ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​ផល​វិបាក​នៅ​ក្នុង​ការ​គាំទ្រ​ប្រទេស​ចិន


លោក Li Keqiang នាយក​រដ្ឋ​មន្រ្តី​ចិន​ (រូប​ឆ្វេង) និយាយ​ជាមួយ​លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​ នៅ​ពេល​លោក និង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន (រូប​ស្តាំ) ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ក្នុង​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាលពី​ថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០១៦។
លោក Li Keqiang នាយក​រដ្ឋ​មន្រ្តី​ចិន​ (រូប​ឆ្វេង) និយាយ​ជាមួយ​លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​ នៅ​ពេល​លោក និង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន (រូប​ស្តាំ) ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ក្នុង​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាលពី​ថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០១៦។

វិស័យ​ការ​ទូត​កម្ពុជា​អាច​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ធ្វើឲ្យ​សេចក្តី​ថ្លែងការណ៍​អាស៊ាន ដែល​មាន​គោល​បំណង​ប្រឆាំង​នឹង​មហិច្ឆតា​របស់​ប្រទេស​ចិន មិន​មាន​ប្រសិទ្ធិភាព។ ប៉ុន្តែ​អ្នកវិភាគ​បាន​លើកឡើង​ថា វា​គ្រាន់តែ​ជា​ជោគជ័យ​ប្រហោង​ក្នុង​តែ​ប៉ុណ្ណោះ ដោយ​វា​បាន​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​អាស៊ាន​ទាំង​១០​ប្រទេស​បែកបាក់​គ្នា។

ក្រុម​អ្នក​វិភាគ​ទាំង​នោះ​បាន​និយាយ​ថា ការ​បដិសេធ​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​គាំទ្រ​ឲ្យ​មាន​នូវ​ដំណោះស្រាយ​ពហុភាគី​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ក៏​បាន​ធ្វើឲ្យ​សមាគម​អាស៊ាន​មាន​ការ​បែកបាក់​ផ្នែក​នយោបាយ​ផង​ដែរ ហើយ​វា​ដល់​ពេល​ដែល​ត្រូវ​គិតគូរ​ពី​បញ្ហា​នេះ​ឡើង​វិញ​ហើយ។

អ្នកវិភាគ​ឯករាជ្យ​ជនជាតិ​តៃវ៉ាន់​លោក Billy Chia-Lung Tai បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​អ្នក​មើល​ទៅ​អាស៊ាន​ថា​ជា​សមាគម​រួម​មួយ សមាគម​នេះ​អាច​ដើរ​តួ​ជា​មហា​អំណាច​មួយ​នៅ​ក្នុង​តំបន់។ ប៉ុន្តែ​ បើ​តាម​ទស្សនៈ​ផ្ទាល់​របស់​ខ្ញុំ ការ​មិន​ចុះ​សម្រុង​គ្នា​នេះ​បាន​បង្កើត​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​ជាច្រើន ដែល​ប្រហែល​ជា​មិន​ទាន់​ឃើញ​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​ថ្នាំងថ្នាក់​ចិត្ត​នេះ​នឹង​លេចចេញ​ជា​រូបរាង​នៅ​ពេល​ណា​មួយ​ជាក់ជា​មិន​ខាន»។

ការ​ថ្នាំងថ្នាក់​ចិត្ត​នេះ​កើត​មាន​ឡើង បន្ទាប់ពី​ប្រទេស​កម្ពុជា​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ប្រទេស​នៅ​ជុំវិញ​ក្បែរ​ខាង​របស់​ខ្លួន និង​បាន​គាំទ្រ​ប្រទេស​ចិន​ដើម្បី​ធ្វើឲ្យ​សេចក្តី​ថ្លែងការណ៍​អាស៊ាន​ទាក់ទិន​នឹង​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មិន​សូវ​មាន​ប្រសិទ្ធិភាព នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សមាគម​អាស៊ាន ដែល​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​ឡាវ​នា​សប្តាហ៍​នេះ។

សេចក្តី​ថ្លែងការណ៍​នេះ​មិន​បាន​និយាយ​ពី​ការ​ចាញ់​ក្តី​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី១២ ខែ​កក្កដា កន្លង​ទៅនេះ នៅ​ក្នុង​ការ​កាត់​សេចក្តី​របស់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​នៅ​ក្នុង​ក្រុង​ឡាអេ ដែល​បាន​សម្រេច​ថា ប្រទេស​ចិន​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ណាមួយ​ក្នុងការ​ទាមទារ​នូវ​សិទ្ធិ​កាន់កាប់​ធនធាន​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះទេ៕

XS
SM
MD
LG