញ្ចប់ឲ្យអស់ពីភាពមន្ទិលសង្ស័យរបស់គណបក្សសង្គ្រោះជាតិ ឬប្រជាពលរដ្ឋដែលទទួលបានឥទ្ធិពល អំពីការផ្សព្វផ្សាយមួយដែលវាមិនពិត។ អាហ្នឹងគឺវាអញ្ចឹងឯង។ ដើម្បីបញ្ចប់អាសាច់រឿងហ្នឹង»។
កាលពីខែកក្កដាកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរលិខិតផ្លូវការស្នើរសុំខ្ចីផែនទីbonne ខ្នាត១ភាគ១០០ ពាន់ពីប្រទេសមហាអំណាចចំនួនបី គឺសហរដ្ឋអាមេរិច បារាំង និង ចក្រភពអង់គ្លេសផងដែរ។ លោក ហោ ណាំហុង ក៏បានបញ្ជាក់ក្នុងពិធីផ្ទៀងផ្ទាត់ ផែនទីកាលពីសប្តាហ៍មុនថា ប្រទេសបារាំងបានឆ្លើយតបនឹងសំណូមពររបស់កម្ពុជាដោយនឹងផ្ញើផែនទីនោះមកកម្ពុជាក្នុងពេលឆាប់ៗ ហើយរដ្ឋាភិបាលកម្ពុជានឹងបើកឲ្យមានការផ្ទៀងផ្ទាត់ផែនទីសារជាថ្មីផងដែរ។
កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ លោក David Cameron នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសបានឆ្លើយតបទៅនឹងលិខិតរបស់លោក ហ៊ុន សែន ដោយបញ្ជាក់ថាអង់គ្លេសមិនមានផែនទី ដែលកម្ពុជាស្នើនោះទេនៅក្នុងកន្លែងរក្សាឯកសារជាតិរបស់ខ្លួន ក៏ប៉ុន្តែលោកជឿជាក់ថា អង់គ្លេសមានផែនទីBonne ខ្នាត១ ភាគ១០០ ពាន់នៅក្នុងបណ្ណាល័យជាតិរបស់ខ្លួន។ នេះបើយោងតាមសារលិខិតដែលបានផ្សាយក្នុងគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជានាពេលថ្មីៗនេះ។
លោក ហ៊ុន សែន ក៏បានឆ្លើយតបថា លោកនឹងបញ្ជូនមន្ត្រីទូត ដែលនៅក្នុងចក្រភពអង់គ្លេសឲ្យទៅពិនិត្យបណ្ណាល័យ British Library ដែលជាកន្លែងសម្រាប់សាធារណៈជនគ្រប់រូបនោះ៕