ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហ៊ុន​ចិន​មួយ​ត្រូវ​ស្គាល់​អត្ត​សញ្ញាណ​ថា​ បាន​នាំចូល​កាក​សំណល់​សំរាម​១៦០០​តោន​មក​កម្ពុជា​


សំរាម​ប្លាស្ទិក​ចំនួន​១៦០០តោន​ត្រូវ​បាន​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​ ប្រទេសកម្ពុជា។ (Facebook/Ministry of Environment Official Page)
សំរាម​ប្លាស្ទិក​ចំនួន​១៦០០តោន​ត្រូវ​បាន​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​ ប្រទេសកម្ពុជា។ (Facebook/Ministry of Environment Official Page)

នៅ​ថ្ងៃ​នេះ​ រដ្ឋា​ភិបាល​បាន​កំណត់​អត្តសញ្ញាណ​ក្រុម​ហ៊ុន​ចិន​ដែល​នាំ​​សំរាម​ស្បោង​ប្លាស្ទិក​ចំនួន​១៦០០​តោន​ចូល​កម្ពុជា។​ មន្ត្រី​​បញ្ជាក់​ថា​ តំណាង​ក្រុម​ហ៊ុន​​ Chungyen​​ របស់​​ចិន​​​​​នេះ​នឹង​ត្រូវ​កោះ​ហៅ​ និង​បញ្ជា​ឲ្យ​ដឹក​កាក​សំណល់​ទាំង​នេះ​ទៅ​កាន់​ប្រទេស​ដើម​វិញ។

ទី​ចាត់​ការ​គយ​កម្ពុជា​បាន​កំណត់​អត្ត​សញ្ញាណ​ក្រុម​ហ៊ុន​ចិន​មួយ​ថា ​បាន​នាំ​ចូល​កាក​សំណល់​ស្បោងប្លាស្ទិក​ចំនួន​១៦០០​តោន​ចូល​មក​កម្ពុជា។​ នេះ​បើ​យោង​តាម​មន្ត្រី​របស់​ប្រទេស​កម្ពុជា។​

កាក​សំណល់​ស្បោង​ប្លាស្ទិក​ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ទូ​កុងតឺន័រ​ចំនួន​៨៣ក្នុង​កំពង់​ផែ​ស្វយ័ត​ ខេត្ត​ព្រះ​សីហនុ​កាល​ពី​ថ្ងៃ​អង្គារ។

លោក​គុណ ញឹម អគ្គនាយកនៃ​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រាប់​VOA ជា​ខេមរៈ​ភាសា​នៅថ្ងៃសុក្រ​នេះ​ថា​សម្រាមប្លាស្ទិក​ទាំង១,៦០០​តោននេះនាំ​ចូល​ដោយ​ក្រុម​ហ៊ុន​ចិន​មួយឈ្មោះ Chungyen។​ក្រុម​ហ៊ុននេះ​មាន​ភាគ​ហ៊ុន​ខ្មែរនិង​បាន​នាំ​កាក​សំណល់​ទាំង​នេះ​មក​កាន់​កម្ពុជា​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ចុងឆ្នាំ​២០១៨​មក​ដល់​ត្រឹម​ខែ​ឧសភា​ឆ្នាំ​២០១៩។

លោក​គុណ ញឹម​បញ្ជាក់​បន្ថែម​ថា​ ​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​របស់​លោក​កំពុង​ស្រាវជ្រាវ​ប្រវត្តិ​របស់​ក្រុម​ហ៊ុន​នេះ​ ​ហើយក្រុម​ហ៊ុន​នេះ​នឹង​ប្រឈម​ការ​ផាក​ពិន័យ​ព្រម​ទាំង​ការ​បិទ​ក្រុមហ៊ុន​ជា​ស្ថាពរ​ផង​ដែរ។​

«បាទ ​យើង​នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ អឺ​ដើម្បី​ពិនិត្យ​មើល​ ហើយ​លទ្ធផលនៃ​ការ​ស្រាវជ្រាវ​នេះ​ ​យើង​នឹង​ពិនិត្យ​តាម​លទ្ធផល​ហ្នឹង​ ​អាច​ពិន័យ​លើក្រុមហ៊ុន ​អាច​ឈាន​ទៅដល់​បិទ​ក្រុមហ៊ុន​ ​ហើយ​ចំពោះ​ទំនិញ​ដែល​ជា​ទំនិញ​ហាមឃាត់​នាំ​ចូល​មក​ដល់​កំពង់ផែ​របស់​យើង​ហ្នឹង​ យើង​ឲ្យ​ក្រុមហ៊ុន​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ»។​

ទោះ​យ៉ាង​ណា​ លោកអគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ ​និង​រដ្ឋាករមិន​អាចប្រាប់​អត្ត​សញ្ញាណរបស់​ម្ចាស់​ក្រុម​ហ៊ុន​ចិន​នេះ​នៅ​ឡើយ​ទេ ​ដោយ​លោក​អះអាង​ថា​ ​ក្រុម​មន្ត្រី​គយ​កំពុង​ស៊ើប​អង្កេត​បន្ថែម​នៅ​ឡើយ។​

VOA ​ស្វែង​រក​ក្រុម​ហ៊ុន​ឈ្មោះ​ Chungyen​ នេះ​នៅ​លើ​គេ​ហទំព័រ​របស់​ក្រសួង​ពាណិជ្ជ​កម្ម ប៉ុន្តែ​មិន​បាន​រកឃើញ​ក្រុម​ហ៊ុន​នេះ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ពាណិជ្ជ​កម្មនោះ​ឡើយ។ លោក​គុណ ញឹម​អះអាង​ថា​ ​ក្រុម​ហ៊ុន​នេះ​ជា​ក្រុម​ហ៊ុន​ថ្មី​ ហើយ​ទើប​តែ​ធ្វើ​ការ​នាំ​ចូល​ប៉ុណ្ណោះ។​

មន្ត្រី​គយ​រូប​នេះ​បាន​បញ្ជាក់​ថា​ ម្ចាស់​ក្រុម​ហ៊ុន​ Chungyen របស់ចិន​នេះ​មិន​បាន​មក​បង្ហាញ​ខ្លួន​និង​ប្រកាស​ពន្ធ​គយ​ចំពោះ​ទំនិញ​ដែល​ត្រូវ​បាន​នាំចូលនោះ​ទេ​ តាំង​ពី​ចុង​ឆ្នាំ​២០១៨​មក។

ក្រុម​មន្ត្រី​កម្ពុជា​អះអាង​ថា​ សម្រាមជា​ស្បោង​ប្លាស្ទិក​ទាំង​១៦០០​តោន​ត្រូវ​បាន​នាំ​ចូល​ពី​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា។

ទោះ​យ៉ាង​ណា ​អ្នក​ស្រី ​Emily V Zeeberg ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ប្រាប់​ VOA​ តាម​រយៈ​សារ​អេឡិចត្រូនិក​ថា ​ស្ថានទូត​កំពុង​ត្រួត​ពិនិត្យ​របាយ​ការណ៍កាក​សំណល់​សម្រាមដែល​ត្រូវ​បាន​នាំ​ចូល​នៅ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ។​ ហើយ​ស្ថាន​ទូត​បាន​ផ្តល់​កិច្ច​សហ​ការ​ក្នុង​ការ​ស្វែង​រក​អត្ត​សញ្ញាណ​ស្ថាប័ន​ដែល​បាន​នាំ​កាក​សំណល់​ខុស​ច្បាប់​នេះ​ចូល​ប្រទេស​កម្ពុជា។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​បន្ទាប់​ពី​ប្រទេស​ចិន​បាន​បញ្ឈប់​ការ​នាំ​ចូល​សម្រាមកាក​សំណល់​ដើម្បី​ធ្វើ​ការ​កែច្នៃ​កាលពី​ដើម​ឆ្នាំ​២០១៨​ ​ប្រទេស​លោក​ខាង​លិច​រួម​មាន​សហ​រដ្ឋ​អាមេរិក​អង់គ្លេស​ កាណាដា ​និង​អូស្រ្តាលីបាន​ចាប់​ផ្តើម​នាំ​ចេញ​សម្រាមកាក​សំណល់​ជាច្រើន​ម៉ឺន​តោន​ទៅប្រទេសអាស៊ី​ដទៃ​ទៀត​ ដូចជា​ហ្វីលីពីន ​ម៉ាឡេស៊ី ​និង​ថៃ​ជាដើម៕

XS
SM
MD
LG