ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សៀវម៉ី​ត្រៀម​ទៅ​ប្រកួត​អូឡាំពិក​និង​សន្យាមិនផ្សាយ​ពាណិជ្ជកម្ម​នាំ​​​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត

  • ម៉ែន​ គឹមសេង

លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ និង​កញ្ញា ស៊ន សៀវម៉ី ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​ផ្នែក​តៃក្វាន់ដូ​ចូល​រួម​ពន្យល់​អំពីការ​ជំរុញ​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ពុធ ទី​១៥ ខែ​តុលា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)

កម្ពុជា​កំពុង​សំឡឹង​មើល​មួយ​ជំហាន​ទៅ​មុខ​ទៀត​ដើម្បី​ឈាន​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិកឆ្នាំ​២០១៦​ប្រកប​ដោយ​កិត្តិយស​បន្ទាប់​ពី​ឈ្នះ​បាន​មេដាយ​មាស​ដំបូង​បំផុត​ពី​កីឡា​អាស៊ី (Asia Games) កាលពី​ដើម​ខែ​តុលា​នេះ។​

នៅ​ពេល​នេះ​ម្ចាស់​មេដាយ​មាស​កីឡា​តៃ​ក្វាន់​ដូពី​កីឡា​អាស៊ី (Asia Games) ស៊ន សៀវម៉ី​ មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ផ្ទាល់​ខ្លួនគ្រប់​គ្រាន់​ដើម្បី​ចូលរួម​ប្រកួត​នៅ​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រីយ៉ូ ដឺ​ហ្សាណេរ៉ូ (Rio de Janeiro) ប្រទេស​ប្រេស៊ីល​ហើយគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កំពុង​ទំនុក​បម្រុង​និង​បង្ហាត់​នាង​ដើម្បី​ត្រៀម​ទៅ​ប្រកួតកម្រិត​ពិភពលោក​នេះ។

​លោក ​វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី ​Hello VOA ​ពិសេស​កាល​ពី​ថ្ងៃ​ពុធ​ថា៖​

«តាម​ជំនាញការ​ខាងផ្នែក​តៃ​ក្វាន់​ដូ​របស់​កូរ៉េ​បាន​ប្រាប់​ថា​សៀវម៉ី​មាន​លក្ខណៈសម្បត្តិ​អាចទៅរក​មេដាយ​នៅ​អូឡាំពិក​បានប្រសិន​បើ​យើង​រៀបចំ​ផែនការ​គ្រប់​គ្រង​ខាងផ្នែក​បច្ចេកទេស​ខាងផ្នែក​បំប៉ន​ខាងផ្នែក​ចិត្តសាស្រ្ត​ត្រឹមត្រូវ​គឺ​សៀវម៉ី​អាច​ទៅ​បាន​ដោយ​លក្ខណៈ​សម្បត្តិ​ពិសេស​របស់​សៀវម៉ី»។​

នាង​ ស៊ន សៀវម៉ី អាយុ​១៩​ឆ្នាំ​គឺជា​កីឡាការិនី​ដំបូង​បំផុត​ដែល​បាន​នាំ​មេដាយ​មាសមក​ឱ្យ​កម្ពុជាក្នុងប្រវត្តិ៦០ឆ្នាំរបស់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះនៅ​កម្រិត​ទ្វីបអាស៊ីហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រសិទ្ធនាម​ថា​ជា​«វីរៈនារី​កីឡា»​ជាតិ។

នាង​បាន​ផ្តួល​កីឡាការិនី Rouhani Fatemeh ដោយ​ពិន្ទុ​៧-៤ ក្នុង​វិញ្ញាសា​តៃ​ក្វាន់ដូ​ទម្ងន់​ក្រោម​៧៣​គីឡូក្រាម។

នាង​បាន​រំលឹកឡើង​វិញ​នៅ​ក្នុង​កម្មវិធី​ Hello VOA ថា៖

«ពេល​ដែល​ឡើង​ទៅ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​គ្រប់​ការប្រកួត​ខ្ញុំ​តាំង​ចិត្ត​ថា​ត្រូវ​តែ​វាយ​ឱ្យ​ចប់​ទឹក។ ប៉ុន្តែ​ពេល​ឡើង​ទៅ​ដល់​សៃវៀន​ខ្ញុំ​ខ្ពស់​ជាងគាត់​ធ្វើ​ឱ្យ​គាត់​ពិបាក​វាយ​ខ្ញុំ​ចូល​ណាស់»។

ក្រៅ​ពី​កម្ពស់​ខ្ពស់​ដែល​ជា​លក្ខណៈ​អំណោយ​ផល​សៀវម៉ី​មាន​ថ្វីជើង​ដែល​អាច​លើក​ជើង​ទាត់​ម្តងៗ​បាន​បួនឬ​ប្រាំផ្នត់។ សន្ទុះ​ជើង​បួនផ្នត់​របស់​កញ្ញា​បាន​ធ្វើ​ឱ្យ​គូប្រកួត​គេច​មិន​ទាន់​ហើយ​ត្រូវ​ចំ​មុខ​ពេល​ប្រកួត​លើ​សៃវៀន​នៅ​ក្រុង​អ៊ីនឈួន​ប្រទេស​កូរ៉េខាង​ត្បូង។ ​

​កម្ពុជា​បាន​ដាក់​គោល​ដៅ​កាលពី​ឆ្នាំ​២០១០​ដើម្បី​ប្រកួត​យក​ឱ្យ​បានមេដាយ​«មួយ»​ពី​កីឡា​អាស៊ី​ឆ្នាំ​២០១៤​នេះ​ហើយ​ក៏​បាន​ស្វែង​រក​កីឡាករដែល​មាន​កាយសម្បទា​និង​ទេព​កោសល្យ​តាម​ប្រភេទ​វិញ្ញាសារ​របស់​ខ្លួនសម្រាប់​យក​មក​ហ្វឹកហាត់។

លោក​វ៉ាត់​ ចំរើន​បាន​បន្ថែម​ថា៖

«យើង​មិន​ដែល​មាន​មហិច្ចតា​ចង់​បាន​រហូតដល់​មេដាយ​មាស​ទេ​។​ មហិច្ចតា​របស់​យើង​ត្រឹម​តែ​មេដាយ​សំរិទ្ធ​ឬ​មេដាយ​ប្រាក់​ប៉ុន្តែ​ការ​បាន​មេដាយ​មាស​នេះ​គឺ​ជា​ជោគជ័យ​មួយ»។​

កញ្ញា​ស៊ន សៀវម៉ី បាន​ចូលហ្វឹក​ហាត់កីឡា​តៃ​ក្វាន់​ដូក្នុង​ឆ្នាំ​២០១០​ដោយមាន​គ្រូបង្វឹក​ជាជន​ជាតិ​កូរ៉េ​ខាងត្បូង។

ការផ្តោត​លើ​ការហ្វឹកហាត់​ខ្លាំង​បាន​ធ្វើ​ឱ្យ​កញ្ញា​ស៊ន សៀវម៉ី បាន​ប្រឡង​ធ្លាក់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​កាលពីខែ​សីហា​ហើយ​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ប្រឡង​លើក​ទី​ពី​នៅ​ខែ​តុលា​ប៉ុន្តែ​នាង​មិន​មាន​ពេលវេលាដើម្បី​សិក្សា​សម្រាប់​ប្រឡងលើក​ទីពីរនេះ​ទេព្រោះបាន​ប្តេជ្ញា​ក្នុង​ចិត្ត​ថា​ត្រូវ​តែ​ជ្រើស​រើសយកកីឡា​ដើម្បី​បន្ត​អាជីព​ទៅមុខ​ទៀត​ដោយសារ​ខ្លួន​ជា​កូន​កំព្រា​ឱពុក​មាន​តែម្តាយ​ហើយ​ជីវភាព​ជួប​ប្រទះ​ការលំបាកច្រើន។​

កញ្ញា​បាន​បន្ថែម​ថា៖​

«ខ្ញុំ​គិត​ថា​ប្រសិន​បើ​ខ្ញុំ​ជ្រើសរើស​កីឡា​ខ្ញុំ​ប្រាកដ​ជាចោល​អ្វី​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ​ហើយ។ អញ្ចឹង​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ស្តាយ​ ពេល​ខ្លះ​មាន​អារម្មណ៍​អន់​ចិត្ត​ដែរ​ដែល​ប្រឡង​ធ្លាក់​...​ក្រៅ​ម៉ោង​ដែល​ខ្ញុំ​ហាត់​គឺ​ខ្ញុំ​ពិបាក​ចិត្ត​ដែល​ខ្ញុំ​ប្រឡង​ធ្លាក់​ប៉ុន្តែ​ពេល​ដែល​ចូល​ដល់​កន្លែង​ហាត់​គឺ​ខ្ញុំ​លែង​ពិបាក​ចិត្ត​រឿង​ប្រឡងធ្លាក់គឺ​ខ្ញុំ​ខំ​ហាត់​វិញ»។

ក្តី​ស្រម័យ​សម្រាប់​ឈាន​ទៅ​ជោគជ័យ​បន្ត​ទៀត​នៅ​កីឡា​អូឡាំពិក​និង​កីឡា​ដទៃ​ទៀត​អាច​នឹង​សម្រេច​បាន​បើ​សិន​ជា​កម្ពុជា​អាច​រក​បាន​កីឡា​ដែល​មាន​ទេព​កោសល្យ​និង​កាយសម្បទាន​គ្រប់​គ្រាន់​បន្ថែម​ដើម្បី​មក​ហ្វឹកហាត់​ដោយ​សារ​កម្ពុជា​បាន​ដាក់​ទិសដៅ​ធំ​គឺ​«អ្វីៗ​ទាំងអស់​នាំ​គ្នា​ឆ្ពោះទៅ​កីឡា​អូឡាំពិក​នៅ​រីយ៉ូ​ ដឺហ្សាណេរ៉ូ ប្រទេស​ប្រេស៊ីល»​និង​«អ្វីៗ​ទាំងអស់​ឆ្ពោះ​ទៅការធ្វើជាម្ចាស់​ផ្ទះ​កីឡា​ SEA Games ឆ្នាំ​២០២៣» ដែល​ជា​គោល​ដៅ​ពីរ​ដ៏​ធំ។

សម្រាប់​សៀវម៉ី​ ត្រូវ​បានគណៈកម្មាធិការជាតិរៀបចំ​ជំនួយ​បច្ចេកទេស​ ការលើក​ទឹក​ចិត្ត និង​មាន​ជំរុំ​ហ្វឹកហាត់​ពិសេសមួយ​សម្រាប់​នាង​និង​ដៃ​គូ​របស់​នាងមួយ​ចំនួន​ដែល​ត្រូវ​មក​ហ្វឹកហាត់​ក្នុង​អគារ​គណៈកម្មការជាតិ​អូឡាំពិក​។ ក្នុង​នោះ ដែរ​ក៏​មាន​ការ​ត្រូវ​លុប​ចោល​ការប្រកួត​មិន​ចាំ​បាច់ ខ្លះ​គឺត្រៀមប្រកួត​ក្នុង​កម្រិត​បំពេញយក​ពិន្ទុ​ត្រៀម​ទៅ​អូឡាំពិក​តែ​ប៉ុណ្ណោះ។ ​

មាន​ទស្សនិកជន​ជាច្រើន​បាន​សំណូមពរ​មិន​ឱ្យ​កញ្ញា​ទទួល​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​និង​បារី​ទេដោយ​ខ្លាច​ខូច​ដល់​កិត្តិនាម​ជា​វីរៈនារី​កីឡា​របស់​កម្ពុជាដែល​ទទួល​បាន​ដោយ​លំបាក​នេះ។​

កញ្ញា​ ស៊ន សៀវម៉ី​បាន​បញ្ជាក់​ថា៖

«នាងខ្ញុំ​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បាក់​ទឹក​ចិត្ត​ដោយ​ការថត​បញ្ហា​អស់​នេះ​ទេ​។ ខ្ញុំ​នឹង​ធ្វើ​តំណាង​ជាតិ​ខ្មែរ​ក៏​ដូច​ជា​ធ្វើ​សម្រាប់​នាង​ខ្ញុំ​ជាកីឡាករ​កម្ពុជា​មួយ​រូ​ប»។

បងស្រី​របស់​សៀវម៉ី គឺ​នាង​ស៊ន ដាវីន​និង​បងប្រុស​ស៊ន អេលីត​ក៏ជា​កីឡាករ​ជម្រើស​ជាតិ​របស់​កម្ពុជា​ដែរ។ សៀវម៉ី​ក៏​ទទួល​បាន​មេដាយ​មាស​ដំបូង​សម្រាប់​កម្ពុជា​ពី​កីឡា​ SEA Games ​ក្នុង​ឆ្នាំ​២០១៣​ដែរ៕

XS
SM
MD
LG