ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រារព្ធ​«សប្ដាហ៍​ប្រឆាំង​នឹង​ភាព​ស៊ាំ​របស់​ឱសថ»​ ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ


កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានា​​ក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយ​​ដោយ​​ពុំភ្ជាប់​វេជ្ជបញ្ជា​​ ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ​, ក្នុង​នេះ​មាន​យ៉ាងហោច​ណាស់​​ថ្នាំផ្សះ​មួយ​មុខ​។ (ខាន់​ សុគុំមនោ/ VOA)
កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានា​​ក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយ​​ដោយ​​ពុំភ្ជាប់​វេជ្ជបញ្ជា​​ ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ​, ក្នុង​នេះ​មាន​យ៉ាងហោច​ណាស់​​ថ្នាំផ្សះ​មួយ​មុខ​។ (ខាន់​ សុគុំមនោ/ VOA)

នៅ​សប្ដាហ៍​ទី៤​នៃ​​ខែ​វិច្ឆិកា​នេះ​ ​ក្រសួង​សុខាភិបាល​កម្ពុជា​ កំពុង​ប្រារព្ធ​«សប្ដាហ៍​ប្រឆាំង​នឹង​ភាព​ស៊ាំ​របស់​ឱសថ​ទៅ​នឹង​មេរោគ»​ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ ​ឬ​ថ្នាំ​អង់ទីប៊ីយ៉ូទីក​ ​ដោយ​មិន​ត្រឹមត្រូវ។

នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​នៅ​សប្ដាហ៍​នេះ​ ​កំពុង​ប្រារព្ធ​«សប្ដាហ៍​ប្រឆាំង​នឹង​ភាព​ស៊ាំ​របស់​ឱសថ​ទៅ​នឹង​មេរោគ»​ ​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើ​«ថ្នាំ​ផ្សះ»​ ​ឬ«ថ្នាំ​អង់ទីប៊ីយ៉ូទីក»​ (Antibiotics)​ ​ក្នុង​ការ​ព្យាបាល​ជំងឺ​ស្រាល​ធម្មតា។​

​លោក​វេជ្ជបណ្ឌិត​ ​លី សូវ៉ាន់​ ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ស៊ាំ​នឹង​ថ្នាំ​ ​ហៅ​កាត់​ថា​ ​AMR​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ក្រសួង​សុខាភិបាល​កម្ពុជា​ ​និង​ប្រទេស​មួយ​ចំនួន​លើ​ពិភព​លោក​ ​តែង​សហ​ការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (​WHO​) ​ប្រារព្ធ​សប្ដាហ៍​ប្រឆាំង​នឹង​ភាព​ស៊ាំ​របស់​ឱសថ​ទៅ​នឹង​មេរោគ​ ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ពេញជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ដោយ​មិន​ត្រឹមត្រូវ។​

​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ពិភពលោក​កំពុង​ប្រឈម​ទៅ​នឹង​ការដែល​គ្មាន​ឱសថ​សម្លាប់​មេរោគ​ ​ដោយ​សារ​វា​មាន​ភាព​ស៊ាំ​បណ្ដាល​ឲ្យ​ការ​ព្យាបាល​មិន​ងាយ​ជា​ ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​តែង​ប្រើ​ថ្នាំ​ផ្សះ​ ​ឬ​ថ្នាំ​អង់ទីប៊ីយ៉ូទីក​ ​នេះ​ ​ដើម្បី​ព្យាបាល​ជំងឺ​ស្រាល​ធម្មតា​ដូចជា​ ​ក្ដៅ​ខ្លួន​ ​ផ្ដាសាយ​ ​ឈឺ​ក្បាល​ ​រាក​ ​ឬ​របួស​តិចតួច​ជាដើម​ ​ដែល​លោក​ថា​ ​ការ​ប្រើ​ប្រាស់​ថ្នាំ​នេះ ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ធ្ងន់ធ្ងរ។​

​លោក​បញ្ជាក់​ថា៖​

​«គាត់​ប្រើ​ដោយ​មិន​ត្រូវ​ទិស​ ​ប៉ះ​ពាល់​សុខភាព។​ ​មានន័យ​ថា​ធម្មតា​ថ្នាំ​វា​តែង​ប៉ះពាល់​ទៅលើ​បញ្ហា​សុខ​ភាព​របស់​យើង​ ​ដូចជា​មុខងារ​របស់​ថ្លើម​ ​មុខងារ​របស់​តម្រងនោម​ជាដើម បើសិនជា​យើង​ប្រើ​មិន​បាន​ត្រឹមត្រូវ។​ ​ទី២​ ​គាត់​ប្រើ​ញឹកញាប់​ពេក​ថ្ងៃក្រោយ​គាត់​ឈឺ​មែនទែន​ ​ឱសថ​ហ្នឹង​គាត់​លែង​ត្រូវ​ជា​មួយ​តែ​ម្តង។​ ​គាត់​ប្រើ​ទៅ​ ​មេរោគ​ហ្នឹង​ពិតជា​មាន​មែន​ ​ប៉ុន្តែ​គាត់​ប្រើ​មិន​សមស្រប​ ​មិន​គ្រប់​ចំនួន​ ​មិន​គ្រប់​ថ្ងៃ​ ​ថ្ងៃក្រោយ​គាត់​បង្ក​ដោយ​មេរោគ​ហ្នឹង​ ​គាត់​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត»។​

ថ្នាំ​ផ្សះ​ ​ឬ​ អង់ទីប៊ីយ៉ូទីក​ គឺ​ជា​ឱសថ​ប្រើប្រាស់​សម្រាប់​សម្លាប់​បាក់តេរី​ ​និង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ ​ចាប់​តាំង​ពី​ថ្នាំ​ប្រភេទ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៤០។​ ​

ប៉ុន្តែ​នៅ​ពេល​ប្រើប្រាស់​មិន​ត្រូវ​ ​ថ្នាំ​ប្រភេទ​នេះ​អាច​បង្ក​ផល​ប៉ះពាល់​ទៅវិញ។​ ​បាក់តេរី​ដែល​ធ្លាប់​ប៉ះ​ជាមួយ​នឹង​ថ្នាំ​ផ្សះ​នៅ​ក្នុង​បរិមាណ​តិចតួច​ ​ឬ​កម្រិតទាប​ ​តែងតែ​វិវត្ត​ទៅជា​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​នេះ​ទៅវិញ​ ហើយ​ភាព​ស៊ាំ​បន្តិច​ម្តងៗ​ ធ្វើឲ្យ​បាក់តេរី​ទាំងនោះ​ខ្លាំង​ឡើងៗ។​

ការ​វិវត្ត​នេះ​បង្កឡើង​ដោយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ ​ឬ​អង់ទីប៊ីយ៉ូទីក​ ខុស​ ​ការ​ខកខាន​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ ដោយ​លេប​មិន​គ្រប់​ចំនួន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​ ​ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ ​ឬ​អង់ទីប៊ីយ៉ូទីក​ ​នៅ​ពេល​មិន​ចាំបាច់។⁠

លោក​ ​លី សូវ៉ាន់​ ​បន្ថែម​ថា​ ​រាល់ពេល​ដែល​មាន​ជំងឺ​ស្រាល​ធម្មតា​ ​ប្រជា​ពល​រដ្ឋ​គួរ​ជ្រើស​យក​ការ​ហាត់ប្រាណ​ ​ការ​បរិភោគ​អាហារ​ឲ្យ​ត្រឹមត្រូវ​ ​និង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ ​បើ​ចាំ​បាច់ ដោយ​មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ។​

​លោក​មាន​ប្រសាសន៍​ថា៖

​«ដោយសារ​គាត់​ចេះ​តែ​គ្រុនក្ដៅ​ ក៏​គាត់​ប្រើ​ថ្នាំ​ផ្សះ​ហ្នឹង​ ​ក្អក​ក៏​គាត់​ប្រើ​ ​គាត់​ផ្ដាសាយ​ក៏​គាត់​ប្រើ​ ​តាមពិត​សុទ្ធតែ​ជា​ការ​មិន​ចាំបាច់​ទេ​ ​ព្រោះ​ជំងឺ​ភាគច្រើន​ឈឺ​តិច​តួច​ល្មមៗ​គឺ​ជា​ដោយ​ឯកឯង​ទេ​ ​គ្រាន់តែ​យើង​ប្រើ​ថ្នាំបញ្ចុះ​កម្ដៅ​ ​ឬមួយ​យើង​ញ៉ាំទឹក​ឲ្យបាន​ច្រើន​ ​យើង​ហូប​អាហារ​បំប៉ន​អី​ទៅ​ ​វា​នឹង​អាច​ជា​វិញ​ហើយ។​ ​បើ​សិន​ក្នុង​ករណី​ចាំបាច់​ ​ជួប​ជាមួយ​គ្រូពេទ្យ។ គ្រូពេទ្យ​នឹង​វិនិច្ឆ័យ​ថា​យើង​ឈឺ​អី»។​

​បើ​តាម​តួលេខ​របស់​អង្គការសុខភាព​ពិភពលោក​ ​(WHO)​ ​មនុស្ស​ប្រមាណ​ ​៧០ម៉ឺន​នាក់​ទូទាំង​ពិភព​លោក​ ​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​ ​ដោយសារតែ​ការ​ឆ្លង​ជំងឺ​ដែល​មាន​មេរោគ​ស៊ាំ​ទៅ​នឹង​ថ្នាំ​ផ្សះ។​ ​អង្គការ​នេះ​ព្យាករណ៍​ថា​ ​នៅ​ឆ្នាំ២០៥០​ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​បញ្ហា​នេះ​នឹង​កើន​ឡើង​ដល់​១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។​ ​ក្នុង​នោះ​ ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ដោយ​មិន​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​ ​នឹង​រួម​ចំណែក​បង្ក​ឲ្យ​ភាព​ស៊ាំ​ថ្នាំ​ផ្សះ​ ​ដែល​ក្លាយ​ជា​វិបត្តិ​សុខភាព​សាកល៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG