មន្ត្រីរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃពុធនេះ លើកឡើងថា ការគ្រោងកាត់ជំនួយរបស់សហរដ្ឋអាមេរិកពីកម្ពុជា អាចបណ្តាលមកពីអាមេរិកជួបវិបត្តិសេដ្ឋកិច្ច ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង។
ការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីស្ថាប័នព័ត៌មានរបស់អាមេរិកឈ្មោះថា Foreign Policy ដែលជាទស្សនាវដ្តីចុះផ្សាយអំពីកិច្ចការពិភពលោក និង គោលនយោបាយអន្តរជាតិ បានចុះផ្សាយអំពីការស្នើសុំថវិការបស់រដ្ឋបាល ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទ និងត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយបន្តកាលពីថ្ងៃអង្គារ។
ឯកសារសំណើសុំថវិកាដែលស្នើឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំនេះ បានបង្ហាញពីការគ្រោងកាត់ជំនួយអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិកពីកម្ពុជានិងពីប្រទេសដទៃទៀត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ប្រាប់ VOA នៅថ្ងៃពុធនេះថា៖
«លោក ដូណាល់ ត្រាំ លោកបាននិយាយប្រាប់ទៅតាមសេចក្តីថ្លែងការណ៍របស់លោកគឺសហរដ្ឋអាមេរិកកំពុងតែប្រឈមនឹង បញ្ហាថវិកាផ្ទាល់ខ្លួន របស់ខ្លួនឯង។ អាស្រ័យហេតុនេះ មិនមែនតែកម្ពុជាទេ ទទួលបានការផ្អាកជំនួយប្រភេទនេះ គឺមានប្រទេសជាច្រើន»។
ឯកសារសំណើសុំថវិកា ដោយរដ្ឋបាលលោក ត្រាំ ដែលមានកម្រាស់១៥ទំព័រនេះ បង្ហាញថាសហរដ្ឋអាមេរិក អាចនឹងកាត់ជំនួយអភិវឌ្ឍន៍របស់ខ្លួនពីប្រទេសកម្ពុជាចំនួនជាង៧០ ភាគរយនៅឆ្នាំ២០១៨ខាងមុខ បើធៀបនឹងឆ្នាំ២០១៦ ដែលមានទំហំទឹកប្រាក់ជាង៧១លានដុល្លារ។
យោងតាមឯកសារដែលចុះផ្សាយដោយទស្សនាវដ្តី Foreign Policyសហរដ្ឋអាមេរិកអាចនឹងកាត់បន្ថយជំនួយថវិកាអភិវឌ្ឍន៍ពីកម្ពុជាលើវិស័យបួនសំខាន់ៗ។ ក្នុងនោះរួមមានការកាត់បន្ថយទាំងស្រុងនូវថវិកាជំនួយអភិវឌ្ឍន៍ដែលស្មើនឹង៣៤,៥លានដុល្លារ ការកាត់បន្ថយទាំងស្រុងនូវមូលនិធិគាំទ្រសេដ្ឋកិច្ច ដែលស្មើនឹង៨លានដុល្លារ ការកាត់បន្ថយជំនួយកម្មវិធីសុខភាពគ្រប់គ្រងដោយក្រសួងការបរទេសអាមេរិកចំនួនជាង១៨ភាគរយ និងការកាត់បន្ថយជំនួយកម្មវិធីសុខភាព USAID ចំនួនជាង៣៧ភាគរយ។
យ៉ាងណាក៏ដោយ ការគ្រោងស្នើសុំកាត់ថវិកាដែលរៀបចំដោយរដ្ឋបាល លោក ដូណាល់ ត្រាំនេះ ត្រូវរង់ចាំការត្រួតពិនិត្យ និងសម្រេចពីសភារបស់សហរដ្ឋអាមេរិកសិន មុនពេលមានការអនុម័តជាផ្លូវការ។
លោក ផៃ ស៊ីផាន អះអាងថាការគ្រោងផ្អាកជំនួយនេះ មិនពាក់ព័ន្ធនឹងការដាក់សម្ពាធក្នុងរូបភាពណាមួយនោះទេ។ ផ្ទុយទៅវិញ លោកថា នេះក៏ដោយសារសហរដ្ឋអាមេរិក មើលឃើញថាសេដ្ឋកិច្ចកម្ពុជាមានភាពប្រសើរជាងមុន។
«នៅពេលដែលប្រទេសយើងទទួលបានផលវិជ្ជមានខាងសេដ្ឋកិច្ច គេពិនិត្យមើលលើផលិតផលសរុបក្នុងស្រុក ៧ភាគរយជាងហ្នឹង ជាសញ្ញាមួយប្រាប់ថា ការជួយពីខាងក្រៅមក គឺគេរំសាយហើយ គេផ្អាកបណ្តើរៗហើយ។ ការផ្អាកជំនួយហ្នឹង គឺបង្ហាញថា យើងអាចឈរលើជើងខ្លួនឯងបាន ដោយសារកំណើនសេដ្ឋកិច្ច ដែលយើងអាចរកជំនួយផ្ទាល់ខ្លួន អាចរស់ខ្លួនឯងបាន អាចប្រកបការងារខ្លួនឯងបាន អាចធ្វើកំណែទម្រង់ខ្លួនឯងបាន»។
លោកថា ការកាត់ជំនួយរបស់សហរដ្ឋអាមេរិក អាចបង្កការប៉ះពាល់ខ្លាំងចំពោះអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដោយសារអង្គការទាំងនោះទទួលជំនួយដោយផ្ទាល់ពីសហរដ្ឋអាមេរិក សម្រាប់ការបំពេញការងាររបស់ពួកគេ។
អ្នកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ ដែលឃ្លាំមើលគោលនយោបាយសាធារណៈនៅកម្ពុជាយល់ថាគម្រោងកាត់ជំនួយកម្ពុជា ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីថ្មីលោកដូណាល់ ត្រាំនេះ បង្ហាញពីភាពមិនច្បាស់លាស់របស់អាមេរិក មកកាន់កម្ពុជា និងតំបន់អាស៊ាន ដែលហាក់ដូចជាផ្ទុយពីអ្វីដែលអាមេរិកអះអាងថាខ្លួនយកចិត្តទុកដាក់ចំពោះតំបន់អាស៊ាននោះ។
«យើងមានសំនួរទៅកាន់ខាងគាត់វិញ ថាតើអាមេរិកមានគោលនយោបាយយ៉ាងណាមកលើកម្ពុជា ដែលគាត់បាននិយាយថា កម្ពុជា និងប្រទេសនៅអាស៊ាន ជាប្រទេសដែលគាត់នៅយកចិត្តទុកដាក់»។
អ្នកស្រី ធីតា ឃឹះ បន្ថែមថា អង្គការសង្គមស៊ីវិល មិនមែនពឹងផ្អែកទាំងស្រុងទៅលើជំនួយរបស់អាមេរិក ដើម្បីបំពេញបេសកកម្មរបស់ខ្លួននោះទេ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតឲ្យដឹងថា ទំហំជំនួយពីសហរដ្ឋអាមេរិកមកកម្ពុជាគឺមិនមានចំនួនច្រើនខ្លាំងរហូតអាចប៉ះទង្គិចខ្លាំងដល់កម្ពុជានោះទេ។ ក៏ប៉ុន្តែ លោក អ៊ូ វីរៈ បារម្ភថា បើសិនជាទំហំជំនួយរបស់អាមេរិកត្រូវបានជំនួសដោយជំនួយពីប្រទេសចិនវិញនោះ វាអាចបង្កឲ្យកម្ពុជាមានអតុល្យភាពនៃទំនាក់ទំនងការបរទេស។
«បើសិនជាកម្ពុជាចូលស៊ងនៃប្រទេសចិនទេ ខ្ញុំបារម្ភទី១ អាចមានអស្ថិរភាពនយោបាយ។ ទី២ វាអាចកើតឡើងច្រើនជាង វាអាចទាក់ទងនឹងការរកស៊ី។ ប្រទេសជាច្រើន ហ៊ានរកស៊ីនៅកម្ពុជាទាល់តែគេដឹងថាកម្ពុជាមានទំនាក់ទំនងល្អជាមួយទាំងខាងកើត និងខាងលិច។ ចឹងបើសិនសហរដ្ឋអាមេរិក មិនមានការឈរជើងរឹងមាំក្នុងតំបន់ ឬនៅកម្ពុជាទេយើងអាចបាត់បង់ការវិនិយោគ»។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ថាកម្ពុជានៅជាប្រទេសក្រីក្រនៅឡើយ ដែលនៅត្រូវការជួយជ្រោមជ្រែងផ្នែកសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ជាពិសេសក្នុងវិស័យសុខាភិបាល និងសុខមាលភាពក្នុងការរស់នៅ។ លោកបន្តថា ពលរដ្ឋក្រីក្រកម្ពុជា គឺជាជនរងគ្រោះពិតប្រាកដពីការគ្រោងកាត់ជំនួយនេះ។
លោកបន្ថែមថា ការគ្រោងកាត់ជំនួយនេះ នឹងមិនប៉ះទង្គិចដល់ទំនាក់ទំនងកម្ពុជា និងអាមេរិកនោះទេ ដោយហេតុថា ជំនួយ និងទំនាក់ទំនងការបរទេសគឺជារឿង២ដាច់ដោយឡែកពីគ្នា។
«ជាគោលនយោបាយរបស់ប្រទេសគេ ហើយធម្មតា បើតាមខ្ញុំដឹង គេកាត់បន្ថយការជួយទៅប្រទេសក្រៅ ប៉ុន្តែមិនទាំងអស់ទេ។ មានប្រទេសខ្លះ នៅមានទំនាក់ទំនងល្អជាមួយគេ គេនៅបន្តជួយ។ នៅកម្ពុជាយើងមិនដឹងថាតើក្រសួងការបរទេស បានបំពេញការងារអ្វីខ្លះដើម្បីធានាបន្តឲ្យមានការផ្តល់ជំនួយ ឬក៏មានគោលនយោបាយមិនចង់បានជំនួយពីអាមេរិកយ៉ាងម៉េច ខ្ញុំមិនដឹង »។
លោក ផៃ ស៊ីផាន ឲ្យដឹងទៀតថា អង្គការដែលអាចនឹងរងការប៉ះពាល់ទាំងនោះ គឺជាដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាលយ៉ាងសំខាន់ ដែលរដ្ឋាភិបាលនៅតែចង់ឃើញអង្គការទាំងនោះ នៅតែបន្តការងាររបស់ខ្លួន។ ហើយលោកថា បើសហរដ្ឋអាមេរិក ផ្អាកជំនួយមែននោះ រដ្ឋាភិបាលនឹងជួយរកមធ្យោបាយផ្សេងៗ ដើម្បីឲ្យអង្គការទាំងនោះអាចបន្តបេសកកម្មខ្លួនបាន។
ជំនួយរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចំនួនជាង១០០ទូទាំងពិភពលោក ក្នុងអំឡុងពេលមានវិបត្តិ ដែលចាប់ផ្តើមតាំងពីសង្គ្រាមលោកលើកទី២មកនេះ បានជួយដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងវិស័យសេដ្ឋកិច្ច និងការធ្វើឲ្យមានស្ថិរភាពក្នុងតំបន់ក្រីក្រទាំងនោះ។ នេះបើយោងតាមគេហទំព័រផ្លូវការជំនួយបរទេសរបស់សហរដ្ឋអាមេរិក។
នៅក្នុងការឆ្លងឆ្លើយសារអេឡិកត្រូនិក ឬEmailជាមួយ VOA លោក Jay Raman មន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ឲ្យដឹងថា កាលពីខែមីនាកន្លងទៅ លោក ដូណាល់ ត្រាំ បានដាក់ចេញផែនការស្នើសុំថវិកាសម្រាប់ឆ្នាំ២០១៨។ ផែនការនោះ កំណត់នូវអាទិភាពនៃការចំណាយរបស់អាមេរិក រាប់បញ្ចូលទាំងទំហំទឹកប្រាក់ជំនួយបរទេស ចំនួន៣៧.៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ក្រសួងការបរទេស និងភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ក៏ប៉ុន្តែ លោក Jay Raman មិនទាន់អាចបញ្ជាក់ពីគម្រោងចំណាយលម្អិតថាតើគម្រោងណាមួយជាក់លាក់នឹងត្រូវបានកាត់ផ្តាច់នៅឡើយនោះទេ៕