ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បាន​​រៀបចំ​តាមដាន​និង​ទប់ស្កាត់​​ជំងឺ​ផ្លូវដង្ហើម​មជ្ឈឹម​បូព៌ា​គឺ​ MERS


ស្ត្រី​ម្នាក់​ពាក់​ម៉ាស ដើរ​កាត់​បដា​ព័ត៌មាន​ស្តី​អំពីជំងឺ Mers នៅ​វិទ្យាស្ថាន​ជំងឺ​ឆ្លង Bamrasnaradura នៅ​ជាយ​ទីក្រុង​បាំងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ REUTERS/Chaiwat Subprasom)
ស្ត្រី​ម្នាក់​ពាក់​ម៉ាស ដើរ​កាត់​បដា​ព័ត៌មាន​ស្តី​អំពីជំងឺ Mers នៅ​វិទ្យាស្ថាន​ជំងឺ​ឆ្លង Bamrasnaradura នៅ​ជាយ​ទីក្រុង​បាំងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ REUTERS/Chaiwat Subprasom)

ប្រទេស​កម្ពុជា​អះអាង​ថា​ ខ្លួន​បានរៀបចំ​ជា​ស្រេច​ក្នុង​ការ​តាមដាន​ និង​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា ​ឬ​ MERS​ បើ​ទោះ​ជា​មិន​ទាន់​មាន​ករណី​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​ក្តី។​ ប៉ុន្តែ​ជំងឺ​នេះ​បាន​ឆ្លង​មក​ដល់​ប្រទេស​ថៃ​ ដែល​នៅ​ជិត​ខាង​កម្ពុជា​រួច​ទៅ​ហើយ។​

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កម្ពុជា​បាន​ត្រៀម​ទប់​ស្កាត់​ជំងឺ​នេះ​ និង​បាន​ដាក់​មន្រ្តី​សុខាភិបាល​ រួច​ជា​សេ្រច​តាម​ច្រក​សំខាន់ៗ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​ការពារ​ការ​ចម្លង​ជំងឺផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា ឬ​ MERS ខណៈ​ពេល​ដែល​ប្រ​ទេស​ថៃ​ដែល​នៅ​ជិត​ខាង​បាន​រក​ឃើញករណី​ដំបូង​គេ​បង្អស់​នៃ​ជំងឺ​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល ​ដែល​បានផ្សព្វផ្សាយនៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពិសេស​របស់​នាយកដ្ឋា​ននេះ​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​បាន​ត្រៀម​រួច​ជា​សេ្រច​ក្នុង​ការ​បន្ត​តាម​ដាន​ អប់រំ​ និង​មាន​ការដាក់​ភ្នាក់​មន្រ្តី​សុខាភិបាលនៅ​តាម​ច្រក​ព្រំដែន​សំខាន់ៗ​ ដូច​ជា​ព្រលាន​យន្តហោះ​ និង​ច្រក​ព្រំដែន​ប៉ោយប៉ែត​ជា​ដើម​ ដើម្បី​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​ដែល​ចូល​មក​ប្រទេ​សម្ពុជា ហើយគណៈ​កម្មការ​ពិសេស​មួយ​ក៏​ត្រូវ​បាន​បង្កើត​ផង​ដែរ ដើម្បី​ធ្វើ​ការ​លើ​ជំងឺ​នេះ។​

លោក​វេជ្ជ​បណ្ឌិត ​លី សុវណ្ណ​ អ្នក​នាំ​ពាក្យក្រសួង​សុខាភិបាល​ បាន​ប្រាប់​វីអូអេ​ខេមរ​ភាសា​ថា ​ប្រទេស​កម្ពុជា​ពុំទាន់​មាន​ឆ្លង​ជំងឺ​នេះ​នៅ​ឡើយ​ទេ ​តែ​បាន​ត្រៀម​ទប់ទល់​រួច​ជា​ស្រេចហើយ។​

«យុទ្ធ​សាស្ត្ររបស់​យើង​គឺ​ថា ​ទី១​គឺ​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជា​ពលរដ្ឋ​អំពី​ស្ថានភាព​ អំពី​ព័ត៌មាន​ អំពី​ជំងឺ​ និង​លេខ​ទូរស័ព្ទទាន់​ហេតុ​ការណ៍។​ ទីពីរ​គឺ​យើង​ពង្រឹង​ច្រក​ចេញ​ចូល​ដែល​សំខាន់ៗ​ ក្នុង​នោះ​មាន​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប​ ហើយ​នឹង​ច្រក​ព្រំដែន​បាវិត និង​ប៉ោយប៉ែត។ ​ទីបី​យើង​បាន​ត្រៀម​មន្ត្រី​ ក្រុម​អ្នក​ធ្វើ​ការ​បន្ទាន់​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ​ មួយ​អាទិត្យ​៧ថ្ងៃ​ មិន​មាន​ថ្ងៃ​ឈប់សម្រាកទេ​ ដើម្បី​រក​ឃើញ​ភ្លាម ​យើង​ចុះ​ធ្វើ​ការ​ជា​បន្ទាន់​ ហើយ​យើង​បាន​ធ្វើ​ការ​អប់រំ​គាត់​រួច​ហើយ»។​

លោក​វេជ្ជ​បណ្ឌិត​ លី សុវណ្ណ​ ​ក៏​បាន​បន្ត​ថា​ ទោះ​បី​ជា​បាន​ត្រៀម​យ៉ាង​ដូច​នេះ​ក្តី ក៏ក្រសួង​នៅ​តែ​ត្រូវ​ការ​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ ជាពិសេស​អ្នក​ដែល​បាន​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ត្បូង​ និង​តំបន់​មជ្ឈឹម​បូព៌ា​ក្នុង​រដូវ​កាលបុណ្យ​រ៉ាម៉ាដាន់នោះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។​

លោក​វេជ្ជ​បណ្ឌិត ​លី សុវណ្ណ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​ «យើង​បាន​តៀម​លក្ខណៈ​ហើយ​ ក៏​ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​បំផុត​គឺ​សំណូមពរ​ដែរ​ទៅ​ប្រជា​ពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​មជ្ឈឹម​បូព៌ា​ ឬ​ក៏​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហ្នឹងឲ្យ​គាត់​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ ហើយ​ឲ្យ​គាត់​រាយ​ការណ៍​ជា​បន្ទាន់​ ​ក្នុង​ករណី​ខ្លួន​មាន​ជំងឺ​ហ្នឹង។ ​ហើយ​ក៏​សុំ​អំពាវនាវ​ទៅ​ដល់​គ្រូពេទ្យ​ផង​ដែរ។ ​ គ្រូពេទ្យ​ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​អ្នក​ជំងឺ​ហ្នឹង​ ហើយ​បើ​គាត់​មាន​ជំ​ងឺ​ផ្លូវ​ដង្ហើម ​ត្រូវ​សួរ​ពី​ប្រវត្តិ​ដំណើរ​គាត់។​ ប្រសិន​បើ​មាន​អ្វី​មួយ​ខុស​ធម្មតា​ ត្រូវ​រាយ​ការណ៍​មក​តាម​លេខ​ទូរស័ព្ទ​ទាន់​ហេតុ​ការណ៍»។​

ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា ​ឬ ​Middle East Respiratory Syndrome ​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុងបណ្តា​ប្រទេស​នៅ​មជ្ឈឹម​បូព៌ា ​ហើយ​បាន​រីករាល​ដាល​មក​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ថៃ​ទៀត​ផង។​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ គ្រូពេទ្យ​នៃ​ប្រទេស​ថៃ​ បាន​អះអាង​ថា​ ​ពាណិជ្ជករ​មក​ពី​ប្រទេស​អូម៉ង់​ជា​អ្នក​ដែល​មានជំងឺ​នេះ​មុន​គេ​នៅ​ក្នុង​ប្រទេស​ថៃ។​ បុរស​ដែល​មាន​អាយុ​៧៥ឆ្នាំ​រូប​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ ដើម្បី​ព្យាបាល​ជំងឺ​បេះ​ដូង។ ​ហើយ​មនុស្ស​ចំនួនមនុស្ស​៥៩នាក់​ផ្សេង​ទៀត​ ដែល​ធ្វើ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ដាក់​ក្រោម​ការ​ឃ្លាំ​មើល​មេរោគ​នេះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ផង​ដែរ។​

លោក​វេជ្ជ​បណ្ឌិត ​លី សុវណ្ណ ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា៖​ «កាល​ពី​ដើម​ខែ​មិថុនា​នេះ ​កម្ពុជា​ក៏​ធ្លាប់​បាន​ដាក់​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ចំនួន​ពីរ​រូប ​ឲ្យ​ឋិត​ក្រោម​ការ​ឃ្លាំ​មើល ​និង​ពិនិត្យ​ដោយ​ក្រុម​គ្រូ​ពេទ្យ​កម្ពុជា​ផង​ដែរ​ ដោយ​សង្ស័យ​ថា ​មាន​ជំងឺផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា​ ​ឬ​ MERS​ នេះ​។ ​ក៏​ប៉ុន្តែ​លទ្ធផល​បាន​ពី​ធ្វើ​តេស្តបង្ហាញ​ថា​ អ្នក​ទាំងពីរ​មិន​មាន​មេរោគ​នេះ​ទេ៕​

XS
SM
MD
LG