ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ ដូស​ទី​៤​ ដល់​ក្រុម​អាទិភាព​


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (AFP)

ខណៈ​អាជ្ញាធរ​សុខាភិបាល​កំពុង​ផ្តល់​វ៉ាក់សាំង​ដូស​ទី​៣​ ដល់​ប្រជា​ពលរដ្ឋ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​សម្រេច​ឲ្យ​អាជ្ញាធរ​សុខាភិបាល​ចាប់​ផ្តើម​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដូស​ទី​៤​ ដល់​ក្រុម​ជួរ​មុខ​ប្រមាណ​ ៧០​ម៉ឺន​នាក់​ដែល​ប្រឈម​នឹង​ហានិភ័យ។​

ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាករ​ដណ្តើម​មេដាយ​មាស​ពិភព​លោក​កីឡា​ប៉េតង់​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​លោក​ហ៊ុន សែន​ថ្លែង​ថា​រដ្ឋាភិបាល​នឹង​ប្រើ​ប្រាស់​វ៉ាក់សាំង​ Pfizer​ ប្រមាណ​២,៣​លាន​ដូស​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​អូស្រ្តាលី​សម្រាប់​ចាក់​ជា​ដូស​ទី​៤​ដល់​មន្រ្តី​ជួរ​មុខ។​

លោក​បញ្ជាក់​ថា៖​«ផ្នែក​អាទិភាព​របស់​យើង​គឺ​ខ្ញុំ​បាន​និយាយ​ហើយ​គឺ​សម្រាប់​មន្រ្តី​ជួរ​មុខ​និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ។​ ក្នុង​នោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នោះ​មាន​កីឡាករ​កីឡាការិនី​មាន​ខាង​ផ្នែក​សារ​ព័ត៌មាន​ក៏​ស្ថិត​នៅ​ក្នុង​លំដាប់​អាទិភាព​ដែរ។​អ្នក​ដែល​មក​យក​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ក៏​ស្ថិត​នៅ​ក្នុង​លំដាប់​អាទិភាព​ផង​ដែរ»។​

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ជំរុញ​ឲ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី៣​ដោយ​ផ្តើម​ពី​រាជធានី​ភ្នំពេញ​សម្រាប់​កុមារ​និង​យុវវ័យ​អាយុ​ក្រោម​១៨​ឆ្នាំ​ផង​ដែរ។​

យោង​តាម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ផ្នែក​សុខភាព​ Discovery Health Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​ជា​ប្រភព​ដើម​នៃ​វីរុស​កូវីដ១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​ Pfizer​ ចំនួន​ពីរ​ដូស​អាច​ផ្តល់​ប្រសិទ្ធភាព​៧០%​ទប់ទល់​នឹង​ការ​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​លោក​យង់ គិមអេង​ថ្លែង​ថា​ការ​ចាក់​វ៉ាក់សាំង​ដូស​ទីបី​និង​ទីបួន​ជា​រឿង​សំខាន់​ខណៈ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទីបី​ដូចគ្នា​នេះ​ផង​ដែរ។​ យ៉ាង​ណា​ក្តី​លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​សិក្សា​ត្រឹមត្រូវ​តាម​បែប​វិទ្យាសាស្រ្ត​ចំពោះ​ការ​ចាក់​ដូស​ជំរុញ​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «រឿង​សំខាន់​បំផុត​យើង​គួរ​មាន​ការ​ពិភាក្សា​ផ្នែក​វិទ្យាសាស្រ្ត​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចាក់​ដូស​ទី​បួន​ឬ​អី​បន្ត​ទៀត​ណា៎​បាទ»។​

ប្រធាន​សមាគម​គ្រូពេទ្យ​គុណ​ធម៌​កម្ពុជា​លោក​អ៊ូច វុទ្ធី​ប្រាប់​វីអូអេ​នា​ថ្ងៃ​ពុធ​នេះ​ថា​ការ​ចាក់​ដូស​ជំរុញ​ទី៣​និង​ទី៤​ជា​រឿង​ប្រសើរ​មួយ​ដែល​អាច​ដើរតួ​ជា​ការ​ជំរុញ​បន្ថែម​ដល់​បុគ្គល​ដែល​មិន​ទាន់​មាន​ភាព​ស៊ាំ​រឹងមាំ​និង​ដែល​អាច​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩​បើ​ទោះ​បី​ជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ទី១​និង​ទី២​រួច​ហើយ​ក៏​ដោយ។​

ចាប់​តាំង​ពី​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​លើ​សាកល​លោក​មក​ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​មួយ​ភាគ​ធំ​របស់​ក្រុមហ៊ុន​ស៊ីណូវ៉ាក់ ​(Sinovac)​ និង​ស៊ីណូហ្វាម​ (Sinopharm) ​ពី​ប្រទេស​ចិន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ AstraZeneca​ ដែល​ជា​ជំនួយ​ពី​អង្គការ​សុខភាព​ពិភព​លោក​(WHO) ​ប្រទេស​ជប៉ុន និង​អង់ គ្លេស​ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Johnson & Johnson​របស់​អាមេរិក​និង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer​ដែល​ជា​ជំនួយ​របស់​ប្រទេស​អូស្រ្តាលី។​

គិត​ត្រឹម​ថ្ងៃ​ទី​៥​ខែ​មករា​នេះ​ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​បាន​ជិត​៩០%​នៃ​ចំនួន​ប្រជាជន​សរុប​ជាង​១៦​លាន​នាក់​ដោយ​ចំនួន​ពលរដ្ឋ​អាយុ​លើ​និង​ក្រោម​១៨​ឆ្នាំ​ដែល​បាន​ទទួល​វ៉ាក់សាំង​យ៉ាង​តិច​ពីរ​ដូស​មាន​សរុប​ជាង​១៣,៦​លាន​នាក់។​នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩។​

នៅ​ក្នុង​សារ​ជា​សំឡេង​បញ្ជាក់​ពី​វ៉ាក់សាំង​ជំនួយ​របស់​អូស្រ្តាលី​កាល​ពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​លើក​ឡើង​ថា​ប្រជា​ពលរដ្ឋ​ប្រមាណ​៣​លាន​នាក់​បាន​ទទួល​វ៉ាក់សាំង​កូវីដ១៩​ដូស​ទី​បី។​

ក្រសួង​សុខាភិបាល​កម្ពុជា​រាយ​ការណ៍​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​តិច​តួច​ប៉ុណ្ណោះ​ និង​ថ្ងៃ​ខ្លះ​មិន​មាន​តែ​ម្តង។ក្រសួង​បញ្ជាក់​ថា​ករណី​ឆ្លង​ថ្មី​សម្រាប់​ថ្ងៃ​ទី​៤​ខែ​មករា​ឆ្នាំ​២០២២​ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​PCR​និង​សុទ្ធ​ជា​ប្រភេទ​បំប្លែង​ថ្មី​អូមីក្រុង​គឺ​មាន​ចំនួន​៩​ករណី​ដែល​ជា​ករណី​នាំ​ចូល​ទាំង​អស់។​

នៅ​ថ្ងៃ​ពុធ​នេះ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ក៏​បាន​លើក​ឡើង​ដែរ​ថា​ រាល់​បុគ្គល​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​វីរុស​កូវីដ១៩​ប្រភេទ​អូមីក្រុង​គឺ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ដាច់​ខាត​ដើម្បី​បញ្ចៀស​លទ្ធភាព​នៃ​ការ​ឆ្លង​រាលដាល​ទៅ​ក្នុង​សហគមន៍៕

XS
SM
MD
LG