ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​កំពុង​ពិចារណា​ការ​ចូល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម TPP ដែល​ដឹកនាំ​ដោយ​អាមេរិក


អ្នកប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP តវ៉ា​នៅ​ខាងមុខ​សេតវិមាន​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៦។

អ្នក​វិភាគ​នយោបាយ​កម្ពុជា​និង​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​និយាយ​ថា​​ ប្រទេស​កម្ពុជា​ត្រូវ​សិក្សា​ស្វែង​យល់​លម្អិត​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ​សិន​ មុន​នឹង​សម្រេច​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។​ ​ ​​

ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ចន​ ឃែរី​ (John Kerry) រដ្ឋមន្ត្រី​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​មក​កាន់​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ​កាល​ពី​ចុង​ខែ​មក​រា​កន្លង​ទៅ​នេះ​ មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​បង្ហើប​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​កំពុង​ពិចារណា​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ (Trans-Pacific Partnership) ឬ TPP។​ យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នយោបាយ​កម្ពុជា​និង​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​និយាយ​ថា ប្រទេស​កម្ពុជា​ត្រូវ​សិក្សា​ស្វែង​យល់​លម្អិត​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ​សិន​ មុន​នឹង​សម្រេច​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។​ ​

មន្ត្រី​នៃ​រាជដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា​ កិច្ច​ព្រមព្រៀង TPP កំពុង​ស្ថិត​ក្នុង​ការ​ពិចារណារបស់​រដ្ឋាភិបាល​ បន្ទាប់​ពី​លោក​ ចន​ ឃែរី​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិកបាន​ឲ្យ​ដឹង​ពី​ចេតនា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដែល​ចង់​ឲ្យ​កម្ពុជា​ក្លាយ​ជា​ សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំមួយ​នេះ។

ការ​សម្រេច​ពិចារណា​លើ​កិច្ច​ព្រមព្រៀង​នេះ​ កើត​មាន​នៅ​ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​សហរដ្ឋអាមេរិក​នា​ពាក់​កណ្តាល​ខែ​កុម្ភៈ​ខាង​មុខ​នេះ។​ គេ​រំពឹង​ទុក​ជា​មុន​ថា​ កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ TPP នឹង​ស្ថិត​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​កន្លែង​លំហែ​កាយ​ Sunnylands ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា។​ នៅ​ទីនោះ​ លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ ​អូបាម៉ា (Barack Obama) ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស។​

លោក​ ជុំ​ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ ​ក្រសួង​ជំនាញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុងពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មួយ​នេះ។​

«ខាង​ភាគី​កម្ពុជា​កំពុង​តែ​សិក្សា​ សិក្សា​អំពី​កាលានុវត្តនភាព​ ហើយ​និង​ការ​ប្រឈម​ យើង​ត្រូវ​ការ​សិក្សា​ឲ្យ​បាន​ហ្មត់ចត់​សិន​ពី​រឿង​បញ្ហា​ហ្នឹង។​ ការ​ចូល​ជា​សមាជិក​របស់​កិច្ចព្រម​ព្រៀង​មួយៗ​ យើង​សិក្សា​អំពី​បញ្ហា​អស់​ហ្នឹង»។​

លោក​បញ្ជាក់​ទៀត​ថា​ លោក​ ចន ឃែរី​ បាន​ថ្លែងប្រាប់លោក​រដ្ឋមន្ត្រី​ការបរទេស​ ហោ​ ណាំហុង​ ថា​ សហរដ្ឋ​អាមេរិក​ ​តៀម​ចាំ​ទទួល​ប្រទេស​កម្ពុជា​ ឲ្យ​ក្លាយ​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ដ៏ធំ​សម្បើម​មួយនេះ​ផង​ដែរ។​

«នៅ​ពេល​ដែល​លោក​ ចន​ ឃែរី​ មក​ទស្សនកិច្ច​ក៏​គាត់​បាន​ជំរាប​ជូន​ឯកឧត្តម​ឧប​ដែល​ថា​ អាមេរិក​ស្វាគមន៍​បំណង​របស់​កម្ពុជា​ក្នុង​ការ​ចូល​ជា​សមាជិក​របស់​ TPP»។​

VOA ព្យាយាម​ទាក់​ទង​រដ្ឋមន្ត្រី​និង​មន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម​និង​ក្រសួង​សេដ្ឋកិច្ច​ ដើម្បី​សុំ​ការ​អធិប្បាយ​តាំង​ពី​ថ្ងៃ​អង្គារ​មក​ដល់​ថ្ងៃ​ពុធ​នេះ​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​ ព្រោះ​ទូរស័ព្ទ​រោទិ៍​ តែ​ពុំ​មាន​អ្នក​ទទួល។​ រី​ឯ​លោក​ សុខ​ ចិន្តាសោភា​ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សុំ​មិន​ធ្វើអធិប្បាយ​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​ ​

រដ្ឋបាល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​ស្វះ​ស្វែង​រក​វិធី​នានា ​ដើម្បី​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​ផ្នែក​យោធា​និង​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ មាន​ភាព​ប្រសើរ​ឡើង​ ដែល​នេះ​ គឺ​ជា​ផ្នែក​មួយ​ដែល​គេ​ពណ៌នា​ថា​ ជា​ការ​ធ្វើ​ឲ្យ​មាន​«តុល្យភាព​ឡើង​វិញ»​ ជាមួយ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក។

នៅ​ក្នុង​កិច្ច​ខិតខំ​របស់​លោក​អូបាម៉ា ក្នុង​ការ​ជំរុញ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​នេះ​ សហរដ្ឋ​អាមេរិក​និង​ប្រជាជាតិ​១២​ផ្សេង​ទៀត​ បាន​ចុះ​កិច្ច​ព្រមព្រៀងTPP ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៥។

ប្រទេស​សមាជិក​របស់​សមាគម​អាស៊ាន​ចំនួន​បួន​ គឺ​ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ សិង្ហបុរី​ និង​វៀតណាម​ បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រជាជាតិ​ចំនួន​១២​ ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង TPP ​ដែល​ជា​ចំណុច​សេដ្ឋកិច្ច​គន្លឹះ​មួយ​នៃ​ស្នូល​សន្តិសុខ​ និង​សេដ្ឋកិច្ច​ចំពោះ​អាស៊ី​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អំណាច​របស់​ប្រទេស​ចិន​ដែល​កំពុង​កើន​ឡើង។

លោក អ៊ូ វីរៈ​ ជា​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ និង​ ​ជា​ប្រធាន​វេទិកា​អនាគត ​ដែល​ជា​មជ្ឈមណ្ឌល​ ​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្ហាញ​ចេតនា​ ឲ្យ​សហរដ្ឋ​អាមេរិក​ឃើញ​ថា​ ខ្លួន​ចង់​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ តែ​មិន​ត្រូវ​រួសរាន់​ សុំ​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ក្នុង​រយៈ​ពេល​ខ្លីនោះ​ឡើយ។​

លោក​ពន្យល់​ថា៖​

«ខ្ញុំ​ថា​ ប្រទេស​កម្ពុជា​មាន​រយៈ​ពេល​ប្រហែល ​២​ [ទៅ] ៣​ឆ្នាំ​ ក្នុង​ការ​រង់​ចាំ​ឃ្លាំ​មើល​ ប៉ុន្តែ​ប្រទេស​កម្ពុជា​ គួរ​ផ្ញើ​សារ​ទៅ​សហរដ្ឋ​អាមេរិក​ពី​ឆន្ទៈ​មួយ​ថា​ មាន​បំណង​ថ្ងៃ​ណាមួយ​នឹង​អាច​ចូល​ទៅ​ធីភីភី (TPP) ​ប៉ុន្តែ​មិន មិនគួរ​ចូល​នៅ​ពេល​បច្ចុប្បន្ន​ ឬមួយ​ក៏​ដាក់​ពាក្យ​ចូល​ពេល​បច្ចុប្បន្ន​ទេ។​ ប៉ុន្តែ​គួរ​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន។​ ប៉ុន្តែ​ទន្ទឹម​ពេល​នឹង​ដែរ​ ក៏​បង្ហាញ​ឆន្ទៈ​ទៅ​ប្រទេស​ចិនទៅ​ថា​យើង​មិន​ មិនទាន់​ចូល​ទេ។​ ប៉ុន្តែ​ដរាប​ណា​យើង​នៅ​ពឹង​ផ្អែក​ប្រទេស​ចិន​ គឺ​យើង​នៅ​តែ​គ្រោះ​ថ្នាក់​អញ្ចឹង ព្រោះ​អី​យើង​នៅ​ជា​ឧបករណ៍​គេ​អញ្ចឹង»។

លោក​បន្ត​ថា​ ប្រទេស​កម្ពុជា​អាច​នឹង​រក​ជម្រើស​ផ្សេង​ ក្រៅ​ពី​ការ​ពឹក​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មនានា​ ដើល​ធ្វើ​ឲ្យ​ប្រទេស​មិន​អាច​មាន​ឯករាជ្យពី​ឥទ្ធិពល​បរទេស​ ជា​ពិសេស​នោះ​ គឺ​កិច្ច​ព្រម​ព្រៀង TPP នេះ​តែម្តង។​

លោក​ អ៊ូ វីរៈ​ ថ្លែង​ថា៖

«យក​ល្អ​ជាង​គេ​ អត់​មាន​ជម្រើស​អី​ផ្សេង​ក្រៅ​តែពី​រៀប​ចំ​ធ្វើ​ម៉េច​ឲ្យ​ថវិកា​ជាតិ​របស់​យើងក្នុង​រយៈ​ពេល​ ១០​ឆ្នាំ​ទៅ​មុខ​ទៀត​គឺ​អាច​ឈប់​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ពិភពលោក​បាន។ ហើយ យើង​អាច​ពឹង​ផ្អែក​ពី​សេដ្ឋកិច្ច ការ​ពង្រឹង​សេដ្ឋកិច្ច​ និង​ការ​នាំចេញ​ផលិតផល​វិញ។​ ហ្នឹង​គឺជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត​សម្រាប់សុវត្ថិភាព​ប្រទេស​កម្ពុជា»។​

ប្រជាជាតិ​ចំនួន​១២​ ដែល​រួម​មាន​ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ និង​វៀតណាម​ជា​ដើម បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ TPP​ ស្រប​ពេល​ដែល​ប្រទេស​ទាំង​នេះ​ កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ ជុំវិញ​អធិបតេយ្យភាព​លើ​ប្រជុំកោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ ប្រទេស​ហ្វីលីពីន​ក៏​ស្ថិត​ក្នុង​ជម្លោះ​នេះ​ដែរ។ ដែន​កោះ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​សមុទ្រ​ខាងត្បូង​ ​គឺ​ប្រជុំ​កោះ Spratlys និង​ Paracels។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​យល់ថា​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ TPP អាច​ជា​ជន្ទល់​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ដែល​ជា​សម្ព័ន្ធមិត្តរបស់​ខ្លួន​ ​ហើយ​ដែល​កំពុង​ជាប់​ផុង​ក្នុង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។​ ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវគេ​ដឹង​ថា​ អាច​នឹង​ស្ថិត​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​សហរដ្ឋ​អាមេរិក។​

លោក​បណ្ឌិត​ ចាប​ សុថារិទ្ធ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព​ ថ្លែង​ថា​ កម្ពុជា​នៅ​តែ​អាច​ធ្វើ​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​មាន​សារៈសំខាន់​នេះ​បានដដែល​ ដោយ​កម្ពុជា​ត្រូវ​ចែក​ឲ្យ​ដាច់​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ប្រយោជន៍របស់​ប្រទេស​អាស៊ាន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​មហាអំណាច​ចិន។​

«យើង​គឺ​ជា​ប្រទេស​ដែល​អព្យាក្រឹតមិន​ចូល​បក្ស​សម្ព័ន្ធ​ អញ្ចឹង​យើង​អត់​ខ្វល់​ពី​គេ​ប្រទាញ​ប្រទង់​ជាមួយមហា​អំណាច​ណា​ក៏​ដោយ​ យើង​អត់​ខ្វល់​ទេ។​ ប៉ុន្តែ​ផលប្រយោជន៍​ ឧត្តម​ប្រយោជន៍​បំផុត​របស់កម្ពុជា​ គឺ​ពង្រីក​វិស័យ​ទំនាក់​ទំនង​ការ​បរទេស​ ជា​ពិសេស​គឺ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទុន​នេះ​ឯង»។​

យ៉ាង​ណា​ក៏​ដោយ​ បណ្ឌិត​ ចាប សុថារិទ្ធ​ ថ្លែង​ថា​ កម្ពុជា​មិន​ទាន់​ដល់​ពេល​ត្រូវ​ចូល​ក្នុង​កិច្ច​ព្រមព្រៀង​ TPP​ ដែល​បង្កប់​យុទ្ធសាស្ត្រ​ទប់​ទល់​នឹង​បម្រែបម្រួល​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក។​ លោក​ថា​ ប្រទេស​កម្ពុជា​អាច​ត្រូវ​ប្រើ​ពេល​ពី​៥ឆ្នាំ​ទៅ​១០​ឆ្នាំ​ទៀត​ ពីព្រោះ​ប្រទេស​កម្ពុជា​ ជា​ដំបូង​ត្រូវ​ចូល​ជា​សមាជិក​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (Asia-Pacific Economic​ Cooperation) ដែល​មាន​សមាជិក​នៃ​សេដ្ឋកិច្ច​ធំៗ​ចំនួន​២១​សមាជិក​ ក្នុង​នោះ​មាន​ សហរដ្ឋ​អាមេរិក​ និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ។​ លោក​ឲ្យដឹង​បន្ថែម​ថា ​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ ប្រសិន​បើ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ភាគី​មួយ​នៃ​កិច្ច​ព្រមព្រៀង​នេះ។​

«បើ​យើង​ចូល​ចំណេញ​ច្រើន​ណាស់​ ដោយ​សារ​ អា​ TPP​ ហ្នឹង​គឺ​សមាជិក​សុទ្ធ​តែ​ជា​ប្រទេស​ធំៗ​ ដែល​មាន​អាមេរិក​ ដែល​មាន​ប្រទេស​នៅ​អាមេរិក​ឡាទីន​ ដូច​ជា​ ប៉េរូ ឈីលី​ អី​សុទ្ធ​តែ​ជា​ប្រទេស​ធំៗ​ ដែល​យើង​អាច​នាំ​ចេញ​ផលិតផល​យើង​ ដោយ​អត់​មាន​ជាប់​ពន្ធ​ណាអូន។​ អញ្ចឹង​យើង​មាន​ទី​ផ្សារ​ទូលំទូលាយ​ច្រើន​ណាស់​សម្រាប់​អនាគត​ផលិតផល​កម្ពុជា​យើង​ ជាពិសេស​គឺ​ខាង​កសិកម្ម​ហ្នឹង​តែ​ម្តង។​ បើ​សិន​ជា​យើង​បាន​ចូលអាហ្នឹង​ គឺ​អា​គោលការណ៍​ដែល​យើង​ចង់​នាំ​អង្ករ​មួយ​លាន​តោន​អីហ្នឹង​ គឺ​ថា​ វា​ជា​ការ​ងាយ»។​

នៅ​មុន​ពេល​នៃ​ការ​ចេញ​ដំណើរ​របស់​លោក​ទៅ​កាន់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នៅព្រឹក​ថ្ងៃ​ពុធនេះ​ លោក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ហោ ណាំហុង​ ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន​ VOA ​ថា​ កម្ពុជា​និង​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត នឹង​រឹតចំណង​ពាណិជ្ជកម្ម​ឲ្យ​តែ​កាន់​ខ្លាំង​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន-សហរដ្ឋ​អាមេរិក​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ បើ​ទោះ​ជា​លោក​មិន​បាន​មានប្រសាសន៍​ដល់​កិច្ច​ព្រមព្រៀង TPP នេះ​ក៏​ដោយ។​ ​

«រីក​ចម្រើន​ថែម​ទៀត​នូវ​ទំនាក់​ទំនង​មិត្តភាព​ដៃគូ​យុទ្ធសាស្ត្រ​ និង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ ជាមួយ​អាមេរិកាំង​ ព្រោះ​ថា ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សហគមន៍​អាស៊ាន​នេះ​ កាត់​តែ​ឈាន​ទៅ​មុខ​ កាន់​តែ​រីក​ចម្រើន​កាន់​តែខ្លាំង​សម្រាប់​ប្រជាជន​អាស៊ាន​ទាំង​១០​ប្រទេស​ដែល​មាន​សព្វ​ថ្ងៃ​ ជាង​៦០០​លាន​នាក់»។​ ​

កិច្ច​ព្រមព្រៀង​ TPP ដែល​នឹង​បន្ទាប​ពន្ធ​នាំ​ចូល​លើ​ទំនិញ​កសិកម្ម​និង​ឧស្សាហកម្ម​ជាច្រើន​ ហើយ​នឹង​ដោះស្រាយ​ភាព​ស្មុគស្មាញ​ផ្នែក​ពាណិជ្ជកម្ម​ដូច​ជា​ បញ្ញត្តិ​ការពារ​ប៉ាតង់​សម្រាប់​ឱសថ​សង្គ្រោះ​ជីវិត​នោះ នៅ​រង់ចាំ​ការ​អនុម័ត​របស់​សភា​អាមេរិក​និង​សភា​របស់​ប្រទេស​ជា​សមាជិក មុន​ពេល​កិច្ចព្រម​ព្រៀងនេះ​ចូល​ជា​ធរមាន។​ ដំណើរការ​នេះ​អាច​ត្រូវ​ការ​ពេល​ជាច្រើន​ឆ្នាំ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG