ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទណ្ឌិត​ប្រមាណ​៩០០​នាក់​ត្រូវ​ស្នើ​សុំ​ឱ្យ​បន្ធូរបន្ថយ និង​លើក​លែង​ទោស


រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។

រដ្ឋាភិបាល​គ្រោង​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ជាង៨០០នាក់​ និង​លើក​លែង​ទោស​ដល់​អ្នក​ទោស​ប្រមាណ​៥០​នាក់ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យ​អុំទូក នា​ពេល​ខាង​មុខ។ នេះ​បើ​តាម​លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌ ដែលបាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក។

បើ​តាម​លោក គឹម សន្តិភាព នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០​២៣ ភាគី​ពាក់ព័ន្ធ​នឹង​ពិនិត្យ ក៏​ដូច​ជា​វាយ​តម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស និង​លើកលែង​ទោស​សរុប​ចំនួន​៩០២​នាក់ ដែល​ក្នុង​នោះ​មាន​ស្រី​៦១​នាក់ ក្នុង​ឱកាស​បុណ្យ​ជាតិ​ចំនួន​២ គឺ​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យ​អុំទូក។

នៅ​ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ គណៈ​កម្មការ​ចម្រុះ​នឹង​ពិនិត្យ​មើល​បញ្ជី​ទណ្ឌិត​ចំនួន​៤៦៤​ដែល​ស្នើ​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស ចំនួន​៤៣២​នាក់ និង​ស្នើ​សុំ​លើក​លែង​ទោស ចំនួន​៣២​នាក់។ ចំណែក​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក គណៈ​កម្មការ​នឹង​ពិនិត្យ​មើល​បញ្ជី​ទណ្ឌិត​ចំនួន​៤៣៨​នាក់ ដែល​ក្នុង​នោះ​មាន​ការ​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស ចំនួន​៤១៨​នាក់ និង​ស្នើ​សុំ​លើក​លែង​ទោស ចំនួន​២០​នាក់។ នេះ​បើ​តាម​លោក គឹម សន្តិភាព។

ជា​ធម្មតា ការ​អនុគ្រោះ​ទោស​ រួម​មាន​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃនិង​ចាស់​ជរា​ ការបន្ថយ​ទោស​មួយ​ជីវិត​មក​នៅ​រយៈ​ពេល​ណា​មួយ ការបន្ធូរ​បន្ថយ​ទោសរយៈ​ពេល ​១២ ​ខែ រយៈ​ពេល ៩​ខែ និង​រយៈ​ពេល៦​ខែ​ជា​ដើម។ អ្នក​ត្រូវ​លើក​លែង​ទោស​ត្រូវ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​ចំនួន​ពីរ​ភាគ​បី​សិន។

ការ​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត ត្រូវ​ធ្វើ​ឡើងក្នុង​ឱកាស​មួយ​ចំនួន ដូច​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​បុណ្យ​ពិសាខ​បូជា បុណ្យ​អុំទូក ទិវា​ជ័យ​ជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ​៧ មករា និង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ៩ ​វិច្ឆិកា។

គួរ​បញ្ជាក់​ថា​ ការ​លើក​លែង ​ឬ​បន្ធូរ​បន្ថយ​ទោស​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពន្ធនា​គារ​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ភាព​ចង្អៀត​ណែន ដែល​មាន​អ្នក​ជាប់​ឃុំ​នៅ​ទូទាំង​ប្រទេស ប្រមាណ​៤ម៉ឺន​នាក់៕

XS
SM
MD
LG