ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជានឹងស្នើមិនឲ្យមានការលើកឡើងពីរឿងសមុទ្រចិនខាងត្បូងក្នុងកិច្ចប្រជុំកំពូលអាស៊ានខែក្រោយ


ប្រទេសចិន​ថាតំបន់​ដែលផាត់ព៌ណ​នៃសមុទ្រចិន​ជាដែនរបស់ខ្លួន។ រដ្ឋាភិបាល​ឯទៀត​ក៏ទាមទារ​យ៉ាងដូច្នេះ។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​ដែល​កម្ពុជា​ស្នើ​ឱ្យ​ដក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​គឺ​ដើម្បី​ប្រយោជន៍​អាស៊ាន​ទាំង​មូល​។

កម្ពុជា​បញ្ជាក់​គោលជំហរ​របស់​ខ្លួន​ជាថ្មី​ពាក់ព័ន្ធ​នឹង​ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង ដោយ​កម្ពុជាស្នើ​ឱ្យ​អាស៊ាន​កុំលើក​យក​បញ្ហា​ជម្លោះនេះ​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលអាស៊ាន​ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ។

នៅ​ខែកញ្ញា​ខាងមុខ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​២៨ និង​លើក​ទី​២៩ ព្រម​ទាំងកិច្ច​ប្រជុំកំពូល​ពាក់ព័ន្ធ​ផ្សេងទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​គឺ​ជា​កិច្ច​ប្រជុំ​ដែល​មេ​ដឹកនាំ​កំពូលៗ​របស់​អាស៊ានជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​ និង​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​កិច្ចការ​សំខាន់ៗ។​

កាល​ពី​ថ្ងៃ​ពុធ កាសែត​ The Cambodia Daily បាន​ចុះ​ផ្សាយ​ដោយ​ដកស្រង់​សម្ដី​របស់​លោក ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា រដ្ឋសភា​កម្ពុជា​នឹង​ស្នើ​សុំ​ឱ្យ​ប្រធាន​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) កុំ​ដាក់​បញ្ចូល​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ទៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​នឹងត្រូវ​ចេញ​នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​នេះ។ គម្រោង​នៃ​ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​កម្ពុជា​ទទួល​បាន​សេចក្ដី​ព្រាង​នៃ​សេក្ដី​ថ្លែង​ការ​នេះ​ពី​អគ្គលេខាធិការដ្ឋាន​នៃ AIPA។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​ដែល​កម្ពុជា​ស្នើ​ឱ្យ​ដក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​គឺ​ដើម្បី​ប្រយោជន៍​អាស៊ាន​ទាំង​មូល​ ដោយ​លោក​ថា ជម្លោះ​នេះ​គឺ​ជា​ជម្លោះ​រវាង​ប្រទេស​ចិន​ជាមួយ​ប្រទេស​មួយ​ចំនួនជា​សមាជិក​អាស៊ាន គឺ​មិនមែន​ជា​ជម្លោះ​ជាមួយ​អាស៊ាន​ទាំង​មូល​នោះ​ទេ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា​៖

«ដូច្នេះ​កម្ពុជា​បាន​ឈរ​ជាក់ស្ដែង​ក្នុង​កិច្ច​ការពារ​ចំណង​មេត្រីភាព​រវាង​អាស៊ាន​នឹង​អាស៊ាន ក៏​ដូច​ជា​អាស៊ាន​ជាមួយ​នឹង​ប្រទេស​ចិន​ ដោយសារ​វិវាទ​នេះ​មិនមែន​ជា​វិវាទ​ទល់​ជាមួយ​នឹង​អាស៊ាន​ទេ។ យើង​ទុក​ផល​ប្រយោជន៍​អាស៊ាន​ដាច់​ដោយ​ឡែក មិន​ឱ្យ​ក្លាយ​ទៅ​ជា​សត្រូវ​ជាមួយ​នឹង​ប្រទេស​ផ្សេង​ជុំវិញ​អាស៊ាន ហើយ​យើង​ទុក​ឱ្យ​សមាជិក​នៃ​អាស៊ាន​មួយ​ចំនួន​ដែល​មាន​បញ្ហា​ជាមួយ​ចិន​ដោះស្រាយ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​គេ។ ដូច្នេះ​យើង​មិន​ចង់​នាំ​ភ្លើង​ក្រៅ​យក​មក​ចូល​ក្នុង​ផ្ទះ​សម្បែង​អាស៊ាន​នោះ​ទេ​បាទ»។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ ថ្លែង​ប្រាប់​ VOA ថា កម្ពុជា​នឹង​រង​ការ​ចោទ​ប្រកាន់​ជា​ថ្មី​ពី​អន្តរជាតិ​ថា​រង​ឥទ្ធិពល​ពី​ចិន។ លោក​បន្ត​ថា ទោះបី​ការ​រង​ការ​ចោទ​ប្រកាន់​នេះ​មិន​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​អ្វី​ធំ​ដុំ​នៅ​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ តែ​កម្ពុជា​អាច​នឹង​ខាត​បង់​ក្នុង​រយៈ​ពេល​វែង។

លោក​មាន​ប្រសាសន៍​ថា៖

«ប៉ុន្តែ​ក្នុង​រយៈ​ពេល​យូរ​ ខ្ញុំ​ព្រួយ​បារម្ភ ព្រោះ​អីការ​ចោទ​ហ្នឹង​បាន​ន័យ​ថា​ យើង​បាត់បង់​ការ​គាំទ្រ​ពី​ប្រទេស​ដទៃ​ក្រៅ​ពី​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​អាស៊ាន ជា​ពិសេស​នៅ​ពេល​ដែល​ពាក់ព័ន្ធ​ដូច​ជាប្រទេស​វៀតណាម ជា​អ្នក​ជិត​ខាង​យើង​ផង ជា​អ្នក​មាន​ឥទ្ធិពល​ អតីត​កាល​មាន​ឥទ្ធិពល​ខ្លាំង​លើ​យើង​ផង ហើយ​ជា​អ្នក​ជិតខាង​ធំ​ទៀត អ៊ីចឹង​យើង​ខ្ញុំ​ព្រួយ​បារម្ភ ពី​ប្រទេស​ដទៃ ដូច​ជា​ប្រទេស​ឥណ្ឌូណេស៊ី សាំងហ្គាពួរ គឺ​សុទ្ធ​តែ​ជា​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​ធំទៀត​គឺ​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ជប៉ុន និង​អាមេរិក ដែល​ខ្ញុំ​មើល​ទៅ​ជា​ប្រទេស​អំណាច​ធំ​មែនទែន។ ទោះ​បី​មិន​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​មក​លើ​កម្ពុជា ក៏​មហាអំណាច​ទាំងឡាយ​នោះ​គឺ​អាច​មាន​ឥទ្ធិពល​មក​លើ​...ផល​ប្រយោជន៍​កម្ពុជា​ក្នុង​ពេល​អនាគត»។

លោក អ៊ូ វីរៈ បន្ត​ថា ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​គួរប្រកាន់​យក​គោលជំហរ​អព្យាក្រឹត្យ​ចំពោះ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ តាម​រយៈ​ការ​នៅ​ស្ងៀម។

«តាម​ពិត​ខ្ញុំ​មើល​ទៅក្នុង​រយៈ​ពេល​ឥឡូវ​នេះ​ គឺគួរ​តែ​នៅ​ស្ងៀម បាន​ន័យ​ថា​ គេ​ធ្វើ​អី​ធ្វើ​ទៅ​ លើកលែង​ តែ​ការ​ធ្វើ​អី​ធ្វើ​ទៅ​ហ្នឹង​គឺ​ទាញ​យក​ម្ពុជា​ឱ្យ​ចូល​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ អាហ្នឹង​យើង​ចាំបាច់​ត្រូវ​តែ​រារាំង។ ប៉ុន្តែ​គ្រាន់​តែ​គេ​ចេញ​សេចក្ដី​ថ្លែងការណ៍​ហ្នឹង ​មិន​មាន​ប្រសិទ្ធភាព​អី​ខ្លាំង​ ឬមួយ​ប៉ះពាល់​មក​លើ​កម្ពុជា​ខ្លាំង​ទេ​ ហើយ​មិន​មែន​បាន​ន័យ​ថា ​ទាញ​កម្ពុជា​ចូល​ក្នុង​ជម្លោះ​ហ្នឹង អាហ្នឹង​គឺ​ខ្ញុំ​មើល​ទៅ​យើង​គួរ​បណ្ដោយ​គេ​ទៅ​ គេ​ចង់​ធ្វើ​អី​ធ្វើ​ទៅ។ ចង់​ដាក់ពាក្យ​មួយ​ពីរ​ក្នុង​ហ្នឹង​ ក្នុង​សេចក្ដី​ថ្លែងការណ៍​ក៏​ធ្វើ​ទៅ ព្រោះអី​សេចក្ដី​ថ្លែងការណ៍​មិន​ទាន់​មាន​ជំហរ​អី​ជា​ផ្លូវការ ឬ​ក៏​ទាមទារ​ឱ្យ​សមាជិក​នៃ​អាស៊ាន​រួម​ទាំង​កម្ពុជា​ហ្នឹង​លូក​ដៃ​ទេ»។

យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អះអាង​ថា គោលជំហរ​របស់​សភាកម្ពុជា​នៅ​ពេល​នេះ​គឺ​មិន​មែន​ជា​ជំហរ​របស់​កម្ពុជា​តែ​ឯង​នោះ​តែ ដោយ​លោក​បាន​រំឭក​ដល់​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ដែល​បាន​សម្រេច​ដកបញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ចេញ​ពី​សេក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន។

«រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​លើក​ឡើង ក៏​បាន​ដកហូត​ចោល​អំពី​បញ្ហា​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ពីព្រោះ​គេ​មិន​ចង់​ឱ្យ​ប៉ះពាល់​ដល់​អាស៊ាន​ជារួម»។

ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ និង​កម្ចី​មិន​មាន​លក្ខខណ្ឌ​តឹងតែង​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ ១៥.០០០​លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ២ ទសវត្ស​ចុង​ក្រោយ​នេះ។ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ចិន​ក៏​បាន​ផ្ដល់​ជំនួយ​ឲ្យ​មាន​លក្ខណៈ​ស៊ីមេទ្រី​គ្នា​ជាមួយ​នឹង​ជំនួយ​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច ក្នុង​រង្វង់​ទឹក​ប្រាក់ប្រហាក់ប្រហែល​គ្នា​ផងដែរ។ ការ​នេះ​ធ្វើ​ឱ្យ​កម្ពុជា​រង​ការ​រិះគន់​ថា​ បាន​រង​ឥទ្ធិពល​ពី​ចិន​ពាក់ព័ន្ធ​នឹង​ជំហរ​លើ​បញ្ហា​ជម្លោះ​សមុទ្រចិន​ខាង​ត្បូង៕

XS
SM
MD
LG