ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ស្នើឲ្យ​ពលរដ្ឋ​កុំភ័យ​ស្លន់​ស្លោ​ ក្រោយ​រក​ឃើញ​ករណី​ឆ្លង​វីរុស​អូមីក្រុង​បន្ថែម​ទៀត


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធស្ពានស្ទឹងត្រង់ឆ្លងកាត់ទន្លេមេគង្គ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក/ទំព័រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធស្ពានស្ទឹងត្រង់ឆ្លងកាត់ទន្លេមេគង្គ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក/ទំព័រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​ខណៈ​អាជ្ញាធរ​សុខាភិបាល​បាន​រក​ឃើញ​ករណី​ឆ្លង​នាំចូល​ពី​ក្រៅ​ប្រទេស​នូវ​វីរុស​កូវីដ១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង ​(Omicron)​ ចំនួន​ ១៥​ករណី។​

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ ទី​២៦ ​ខែធ្នូ ​ឆ្នាំ​២០២១​ ករណី​ឆ្លង​វីរុស​អូមីក្រុង​ដែល​ត្រូវ​បាន​រក​ឃើញ​តាម​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​សៀមរាប​មាន​ចំនួន​ប្រមាណ​៣១​ករណី។​ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ​ហ៊ុន សែន។​

ថ្លែង​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​ប្រភេទ ​Pfizer​ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ចំនួន​៧៨៣ ០០០​ដូស​នៃ​ជំនួយ​សរុប​ចំនួន​ជាង​២,៣​លាន​ដូស​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​អាទិត្យ​លោក ​ហ៊ុន សែន​ បាន​ប្រាប់​ក្រុម​មន្ត្រី​កម្ពុជា​ជាន់​ខ្ពស់​និង​មន្ត្រី​ទូត​ថា​ កម្ពុជា​បាន​រក​ឃើញ​ការ​ឆ្លង​វីរុស​អូមីក្រុង​លើ​អ្នក​ដំណើរ​តាម​ជើង​យន្តហោះ​ចូល​មក​ប្រទេស​កម្ពុជា​ចំនួន​១៥​ករណីធ្វើ​ឱ្យ​ចំនួន​ឆ្លង​វីរុស​នេះ​សរុប​ឡើង​ដល់​៣១​ករណី។​

លោក​បន្ថែម​ថា​ ហេតុ​ដូច្នេះ​សាធារណ​ជន​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​តែក៏​កុំមាន​ការ​ភ័យ​ជ្រុល​ហួស​ហេតុ​និង​ត្រៀម​ទប់​ស្កាត់​មិន​ឲ្យ​មេរោគ​ដែល​ឆ្លង​ល្បឿន​ឆ្លង​រហ័ស​នេះ​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍។​លោក​ហ៊ុន សែន​ថ្លែង​ថា៖​

«ដូច្នេះ​ខ្ញុំសុំ​យក​ឱកាស​នេះ​ដើម្បី​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​របស់​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ ក៏​ប៉ុន្តែ​ក៏មិន​ត្រូវ​ភ័យ​ស្លន់​ស្លោ​នោះ​ទេ។​យើង​ត្រូវ​រួម​គ្នា​ដើម្បី​ទប់​ស្កាត់​ជាមួយ​នឹង​ការ​ឆ្លង​នូវ​មេរោគ​នេះ​ចូល​ទៅ​ក្នុង​សហគមន៍»។​

បើ​តាម​លោក​ហ៊ុន សែន​ទោះ​បី​វីរុស​ប្រភេទ​អូមីក្រុង​ឆ្លង​លឿន​ជាង​វីរុស​បំប្លែង​ថ្មី​ដទៃ​ក្តី​ ក៏​វីរុស​នេះ​មិន​កាច​សាហាវ​ខ្លាំង​ដូច​វីរុស​ប្រភេទ​ដែលតា​(Delta)​នោះ​ទេ។​មេ​ដឹកនាំ​កម្ពុជា​រូបនេះ​លើក​ឡើង​ទៀត​ថាវ៉ាក់​សាំង​ដែល​ទទួល​បាន​ថ្មីៗ​ពី​ប្រទេស​អូស្រ្តាលី​នេះ​នឹង​ត្រូវ​ប្រើ​សម្រាប់​ជា​ដូស​ជំរុញ​ទី​៤​ជូន​ប្រជា​ពលរដ្ឋ។​

អង្គការ​សុខភាព​ពិភពលោក​ (WHO)​ និង​សហ​រដ្ឋ​អាមេរិក​ធ្លាប់​បាន​បញ្ជាក់​ថា​វីរុស​ប្រភេទ​អូមីក្រុង​ហាក់​ដូច​ជា​មិន​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​វីរុស​កូវីដ១៩​ប្រភេទ​ផ្សេង​ទៀត​នោះ​ទេ​ហើយ​ថា​ ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​លើ​វីរុស​នេះ​គឺ​ចាំបាច់​ដើម្បី​វាយ​តម្លៃ​អំពី​គ្រោះ​ថ្នាក់​ដែល​វា​អាច​បង្ក​ឡើង។​ នេះ​បើ​យោង​តាម​សេចក្ដី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​មក៕​

XS
SM
MD
LG